-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

បទវិចារណកថា៖ ចំណុចដែលយើងគួរយកចិត្តទុកដាក់ បន្ទាប់ពីទទួលរងគ្រោះដោយទឹកជំនន់

ចំនួនអ្នកទស្សនា: Views

 


AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ —
បើទោះបីជាតម្លៃ នៃការខូចខាតដោយទឹកជំនន់នៅក្នុងឆ្នាំនេះ នៅមិនទាន់បានប៉ាន់ប្រមាណជាទឹកប្រាក់ក៏ដោយចុះ ប៉ុន្តែគ្រោះមហន្តរាយដែលបង្កដោយគ្រោះធម្មជាតិមួយនេះ ពិតជាមានទំហំធំធេង ដោយសារតែវាបានប៉ះពាល់រហូតដល់ទៅ១៩ ខេត្ត និងរាជធានី នៅទូទាំងប្រទេស ដូចនេះវាគឺជាវិបត្តិជាន់នៅលើវិបត្តិ ខណៈដែលយើងទាំងអស់គ្នាកំពុងតែទទួលរងផលប៉ះពាល់ដោយសារតែការរីករាលដាល នៃមេរោគកូវីដ១៩ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងត្រូវតែឆ្លងកាត់ការលំបាកនេះទាំងអស់គ្នា ហើយយើងគួរនាំគ្នាគិតគូរឱ្យហើយ ពីបញ្ហាប្រឈមក្រោយពេលដែលទឹកជំនន់ស្រកទៅវិញ ។

នៅពេលនេះ ទឹកជំនន់កំពុងតែបន្តជន់លិច ដោយសារតែទឹកភ្លៀងនៅមិនទាន់អស់នៅឡើយទេ ដោយគិតត្រឹមព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ វាបានបន្តជន់លិច ២៨៣ ឃុំ/សង្កាត់ នៅក្នុង ៧១ក្រុង/ស្រុក/ខណ្ឌ ក្នុង ១៩ រាជធានី/ខេត្ត រួមមាន ១.ខេត្តពោធិ៍សាត់ ២. ខេត្តប៉ៃលិន ៣. ខេត្តបន្ទាយមានជ័យ ៤. រាជធានីភ្នំពេញ ៥. ខេត្តបាត់ដំបង ៦.ខេត្តស្វាយរៀង ៧. ខេត្តឧត្តរមានជ័យ ៨. ខេត្តសៀមរាប ៩. ខេត្តតាកែវ ១០. ខេត្តកំពង់ស្ពឺ ១១. ខេត្តមណ្ឌលគិរី ១២. ខេត្តព្រះសីហនុ ១៣. ខេត្តកោះកុង ១៤. ខេត្តព្រះវិហារ ១៥. ខេត្តស្ទឹងត្រែង ១៦. ខេត្តកំពង់ចាម ១៧. ខេត្តកណ្តាល ១៨. ខេត្តកំពង់ឆ្នាំង ១៩. ខេត្តកំពង់ធំ ។

តាមរបាយការណ៍ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា គ្រោះធម្មជាតិនេះបានសម្លាប់ជិវិតពលរដ្ឋចំនួន ១៨ នាក់ ប៉ះពាល់ផ្ទះចំនួន ៥១ ១៣៣ខ្នង លិចសាលារៀន ៤៣៩ កន្លែង លិចស្រែអស់១៣៧ ១៦០ ហត ដំណាំរួមផ្សំចំនួន ៦៧ ៤៩០ ហត ប៉ះពាល់ដល់ពលរដ្ឋសរុប ៥៣ ១៦៩ គ្រួសារ ស្មើនឹង ២១២ ៦៧៦ នាក់ ហើយអ្នកដែលត្រូវជម្លៀសចេញពីផ្ទះសម្បែងនោះ គឺមានដល់ ៦ ២៩៨ គ្រួសារ ស្មើនឹង ២៥ ១៩២ នាក់។

ដោយសារតែទឹកភ្លៀងនៅតែបន្តធ្លាក់ គ្រោះទឹកជំនន់នៅពេលនេះគឺនៅតែបន្តគំរាមកំហែងនៅឡើយទេ ទោះបីជាកន្លែងខ្លះហាក់ធូរស្បើយបន្តិចក៏ដោយចុះ ដូច្នេះសូមទាំងអស់គ្នាបន្តប្រុងប្រយ័ត្ន ហើយអាជ្ញាធរមានសមត្ថកិច្ច ក៏ត្រូវតែត្រៀមផ្តល់សេវា និងសកម្មភាពសង្រ្គោះផ្សេងៗតាមបទបញ្ជារបស់ស្ថាប័នពាក់ព័ន្ធ ក្រោមការដឹកនាំដោយរាជរដ្ឋាភិបាលនៃយើង ។ ក្រៅពីនេះ យើងក៏នឹងប្រឈមនឹងបញ្ហាជាច្រើនទៀត បន្ទាប់ពីទឹកស្រកទៅវិញ ហេតុដូច្នេះហើយទើបក្រុមការងារនៃ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានសិក្សាស្រាវជ្រាវ ហើយក៏បានចូលរួមជាគំនិតយោបល់ខ្លះៗ ដើម្បីត្រៀមចូលរួមជាមួយនឹងមិត្តអ្នកអាន និងប្រជាពលរដ្ឋដែលរងគ្រោះ រួមទាំងអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងអាជ្ញាធរដែលកំពុងតែត្រៀមជួយពលរដ្ឋ ដើម្បីកាត់បន្ថយនូវបញ្ហា និងហានិភ័យដែលកើតមានឡើងនៅដំណាក់កាលបន្ទាប់មកទៀត ។

បន្ទាប់ពីទឹកជំនន់ ការបំផ្លិចបំផ្លាញរូបវន្តចំពោះទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងសហគមន៍ ក៏ដូចជាប្រទេសជាតិ ច្បាស់ជាឃើញជាក់ស្តែងទាំងអស់គ្នា ។ ផលវិបាកដ៏ខ្លោចផ្សាទាំងនេះអាចត្រូវបានផ្សំដោយការរងរបួស ឬជំងឺ ឬក៏អារម្មណ៍តានតឹងខាងផ្លូវចិត្ត។ ប្រសិនបើការប្រុងប្រយ័ត្នជាក់លាក់មិនត្រូវបានអនុវត្តដើម្បីការពារសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន សហគមន៍ និងពលរដ្ឋនោះទេ ផលប៉ះពាល់នឹងកើតមានកាន់តែធ្ងន់ធ្ងរបន្ថែមលើសុខភាពរាងកាយ សុខភាពផ្លូវចិត្ត និងសម្ពាធផ្សេងៗ ។

សម្រាប់ពលរដ្ឋដែលរងគ្រោះដោយផ្ទាល់ សូមចាំថា ការគេងមិនលក់ ការថប់បារម្ភ កំហឹង ភាពតានតឹងបន្តិចបន្តួច ឬល្ហិតល្ហៃគឺរឿងធម្មតា តែប្រសិនបើរោគសញ្ញាទាំងនេះមានលក្ខណៈស្រួចស្រាវ សូមព្យាយាមស្វែងរកការប្រឹក្សាខ្លះ ។ ក្រៅពីនេះ ពលរដ្ឋក៏អាចនឹងប្រឈមមុខនឹងបញ្ហាមួយចំនួនទៀត ដូចជា បញ្ហាអនាម័យ បញ្ហារបួស ជំងឺ បញ្ហាកង្វះទឹកស្អាត និងសុវត្ថិភាពស្បៀងអាហារ បញ្ហាសេដ្ឋកិច្ចគ្រួសារ បញ្ហាកង្វះខាតផ្នែកថាមពល (អគ្គិសនី អុស ធ្យូង សព្វយ៉ាង) បញ្ហាគំរាមកំហែងដោយពពួកសត្វល្អិត មូស និងសត្វអសិរពិស រួមទាំងការបំពុលដោយកត្តាផ្សេងៗ ដូច្នេះយើងខ្ញុំសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ រួមទាំងក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាល សូមបន្តយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាទាំងអស់នេះ និងធ្វើយ៉ាងណាជួយសម្រួលដល់ប្រជាពលរដ្ឋបានត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេដោយសុវត្ថិភាព ដើម្បីបន្តដំណើរតស៊ូនៅក្នុងសង្គមជីវភាពបន្តទៅទៀត។

យើងទាំងអស់គ្នាត្រូវតែត្រួតពិនិត្យមើលថាគ្រប់ខ្នងផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅរឹងមាំ ដើម្បីឱ្យប្រាកដថា នៅពេលដែលពលរដ្ឋនិវត្តទៅផ្ទះសម្បែងវិញ គឺប្រាកដជាមានសុវត្ថិភាព ពីព្រោះថាគ្រប់សំណង់ដែលជន់លិច អាចនឹងប្រឈមមុខនឹងកត្តាធ្លាក់ចុះនៃគុណភាពសំណង់ អាចមានបញ្ហាឆ្លងចរន្តអគ្គិសនីដោយសារតែទឹកដែលលិចវាមិនទាន់ស្ងួត ហើយក៏ត្រូវតែប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ឧបករណ៍ដែលត្រូវបានទឹកជន់លិច ពីព្រោះហានិភ័យគឺនៅតែមាន ប្រសិនបើវាមិនទាន់ស្ងួត ។

គ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ គួរតែពិនិត្យ និងប្រុងប្រយ័ត្នរឿងសត្វល្អិត និងសត្វអសិរពិសផ្សេងៗពីព្រោះវាអាចរសាត់អណ្តែត និងតោងនៅតាមសម្ភារដែលយើងគរទុកនៅក្នុងផ្ទះ ហើយក៏ត្រូវតែប្រាកដថា សហគមន៍ ផ្ទះសម្បែង ភូមិដ្ឋាន គ្មានរងនូវការបំពុលណាមួយ ដែលអាចកើតមានឡើងនៅក្នុងអំឡុងពេលដែលទឹកជន់លិច ។

ផ្ទះសម្បែង អាគារដែលត្រូវជន់លិចត្រូវតែមានការជួសជុល ហើយត្រូវតែប្រាកដថា បើកទ្វារបង្អួចឱ្យពន្លឺថ្ងៃ និងខ្យល់អាកាសចេញចូលដើម្បីឱ្យវាជួយសម្ងួតភាពសើមនៃអគារ ឬសំណង់ ពីព្រោះសំណង់ដែលទឹកជន់លិច គឺនឹងកើតពពួកផ្សិត និងមេរោគដែលអាចនឹងប៉ះពាល់ដល់សុខភាពផ្លូវដង្ហើម និងបង្កជាជំងឺសើរស្បែក ។ ហើយចំណុចសំខាន់ ដែលគួរតែយកចិត្តទុកដាក់ គឺបញ្ហាអនាម័យនៅក្នុងការបន្ទោរបង់ ពីព្រោះការបន្ទោបង់ផ្តេសផ្តាសវាជាបច្ច័យមួយ នៃការចម្លងមេរោគខ្ពស់ណាស់ ហើយគេដឹងថាមនុស្សម្នាក់នៅក្នុងមួយថ្ងៃគឺត្រូវបន្ទោរបង់ប្រមាណជា ៣០០ ក្រាម ដោយនៅក្នុងលាមកមួយក្រាម គឺមានមេរោគ និងបាក់តេរីរាប់លាន ដូច្នេះបើអាច ទាំងអស់គ្នាគួររិះគិតចំណុចនេះជាសហគមន៍ ដើម្បីដោះស្រាយបញ្ហាជាបណ្តោះអាសន្នទម្រាំទឹកស្រកអស់ ហើយសំណើមក៏ស្ងួតអស់ពីសហគមន៍ ។

សរុបមកវិញ សម្រាប់ពលរដ្ឋគួរតែធ្វើយ៉ាងណារៀនកាត់រំសាយភាពតានតឹង និងទុក្ខសោក ដើម្បីគេចចេញពីវិបត្តិផ្លូវចិត្ត ត្រូវយកចិត្តទុកដាក់បញ្ហាអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ ហើយអាជ្ញាធរពាក់ព័ន្ធគួរតែរិះគិតជួយរឿងថាមពល រឿងទឹកស្អាត រឿងអនាម័យជាសហគមន៍ និងត្រៀមជំនួយផ្នែកវេជ្ជសាស្រ្ត…។ល។ យើងខ្ញុំសង្ឃឹមថា យើងទាំងអស់គ្នានឹងដឹកដៃគ្នា ជម្នះបាននូវគ្រោះមហន្តរាយធម្មជាតិនេះ ប្រកបដោយភាពអំណត់ និងម៉ឺងម៉ាត់ ៕


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes