-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3
ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញៈ នៅវេលាម៉ោង ៧ ល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ បានដឹកនាំកម្លាំង គណៈបញ្ជាការឯកភាពខណ្ឌ ចុះស្រាវជ្រាវ និងបានរកឃើញទីតាំង ចំនួន ៣ ទៀត ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ។

បើតាមប្រភពពី មន្រ្តីសាលាខណ្ឌដូនពេញ បានឲ្យដឹងនៅយប់ថ្ងៃទី២៦ កុម្ភៈ នេះថាៈ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក សុខ  ពេញវុធ បានចុះត្រួតពិនិត្យ និងដាក់កម្លាំងហ៊ុមព័ទ្ធ ទីតាំងចំនួន ៣ កន្លែង ក្នុងមូលដ្ឋានរបស់ខ្លួន មានដូចជាៈ ទី១-ធនាគារសហពាណិជ្ជ ( UCB ) នៅផ្លូវលេខ ១៣០ សង្កាត់ផ្សារចាស់ , ទី២-ប៉ាស៊ីហ្វីក ប៉ាស្តាកូ អេដិន និងទី៣-ផ្សារទំនើបជីបម៉ុង ស៊ូភើ ម៉ាឃីត ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រៀមសហការជាមួយ ក្រុមគ្រូពេទ្យ  ដើម្បីមកយកសំណាក ទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ។

ជាមួយគ្នានេះ លោក សុខ  ពេញវុធ  ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនយកចិត្តទុកដាក់ការពារ រក្សាអនាម័យជានិច្ច តាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់  បង្ការហានិភ័យ ពីការឆ្លងជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយផ្តើមចេញ ពីខ្លួនយើង ត្រូវលាងសម្អាត នូវភាពកខ្វក់ជាមួយនឹងអាល់កុល ជែល ឬ សាប៊ូ និងពាក់ម៉ាស់ ឲ្យបានត្រឹមត្រូវ ជាប្រចាំ៕





    

ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ២៦នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ»

ចំនួនអ្នកទស្សនា: Views

 


សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍ទាំង២៦នាក់នេះមានជនជាតិចិនចំនួន ២២នាក់, ជនជាតិវៀតណាម ៣នាក់ និងជនជាតិខ្មែរម្នាក់។
ក្នុងចំណោមអ្នកជំងឺទាំង២៦នាក់នេះ មាន៥នាក់ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និង២១នាក់ ដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៧៦៦នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកជំងឺចំនួន ២៨៧នាក់កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ។ សម្រាប់អ្នកជំងឺចំនួន០២នាក់ ដែលក្រុមការងារកំពុងរុករកបន្ថែមទៀត ដើម្បីយកមកដាក់សម្រាកព្យាបាល (បើបូកបញ្ចូលទៅក្នុងចំនួនសរុបគឺ២៨៩នាក់ កំពុងសម្រាកព្យាបាល)៕

ក្រសួងការបរទេស ចេញប្រកាសអំពីលទ្ធផលនៃជំនួបរវាងរដ្ឋមន្រ្តីការបរទេសកម្ពុជា និងរដ្ឋមន្រ្តីការបរទេសទីម័រខាងកើត

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងការបរទេសកម្ពុជា បានសេចក្តីប្រកាសអំពីលទ្ធផលនៃជំនួបតាមប្រព័ន្ធវីដេអូរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងលោកស្រី Adaljiza Albertina Xavier Reis Magno រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត។


អាជ្ញាធរចុះពិនិត្យមើលការសាងសង់ស្ពានប្រអប់ចំនួន២កន្លែង និងផ្លូវលំមួយខ្សែជាអំណោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ភ្ជាប់ទៅកាន់តំបន់ប្រវត្តិសាស្ត្រផ្ទះប៉ុលពត

ចំនួនអ្នកទស្សនា: Views



 (ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះពិនិត្យមើលការសាងសង់ស្ពានប្រអប់ចំនួន២កន្លែង និងផ្លូវលំមួយខ្សែតភ្ជាប់ទៅកាន់តំបន់ប្រវត្តិសាស្ត្រ ផ្ទះប៉ុលពត ស្ថិតនៅចំណុចក្បាលទន្សោង ក្នុងស្រុកអន្លង់វែង ជាប់ព្រំដែនកម្ពុជា-ថៃ។

លោក ប៉ែន កុសល្យ បានថ្លែងថា ស្ពានប្រអប់ចំនួន២កន្លែង និងផ្លូវលំមួយខ្សែតភ្ជាប់ទៅកាន់តំបន់ប្រវត្តិសាស្ត្រផ្ទះប៉ុលពត ដែលកំពុងសាងសង់នេះ ជាអំណោយដ៏ថ្លែថ្លារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

លោកអភិបាលខេត្ត បានថ្លែងបញ្ជាក់ទៀតថា ចំពោះផ្ទះតាម៉ុកដែលមានទីតាំងនៅលើភ្នំដងរែក ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បច្ចុប្បន្ននេះយើងកំពុងរៀបចំកែសម្រួលផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដើម្បីឲ្យតំបន់ប្រវត្តិសាស្ត្រមួយនេះ ក្លាយជាតំបន់រម្មណីយដ្ឋានទេសចរប្រវត្តិសាស្ត្រ សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលមានបំណងចង់មកលេងកំសាន្តឱយមានភាពងាយស្រួល។

ជាមួយគ្នានេះ លោកអភិបាលខេត្តឧត្តរមានជ័យ ក៏បានផ្តាំផ្ញើ និងណែនាំបន្ថែមដល់កងកម្លាំងប្រដាប់អាវុធទាំង៣ ដែលកំពុងឈរជើងតាមព្រំដែនកម្ពុជា-ថៃ ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យមើលសកម្មភាពនានាតាមព្រំដែន ពិសេសគឺត្រួតពិនិត្យមើលការឆ្លងដែនដាច់ខាតមិនឲ្យមានការលួចឆ្លងដែនដោយខុសច្បាប់ ហើយចំពោះមេខ្យល់ដែលនាំពលរដ្ឋឆ្លងដែនដោយខុសច្បាប់ ពេលដែលចាប់បានត្រូវផ្តន្ទាទោសទៅតាមច្បាប់ ដោយមិនអត់ឱនអោយជាដាច់ខាត៕


សម្តេចតេជោ ស្នើឱ្យក្រសួងស្ថាប័ន រាជធានី-ខេត្ត រួមគ្នាអនុវត្តឱ្យបានផុលផុសនូវចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ”

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ. សម្តេចតេជោ បានស្នើឱ្យក្រសួងស្ថាប័ន រាជធានី-ខេត្ត ត្រូវរួមគ្នាអនុវត្តឱ្យបានផុលផុស នូវចលនា ប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ដើម្បីឱ្យកម្ពុជា ជាគោល ដៅ ទេសចរណ៍ប្រកបដោយគុណភាព ចីរភាព និងទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។

ក្នុងឱកាសទិវាជាតិទីក្រុងស្អាតលើកទី៩ ក្រោមប្រធានបទ “ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត” អមជា មួយការប្រកាស “ចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន កិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សូមអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន រាជធានី-ខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍ ពាក់ព័ន្ធ ព្រះសង្ឃគ្រប់ព្រះអង្គលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជន យុវនារី មន្ត្រីរាជការ បុគ្គលិក ក្រុមហ៊ុនឯកជន/រោងចក្រ និងបងប្អូនជនរួមជាតិទាំងអស់ មេត្តាបន្តផ្តល់ការគាំទ្រ និងចូលរួម អនុវត្តឱ្យបានផុលផុសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ឱ្យបានផុសផុលដើម្បីឱ្យ កម្ពុជាជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព ចីរភាព និងទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិសក្តិសមនឹងកិត្តិនាម "កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ៖ ផ្តល់ភាពកក់ក្តៅ”។

ដើម្បីឆ្លើយតប នៃទិវាជាតិទីក្រុងស្អាត "ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត” និង “ទីក្រុងស្អាត ដើម្បី ទេសចរណ៍ សម្តេចតេជោក៏បានឱ្យស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋត្រូវរួមគ្នា អនុវត្តន៍ឱ្យកាន់តែមានប្រសិទ្ធភាព ដោយទី១. បន្តពង្រឹងភាពជាដៃគូរដ្ឋ-ឯកជនក្នុងការចូលរួម ដល់ យុទ្ធនាការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ពិសេសត្រូវផ្តល់សេវាកម្មប្រកបដោយសុវត្ថិភាពពីព្រោះថា ការបង្កើននូវភាពជឿទុកចិត្ត និងភាពជឿជាក់ លើគ្រប់ខ្សែសង្វាក់នៃផលិតកម្មក្នុងវិស័យទេសចរណ៍ គឺជាចំណុចគន្លឹះអាទិភាពសម្រាប់ការទាក់ទាញទេសចរណ៍។ក្នុងន័យនេះ គ្រប់តួអង្គពាក់ព័ន្ធ ទាំងអស់ ក្នុងវិស័យទេសចរណ៍ ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាពទេសចរណ៍ និងវិធានសុខាភិបាល ព្រោះថា "អ្វីៗនឹងមិនត្រឡប់ទៅរកសភាពដើមវិញទេ ដូចនេះយើងត្រូវ ចេះសម្របខ្លួន រៀនរស់ក្នុងសភាពថ្មីមួយ ពោលគឺត្រូវចេះរក្សាអនាម័យឱ្យបានខ្ជាប់ខ្លួន និង មានការប្រយ័ត្ន កុំធ្វេសប្រហែសឱ្យសោះ។ទី២. សហគ្រិន/និយោជកគួរគិតគូរ អំពីគំរូអាជីវកម្ម ប្រភេទថ្មីជាមួយដំណោះស្រាយឌីជីថល តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ ខណៈដែល បច្ចុប្បន្ននេះសកលលោកបានផ្លាស់ប្តូរទៅរករបត់ថ្មី ដែលបច្ចេកវិទ្យាឌីជីថលបាននាំមកនូវ វិធីសាស្ត្រអនុវត្តថ្មី ទម្លាប់ថ្មី ការរស់នៅ និងជីវិតថ្មី។ ការរីករាលដាលនៃជំងឺកូវីដ-១៩ជាសកល បានជំរុញឱ្យយើងប្រើប្រាស់បច្ចេកវិទ្យានិងប្រព័ន្ធឌីជីថលកាន់តែខ្លាំងជាងមុន។ ទី៣. ស្នើឱ្យគ្រប់ក្រុង ខណ្ឌត្រូវចូលរួមក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ឱ្យបានកាន់តែសកម្មស្របតាមយុទ្ធនាការ “ទីក្រុងស្អាត៖ ទីក្រុងអនុវត្តវិធានសុវត្ថិភាពឆ្នើម”សំដៅប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។ទី៤. ប្រជាពលរដ្ឋ ត្រូវបន្ស៊ាំខ្លួនក្នុងទម្លាប់ថ្មី ដោយត្រូវដឹងនិងជ្រាបអំពីឥទ្ធិពលនិងផលប៉ះពាល់ និង វិធានការបង្ការទប់ស្កាត់ និងចេះថែរក្សាអនាម័យ និងគោរពតាមវិធានសុវត្ថិភាពនានារបស់ក្រសួង សុខាភិបាលឱ្យបានខ្ជាប់ខ្លួន។ ក្នុងបរិបទថ្មីនេះ ប្រជាពលរដ្ឋក៏គួរតែខិតខំចាប់យកនិន្នាការនៃការ ប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ជីវភាពប្រចាំថ្ងៃផងដែរ ដូចជារៀនអនឡាញ,ទិញអនឡាញជាដើម៕

រដ្ឋមន្ត្រីកិច្ចការនារី៖ ទោះបីរងផលប៉ះពាល់ដោយកូវីដ១៩ កម្ពុជានៅតែសកម្មក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបញ្ចប់អំពើហិង្សាប្រឆាំងនឹងភេទ

ចំនួនអ្នកទស្សនា: Views

 

ការលើកឡើងបែបនេះ ធ្វើឡើងខណៈពេលដែល រដ្ឋមន្រ្តីនៃក្រសួងកិច្ចការនារី និងជាតំណាងគណបក្សប្រជាជនកម្ពុជានៅក្នុងសម្ព័ន្ធស្រ្តី ICAPP ត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំពិសេស តាមប្រព័ន្ធវីដេអូ ក្រោមមូលបទ «ការផ្តល់ភាពអង់អាចដល់ស្រ្តីក្នុងអំឡុង និងក្រោយកូវីដ-១៩» ដែលរៀបចំឡើងដោយសម្ព័ន្ធស្រ្តី ICAPP និង លេខាធិការដ្ឋាន ICAPP កាលពីរសៀលថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១។

គោលបំណងនៃកិច្ចប្រជុំខាងលើនេះ ត្រូវបានធ្វើឡើងដោយកត់សម្គាល់ឃើញថា ស្រ្តីកំពុងជួបនូវបញ្ហាប្រឈមអសន្តិសុខខាងសេដ្ឋកិច្ច និងអំពើហិង្សាក្នុងគ្រួសារក្នុងអំឡុងពេលកូវីត។ ដូចនេះ មេដឹកនាំគណបក្សនយោបាយត្រូវចាត់វិធានការ ដើម្បីការពារផលប៉ះពាល់យូរអង្វែង និងការខូចខាតដល់ស្រ្តី។ ជាមួយគ្នានេះផងដែរ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាប្រឈមបច្ចុប្បន្នរបស់ស្រ្តី និងដើម្បីលើកកម្ពស់ការឆ្លើយតបគោលនយោបាយដែលសមស្រប កិច្ចប្រជុំផ្តោតជាសំខាន់ទៅលើ៖

១៖ អសន្តិសុខសេដ្ឋកិច្ច៖ ការកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន និងការបែងចែកមិនត្រឹមត្រូវផ្នែកសេដ្ឋកិច្ចបណ្តាលមកពីកូវីត១៩ទៅលើស្រ្តី
២៖ អំពើហឹង្សាប្រឆាំងនឹងភេទ៖ ការការពារនិងដោះស្រាយ អំពើហឹង្សាក្នុងគ្រួសារប្រឆាំងនឹងស្ត្រី

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីវាគ្មិន និង តំណាងគណបក្សនយោបាយនីមួយៗដែលជាសមាជិករបស់ ICAPP ប្រមាណ ៥០នាក់ ក្នុងនោះមានតំណាងស្រ្តីនៃអង្គការសហប្រជាជាតិ (UN WOMEN) និង តំណាងគណៈកម្មការសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក (UNESCAP) ដែលបានចូលរួមធ្វើបទបង្ហាញគន្លឹះ និងសំណួរចំលើយពាក់ព័ន្ធនឹងប្រធានបទខាងលើ។ ក្រៅពីគណបក្សនយោបាយអង្គការដូចជាសន្និសីទអចិន្រ្តៃយ៍នៃគណបក្សនយោបាយនៅអាមេរិកឡាទីន និងការ៉ាប៊ីន (COPPPAL) ក៏នឹងចូលរួមក្នុងសន្និសីទនេះដែរក្នុងនាមជាអ្នកសង្កេតការណ៍។

លោកស្រី អ៉ឹង កន្ថាផាវី បានជម្រាបជូនកិច្ចប្រជុំអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ និងឆ្លើយតបចំពោះអំពើហឹង្សាលើស្ត្រី ដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់ តាមរយៈការអនុវត្តផែនការសកម្មភាពជាតិចំនួន ៣ ដើម្បីទប់ស្កាត់អំពើហឹង្សាប្រឆាំងនឹងស្ត្រីចាប់តាំងពីឆ្នាំ ២០១១ ដែលមានការចូលរួមពីក្រសួងចំនួន ១៦ ដៃគូអភិវឌ្ឍន៍ចំនួន ៤០ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៤០ ដែលរួមមានវិស័យយុទ្ធសាស្ត្រចំនួន ៤ រួមមាន ការបង្ការទប់ស្កាត់ ការការពារផ្នែកច្បាប់និងសេវាកម្មពហុវិស័យ ច្បាប់និងគោលនយោបាយ ការត្រួតពិនិត្យ និងវាយតម្លៃ។

លោកស្រីបានបន្តជម្រាបជូនទៀតថា សម្រាប់ការបង្ការកំរិតបឋម ក្រសួងកិច្ចការនារី បាននិងកំពុងធ្វើយុទ្ធនាការថ្នាក់ជាតិជាប្រចាំ សម្រាប់ការយល់ដឹង និងការផ្លាស់ប្តូរអាកប្បកិរិយាជាសាធារណៈ ដើម្បីជាការប្រមូលផ្តុំ និងលើកទឹកចិត្តដល់ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងការចូលរួមរបស់បុរសដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រីនៅទូទាំងប្រទេស ដូចជាយុទ្ធនាការបុរសល្អ ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ យុទ្ធនាការបុរសល្អនេះ បានផ្តល់ឱកាសឱ្យបុរស និងក្មេងប្រុសនៅទូទាំងប្រទេសចូលរួមពង្រឹងភាពជាបុរសវិជ្ជមាន និងធ្វើឱ្យពួកគេចូលរួម ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងទប់ស្កាត់អំពើហឹង្សា។ ជាក់ស្តែង យុទ្ធនាការនេះត្រូវបានចូលរួមដោយបុរស និងយុវជនជាង ៣ លាននាក់តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងសកម្មភាពកៀរគរសង្គម។ លោកស្រី ក៏បានបញ្ជាក់ជូនថា ក្រសួងក៏កំពុងតែ ពិចារណាពង្រីកយុទ្ធនាការនេះនៅទូទាំងប្រទេស។

ទន្ទឹមនឹងនេះ លោកស្រីបានគូសបញ្ចាក់ពីការអនុវត្តវិធីសាស្រ្តចំនួន៣ អំឡុងពេលដែលមានកូវីដ ដែលផ្តោតលើទី ១៖ ការទប់ស្កាត់ជាមួយនឹងការពង្រីកយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយនានាតាមរយៈវេទិកាឌីជីថលដើម្បីចូលរួមជាមួយសាធារណៈជន និងការផ្សព្វផ្សាយអំពី COVID-១៩ និងសារបង្ការអំពើហិង្សាទាក់ទងនឹងភេទ ដែលមនុស្ស ១ លាននាក់ បានទទួល ជាពិសេសយុវជន ២៖ការបន្តសេវាកម្មការពារចាំបាច់សម្រាប់ជនរងគ្រោះ / ស្ត្រីរងគ្រោះ និងចុងក្រោយ គឺជំនួយមនុស្សធម៌។

រដ្ឋមន្រ្តីក្រសួងកិច្ចការនារីកម្ពុជា បានបន្តលើកឡើងថា ក្រសួងទទួលស្គាល់ថា អ្នកផ្តល់សេវាជួរមុខ គឺមានសារសំខាន់ក្នុងការការពារនិងឆ្លើយតបចំពោះអំពើហិង្សាប្រឆាំងនឹងស្ត្រីទាន់ពេលវេលា ដូច្នេះ «យើងធានាថា អ្នកផ្តល់សេវារបស់យើងនិងជនរងគ្រោះក៏ទទួលបានឧបករណ៍ការពារផ្ទាល់ខ្លួនដែរ ដែលអាចឱ្យពួកគេអាចបន្តការងារ និងមានឧបករណ៍សម្រាប់ទូរស័ព្ទ សម្រាប់ធ្វើការប្រឹក្សាយោបល់តាមប្រព័ន្ធអ៉ីនធឺណិត និងជាអ្នកពឹងពាក់បន្តជូនដល់ជនរងគ្រោះ។

ជាងនេះទៅទៀត លោកស្រីបានថ្លែងមានប្រសាសន៍បន្តទៀតថា ការកែលម្អសេវាកម្មសម្របសម្រួល គឺជាគន្លឹះសម្រាប់ភាពជោគជ័យ និងរួមបញ្ចូលទាំងការបង្កើតក្រុមការងារពហុវិស័យ ស្តីពីអំពើហឹង្សាប្រឆាំងនឹងភេទ ដែលបច្ចុប្បន្នត្រូវបានសាកល្បងនៅក្នុងខេត្តចំនួន ៩ ដែលមានការចូលរួមពីប៉ូលីស អ្នកផ្តល់សេវាថែទាំសុខភាព អាជ្ញាធរមូលដ្ឋាន អ្នកផ្តល់សេវាច្បាប់និងសង្គមរួមគ្នា ដើម្បីដោះស្រាយភាពខ្វះចន្លោះនៃសេវាកម្ម ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការដែលអាចពឹងពាក់បាន និងការឆ្លើយតបចំពោះអំពើហឹង្សាប្រឆាំងនឹងស្ត្រី។ គោលការណ៍គឺដើម្បីកសាងសមត្ថភាពរបស់តួអង្គសំខាន់ៗទាំងអស់ដូច្នេះ «គ្រប់ច្រកទាំងអស់គឺត្រឹមត្រូវ»។

គួររំលឹកផងដែរថា សម្ព័ន្ធស្ត្រី ICAPP ត្រូវបានបង្កើតឡើងក្នុងពេលកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍លើកទី ១៨ ក្នុងអំឡុងពេលមហាសន្និបាតលើកទី ៧ នៅទីក្រុងបាគូ ប្រទេសអាហ្ស៊ែបៃហ្សង់ ដើម្បីជំរុញបន្ថែមនូវការចូលរួម និងតួនាទីរបស់ស្រ្តីនៅក្នុងកិច្ចការនយោបាយ ក្នុងនោះរចនាសម្ព័ន្ធនៃសម្ព័ន្ធស្រ្តី ICAPP មានប្រទេស នេប៉ាល់ និងថៃ ជាសហប្រធាន និងអនុប្រធានមាន អាហ្ស៊ៃបៃហ្សង់ ចិន កូរ៉េខាងត្បូង ប៉ាគីស្ថាន ស្រីលង្កា និងទួរគី៕


ប្រមុខ​រាជរដ្ឋាភិបាល​ជំរុញ​ឲ្យ​សហគ្រិន​និង​និយោជក​នៅ​កម្ពុជា​គួរតែ​គិតពី​«​គំរូ​អាជីវកម្ម​ប្រភេទ​ថ្មី​»​

ចំនួនអ្នកទស្សនា: Views

 



​ភ្នំពេញ​៖ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​ឲ្យ​សហគ្រិន​និង​និយោជក​នៅ​កម្ពុជា​គួរតែ​គិតពី​«​គំរូ​អាជីវកម្ម​ប្រភេទ​ថ្មី​»​ដោយ​ប្រើប្រាស​បច្ចេកវិទ្យា​ជា​ជំនួយ​ខណៈដែល​បច្ចុប្បន្ន​នេះ​សកលលោក​បាន​ផ្លាស់ប្តូរ​ទៅរក​របត់​ថ្មី​ដែល​បច្ចេកវិទ្យា​ឌីជីថល​បាន​នាំមក​នូវ​វិធីសាស្ត្រ​អនុវត្ត​ថ្មី ទម្លាប់​ថ្មី​ការរស់នៅ​និង​ជីវិត​ថ្មី ។​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​ជំរុញ​បែបនេះ​នៅក្នុង​សារលិខិត​ស្តីពី​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៩ ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​២៧​កុម្ភៈឆ្នាំ​២០២១ ។​


​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖«​សហគ្រិន​/​និយោជក​គួរ​គិតគូរ​អំពី​គំរូ​អាជីវកម្ម​ប្រភេទ​ថ្មី​ជាមួយ​ដំណោះស្រាយ​ឌីជីថល​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា ជា​ជំនួយ​ខណៈដែល​បច្ចុប្បន្ន​នេះ​សកលលោក​បាន​ផ្លាស់ប្តូរ​ទៅរក​របត់​ថ្មី​ដែល​បច្ចេកវិទ្យា​ឌីជីថល​បាន​នាំមក​នូវ​វិធីសាស្ត្រ​អនុវត្ត​ថ្មី​ទម្លាប់​ថ្មី​ការរស់នៅ​និង​ជីវិត​ថ្មី​។ ការរីក​រាល ដាល​នៃ​ជំងឺ​កូ​វីដ​១៩ ជា​សកល​បាន​ជំរុញ​ឱ្យ​យើង​ប្រើប្រាស់​បច្ចេកវិទ្យា​និង​ប្រព័ន្ធ​ឌីជីថល​កាន់តែខ្លាំង​ជាង​មុន​។​រីឯ​និ​យោ​ជិ​ក​/​បុគ្គលិក​ក៏​គួរ​គិតគូរ​ផងដែរ​អំពី​ការពង្រឹង​សមត្ថ ភាព​ជំនាញ​ដើម្បី​មាន​សមត្ថភាព​និង​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​បត់បែន​ទៅតាម​ការប្រែប្រួល​យ៉ាង​ឆាប់រហ័ស​នៃ​ចរន្ត​សេដ្ឋកិច្ច​» ។​

​សម្តេច​បន្តថា​សហគ្រិន​/​និយោជក​ត្រូវ​ពង្រឹងសមត្ថភាព​និង​គុណភាព​ពិសេស​ការបង្កើន​ផលិតភាព​ដើម្បី​ត្រៀមខ្លួន​ក្នុងការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារការងារ​ដែល​នៅពេល​ខាង មុខ​ទីផ្សារ​នេះ​នឹង​កាន់តែ​រួម​ចង្អៀត​ហើយ​ខ្សែសង្វាក់​ផ្គត់ផ្គង់​កាន់តែ​បង្រួម​ខ្លី ។ បច្ចុប្បន្ន​សកលលោក​បាន​ផ្លាស់ប្តូរ​ទៅរក​របត់​ថ្មី​ដែល​បច្ចេកវិទ្យា​ឌីជីថល​បាន​នាំមក​នូវ​វិធី​សា​សាស្ត្រ​អនុវត្ត​ការងារ​,​ទម្លាប់ ការរស់នៅ​និង​ជីវិត​ថ្មី​។​

​ស្ថិតនៅក្នុង​បរិបទ​ថ្មី​នៃ​វិបត្តិ​កូ​វីដ​-១៩​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​បន្សំ​ខ្លួន​ក្នុង​ទម្លាប់​ថ្មី​ដោយ​ត្រូវ​ដឹង​និង​ជ្រាប​អំពី​ឥទ្ធិពល​និង​ផល​ប៉ះពា ល់​និង​វិធាន​ការបង្ការ​ទប់ស្កាត់​និង​ចេះ​ថែរក្សា​អនាម័យ​និង​គោរព​តាម​វិធាន​សុវត្ថិភាព​នានា​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន ។ ក្នុង​បរិបទ​ថ្មី​នេះ​ប្រជាពលរដ្ឋ​ក៏​គួរតែ ត្រូវខិតខំ​ចាប់យក​និន្នាការ​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​ផងដែរ​(​រៀន​អន​ឡាញ​, ទិញ​អន​ឡាញ​…​។​ល​។​) ។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន​រាជធានី​-​ខេត្ត អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ វិស័យ​ឯកជន អង្គការ​សង្គម​ស៊ីវិល​ដៃគូ អភិវឌ្ឍ​ពាក់ព័ន្ធ ព្រះសង្ឃ​គ្រប់​ព្រះអង្គ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជន យុវនារី មន្ត្រីរាជការ បុគ្គលិក ក្រុមហ៊ុន​ឯកជន​/​រោងចក្រ និង​បងប្អូន​ជនរួមជាតិ​ទាំង អស់ មេត្តា​បន្ត​ផ្តល់​ការគាំទ្រ​និង​ចូលរួម​អនុវត្ត​ឱ្យបាន​ផុលផុស​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​នូវ​ចលនា​ប្រឡងប្រណាំង “​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​” ឱ្យបាន​ផុសផុល​ដើម្បីឱ្យ​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព ចីរភាព និង​ទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ​សក្តិសម នឹង​កិត្តិនាម “​កម្ពុជា​៖ ព្រះរាជាណាចក្រ​អច្ឆរិយៈ​៖​ផ្តល់​ភាពកក់ក្តៅ​”​។​

​សម្តេច​តេ​ជោ​សង្ឃឹម​និង​ជឿជាក់​យ៉ាង​មុតមាំ​ថា​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​នឹង​បន្ត​សហការ​ចូលរួម​គាំទ្រ​ឧបត្ថម្ភ​និង​អនុវត្ត​រាល់​យុទ្ធនាការ​នានា​ដែល​ត្រូវបាន​ដាក់ចេញ​ដោយ រាជរដ្ឋាភិបាល​ដើម្បី​គាំទ្រ​ដល់​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាតនិងសូម​ជូនពរ​ឱ្យ​ទិវា​ជាតិ​ទីក្រុង​ស្អាត​ឱ្យ​ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​ជោគជ័យ​ជានិច្ច​និរន្តរ៍​និង​សូម​ប្រកា ស ជា​ផ្លូវការ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​លើក​ទី​៣​និង​សូម​ស្វាគមន៍​ភ្ញៀវទេសចរ​អន្តរជាតិ​ពី​គ្រប់ទិសទី​មក​ទស្សនា​កម្សាន្ត​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​ស្នើឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ​ចូលរួម​គាំទ្រ​គ្រប់​សកម្មភាព​ទេសចរណ៍​និង​ជម្រុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក​ក្នុង​និង​ក្រោយ​ដំណាក់កាល​ជំងឺឆ្លង​កូ​វីដ​-១៩ នេះ ៕

 

អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ស្ថានភាពការចម្លងជំងឺកូវីដ១៩ មិនសូវអំណោយ​ផលទេ​សម្រាប់កម្ពុជា ព្រោះមានភាពសាំញ៉ាំជាងព្រឹត្តិការណ៍មុនៗ

ចំនួនអ្នកទស្សនា: Views

 



ភ្នំពេញ : ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល​បានគូសបញ្ជាក់ថា ស្ថានភាពការឆ្លងជំងឺកូវីដ១៩ មិនសូវអំណោយផល​សម្រាប់ប្រទេស​កម្ពុជានោះទេព្រោះថាមានភាពសាំញ៉ាំ ជាងព្រឹត្តិការណ៍មុនៗ។ 

 ​ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២១ នៅទីស្ដីការ​ក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងយ៉ាងដូច្នេះថា “ជោគ​ជ័យ ឬមិនជោគជ័យសម្រាប់ការឆ្លងជំងឺកូវីដ១៩ គឺអាស្រ័យលើប្រជាពលរដ្ឋខ្លួនឯង​ក្នុង​ការការ ពារខ្លួនពីព្រោះវិធានការបានដាក់ចេញជាច្រើនអស់ហើយ”។ លោកជំទាវបន្ដ​ថា ការ​​ទប់ ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅពេលនេះ​មានការពិបាកជាងព្រឹត្តិការណ៍​សហគមន៍ លើកមុនៗពីព្រោះថាមានការពិបាកស្មុគស្មាញ ហើយមានការឆ្លងលឿនជាង​មុនទៀត។ លោកជំទាវបន្ថែមថា ព្រឹត្តិការន៍សហគមន៍ ២០កុម្ភៈ មានករណីឆ្លងច្រើន ហើយមាន​ករណី​បំប្លែងខ្លួនពីវីរុសកូវីដ១៩ទៀតដែលជាក់ស្តែងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​បាន​រកឃើញ។

ជាមួយគ្នានេះដែរ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជា លោកជំទាវ​ ក៏បានអំពាវនាវដល់អ្នកដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលទាក់​​ទិន​នឹងទីតាំងដែលប្រកាសបិទជាបណ្តោះអាសន្នចំនួន ២៣កន្លែង ​ត្រូវតែស្ម័គ្រចិត្តក្នុង​ការ​ទៅពិនិត្យ និងធ្វើតេស្តរកជំងឺកូវីដ១៩។ លោកជំទាវបានថ្លែងបញ្ជាក់ថា “អ្វីដែលចាំ​បាច់​គឺត្រូវមានការចូលរួមពីប្រជាពលរដ្ឋ គឺបើមិនចាំបាច់សូមកុំចេញពីផ្ទះ ហើយត្រូវមើល​ថែទាំ ​កុំឱ្យទៅណាមកណា ដើម្បីចៀងវាងការឆ្លងជំងឺកូវីដ១៩ ពីព្រោះឥឡូវជំងឺ​នេះបានបំប្លែង​ខ្លួនថ្មី អីចឹងបើយើងឆ្លង នឹងពិបាកហើយ”។ លោកជំទាវ ឱ វណ្ណឌីន បានអះអាងថា ការ​ឆ្លងជំងឺនេះ មិនត្រឹមតែនៅរាជធានីភ្នំពេញនោះទេ ឥឡូវនេះបានរីករាលដាលជំងឺកូវីដ​១៩ ដល់ទីតាំងមួយចំនួននៅខេត្តកណ្តាលផងដែរ។ ទន្ទឹមនេះ ចំពោះអ្នកដែលគិតថាបាន​ពាក់ព័ន្ធ​ជាមួយព្រឹត្ដិការណ៍២០កុម្ភៈ សូមទៅពិនិត្យសុខភាព ពីព្រោះថាអ្នកដែលប៉ះពាល់​សំខាន់​គឺសមាជិកក្រុមគ្រួសារខ្លួន។

​សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ អ្នកឆ្លងសរុបនៅកម្ពុជាមានចំនួន ៥៩៣នាក់ ក្នុងនោះអ្នកពាក់ព័ន្ធព្រឹត្តិ​ការ​ណ៍សហគមន៍ ២០កុម្ភៈកើនឡើងដល់៩៩ ករណីហើយ និងមានអ្នកជាសះស្បើយ ៤៧៥នាក់ ៕

តំណាងរាស្ត្រមណ្ឌលកំពង់ធំ ជំរុញមន្ត្រីមូលដ្ឋានបង្កើនសមត្ថភាពដោះស្រាយទុក្ខលំបាកជូនពលរដ្ឋ និងផ្តល់សេវាសារធាណឱ្យបានឆាប់រហ័ស

ចំនួនអ្នកទស្សនា: Views

 

លោក ជា អឿង បានថ្លែងជំរុញបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយប្រជាមួយប្រជាពលរដ្ឋនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ រសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានអ្នកចូលរួមប្រមាណជិត១០០នាក់។

លោក ជា អឿង បន្តថា ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសការផ្ដល់តម្រូវការប្រចាំថ្ងៃដូចជាការ ដោះស្រាយលិខិតស្នាមផ្សេងៗ គឺត្រូវតែធ្វើឲ្យ បានរហ័សទាន់ចិត្ត ប្រកបដោយតម្លាភាពត្រឹមត្រូវ និងអាកប្បកិរិយារួសរាយរាក់ទាក់ទន់ភ្លន់ ទាំងនេះជាក្រមសីលធម៌របស់មន្ត្រីហើយនឹងប្រាកដជាទទួលបាន នូវការគាំទ្រ មកវិញពីសំណាក់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតជាក់ជាមិនខាន។ មន្ត្រីទាំងអស់គប្បី យកចិត្តទុកដាក់ក្នុងការបំពេញការងារ មានព្រហ្មវិហារធម៌ទាំង៤ នៅក្នុងខ្លួនមានវប្បធម៌សាមគ្គី វប្បធម៌ចែករំលែកដល់ថ្នាក់ក្រោម និងផ្តល់គំរូល្អដល់ប្រជាពលរដ្ឋ និងអនុវត្តឲ្យបាននូវអភិក្រមទាំងប្រាំចំណុចគឺ ដុះក្អែល ងួតទឹក ឆ្លុះកញ្ចក់ ព្យាបាល និងចុងក្រោយវះកាត់។

ម៉្យាងវិញទៀត ត្រូវចូលរួមលុបបំបាត់ទាំងស្រុងនូវការបង្កើតបនល្បែងស៊ីសង និងបញ្ហាគ្រឿងញៀន និងចូលរួមអនុវត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីរក្សាឲ្យបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋ និងប្រទេសជាតិ និងពន្យល់ប្រជាពលរដ្ឋឲ្យយល់ពីតម្លៃនៃការខិតខំប្រឹងប្រែងអភិវឌ្ឍរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានោះលោក ជា អឿង ក៏បានលើកឡើងខ្លះៗផងដែរ ពីប្រវត្តិនៃបនប្រល័យពូជសាសន៍ ប៉ុលពត ដែលបានបញ្ជាក់ថា ក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមិនា ឆ្នាំ១៩៧០ ដែលបង្ករឡើងដោយពួក លន់ នល់ គាំទ្រដោយសហរដ្ឋអាមេរិក មាតុភូមិកម្ពុជា ត្រូវបានធ្លាក់ ទៅក្នុង សង្រ្គាមរុំារ៉ៃ និងរងការបំភ្លេចបំផ្លាញ ក្រោមការទំលាក់គ្រាប់បែក ជាងបីលានតោន។ ក្រោយទឹកដីត្រូវបានរំដោះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បនប្រល័យ ពូជសាសន៍ ប៉ុលពត បានឆក់ដណ្តើមយកជ័យជំន្នះនេះពីប្រជាជន ហើយបង្កើតឡើងនូវរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ ដោយបានប្រែក្លាយទឹកដីកម្ពុជា ជាគុកឥតជញ្ជាំង ជាវាលពិឃាតដ៏ឃោឃៅជាទឹកដីដែលគ្របដណ្តប់ ដោយឈាម ទឹកភ្នែក និងគំនរសាកសពរបស់ប្រជាជនកម្ពុជា។

ក្រោមទង់រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា នៅថ្ងៃទី០២ ធ្នូ ឆ្នាំ១៩៧៨ ដោយមានចលនាចូលរួមពីអ្នកស្នេហាជាតិមកពីគ្រប់ទីតំបន់នៃប្រទេសកម្ពុជា ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ចលនាអ្នកតស៊ូនេះ បានទទួលជោគជ័យដោយបានផ្តួលរំលំរបបបនប្រល័យពូជសាសន៍ប៉ុលពតជាស្ថាពរ។

លោកបន្តទៀតថា បច្ចុប្បន្នប្រទេសមានសន្តិភាព និងស្ថេរភាពនយោបាយ ដោយសារមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់ជូនជាតិមាតុភូមិកម្ពុជាវិញនូវសុខសន្តិភាព ស្ថិរភាព សេរីភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមមាគ៌ានយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចផងដែរ៕


 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes