-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម ចែក​ស្រូវពូជ​ដល់​ប្រជាពលរដ្ឋ​មកពី​ស្រុក​បារាយណ៍ និង​ស្រុក​សន្ទុក​

ចំនួនអ្នកទស្សនា: Views


AKP កំពង់ធំ ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០–

​ព្រឹក​ថ្ងៃ​៨​កើត ខែ​មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិតក្នុង​វត្ត​សង់​ឃ្លាំង ភូមិ​សង់​ឃ្លាំង ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្តកំពង់ធំ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អមដំណើរ​ដោយ​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ចែក​ស្រូវពូជ​ជូន​ប្រជាពលរដ្ឋ​ដែលមាន​លទ្ធភាព​ស្តារឡើងវិញ បន្ទាប់ពី​ទទួលរង​គ្រោះ​ដោយ​ទឹកជំនន់​ទឹកភ្លៀង​នាពេល​កន្លងទៅ​ចំនួន​៨៣០​គ្រួសារ មកពី​ស្រុក​ចំនួន​ពីរ គឺ​ស្រុក​សន្ទុក និង​ស្រុក​បារាយណ៍​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម បាន​លើកឡើងថា ដើម្បី​ធានា​ដល់​ការ​ស្តារឡើងវិញ​នូវ​ជីវភាព និង​ការដាំដុះ​របស់​ប្រជាពលរដ្ឋ សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល​បានដាក់​បទបញ្ជា​ដល់​ក្រសួង​មុខព្រួញ​សំខាន់ៗ​ចំនួន​៣ រួមមាន​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ក្រសួង​អភិវឌ្ឍន៍ជនបទ ត្រូវធ្វើ​សកម្មភាព​ព្រមៗ​គ្នា​ក្នុង​ការចែក​ពូជស្រូវ ចែក​ពូជ​ដំណាំ ជួសជុល​ប្រព័ន្ធធារាសាស្ត្រ ប្រឡាយទឹក និង​ផ្លូវ​នៅតាម​ទីជនបទ​ជាដើម​។​

ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​បន្ដថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​យកចិត្តទុកដាក់​ខ្ពស់​ណាស់ លើ​ការ​ស្តារឡើងវិញ​នូវ​ជីវភាព និង​ការដាំដុះ​របស់​ប្រជាពលរដ្ឋ​ក្រោយពេល​ទឹកជំនន់​បាន​ស្រក​ទៅវិញ​។ ព្រោះ​ការ​បង្កបង្កើនផល​ក្រោយ​ទឹកជំនន់ ជា​កិច្ចការ​ចាំបាច់​ណាស់​ដើម្បី​ដោះស្រាយ​បញ្ហា​ស្បៀងអាហារ ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ឱ្យមាន​ភាពប្រសើរ​ឡើងវិញ​។ ជាមួយគ្នានេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម ក៏បាន​អំពាវនាវ​បន្ថែម​ទៅដល់​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​នៅក្នុង​ខេត្ត​រង​ការ​ជន់​លិច ឱ្យ​បង្កើន​ការយកចិត្តទុកដាក់​និង​ជួយ​អន្តរាគមន៍​ដល់​ការដាំដុះ​របស់​ប្រជាកសិករ​។ ជាពិសេស​សំណូមពរ​ដល់​ប្រជាកសិករ​ទាំងអស់​ត្រូវ​ខិតខំ​ធ្វើ​ការងារ​បង្ក​បង្កើន​ផល​ឡើងវិញ​ឱ្យបាន​ទាន់​រដូវ ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ​ឱ្យបាន​ប្រសើរឡើង​។

​ឯកឧត្តម សុខ លូ បានធ្វើ​របាយការណ៍​ពី​ស្ថានភាព​ទឹកជំនន់​ថា គិត​មក​ត្រឹម​ពេលនេះ​ទឹកជំនន់​បានធ្វើឱ្យ​ខេត្តកំពង់ធំ​រង​នូវ​ការប៉ះពាល់​ដល់​ដំណាំ​ស្រូវ​លើ​ផ្ទៃដី​ស្រូវ​ចំនួន ១៨.៨៥០​ហិកតា និង​ខូចខាត​ទាំងស្រុង​ចំនួន ១០.៣៣៥​ហិកតា ស្មើនឹង​១២.៣៦៥​គ្រួសារ និង​ដំណាំ​បន្លែ​រួមផ្សំ​លើ​ផ្ទៃដី​ចំនួន ៣៤២​ហិកតា​។ ប៉ុន្តែ​គ្រួសារ​ដាំ​ដំណាំ​ស្រូវ ដែល​អាច​ស្តារឡើងវិញ ដោយមាន​ប្រភពទឹក​ស្រោចស្រព​ចំនួន ៨.២៥១​ហិកតា ស្មើនឹង​ចំនួន ៧.៤៨០​គ្រួសារ​។ ចំពោះ​ស្រុក​សន្ទុក ផ្ទៃដី​ដំណាំ​ស្រូវ​មាន​ចំនួន ៦៦៧​ហិកតា ស្មើនឹង ៨០៩​គ្រួសារ និង​ស្រុក​បារាយណ៍ ផ្ទៃដី​ដំណាំង​ស្រូវ​ចំនួន ២៦​ហិកតា ស្មើនឹង ២១​គ្រួសារ ដែល​ត្រូវការ​ស្រូវពូជ​ចំនួន ៨៣​តោន​។
​ឯកឧត្តម អភិបាលខេត្ត​បានបញ្ជាក់​បន្ថែមថា មកដល់ពេលនេះ​រដ្ឋបាល​ខេត្ត បានធ្វើ​ការចែក​ពូជស្រូវ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​ដែលមាន​លទ្ធភាព​ក្នុង​ស្តារឡើងវិញ​សរុប មាន​ចំនួន ៨.២៥១​ហិកតា ស្មើនឹង ៧.៤៨០​គ្រួសារ ។ ជាមួយគ្នា​នោះដែរ សម្រាប់​ប្រជាកសិករ​រងគ្រោះ​ដែល​កំពុង​ស្តារ​ការដាំដុះ​ស្រូវ​ឡើងវិញ​បាន​សម្តែង​ការរីករាយ​ជាខ្លាំង ចំពោះ​ការយកចិត្តទុកដាក់​ពីស​ម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បានផ្តល់​ពូជស្រូវ​ដែលមាន​ដំណុះ​ល្អ ជូន​ពួកគាត់​បាន​ទាន់ពេលវេលា​។ ចំណែក​ពូជស្រូវ​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​រង​ការខូចខាត​ដោយ​ទឹកជំនន់​នៅពេលនេះ ដោយ​ក្នុង​១​គ្រួសារៗ​ទទួលបាន ពូជស្រូវ​ចំនួន​១០០​គីឡូក្រាម និង​ថវិកា​មួយចំនួន​ផងដែរ ៕​ដោយ​៖ ស៊ុម វណ្ណា សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes