-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាត្រៀមជាស្រេច ដើម្បីរួមចំណែកជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ក្នុងកិច្ចប្រឹងប្រែងស្ដារស្ថានភាពសង្គម-សេដ្ឋកិច្ច និងលើកស្ទួយ នូវវិបុលភាពក្រោយពីវិបត្តិកូវីដ-១៩

ចំនួនអ្នកទស្សនា: Views



AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០–

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអះអាងសារជាថ្មីថា កម្ពុជាត្រៀមរួចជាស្រេច ដើម្បីរួមចំណែកជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធទាំងអស់ ទាំងទ្វេភាគី ពហុភាគី ក្នុងកិច្ចប្រឹងប្រែងស្ដារស្ថានភាពសង្គម-សេដ្ឋកិច្ច និងលើកស្ទួយនូវវិបុលភាពសម្រាប់ទាំងអស់គ្នា ក្រោយពីវិបត្តកូវីដ-១៩។


ក្នុងសុន្ទរកថាកិច្ចប្រជុំប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលស្ដីពី«ហិរញ្ញប្បទាននៃរបៀបវារៈ សម្រាប់ការអភិវឌ្ឍដោយចីរភាពឆ្នាំ២០៣០ ក្នុងការលៈទេសៈកូវីដ-១៩ និងពេលខាងមុខ» ប្រព្រឹត្តទៅកាលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ ដែលរៀបចំឡើងស្របពេលសម័យប្រជុំលើកទី៧៥នៃមហាសន្និបាតអង្គការសហប្រជាជាតិនោះ សម្ដេចតេជោ ហ៊ុន សែន បានគូសរំលេចនូវការងារជាអាទិភាពមួយចំនួន ពាក់ព័ន្ធនឹងបញ្ហាហិរញ្ញប្បទានដែលជាមធ្យោបាយមួយដ៏សំខាន់សម្រាប់បម្រើឱ្យកិច្ចប្រឹងប្រែងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការឈានទៅសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០ ដែលក្នុងនោះរួមមាន៖


ទី១. ការប្រែក្លាយការគំរាមកំហែង ពីជំ ងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការកែទម្រង់នៅក្នុងប្រទេសនីមួយៗ ដើម្បីពង្រឹងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ច បង្កបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និង ពង្រឹងការប្រមូលចំណូលរដ្ឋ។ទន្ទឹមនេះ យើងត្រូវធ្វើអាទិភាវូបនីយកម្មចំណាយថវិកាជាតិ ដោយផ្តោតលើវិស័យពាក់ព័ន្ធដោយត្រង់ជាមួយគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព ២០៣០ ជាអាទិ៍ អប់រំ សុខាភិបាល ការគាំពាសង្គម កសិកម្ម និង ហេដ្ឋារចនាសម្ព័ន្ធ។


ទី២. ការលើកកម្ពស់គោលនយោបាយពាណិជ្ជកម្ម និង កិច្ចសម្រួលពាណិជ្ជកម្ម ព្រមជាមួយនឹងការផ្តល់ភាពអនុគ្រោះដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីធានាថា ផលប្រយោជន៍ដែលកើតចេញពីសកលភាវូបនីយកម្ម ត្រូវបានវិភាជប្រកបដោយសមធម៌ និងប្រសិទ្ធភាព។ ក្នុងស្មារតីនេះ ពិភពលោកចាំបាច់ត្រូវបន្តជំរុញ និងគាំទ្រគោលការណ៍សកលភាវូបនីយកម្ម តាមរយៈការបើកចំហពាណិជ្ជកម្មអន្តរជាតិ ឱ្យកាន់តែទូលំទូលាយ និងការគាំទ្រប្រព័ន្ធពហុភាគីនិយម ឱ្យកាន់តែខ្លាំងក្លា។


ទី៣. ការបន្តពង្រឹងស្ថិរភាព និងពិពិធកម្មវិស័យហិរញ្ញវត្ថុ នវានុវត្តន៍និងការលើកកម្ពស់តួនាទី និងជវភាពរបស់វិស័យឯកជន ដើម្បីបំពេញតម្រូវការផ្នែកហិរញ្ញវត្ថុសម្រាប់បម្រើឱ្យគោលដៅនៃរបៀបវារៈឆ្នាំ ២០៣០ តាមរយៈការដាក់ចេញនូវវិធានការលើកទឹកចិត្ត និង ជំរុញការវិនិយោគ និង រំហូរមូលធនឯកជន ទៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ពិសេស ការជំរុញការវិនិយោគផ្ទាល់ពីបរទេស និង ការលើកកម្ពស់យន្តការភាពជាដៃគូរវាងវិស័យរដ្ឋ និងឯកជន។


ទី៤. ការបន្តធានាឱ្យបាននូវនិរន្តភាពនៃការផ្តល់ជំនួយអន្តរជាតិ ជាពិសេស ជំនួយផ្នែកហិរញ្ញវត្ថុ ចំពោះប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីបន្តជំរុញចលនការនៃកិច្ចការកែទម្រង់បម្រើឲ្យរបៀបវារៈឆ្នាំ២០៣០។


ទី៥. ការបន្តពង្រឹងភាពជាម្ចាស់របស់ប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈកសាងភាពជាដៃគូរវាងបណ្តាតួអង្គអភិវឌ្ឍន៍ទាំងអស់ ទាំងដៃគូអភិវឌ្ឍន៍ទ្វេភាគី ពហុភាគី វិស័យឯកជន និង តួអង្គអភិវឌ្ឍន៍ដទៃទៀត។ បន្ថែមលើនេះ យើងក៏ត្រូវធានាឱ្យបានផងដែរ នូវភាពស៊ីចង្វាក់គ្នា ប្រកបដោយតម្លាភាព និង ការទទួលខុសត្រូវ រវាងគោលនយោបាយរបស់ដៃគូអភិវឌ្ឍន៍ ទាំងទ្វេភាគី និងពហុភាគី ជាមួយនឹងឤទិភាពនៃគោលនយោបាយជាតិ នៅក្នុងបរិបទនៃជំងឺកូវីដ-១៩ និង ក្នុងរយៈពេលវែងហួសពីនេះ ដើម្បីគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព។


សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថា កម្ពុជាបន្តគាំទ្រយ៉ាងមោះមុតលើតួនាទីរបស់អង្គការសហប្រជាជាតិ ព្រមទាំងសូមលើកទឹកចិត្តដល់អង្គការសហប្រជាជាតិឱ្យសកម្មបន្តបំពេញតួនាទីរបស់ខ្លួនក្នុងការគាំទ្រដល់រដ្ឋជាសមាជិកទាំងអស់ ជាពិសេសដល់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយជឿជាក់ថា កិច្ចប្រឹងប្រែង និង កិច្ចសហការគ្នា ដែលកាន់តែមានភាពប្រទាក់ក្រឡា ស្អិតរមួត និងឆ្លើយតបគ្នាទៅវិញទៅមកកាន់តែខ្ពស់ នឹងអាចសម្រេចបាននូវចក្ខុវិស័យនៃការអភិវឌ្ឍប្រកបដោយចីរភាពជាក់ជាមិនខាន ទោះជាអាចត្រូវប្រឈមនឹងការពន្យាពេលខ្លះក៏ដោយ៕ 

អភិបាលខេត្តស្វាយរៀង និងឯកឧត្តម ឌី វិជ្ជា អញ្ជើញចូលរួមសម្របសម្រួលករណីដីធ្លីជាច្រើនឆ្នាំ របស់ប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅទីតាំងផ្សារក្រោលគោ

ចំនួនអ្នកទស្សនា: Views

 


(ស្វាយរៀង)៖ អនុវត្តតាមយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃអង្គារ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ឌី វិជ្ជា បានអញ្ជើញចូលរួមសម្របសម្រួលករណីដីធ្លីជាច្រើនឆ្នាំរបស់ប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅទីតាំងផ្សារក្រោលគោ ក្នុងឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជាលទ្ធផលទទួលបានជោគជ័យ ដោយផ្អែកលើយុទ្ធសាស្ត្រឈ្នះឈ្នះប្រកបដោយស្នាមញញឹម។

សូមបញ្ជាក់ផងដែរថា ការសម្របសម្រួលនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលស្រុកស្វាយជ្រំ លោកប្រធានការិយាល័យរៀបចំដែនដីនគររូបនីយកម្មសំណង់ និងភូមិបាលស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកមេធាវី និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕ ដោយ៖ មន្ទីរព័ត៍មានខេត្តស្វាយរៀង


ក្រសួងការងារ៖ ការយល់ដឹងបន្ថែមអំពីគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ២០១៥-២០២៥ ត្រូវបានបញ្ជ្រាបដល់អ្នកពាក់ព័ន្ធនៅខេត្តក្រចេះ

ចំនួនអ្នកទស្សនា: Views

(ក្រចេះ)៖ ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមអំពីគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាលកសាង សមត្ថភាពបន្ថែមដល់គណៈកម្មការខេត្តក្រចេះ សម្រាប់អនុវត្តគោលនយោបាយជាតិដ៏សំខាន់មួយនេះ។

វគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាខេត្តក្រចេះ ក្រោមអធិបតីលោក ហ៊ូ វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់លោករដ្ឋមន្ត្រី អ៉ិត សំហេង និងលោក ភឹម ភីរ៉ា អភិបាលរងខេត្តក្រចេះ តំណាងលោក វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មការខេត្តក្រចេះសម្រាប់អនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥។

វគ្គបណ្ដុះបណ្ដាលនេះទៀតសោត ក៏ធ្វើឡើងក្នុងគោលបំណងជំរុញឲ្យការអនុវត្តគោលបាយជាតិនេះកាន់តែមានប្រសិទ្ធភាព ដែលជាការចូលរួមចំណែកក្នុងដំណើរការផ្លាស់ប្តូរ និងលើកស្ទួយការអភិវឌ្ឍមុខរបរ និងការងារសមរម្យនៅកម្ពុជា ការកែប្រែ និងធ្វើទំនើបកម្មនៃរចនាសម្ព័នឧស្សាកម្មនៅកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មពលកម្មផ្អែកលើជំនាញ និងការលើកកម្ពស់ភាពប្រកួតប្រជែង និងផលិតភាពការងារ។

នាឱកាសនោះ លោក ហ៊ូ វុឌ្ឍី បានថ្លែងថា គោលនយោបាយជាតិស្តីពីមុខរបរ និងការងារនេះ គឺជាគោលនយោបាយជាតិ ដែលការអនុវត្តទាមទារឲ្យមាននូវកិច្ចសហការយ៉ាងស្អិតល្មួត និងប្រកបដោយការទទួលខុសត្រូវខ្ពស់ពីក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា។

លោកអនុរដ្ឋលេខាធិការបានបន្តថា មន្ទីរ និងអង្គភាពជំនាញនីមួយៗនៅថ្នាក់រាជធានី-ខេត្ត ក៏មានភារកិច្ចចូលរួមអនុវត្តគោលនយោបាយនេះផងដែរ ក្នុងនាមជារដ្ឋបាលថ្នាក់ក្រោមជាតិ និងតំណាងក្រសួង ស្ថាប័នរបស់ខ្លួន ដើម្បីបង្កើនឱកាសការងារសមរម្យ និងផលិតភាពការងារខ្ពស់ លើកកម្ពស់ការអភិវឌ្ឍជំនាញ និងធនធានមនុស្ស និងពង្រឹងអភិបាលកិច្ចទីផ្សារការងារ នៅក្នុងរាជធានី-ខេត្តរបស់ខ្លួនឱ្យបានកាន់តែប្រសើរឡើងជាលំដាប់។

ជាមួយគ្នានោះ លោក ភឹម ភីរ៉ា បានជម្រាបជូនអំពីស្ថានភាពភូមិសាស្រ្ត សេដ្ឋកិច្ច និងសង្គមកិច្ចនៅក្នុងខេត្តក្រចេះ និងបានសម្ដែងនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តគោលនយោបាយនេះឲ្យមានប្រសិទ្ធភាពខ្ពស់។

គួរជម្រាបថា ក្រោមការផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីមុខរបរ និងការងារកម្ពុជា ឆ្នាំ២០១៥-២០២៥នេះ ដោយមានកិច្ចសហការ និងជំនួយបច្ចេកទេសពីអង្គការអន្តរជាតិខាងការងារ (ILO)។ គោលនយោបាយជាតិនេះ ត្រូវបានរាជរដ្ឋាភិបាលអនុម័តនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥ និងត្រូវបានប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ មិនត្រឹមតែមានគោលបំណងជួយលើកតម្កើងជីវភាព ភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ភាពសុខដុមរមនាសង្គម តាមរយៈការបង្កើតឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ ការអភិវឌ្ឍន៍ជំនាញ និងធនធានមនុស្សនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែគោលនយោបាយនេះ ក៏មានវិធានការការពារ និងលើកកម្ពស់សិទ្ធិ និងអត្ថប្រយោជន៍ពលករកម្ពុជាដែលកំពុងធ្វើការនៅក្រៅធ្វើប្រទេសផងដែរ៕


ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញសំណេះសំណាល បំពាក់ឋានន្តរស័ក្តិ គ្រឿងឥស្សរិយយសជូនយោធិន សោធននិវត្តន៍ និងពិកាឆ្នាំ២០២០ ចំនួន៣៣នាក់

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរស័ក្តិ គ្រឿងឥស្សរិយយស ជូនយោធិន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សោធននិវត្តន៍ និងពិកាឆ្នាំ២០២០ ចំនួន៣៣នាក់ ប្រារព្ធនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។

បន្ទាប់ពីពិធីបំពាក់ឋានន្តរស័ក្តិ និងគ្រឿងឥស្សរិយយសរួចមក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានដឹកនាំយោធិនដែលចូលនិវត្តន៍ទាំង ៣៣រូប ចូលរួមប្រជុំពីចម្ងាយតាមរយៈប្រព័ន្ធ Video Conference ព្រមគ្នាជាមួយ យោធិន សោធននិវត្តន៍ ឆ្នាំ២០២០ទូទាំង២៥ រាជធានី-ខេត្ត ដើម្បីស្តាប់ប្រសាសន៍សំណេះសំណាលរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាបន្ត។

ក្រោយបញ្ចប់កម្មវិធី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏មានអំណោយប្រគល់ជូន យោធិន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សោធននិវត្តន៍ និងពិកា ឆ្នាំ២០២០ ទាំង៣៣នាក់ ដោយម្នាក់ៗទទួលបាន ថវិកា៥០ម៉ឺនរៀល ភេសជ្ជៈ៤កែស និងមី០២កែសផងដែរ៕


ចំនួនអ្នកទស្សនា: Views

 

(ឧត្ដរមានជ័យ)៖ ទេសរដ្ឋមន្រ្តី គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តឧត្ដរមានជ័យ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែកញ្ញា និងលើកទិសដៅការងារខែតុលា របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះខេត្តឧត្តរមានជ័យ។

អនុវត្តតាមការណែនាំរបស់ ទេសរដ្ឋមន្ដ្រី គន់ គីម ក្រុមការងាររួមជាមួយអាជ្ញាធរ គ្រប់ថ្នាក់ និងមន្ទីរ ស្ថាប័ន ជំនាញបានចុះធ្វើសកម្មភាពឆ្ពោះទៅមូលដ្ឋាន ចុះជួបពលរដ្ឋតាមខ្នងផ្ទះ បានចំនួន១៣៩លើក និងជួយឧបត្ថម្ភពលរដ្ឋ ដែលជួបលំបាកដោយផលប៉ះពាល់ពី ជំងឺកូវីដ-១៩ និងរងគ្រោះដោយគ្រោះធម្មជាតិ ដោយចំណាយសម្ភារ គិតជាទឹកប្រាក់៤២៤លានរៀល និង២១,២៨០ដុល្លារ។

បន្ថែមពីនេះ ក្រុមការងារ បានសហការត្រួតពិនិត្យពលករមកពីថៃ តាមច្រកអូរស្មាច់៧,៥៥៧នាក់ ធ្វើចត្តាឡីស័ក១,០០៩នាក់ និងបញ្ជូនទៅតាមបណ្តាខេត្ត ៦,៥៤៨នាក់ សហការអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ជូនគ្រួសារជនងាយរងគ្រោះ ក្នុងអំឡុងពេល កូវីដ-១៩ បាន១៨,១០៨គ្រួសារ សរុបទឹកប្រាក់ ៣,៦១៨លានរៀល។ ដោយឡែកការងារបង្កបង្កើនផលរដូវវស្សាទូទាំងខេត្ត សម្រេចបាន១០០ភាគរយ លើផែនការប្រចាំឆ្នាំ។

មានមតិនៅក្នុងពិធីនេះ ទេសរដ្ឋមន្ដ្រី គន់ គីម បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាសម្រេច បាននូវសមទ្ធិផលធំធេងជាបន្តបន្ទាប់ និងបញ្ជៀសប្រទេសឲ្យរួចផុតពីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងរក្សាបានសន្តិភាព នៅទូទាំងប្រទេស។

លោកទេសរដ្ឋមន្រ្តី បានកោតសរសើដល់ក្រុមការងារគ្រប់ថ្នាក់ បានរួមសាមគ្គី ឯកភាពគ្នាប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ចុះទៅដល់មូលដ្ឋាន តាមខ្នងផ្ទះជួយប្រជាពលរដ្ឋ ដែលជួបលំបាកបានទាន់ពេលវេលា និងបានចូលរួមកាន់បិណ្ឌ ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានទូទាំងខេត្ត។

ទេសរដ្ឋមន្ដ្រី ប្រធានក្រុមការងារ ក៏បានជំរុញឲ្យក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់លើការងារមួយចំនួនដូចខាងក្រោម៖

* ទី១៖ យកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បន្តអនុវត្តឲ្យកាន់តែប្រសើរថែមទៀត អំពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព រួមគ្នាទប់ស្កាត់ ការប្រើប្រាស់ជួញដូរគ្រឿងញៀន នៅតាមមូលដ្ឋាន និងទប់ស្កាត់បង្ក្រាបរាល់បទល្មើសនាៗ

* ទី២៖ ខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយយកអភិក្រមទាំង៥ ធ្វើជាគោល (ឆ្លុះកញ្ចក់, ងូតទឹក, ដុះក្អែល, ព្យាបាល និងវះកាត់)

* ទី៣៖ បន្តបើកវេទិការសាធារណៈចុះតាមខ្នងផ្ទះ ដើម្បីដោះស្រាយបញ្ហាប្រឈមជូនពួកគាត់ និងបន្តរកអ្នកក្រីក្រងាយរងគ្រោះ ដោយកូវីដ-១៩ ធ្វើបច្ចុប្បន្នភាពអ្នកក្រីក្រងាយរងគ្រោះទាំង១៨,១០៨គ្រួសារ ដើម្បីមានវិធានការជួយពួកគាត់

* ទី៤៖ គ្រប់មូលដ្ឋានត្រូវជំរុញឲ្យប្រជាពលរដ្ឋ ត្រៀមលក្ខណៈទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ចំពោះអ្នកទើបគ្រប់អាយុ

* ទី៥៖ ត្រូវត្រៀមកម្លាំង និងមធ្យោបាយ សម្ភារចូលរួមសង្គ្រោះប្រជាពលដ្ឋ ពេលមានគ្រោះមហន្តរាយកើតឡើង

* ទី៦៖ រដ្ឋបាលខេត្ត ត្រូវចាត់តាំងដោះស្រាយ បញ្ចប់បញ្ហាដីធ្លីនៅស្រុកអន្លង់វែង

* ទី៧៖ ដើម្បីក្តាប់បានពីសំណូមពរ និងពាក្យបណ្តឹងពីប្រជាពលរដ្ឋបានទាន់ពេលវេលា ក្រុមប្រឹក្សាខេត្ត សមាជិក ព្រឹទ្ធសភា រដ្ឋសភា រដ្ឋបាលខេត្ត ស្រុក ត្រូវបង្កើតគេហទំព័រ លើបណ្តាញទំនាក់ទំនងសង្គម ដោយមានលេខទូរស័ព្ទដើម្បីឲ្យពួកគាត់ងាយស្រួលទំនាក់ទំនង៕


 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes