-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

កិច្ចសម្ភាសន៍ឯកអគ្គរដ្ឋទូតចិន លើការផ្តល់វ៉ាក់សាំងជូនកម្ពុជា, លោកឯកអគ្គរដ្ឋទូតបញ្ជាក់ថា ដរាបណាជំងឺកូវីដ១៩ នៅកម្ពុជាមិនទាន់បញ្ចប់ ជំនួយចិនក៏មិនបញ្ចប់ដែរ

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ ផ្តើមចេញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការចាក់ទឹកមិនលិចរវាងកម្ពុជា និងចិន បានធ្វើឱ្យរដ្ឋាភិបាលចិន ផ្តល់ការគាំទ្រគាំពារជាច្រើនជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

ក្រៅពីការផ្តល់ជំនួយអ្នកជំនាញ និងបរិក្ខាសុខាភិបាលនានាលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ហើយនោះ រដ្ឋាភិបាលចិន បានផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ប្រមាណ ១.៣លានដូសហើយ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋ។ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន បានបញ្ជាក់ថា កម្ពុជា គឺជាប្រទេសដំបូងគេ ដែលរដ្ឋាភិបាលចិន បានផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩។

ក្រៅតែពីផ្តល់ជំនួយហើយនោះ រដ្ឋាភិបាលចិន បានជួយសម្របសម្រួលឱ្យកម្ពុជា ទិញបានវ៉ាក់សាំងស៊ីណូវ៉ាក់ ១.៥លានដូស ក្នុងរយៈពេលខ្លី និងតម្លៃពិសេសផងដែរ។ កាយវិការទាំងនេះ បង្ហាញឱ្យឃើញពីឆន្ទៈដ៏មុះមុតរបស់រដ្ឋាភិបាល និងប្រជាជន ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជា។

ក្នុងបទសម្ភាសន៍នេះលោកឯកអគ្គរដ្ឋទូតចិន បានអះអាងថា ដរាបណាជំងឺកូវីដ១៩ នៅកម្ពុជាមិនទាន់បញ្ចប់ទេ ជំនួយរដ្ឋាភិបាលចិន មកកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏មិនបញ្ចប់ដែរ។

ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុងនៃកិច្ចសម្ភាសន៍មួយរវាងឯកអគ្គរដ្ឋទូតចិន លោក វ៉ាង វិនធាន ជាមួយអ្នកព័ត៌មាននៅកម្ពុជា ពាក់ព័ន្ធលើការផ្តល់ជំនួយវ៉ាក់សាំង និងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅកម្ពុជា៖

* សំណួរ៖ ឯកឧត្តមឯកអគ្គរដ្ឋទូត ជាសំណួរបឋមរបស់ខ្ញុំ តើឯកឧត្តមយល់យ៉ាងណា ចំពោះវិធានការទប់ស្កាត់កូវីដ១៩ និងការពន្លឿនការចាក់វ៉ាក់សាំងដល់ពលរដ្ឋ របស់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមកនិងបច្ចុប្បន្ននេះ?

ចម្លើយ៖ ក្នុងនាមជាមន្រ្តីការទូតមួយរូប ខ្ញុំតាមពិតទៅមិនគួរអត្ថាធិប្បាយអំពីកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជាទេ ប៉ុន្តែលោកបានលើកឡើងជាសំណួរហើយ ខ្ញុំនឹងលើកពីអារម្មណ៍ផ្ទាល់របស់ខ្ញុំ៖

ដំបូងខ្ញុំយល់ថា ស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កិច្ចទប់ស្កាត់លើជំងឺវីរុសនៅក្នុងប្រទេសកម្ពុជាត្រូវបានអនុវត្តយ៉ាងល្អប្រសើរ។ ហើយកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមជាច្រើនដែលមានលទ្ធផលល្អបំផុតលើកិច្ចទប់ស្កាត់នឹងវីរុស ក៏ទទួលបានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ។

ទី២៖ គឺការប្រកាន់ខ្ជាប់នូវគោលការណ៍ «យកប្រជាជនជាធំ»។ ដើម្បីកាត់បន្ថយបន្ទុករបស់ប្រជាពលរដ្ឋ រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយដោយផ្តល់ការធ្វើចត្ថាឡីស័ក ព្យាបាល និងចាក់វ៉ាក់សាំងដោយឥតគិតថ្លៃជូនដល់ប្រជាជន បានផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារដែលទទួលរងផលប៉ះពាល់នៃជំងឺវីរុសកូវីដ និងបានខិតខំជួយសង្គ្រោះអ្នកដែលមានផ្ទុកជំងឺវីរុសកូវីដ-១៩។

ទី៣៖ គឺកម្ពុជាយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការអន្តរជាតិលើការទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩។ កម្ពុជា បានយកចិត្តទុកដាក់ខ្លាំងជាមួយកិច្ចសហប្រតិបត្តិការជាមួយការិយាល័យអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាក៏ដូចជាប្រទេសចិននិងបណ្តាប្រទេសជាមិត្តផងដែរ។ ខណៈដែលមានការផ្ទុះឡើងនូវវីរុស កម្ពុជា ក៏បានផ្តល់ជំនួយជាសម្ភារទប់ស្កាត់នឹងវីរុសជាច្រើនដល់ប្រទេសជាមិត្តមានដូចជាប្រទេសចិនជាដើម។

សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអនុញ្ញាតឲ្យនាវាបរទេសដែលគ្មានទីចុះចតអាចចុះចតបានក្នុងកំពង់ផែខេត្តព្រះសីហនុ នេះបានបង្ហាញពីស្មារតីមនុស្សធម៌អន្តរជាតិដ៏ថ្លៃថ្លារបស់កម្ពុជាទៅកាន់ពិភពលោក។ ជារួមស្ថានភាពជំងឺវីរុសនៅក្នុងប្រទេសកម្ពុជាអាចគ្រប់គ្រងបានល្អ ទោះបីជាមានការផ្ទុះឡើងសាជាថ្មីនៃជំងឺវីរុសក៏ពិតមែន ប៉ុន្តែខ្ញុំជឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្រ្តី ប្រទេសកម្ពុជាប្រាកជាអាចយកឈ្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសមួយនេះយ៉ាងជោគជ័យជាមិនខាន។

ចំពោះការងារចាក់វ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជាវិញ ខ្ញុំយល់ថាត្រូវបានដំណើរការយ៉ាងរលូនបំផុត។ ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ានមួយចំនួនដែលបានចាក់វ៉ាក់សាំងកូវីដមុនគេ។ ដើម្បីអនុវត្តការងារចាក់វ៉ាក់សាំងប្រកបដោយសណ្ដាប់ធ្នាប់ រដ្ឋាភិបាលបានបង្កើតគណកម្មាធិការបញ្ជាទិញវ៉ាក់សាំង (ឬគណកម្មាធិការលទ្ធកម្មវ៉ាក់សាំង) និងគណកម្មាធិការចាក់វ៉ាក់សាំង។ បានខិតខំយ៉ាងសកម្មក្នុងការទទួលបានវ៉ាក់សាំងកាន់តែច្រើន ម្យ៉ាងវិញទៀតបានរៀបចំការងារចាក់វ៉ាក់សាំងដោយផ្អែកតាមក្រុមអាទិភាពនិងតាមលំដាប់លំដោយ។ យើងជឿជាក់ថាដោយមានការសម្របសម្រួលពីរដ្ឋាភិបាលកម្ពុជានិងកិច្ចសហការយ៉ាងសកម្មពីប្រជាជន ភាគីកម្ពុជានឹងអាចសម្រេចបាននូវផែនការចាក់វ៉ាក់សាំងកូវីដដែលបានកំណត់ដោយរាជរដ្ឋាភិបាលក្នុងពេលឆាប់ៗនេះ។

* សំណួរ៖ ចិនត្រូវបានគេមើលឃើញថា ជាប្រទេសដែលបានចូលរួមយ៉ាងសកម្មជាមួយ រដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់កូវីដ១៩ ដោយចិនបានជួយទាំងសម្ភារ និងក្រុមគ្រូពេទ្យជំនាញ ហើយថ្មីៗនេះទៀត ចិន ក៏ផ្តល់វ៉ាក់សាំង Sinopharm ដល់កម្ពុជា ដំបូងគេផងដែរ។ តើមានកត្តាអ្វីខ្លះ បានជារដ្ឋាភិបាលចិនប្រឹងប្រែងជួយដល់កម្ពុជាបែបនេះ? ហេតុអ្វីបានចិន ផ្តល់វ៉ាក់សាំងដល់កម្ពុជាមុនគេ?

ចម្លើយ៖ ចិន និងកម្ពុជា គឺជាមិត្តដែកថែប និងជាសហគមន៍ជោគវាសនារួម ដែលតែងគាំទ្រគ្នា និងជួយគ្នាទៅវិញទោមក។ ចាប់តាំងពីមានការផ្ទុះឡើងនៃវីរុសកូវីដ-១៩មក ប្រជាជនទាំងពីរប្រទេស បានរួមសុខទុក្ខជាមួយគ្នា ជួយយកអាសាគ្នាទៅវិញទៅមក បង្កើតបានជាគំរូនៃកិច្ចសហប្រតិបត្តិការអន្តរជាតិលើកិច្ចទប់ស្កាត់នឹងជំងឺវីរុស។

ខណៈដែលចិនស្ថិតក្នុងគ្រាលំបាកបំផុតនៃកិច្ចទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលដែលព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានជាសម្ភារនិងព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមជូនដល់ប្រជាជនចិន។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបំពេញទស្សនកិច្ចជាបន្ទាន់ទៅកាន់ប្រទេសចិន ខណៈដែលកំពុងតែធ្លាក់ព្រិលយ៉ាងខ្លាំង។ សម្ភារៈសម្រាប់កិច្ចទប់ស្កាត់នឹងវីរុសដែលទីក្រុងអ៊ូហាន់ ទទួលបានមុនគេពីក្រៅប្រទេស គឺមកពីប្រទេសកម្ពុជា។

ក្រោយពីកម្ពុជាមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩មក ដើម្បីសងគុណ រដ្ឋាភិបាលចិន និងកងទ័ពរំដោះប្រជាជនចិន បានចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្រ្តមកកាន់ប្រទេសកម្ពុជាដែលជាប្រទេសដំបូងគេក្នុងតំបន់ និងនៅលើពិភពលោក និងបានផ្តល់ជំនួយជាសម្ភារទប់ស្កាត់នឹងវីរុសយ៉ាងច្រើនផងដែរ។ ក្រោយពីវ៉ាក់សាំងចិនមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការប្រើប្រាស់នៅលើទីផ្សារ ភាគីចិនបានផ្តល់ជំនួយជាវ៉ាក់សាំងមុនគេមកកាន់ប្រទេសកម្ពុជា។ នេះគឺជាអត្ថន័យនៃមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ និងសហគមន៍ជោគវាសនារួម។

* សំណួរ៖ និយាយដល់ចំណុចនេះ ខ្ញុំចង់បើករង្វង់ក្រចកឆ្លៀតសួរឯកឧត្តមទាក់ទង នឹងដំណើរទៅកាន់ប្រទេសចិន កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ របស់សម្តេចតេជោ ក្នុងពេលដែលប្រទេសខ្លះរើសអើងចិនពេលនោះ ដោយសារកូវីដ១៩។ តើដោយសារដំណើរទៅកាន់ប្រទេសចិនពេលនោះរបស់សម្តេច ហ៊ុន សែន ធ្វើឲ្យរដ្ឋាភិបាល និងប្រជាជនចិនរំភើប ទើបក្លាយជាមូលហេតុសំខាន់មួយក្នុងចំណោមមូលហេតុផ្សេងទៀត ដែលចិន ជួយជ្រោមជ្រែងកម្ពុជានៅពេលនេះ?

ចម្លើយ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខរដ្ឋនៃរដ្ឋាភិបាលបរទេសដំបូងគេ ដែលបានបំពេញទស្សនកិច្ចក្នុងប្រទេសចិន ខណៈចិនកំពុងផ្ទុះឡើងនូវវីរុសកូវីដ-១៩។ នាពេលនោះ រដ្ឋធានីប៉េកាំង កំពុងតែធ្លាក់ព្រិលយ៉ាងខ្លាំង ក្រោយពីសម្តេចតេជោអញ្ជើញចុះពីយន្តហោះ ឯកឧត្តម Wang Yi ទីប្រឹក្សារដ្ឋចិនបានឱបស្វាគមន៍យ៉ាងស្និទជាមួយសម្តេចតេជោ បានធ្វើឱ្យបេះដូងប្រជាជនចិនទូទាំងប្រទេសមានភាពកក់ក្តៅជាខ្លាំង។ មិត្តក្នុងបណ្ដាញប្រព័ន្ធអ៉ីនធើណេតបានវាយតម្លៃខ្ពស់ជាមួយដំណើរទស្សនកិច្ចជាបន្ទាន់របស់សម្តេចតេជោ និងបានប្រសិទ្ធនាមថា សម្តេចជាវីរបុរសសង្ហារក្នុងដំណើរបញ្រ្ចាសទិស។ សម្តេចក៏ទទួលបានការកោតសរសើរខ្ពស់ពីសហគមន៍អន្តរជាតិ។

ដំណើរជាក់ស្តែងនៃដំណើរទស្សនកិច្ចលើកនេះ បានបង្ហាញពីការគាំទ្ររបស់សម្ដេចនាយករដ្ឋមន្រ្តី និងប្រជាជនកម្ពុជា ជូនចំពោះភាគីចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស បានបញ្ជាក់ពីអត្ថន័យស្នូលនៃសហគមន៍ជោគវាសនារួមរវាងចិននិងកម្ពុជា ដូចសុភាសិតមួយតែងពោលថា ស្គាល់មិត្តល្អក្នុងគ្រាលំបាក។ ក៏ត្រូវបានចារក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងចំណងមិត្តភាពរវាងចិននិងកម្ពុជា។

* សំណួរ៖ វ៉ាក់សាំងដែលចិនផ្តល់ដល់កម្ពុជា បានទទួលការសាទរពីពលរដ្ឋខ្មែរជាទូទៅ ក៏ប៉ុន្តែវ៉ាក់សាំងចិននេះ ក៏ក្លាយជាប្រធានបទរបស់ជនកេងចំណេញនយោបាយខ្លះ បានយក រឿងវ៉ាក់សាំងចិននេះ ជាប្រធានបទវាយប្រហារ និងបំភ័យថា វ៉ាក់សាំងចិនធ្វើឲ្យមាន គ្រោះថ្នាក់ដល់ស្លាប់ និងស្តីបន្ទោសរដ្ឋាភិបាលកម្ពុជាថា យកវ៉ាក់សាំងចិនមកសម្លាប់ ប្រជាជនឯង។ តើអ្វីជាការពន្យល់របស់ឯកឧត្តមចំពោះបញ្ហានេះ?

ចម្លើយ៖ សុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងចិនត្រូវបានបញ្ជាក់យ៉ាងច្បាស់លាស់។ នាពេលបច្ចុប្បន្ននេះ ជាង ៧០ប្រទេស បានអនុញ្ញាតឱ្យប្រើវ៉ាក់សាំងចិនជាបន្តបន្ទាប់។ តាមតួលេខវ៉ាក់សាំងដែលត្រូវបានចាក់នៅក្នុងប្រទេសចិនមានចំនួនលើសពី ១២០លានដូស។ ប្រទេសកម្ពុវិញ អ្នកចាក់វ៉ាក់សាំងចិន មានចំនួនរាប់សិបម៉ឺននាក់ ក៏មិនទាន់ឃើញមានករណីប្រតិកម្មណាធ្ងន់ធ្ងរកើតឡើងដែរ។

បុគ្គលមួយចំនួនបានបង្កើតពាក្យចចាមអារ៉ាមលើបណ្ដាញអ៉ីននធើណេតថា វ៉ាក់សាំងចិនមិនមានសុវត្ថិភាព បុគ្គលមួយចំនួនធ្វើបែបនេះក្នុងគោលបំណងចង់ទាក់ទាញក្រសែភ្នែកដោយតាមរយៈព័ត៌មានមិនពិតទាំងនេះ ក៏មួយចំនួនទៀតមានគោលបំណងនយោបាយចង់បង្ខូចឈ្មោះចិន និងចង់ជ្រៀតជ្រែកការងារទប់ស្កាត់នឹងវីរុសនៅក្នុងប្រទេសកម្ពុជា។

ចិនមានសុភាសិតមួយតែងពោលថា «ការពិតនៃរឿងរ៉ាវអាចយកឈ្នះរាល់ពាក្យចចាមអារ៉ាមទាំងឡាយ»។ សុវត្ថិភាព និងប្រសិទ្ធភាព នៃវ៉ាក់សាំងចិននឹងបង្ហាញបញ្ជាក់ជូនអ្នកទាំងអស់គ្នានាពេលក្រោយនេះ។ ទាក់ទងនឹងពាក្យចចាមអារ៉ាមថា រដ្ឋាភិបាលកម្ពុជាប្រើប្រាស់វ៉ាក់សាំងចិន ដើម្បីសម្លាប់ប្រជាជនខ្លួនជាពាក្យផ្តេសផ្ដាស មិនគួរនិយាយបែបនេះនោះទេ។

ពាក្យចចាមអារ៉ាមតាមប្រព័ន្ធអ៉ីនធើណេត អាចបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានមួយចំនួន។ ដោយសារតែវីរុសកូវីដ-១៩ គឺជាបញ្ហាថ្មីមួយ ហើយវ៉ាក់សាំងក៏ជារឿងរ៉ាវថ្មីមួយដែរ។ អ្នកទាំងអស់គ្នាប្រហែលជាត្រូវចាំមួយរយៈពេលទៀត។ ជាការល្អ រដ្ឋាភិបាលគួរបន្តពង្រឹងការងារផ្សព្វផ្សាយស្តីអំពីការចាក់វ៉ាក់សាំង ដើម្បីឲ្យប្រជាជនយល់កាន់តែច្បាស់អំពីវ៉ាក់សាំង ដែលជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយក្នុងការបញ្ឈប់ការរីករាលដាលនៃជំងឺវីរុសកូវីដ-១៩ដ៏ធ្ងន់ធ្ងរមួយនេះបាន។

* សំណួរ៖ ឯកឧត្តមអគ្គរដ្ឋទូត ប្រហែលជាធ្លាប់ឮដែរថា គ្រាន់តែសម្តេចតេជោ ប្រកាសមិនចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន ក្រោមហេតុផលលើសអាយុ ក៏មានជនខ្លះបរិហារថា សម្តេចតេជោ មិនចាក់វ៉ាក់សាំងចិន ទៅចាក់វ៉ាក់សាំង AstraZeneca នឹងធ្វើឲ្យចិនខឹង។ តើសម្រាប់ឯកឧត្តម ចាត់ទុកការចោទប្រកាន់នេះ ក្នុងរូបភាពបែបណា?

ចម្លើយ៖ មតិដែលតែងពោលថា សម្តេចតេជោមិនចាក់វ៉ាក់សាំងចិន នឹងធ្វើឲ្យចិនខឹង គឺជាពាក្យសម្តីដែលមិនសមហេតុផលបំផុត។ អ្នកទាំងអស់គ្នាប្រាកដជាដឹងហើយថា ក្រោយពីសម្ដេចបានចាក់វ៉ាក់សាំងរួច ស្ថានទូតចិនប្រចាំកម្ពុជា បានបង្ហោះសារអបអរសាទរលើ page ផ្លូវការរបស់ស្ថានទូតផ្ទាល់។ ចិនតែងមានសុភាសិតមួយពោលថា «មិនថាឆ្មាសឬឆ្មាខ្មៅទេ ឱ្យតែចេះចាប់កណ្ដុរសុទ្ធតែជាឆ្មាល្អ»

ដូច្នេះហើយ មិនថាជាវ៉ាក់សាំងចិនឬវ៉ាក់សាំងផ្សេងទៀត ឱ្យតែអាចជួយប្រជាជនកម្ពុជា ក្នុងការទប់ទល់ជាមួយការយាយីនៃវីរុសកូវីដ-១៩ អាចដើរតួយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស ការចាក់វ៉ាក់សាំងប្រភេទណាក៏ដោយសុទ្ធតែជាបញ្ហាបច្ចេកទេសទាំងស្រុង មិនគួរយកវាធ្វើជាឈ្នាន់នៃនយោបាយឡើយ។

* សំណួរ៖ តើរដ្ឋាភិបាលចិន មានផែនការឬផ្តល់ជំនួយអ្វីបន្ថែមទៀតសម្រាប់ជួយទប់ស្កាត់កូវីដ១៩ នៅកម្ពុជានេះ? តើចិនអាចនឹងផ្តល់ជំនួយឥតសំណងនៅវ៉ាក់សាំងបន្ថែមទៀតដល់កម្ពុជា ក្រៅតែពីផ្តល់មួយលានដូសឲ្យរួចហើយនោះ?

ចម្លើយ៖ នាថ្ងៃទី៧ ខែកុម្ភៈ វ៉ាក់សាំងដែលជាជំនួយជំហានដំបូងរបស់ចិនចំនួន ៦០ម៉ឺនដូស ត្រូវបានដឹកជញ្ជូនមកកាន់រាជធានីភ្នំពេញ។ ភាគីចិនបានផ្តល់វ៉ាក់សាំង ដែលជាជំនួយជំហានទី២ចំនួន ៧០ម៉ឺនដូស ត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញកាលពីថ្ងៃទី៣១ ខែមីនា។ តាមពិតទៅ ជំនួយឥតសំណងជាវ៉ាក់សាំងមានចំនួន ១.៣លានដូសហើយ។ ខ្ញុំជឿជាក់ថា ប្រទេសចិន នឹងបន្តផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងដល់ប្រទេសកម្ពុជានាពេលខាងមុខនេះ។ ខ្ញុំសង្ឃឹមថា នៅពេលមិនយូរខាងមុខនេះ ខ្ញុំនឹងអាចមកទទួលស្វាគមន៍វ៉ាក់សាំងចិនបន្តទៀតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

កាលពីយប់មិញ ខ្ញុំនិងរដ្ឋមន្រ្តីសុខាភិបាលបានចូលរួមពិធីប្រគល់ និងទទួលវ៉ាក់សាំង ហើយខ្ញុំក៏បានលើកឡើងថា ភាគីចិននឹងមិនត្រឹមតែបន្តផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងនោះទេ នឹងបន្តផ្តល់អាទិភាពលើកិច្ចការបញ្ជាទិញវ៉ាក់សាំងសម្រាប់ភាគីកម្ពុជាផងដែរ។

ក្រៅពីនេះ មន្ទីរពិសោធន៍តេស្តរកជំងឺវីរុសកូវីដក្នុងខេត្តព្រះសីហនុ ដែលបានជួយសាងសង់ដោយភាគីចិន នឹងបញ្ចប់ការដ្ឋានសាងសង់ក្នុងពាក់កណ្ដាលខែមេសាខាងមុខនេះ។ បរិក្ខារដែលពាក់ព័ន្ធបានបញ្ជូនមកដល់ប្រទេសកម្ពុជាហើយ ហើយសមត្ថភាពនៃការតេស្ដរកជំងឺវីរុសក្នុងមន្ទីរពិសោធន៍នេះអាចរហូតដល់១០០០នាក់/ថ្ងៃ។ ទន្ទឹមនឹងនេះ ភាគីចិននឹងបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្រទៅកាន់ខេត្តព្រះសីហនុដើម្បីធ្វើការតំឡើងបរិក្ខារនិងបណ្តុះបណ្តាលជូនដល់បុគ្គលិកនៅទីនោះ។ សរុបសេចក្តីមក ភាគីចិនផ្តល់ជំនួយក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសដល់ភាគីកម្ពុជាដោយទាន់ពេលវេលាទៅតាមលទ្ធភាពដែលធ្វើបាន និងស្របតាមតម្រូវការរបស់ភាគីកម្ពុជា។

*សំណួរ៖ ចុងក្រោយ តើឯកឧត្តម Wang Wentian មានសារអ្វីទៅកាន់ប្រជាជនកម្ពុជា និងប្រជាជនចិនកំពុងរស់នៅកម្ពុជា?

ចម្លើយ៖ ខ្ញុំចង់ជម្រាបជូនមិត្តភក្តិកម្ពុជាឱ្យបានជ្រាបថា ចិន និងកម្ពុជាជាបងប្អូនល្អនឹងគ្នា ដែលប្រៀបដូចដៃ និងជើង គឺជាមិត្តល្អនឹងគ្នា ដែលតែងជួយគ្នាទៅវិញទៅមក។ ដរាបណាជំងឺកូវីដនៅក្នុងប្រទេសកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកាន់ប្រទេសកម្ពុជាក៏មិនអាចបញ្ឈប់បានឡើយ។ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសកូវីដ ប្រជាជនចិនបន្តគាំទ្រជាមួយប្រជាជនកម្ពុជាជានិច្ច។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមជម្រាបជូនដល់ប្រជាពលរដ្ឋចិនដែលរស់នៅក្នុងប្រទេសកម្ពុជាឲ្យបានជ្រាបថា មជ្ឈិមបក្សនិងរដ្ឋាភិបាលចិនបានយកចិត្តដាក់ខ្ពស់ចំពោះសុខភាពរបស់អ្នកទាំងអស់គ្នា។ រដ្ឋាភិបាលកំពុងតែជំរុញសកម្មភាពនៃចាក់វ៉ាក់សាំងនិទាឃរដូវ (Spring Vaccination) ជូនដល់ប្រជាពលរដ្ឋចិន ដែលកំពុងរស់នៅក្រៅប្រទេស។

បច្ចុប្បន្ននេះ ស្ថានទូតចិនប្រចាំកម្ពុជា បានអនុវត្តតាមសេចក្តីតម្រូវការរបស់ក្រសួងសុខាភិបាលកម្ពុជា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានសម្រេចផ្តល់ការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋចិនដែលរស់នៅក្នុងប្រទេសកម្ពុជាដោយការស្ម័គ្រចិត្ត រួមទាំងជនរួមជាតិហុងកុង ម៉ាកាវ និងតៃវ៉ាន់ បញ្ជីឈ្មោះបានប្រគល់ជូនភាគីកម្ពុជារួចហើយ។

ជាជំហានបន្ទាប់ ស្ថានទូតចិន នឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា អាចដំណើរការសកម្មភាពនៃចាក់វ៉ាក់សាំងនិទាឃរដូវ (Spring Vaccination) ដែលជាការលើកឡើងដោយរដ្ឋាភិបាលចិនបានយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ ខ្ញុំក៏សង្ឃឹមថា អ្នកទាំងអស់គ្នា នឹងគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយ និងវិធានការរបស់កម្ពុជាស្តីពីការការពារជំងឺវីរុសកូវីដ-១៩ ដើម្បីជាពលរដ្ឋចិនដែលមានទំនួលខុសត្រូវនិងប្រកបដោយអរិយធម៌និងគោពច្បាប់បានយ៉ាងល្អ។

ជាចុងបញ្ចប់នេះ ខ្ញុំសូមជូនពរមិត្តភក្តិទាំងអស់គ្នាមានសុខភាពល្អ ជោគជ័យរាល់ភារកិច្ចទាំងឡាយ។ សូមអរគុណ!



0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes