-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រាប់សិក្ខាកាមអង្គរក្សបន្ដគោរពយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់

ចំនួនអ្នកទស្សនា: Views

 


ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាននាំផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជូនចំពោះថ្នាក់ដឹកនាំ យោធាចារ្យ នាយទាហាន នាយទាហានរង ពលទាហាន នៃបញ្ជាការដ្ឋានអង្គរក្ស និងសិក្ខាកាមទាំងអស់។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបញ្ជាការដ្ឋានអង្គរក្ស, គណៈគ្រប់គ្រងវគ្គ, ក្រុមយោធាចារ្យ និងបណ្តាស្ថាប័ន កងឯកភាពពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់អនុវត្តការងារហ្វឹកហ្វឺន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបានសហការយ៉ាងល្អរហូតសម្រេចបាន លទ្ធផលការងារ តាមផែនការកំណត់។

បើតាមលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទាំងអស់នេះ គឺពិតជាកើតមកពីការប្តេជ្ញាចិត្ត និងការសាមគ្គីសហការជាធ្លុងមួយរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់របស់អង្គភាព ក្នុងបុព្វហេតុកសាងបណ្តុះបណ្តាលធនធានមនុស្សឲ្យមានសមត្ថភាពពេញលេញ និងប្រកបដោយវិជ្ជាជីវៈ សំដៅធានាបាននូវប្រសិទ្ធភាព នៃកិច្ចការពារជាតិ។

លោកសង្កត់ធ្ងន់ថា កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាការងារដ៏មានសារៈសំខាន់ចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការបន្តអនុវត្តផែនការ កែទម្រង់របស់ខ្លួន ហើយក្នុងន័យនេះ ការងារហ្វឹកហ្វឺន គឺជាកិច្ចការអាទិភាព ដែលត្រូវដំណើរការដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រការពារជាតិរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។

ក្នុងនោះកម្លាំងដែលមានស្រាប់ និងកម្លាំងបំពេញបន្ថែម ត្រូវទទួលបាននូវការហ្វឹកហ្វឺនពង្រឹងសមត្ថភាពឲ្យបានជាប់ជាប្រចាំ ហើយចាំបាច់ទាមទារឲ្យ ការហ្វឹកហ្វឺនទាំងអស់ ត្រូវផ្តោតលើគុណភាព នៃបរិមាណ និងការផ្ទេរបទពិសោធន៍។ ជាក់ស្តែងវគ្គហ្វឹកហ្វឺនទាំងនេះ បានឆ្លើយតបចំពោះសេចក្តីត្រូវការ ក្នុងការពង្រឹង និងពង្រីកសមត្ថភាពជំនាញរបស់យោធិន ដើម្បីធានាបាននូវនិរន្តរភាព នៃសមត្ថភាព ក្នុងការបំពេញភារកិច្ចក្នុងពេលចំពោះមុខ និងរយៈពេលវែងរបស់កងយោធពលខេមរភូមិន្ទ គឺការការពារជាតិ មាតុភូមិ និងប្រជាពលរដ្ឋ និងជាពិសេសការបំពេញភារកិច្ចស្នូលរបស់អង្គភាព ក្នុងការការពារសន្តិសុខ សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងកិច្ចប្រជុំ និងព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិនានា។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានណែនាំឲ្យកម្លាំងបន្តពង្រឹងភារកិច្ចស្នូលក្នុងការការពារសន្តិសុខ សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងកិច្ចប្រជុំ និងព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិនានា និងបន្តកិច្ចការពារបូរណភាពទឹកដី សន្តិភាព ស្ថិរភាព និងភាពសុខសាន្តរបស់ប្រជាជន។

ជាពិសេស ការគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោរពយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ និងបទបញ្ជាទាំងឡាយ ជាមួយនឹងការខិតខំអប់រំហ្វឹកហ្វឺនរៀនសូត្រ ប្រកបដោយការតស៊ូអត់ធ្មត់ព្យាយាម រហូតក្លាយជាកងទ័ពដែលមានវិន័យ កិត្តិយស សេចក្តីថ្លៃថ្នូរ ស័ក្តិសមជាកូនចៅពិតប្រាកដរបស់ប្រជាជន និងហ៊ានពលីជីវិតដើម្បីជាតិមាតុភូមិ។

ជាមួយគ្នានេះ បន្តប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដោយអនុវត្តតាមការណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីការពារទប់ស្កាត់ការឆ្លងរាលដាលនៅក្នុងអង្គភាព ក៏ដូចជាចូលរួមបង្ការការឆ្លង នៅក្នុងសហគមន៍គ្រួសារកងទ័ព និងគ្រួសារប្រជាពលរដ្ឋ ដោយរួមទាំងការត្រៀមលក្ខណៈចូលរួមឆ្លើយតប តាមផែនការទិសដៅ ការងាររបស់គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅពេលមានតម្រូវការ ព្រោះក្នុងពិភពលោកបច្ចុប្បន្ន ស្ថានភាពទូទៅនៃជំងឺកូវីដ-១៩ នៅមិនទាន់បានធូរស្រាលនៅឡើយ ហើយក្នុងនោះប្រទេសមួយចំនួនកំពុងបន្តរងគ្រោះដោយសាររលកទី២ និងទី៣ ដូច្នេះ យើងមិនអាចមើលស្រាល ឬធ្វេសប្រហែសនឹងបញ្ហានេះឡើយ៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes