-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនរដ្ឋមន្រ្តីក្រសួងអប់រំ និងអភិបាលរាជធានី-ខេត្ត ពាក់ព័ន្ធការបើកសាលារៀនឡើងវិញ នៅតាមតំបន់ដែលគ្មានការឆ្លង និងមានការឆ្លងតិចនៃជំងឺកូវីដ១៩

ចំនួនអ្នកទស្សនា: Views



 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ បានណែនាំដល់រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឱ្យពិភាក្សាជាមួយ អភិបាលរាជធានីខេត្តទាំងអស់ ដើម្បីបើកសាលារៀនឡើងវិញ នៅទីតាំងដែលគ្មានការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅតាមទីជនបទ ក្នុងប្រទេសកម្ពុជា។


នេះបើតាមសារសម្លេងរបស់សម្តេចតេជោ ដែលបណ្តាញព័ត៌មាន ទទួលបានផ្លូវការនាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។

ការណែនាំនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន សង្កេតឃើញថា កន្លងមកជំងឺកូវីដ១៩ បានរីករាលដាលភាគច្រើននៅតាមទីក្រុង និងទីប្រជុំជន ឯតាមជនបទខេត្តខ្លះស្ទើរតែមិនមានករណីឆ្លងទៀតផង ប៉ុន្តែសាលារៀនទាំងនោះត្រូវបានបិទ ដែលនាំឱ្យប៉ះពាល់ដល់ការសិក្សារបស់ពួកគេ។

«ដូច្នេះខ្ញុំស្នើឱ្យឯកឧត្តម ហង់ ជួនណារុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ធ្វើការពិភាក្សាជាមួយអភិបាលខេត្តរាជធានី ដើម្បីបកំណត់បើកទីតាំងសាលារៀនមួយចំនួនដែលមិនមានជំងឺឆ្លងកើតឡើង»។នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ។

សម្តេចបានថ្លែងថា ពេលនេះប្រទេសកម្ពុជា បាន និងកំពុងចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ ពីអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ ដែលពេលនេះការចាក់ជូនកុមា និងយុវវ័យនេះ បានចំនួន១.៥លាននាក់រួចទៅហើយ ក្នុងចំណោម២លាននាក់ដែលគ្រោងទុក។

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា ការបើកសាលានេះ មិនត្រូវធ្វើឡើងនៅទូទាំងស្រុកនោះទេ ត្រូវធ្វើនៅតាមឃុំ ដែលគ្មានជំងឺឆ្លង ដោយរក្សានូវវិធានការសុខាភិបាលចាំបាច់នានា ដើម្បីឲ្យកុមាររបស់យើងបានចូលរៀន។ សម្តេចបានបន្ថែមថា ប្រសិនបើយើងបន្តបិទតទៅទៀត ដោយមិនបានពិនិត្យ មិនបានញែក រវាងកន្លែងដែលឆ្លង និងកន្លែងដែលមិនឆ្លង នឹងអាចនាំទៅដល់សិស្សខ្លាចសាលារៀន ឬសិស្សភ្លេចអក្ស។ សម្តេចបានយល់ឃើញថា សម្រាប់ការរៀនតាមអនឡាញវិញ គឺសិស្សនៅតាមជនបទ មិនមានលទ្ធភាពរៀនតាមអនឡាញនោះទេ។

«សម្រាប់ទីកន្លែងប្រជុំជនដែលមានការឆ្លង ឬមានការឆ្លងតិច យើងអាចអនុញ្ញាតពិនិត្យឱ្យអាចរៀនបន្តតាមអនឡាញ ឬរៀនទៅតាមស្ថានភាព គួបផ្សំ រវាងការរៀនដោយផ្ទាល់ដោយរក្សានូវគម្លាតសុវត្ថិភាព និងការរៀនតាមបែបចម្រុះ»។ នេះបើតាមការបញ្ជាក់បន្ថេមរបស់សម្តេតេជោ។

សម្តេចបានយល់ឃើញថា នៅតាមទីក្រុង និងទីប្រជុំជន សិស្សានុសិស្សមានលទ្ធភាពគ្រប់គ្រាន់នៅតាមអនឡាញ ហើយនៅពេលដែលកុមារ និងយុវវ័យរបស់យើងបានចាក់វ៉ាក់សាំងរួចហើយនោះ យើងនឹងអាចបើកសាលារបស់យើងឡើងវិញ ដោយរក្សានូវគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាល។ ដោយឡែកសម្រាប់កន្លែងដែលមានការឆ្លងច្រើន ក៏ត្រូវបន្តរៀនតាមអនឡាញ ឬរៀនពីចម្ងាយ។ សម្តេចបានស្នើឱ្យរកគ្រប់វិធានការ ដើម្បីឱ្យសិស្សបានរៀន ដោយបើកសាលារៀនដោយផ្ទាល់ ដោយសំដៅឆ្ពោះទៅទីជនបទ ដែលមិនមានជំងឺឆ្លង និងរៀនលក្ខណៈចម្រុះ នៅតំបន់ដែលមានការឆ្លងតិច ហើយមានវ៉ាក់សាំង។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់សិស្សអាយុក្រោម១២ឆ្នាំ ដែលមិនបានចាក់វ៉ាក់សាំងក៏អាចចូលរៀនបានដែរ នៅសាលាដែលគ្មានការឆ្លង។ សម្តេចបានស្នើឱ្យមានការគិតគូរតាមរបៀបបត់បែន ហើយអនុវត្តតាមការជាក់ស្តែងនៅតាមខេត្តនីមួយៗ។ កន្លែងណាមានលទ្ធភាពបើក គឺបើក កន្លែងណាដែលមិនមានលទ្ធភាពបើកគឺឱ្យរៀនពីចម្ងាយ ហើយកន្លែងណាដែលអាចរៀនបែបចម្រុះ ក៏ត្រូវរៀនចម្រុះទាំងផ្ទាល់ និងអនឡាញ។

សម្តេចបានបញ្ជាក់បន្ថេមថា សម្រាប់រាជធានីភ្នំពេញ ការឆ្លងមានចំនួនធ្លាក់ចុះ ហើយអ្នកដែលបានឆ្លង ក៏មិននាំទៅដល់ជំងឺធ្ងន់ធ្ងរនោះទេ អត្រាស្លាប់ក៏មានការថយចុះ ដូច្នេះចំណុចនេះគឺជាចំណុចវិជ្ជមានមួយដល់ការបើកដំណើរការសង្គម សេដ្ឋកិច្ច នៅទូទាំងប្រទេស ហើយក្នុងនោះក៏មានវិស័យអប់រំរបស់យើងផងដែរ «ដូច្នេះហើយ ខ្ញុំស្នើឯកឧត្តម រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំការពិភាក្សាដើម្បីបើកសាលារៀនឡើងវិញ»។ សម្តេចបានបញ្ជាក់ថា បន្ទាប់ពីពិក្សារួច ត្រូវធ្វើដំណើរមកកាន់សម្តេច ដើម្បីធ្វើសេចក្តីសម្រេចជាផ្លូវការផងដែរ៕

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសថា នឹងចាក់វ៉ាក់សាំងការពារកូវីដ១៩ដូសទី៣ជូនប្រជាពលរដ្ឋគ្រប់ៗគ្នា

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែនប្រកាសថា នឹងចាក់វ៉ាក់សាំងការពារកូវីដ១៩ដូសទី៣ជូនប្រជាពលរដ្ឋគ្រប់ៗគ្នានៅខែកញ្ញាឆ្នាំ២០២១ សូមកុំបារម្ភរឿងនេះ។

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ បានឆ្លើយតបសំណួររបស់ប្រជាពលរដ្ឋតាមរយ: ហ្វេសប៊ុក ពាក់ព័ន្ធទៅនឹងការចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាពលរដ្ឋទូទៅ។

នៅក្នុងនោះសម្តេចតេជោបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារកូវីដ១៩ដូសទី៣ជំហានដំបូងនេះ សម្រាប់តែមន្រ្តីរាជការ និងកងកម្លាំងជួរមុខប៉ុណ្ណោះដែលចំនួននេះមានកំណត់។

តែទោះជាយ៉ាងណាក្តីសម្តេចតេជោបានប្រាប់ថា សូមកុំឱ្យបារម្ភរឿងនេះ ព្រោះយើងនឹងចាក់វ៉ាក់សាំងដូសទី៣ជូនប្រជាពលរដ្ឋគ្រប់ៗគ្នាដែលមានរហូតដល់ជិត១២លាននាក់។

សម្តេចបញ្ជាក់ថា វ៉ាក់សាំងសម្រាប់ចាក់ដូសទី៣នេះនឹងមកដល់នៅខែកញ្ញា ឆ្នាំ២០២១ ចំនួន៥លានដូសសម្រាប់ចាក់ជូនប្រជាពលរដ្ឋទូទៅ៕


អភិបាលខេត្តសៀមរាប ចុះពិនិត្យស្ថានភាពទីតាំងកំពង់ផែក្រុមហ៊ុន ស៊ូ ជីង បន្ទាប់ពីរាជរដ្ឋាភិបាលដកហូត ហើយប្រគល់មកឱ្យរដ្ឋបាលខេត្ត និងគ្រឹះស្ថានអង្គរគ្រប់គ្រងជាបណ្តោះអាសន្នវិញនោះ !

ចំនួនអ្នកទស្សនា: Views

 


សៀមរាប៖ កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចម្រុះរបស់គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត អមដំណើរដោយឯកឧត្ដម លោក លោកស្រី ជាអភិបាលរងខេត្ត , តំណាងអយ្យការអមសាលាដំបូងខេត្ត , អគ្គនាយកគ្រឹះស្ថានអង្គរ , ស្នងការនគរបាលខេត្ត , មេបញ្ជាការកងរាជអាវុធហត្ថខេត្ត , ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត , អភិបាលក្រុងសៀមរាប មន្ត្រីអ្នកមុខអ្នកការក្នុងខេត្ត អាជ្ញាធរមូលដ្ឋាន និងសមាគមកាណូតទ្រទ្រង់ជីវភាពកំពង់ផែ ស៊ូ ជីង ចុះពិនិត្យមើលស្ថានភាពទីតាំងកំពង់ផែក្រុមហ៊ុន ស៊ូ ជីង ដែលស្ថិតនៅក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដើម្បីគ្រប់គ្រងបណ្ដោះអាសន្ន បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចដកហូត ហើយប្រគល់ឲ្យរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរជាអ្នកគ្រប់គ្រងជាបណ្តោះអាសន្នវិញនោះ។

ក្នុងឱកាស នៃការចុះពិនិត្យ និងអនុវត្តនេះ ក្រុមការងារចម្រុះ បានសម្រេចដកហូតទីតាំងទាំងមូល ដោយបានធ្វើការបិទ និងហ៊ុព័ទ្ធទីតាំងអគាររបស់ក្រុមហ៊ុនចំនួន ២អគារ គឺ៖ ១.ទីតាំងការិយាល័យបម្រើការងារបស់ក្រុមហ៊ុន និង២. ទីតាំងរោងយានដ្ឋានជួសជុលគ្រឿងចក្ររបស់ក្រុមហ៊ុន ព្រមទាំងមិនអនុញ្ញាតឱ្យមានការចេញ-ចូល ក្នុងបរិវេណទីតាំងដែលត្រូវបានហ៊ុព័ទ្ធ ពិសេសសន្តិសុខប្រចាំការរបស់ក្រុមហ៊ុនចំនួន ៦នាក់ ដែលនៅយាមទីតាំងវិនិយោគនេះ ក្រុមការងារចម្រុះបានណែនាំឱ្យធ្វើការចាកចេញពីទីតាំងវិនិយោគចាប់ពីថ្ងៃចុះអនុវត្តនេះតទៅ ព្រោះទីតាំងនេះត្រូវបានដកហូត និងគ្រប់គ្រងជាបណ្ដោះអាសន្នដោយរដ្ឋបាលខេត្ត និងគ្រឹះស្ថានអង្គរ ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានណែនាំដល់កម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត និងក្រុមការងារខេត្តប្រចាំការនៅទីតាំងកំពង់ផែដែលបានដកហូតនេះ ត្រូវយកចិត្តទុកដាក់ និងពង្រឹងលើការរៀបចំសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយទូទៅ និងដោះស្រាយបញ្ហានានា ដើម្បីសម្រួលដល់ដំណើរការជាប្រក្រតី ជូនប្រជាពលរដ្ឋ និងសមាគមកាណូតដឹកភ្ញៀវ ដែលកំពុងប្រកបរបរនៅក្នុងទីតាំងនោះ ឱ្យដំណើរការជាធម្មតារហូតដល់មានការសម្រេចសារជាថ្មី ពីគណ:កម្មការអន្តរក្រសួង។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ក្រុមការងារចម្រុះ ត្រូវធ្វើការស្រង់នូវសារពើភណ្ឌទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន រួមមានអគារ និងគ្រឿងចក្រចាស់ៗមួយចំនួន ដើម្បីធ្វើការដកហូត និងគ្រប់គ្រង់ជាណ្ដោះអាសន្ន ព្រមទាំងបានជំរុញឲ្យអង្គភាព មន្ទីរជំនាញពាក់ព័ន្ធធ្វើការពិនិត្យ និងរៀបចំបណ្តាញអគ្គិសនី និងប្រព័ន្ធទឹកស្អាតឡើងវិញ ដើម្បីភ្ជាប់បណ្តាញជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅ និងប្រកបមុខរបរ ទាំងនៅក្នុងទីតាំង និងនៅជុំវិញទីតាំងវិនិយោគរបស់ក្រុមហ៊ុន ស៊ូ ជីង បានប្រើប្រាស់ជាធម្មតា ។

សូមបញ្ជាក់ថា អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ ទីស្តីការគណ:រដ្ឋមន្រ្តី បានសេចក្តីជូនដំណឹងមួយ លេខ ៖ ៣៩៦ សជណ.ហធ ដោយសម្រេចលុបចោលនូវគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ចុងឃ្នៀស របស់ក្រុមហ៊ុន ស៊ូ ជីង និងដកហូតទីតាំងវិនិយោគទាំងស្រុងរបស់ក្រុមហ៊ុនមួយនេះ ប្រគល់ឲ្យរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរគ្រប់គ្រងជាបណ្ដោះអាសន្ន ហើយរាល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅទីតាំងវិនិយោគត្រូវបានចាត់ទុកជាសម្បត្តិរដ្ឋ។

កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ លោក លី សំរិទ្ធ និងលោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំមួយរបស់គណ:កម្មការចម្រុះខេត្តសៀមរាប ក្នុងគោលបំណងរៀបចំបង្កើតយន្តការថ្មីមួយ ដើម្បីគ្រប់គ្រងបណ្តោះអាសន្ន កំពង់ផែបឹងទន្លេសាបចុងឃ្នៀស ហើយយន្តការថ្មីមួយត្រូវបានកិច្ចប្រជុំនេះពិភាក្សាបង្កើតឡើង ដើម្បីប្រសិទ្ធភាព នៃការគ្រប់គ្រងឲ្យបានល្អប្រសើរ និងផ្តោតការយកចិត្ត ឆ្ពោះទៅរកការតម្កល់ទុកផលប្រយោជន៍ជូនប្រជាសហគមន៍ បានអាស្រ័យផលពីកិច្ចដំណើរការគ្រប់គ្រងកំពង់ផែមួយនេះ ដែលត្រូវបានចាកចេញពីការធ្វើអាជីវកម្មវិនិយោគដោយវិស័យឯកជន និងត្រូវបានស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋវិញ ។

យន្តការគ្រប់គ្រងបណ្តោះអាសន្នកំពង់ផែចុងឃ្នៀសនេះ គឺ គ្រប់គ្រងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: ការងារគ្រប់គ្រងអនាម័យបរិស្ថាន ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌ និងអតីតបុគ្គលិកក្រុមហ៊ុន ការផ្គត់ផ្គង់អគ្គីសនី និងទឹក គ្រោងការចំណាយផ្សេងៗ និងការបង្កើតលេខាធិកាដ្ឋាន ដើម្បីជាសេនាធិការរបស់គណ:កម្មការចម្រុះ ដែលមានឯកឧត្ដមអភិបាលខេត្តជាប្រធាន៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល

អភិបាលខេត្តកំពង់ធំ អញ្ជើញចុះពិនិត្យមើលការចាក់វ៉ាក់សាំង នៅតាមបណ្ដាក្រុង ស្រុកមួយចំនួន នៃខេត្តកំពង់ធំ

ចំនួនអ្នកទស្សនា: Views

 


 កំពង់ធំ: ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ឯកឧត្តម សុខ លូ អភិបាល នៃគណៈ អភិបាលខេត្តកំពង់ធំ អញ្ជើញចុះពិនិត្យមើលការចាក់វ៉ាក់សាំង តាមបណ្ដាក្រុង-ស្រុកមួយចំនួន នៃខេត្តកំពង់ធំ ជាពិសេសការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ អាយុក្រោម១៨ឆ្នាំ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។

រូបថត៖កំពង់ធំ


ឯកឧត្តមងួន រតនៈចុះសួរសុខទុក្ខក្រុមគ្រួសាររងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩

ចំនួនអ្នកទស្សនា: Views

 


បាត់ដំបង: ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅរសៀលថ្ងៃ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះសួរសុខទុក្ខ និង ចែកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ជូនដល់ប្រជាពលរដ្ឋ៤៥គ្រួសារ ដែលមានជីវភាពខ្វះខាត និងក្រុមគ្រួសារស្ថិតក្នុងតំបន់ក្រហម ដែលបានបិទខ្ទប់កន្លងមក នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ បាននាំយកប្រសាសន៍ផ្ដាំផ្ញើដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចក្រឡាហោម ស ខេង ដែលសម្ដេចតែងតែគិតគូរជានិច្ចដល់ប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង ។

ដោយក្នុងនោះ ឯកឧត្តម បានណែនាំដល់ក្រុមការងារចុះជួយខេត្តបាត់ដំបង ឱ្យធ្វើការស្វែងរកអ្នកដែលមានបញ្ហាជីវភាពកំឡុងពេលផ្ទុះជំងឺកូវីដ-១៩ ហើយសម្ដេចនឹងធ្វើផ្ដល់ជូនជាស្បៀង ថវិកា ឬគ្រឿងឧបភោគបរិភោគ តាមរយៈរដ្ឋបាលខេត្តបាត់ដំបង ឬក្រុមការងារចុះជួយខេត្ត ជូនដល់ប្រជាពលរដ្ឋ ដើម្បីអាចធ្វើការដោះស្រាយជីវភាពបានមួយគ្រាផងដែរ ។

ឯកឧត្តម ងួនរតនៈ បានមានប្រសាសន៍ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋឱ្យបន្តចូលរួមអនុវត្តន៍៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងវិធានការរបស់រដ្ឋបាលខេត្តបាត់ដំបងឱ្យបានខ្ជាប់ខ្ជួន លុបបំបាត់សកម្មភាពនានាដែលអាចបង្កឱ្យមានការឆ្លងរីករាលដាលជាសហគមន៍ ។

នៅពេលដែលប្រជាពលរដ្ឋអនុវត្តន៍វិធាន ការ៣កុំ ៣ការពារ បានខ្ជាប់ខ្ជួនហើយ សភាពការណ៍នៅក្នុងខេត្តនឹងប្រែជាល្អប្រសើរ ហើយដំណើរការអាជីវកម្ម ការលក់ដូរ មុខរបរ ក៏អាចនឹងដំណើរបាន ប្រជាពលរដ្ឋនឹងដោះស្រាយជីវភាពបានយ៉ាងល្អប្រសើរផងដែរ។

អំណោយដែលចែកជូននាពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២០គីឡូក្រាម, មី១កេស, ត្រីខកំប៉ុង១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអីវ១យួរ, ម៉ាស១ប្រអប់, ជែលលាងដៃ១ដប។

សម្រាប់ប្រជាពលរដ្ឋ៤៥គ្រួសារ ដែលមានជីវភាពខ្វះខាត និងក្រុមគ្រួសារស្ថិតក្នុងតំបន់ក្រហម ដែលបានបិទខ្ទប់កន្លងមក នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង៕

 (ប្រភពះរដ្ឋបាលខេត្តបាត់ដំបង)  

កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈ Video Conference សម្រេចបានលទ្ធផល៥ចំណុចធំៗ

ចំនួនអ្នកទស្សនា: Views


កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈ Video Conference សម្រេចបានលទ្ធផល៥ចំណុចធំៗ ចេញផ្សាយ ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២១ ​​AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១– ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) កាលពីថ្ងៃទី២៣​ខែសីហា ឆ្នាំ២០២១បានដឹកនាំកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈ Video Conference ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ កិច្ចប្រជុំ ផ្តោតការពិភាក្សាលើការត្រួតពិនិត្យតាមដានវឌ្ឍនភាពនៃការអនុវត្ត កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ បូក ២ និងវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ប្រចាំឆមាសទី ១ ឆ្នាំ ២០២១ ។ ​ជាលទ្ធផល, ក្នុងត្រីមាសទី ១ និងទី ២ ឆ្នាំ ២០២១, ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាល ទី ៣ បូក ២ សម្រេចបានដូចខាងក្រោម៖ - “ការបន្តពង្រឹងភាពជឿទុកចិត្តនៃថវិកា”, គិតត្រឹមត្រីមាសទី ២, ការអនុវត្តចំណូលរក្សាបានក្នុងស្ថានភាពល្អ និងអាចទុកចិត្តបាន ដែលការអនុវត្តចំណូលស្ថិតក្នុងរង្វង់ +/-៥% ធៀបនឹងច្បាប់ តាមរយៈការបន្តពង្រឹងប្រសិទ្ធការគ្រប់គ្រង និងការអនុវត្តផែនការប្រមូលចំណូល ពិសេស ការខិតខំប្រឹងប្រែងអនុវត្តផែនការសកម្មភាព ដូចមានចែងក្នុងយុទ្ធសាស្ត្រកៀរគរចំណូល ។ រីឯការអនុវត្តចំណាយ យឹតជាងផែនការបន្តិចក្ដី តែស្ថិតក្នុងស្ថានភាពដែលអាចសម្រេចបានតាមគោលដៅក្នុងឆ្នាំ ។​ ទន្ទឹមនេះ, ដំណើរការនៃការអនុវត្តថវិកាចាប់ផ្ដើមកែលម្អតាមរយៈការសិក្សា និងដាក់ចេញផែនការសកម្មភាពសម្រាប់ដោះស្រាយចំណាយកកស្ទះ, ពង្រីកការទូទាត់ចំណាយថវិកាជាតិតាម E-Transfer, ការរៀបចំគោលការណ៍ណែនាំហិរញ្ញវត្ថុសាធារណៈតាមក្រសួង ស្ថាប័ន និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ជាដើម ។ - “ការបន្តពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុ”, ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហរិញ្ញវត្ថុសាធារណៈ (FMIS) ត្រូវបានពង្រឹង និងពង្រីកការអនុវត្ត តាមរយៈការបន្តដាក់ឱ្យអនុវត្តនីតិវិធីអនុវត្តការងារថ្មីតាមក្រសួង ស្ថាប័ន, ការពង្រីកមុខងារបន្ថែមថ្មីក្នុងប្រព័ន្ធ FMIS ពិសេស ការពង្រីកការអនុវត្តគម្រោង FMIS ដល់រដ្ឋបាលរាជធានី ខេត្តទាំង ២៥ ។ កម្រិតអនុលោមភាពនៃរបាយការណ៍ IPSAS Cash Basis ត្រូវបានកែលម្អ ។ ទន្ទឹមនេះ, លិខិតបទដ្ឋានសម្រាប់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងបណ្ណកម្មសិទ្ធិទ្រព្យសម្បត្តិរដ្ឋ បាននឹងកំពុងបន្តរៀបចំជាបន្តបន្ទាប់ ។ - “ការពង្រឹងប្រសិទ្ធភាពនៃការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ”, ក្របខណ្ឌថវិការយៈពេលមធ្យម ឆ្នាំ២០២២ ដោយមានពិតានតាមវិស័យតាម ក្រសួង ស្ថាប័ន, ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ឆ្នាំ ២០២២ ត្រូវបានរៀបចំសម្រាប់ការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ។ រីឯ ក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ ២០២៣-២០២៥ គ្រោងនឹងដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅឆ្នាំ ២០២២ ។ ឯកសារទាំងអស់នេះនឹងបង្កលក្ខណៈងាយស្រួលដល់ក្រសួង ស្ថាប័នក្នុងការរៀបចំថវិកា ដោយមានការកំណត់តាមក្រសួង ស្ថាប័ន តាមវិស័យ, ការធ្វើសមាហរណកម្មថវិកាចរន្ត និងវិនិយោគ ។ ជាមួយគ្នានេះ, ការគ្រប់គ្រងគម្រោងវិនិយោគបាននឹងកំពុង កែលម្អតាមរយៈការរៀបចំយន្តការ និងលិខិតគតិយុត្តនានាដូចមានចែងក្នុងផែនការយុទ្ធសាស្ត្រ ។ - “ការបញ្ចប់ការត្រៀមខ្លួនឆ្ពោះទៅគណនេយ្យភាពសមិទ្ធកម្ម”, ការរៀបចំ និងដាក់ឱ្យអនុវត្តលិខិតបទដ្ឋានគតិ យុត្តសម្រាប់ការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្មជាការចាំបាច់ ដែលត្រូវបញ្ចប់សម្រាប់ដាក់ឱ្យអនុវត្តនៅឆ្នាំ ២០២២ ក្នុងនោះរួមមាន៖ ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី), អនុក្រឹត្យលេខ ៨១ និង ៨២ និងក្របខណ្ឌថវិកាព័ត៌មានសមិទ្ធកម្ម ។ ជាមួយគ្នា, ប្រព័ន្ធតាមដាន និងត្រួតពិនិត្យសមិទ្ធកម្មត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ ។ - “ការគាំទ្រកម្មវិធីកែទម្រង់ប្រកបដោយចីរភាព និងភាពប្រទាក់ក្រឡាគ្នានៃការកែទម្រង់ផ្សេងទៀត”, ស្ថិតក្នុងបរិការណ៍កូវីត-១៩ ការអនុវត្តការបណ្ដុះបណ្ដាល និងសិក្ខាសាលាផ្សព្វផ្សាយ អាចអនុវត្តបានដោយផ្នែក ដោយត្រូវធ្វើតាមប្រព័ន្ធអនឡាញ រីឯវគ្គបណ្ដុះបណ្ដាលដែលតម្រូវឱ្យចុះអនុវត្តផ្ទាល់ត្រូវបានពន្យារពេល ប៉ុន្តែមិនរងផលប៉ះពាល់ដល់ចលនការនៃការកែទម្រង់ទេ ។ ជាមួយគ្នានេះ, ប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្ម និងគណនេយ្យភាពត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តសាកល្បងដែលគ្រោងពង្រីកដល់ក្រសួង ស្ថាប័ននៅឆ្នាំ២០២២ ។ គោលការណ៍ណែនាំការគ្រប់គ្រងផ្អែកលើលទ្ធផលដែលគ្រោងនឹងបញ្ចប់នៅត្រីមាសទី ៣ នឹងចូលរួមក្នុងការរៀបចំផែនការសកម្មភាព និងសូចនករសមិទ្ធកម្មគន្លឹះ ឱ្យកាន់តែមានភាពច្បាស់លាស់ ។ ​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់អង្គភាពនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កន្លងមក រហូតសម្រេចបានសមិទ្ធផលនេះ ទោះបីកម្ពុជាកំពុងស្ថិតក្នុងវបត្តិកូវីដ-១៩ ក៏ដោយ និងបានស្នើគ្រប់អង្គភាពក្រោមឱវាទក្រសួង បន្តជំរុញការអនុវត្តផែនការសកម្មភាពរួម ដំណាក់កាលទី ៣ បូក ២ ដើម្បីសម្រេចតាមគោលដៅដែលបានគ្រោងទុក៕ ដោយ ៖ ដារ៉ា, ប្រភព ៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ


រដ្ឋមន្រ្តីសុខាភិបាលថា មន្ទីរពិសោធន៍ថ្មីនៅពេទ្យបង្អែកខេត្តសៀមរាបអាចធ្វើតេស្តរកមេរោគកូវីដ-១៩បានក្នុង១ថ្ងៃបានពី៩០០ទៅ១ ០០០នាក់

ចំនួនអ្នកទស្សនា: Views

សៀមរាប: ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅក្នុងឱកាសចុះពិនិត្យមើលដំណើរការមន្ទីរពិសោធន៍ថ្មីនៅពេទ្យបង្អែកខេត្តសៀមរាប នៅថ្ងៃ១៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង​សុខាភិបាល បាន​ឱ្យដឹងថា កន្លងមកនេះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានមន្ទីរពិសោធន៍ខ្នាតតូចហើយ ប៉ុន្តែការធ្វើតេស្តរកមេរោគកូវីដ-១៩បានចំនួនតិច។ ឥឡូវនេះបានសាងសង់មន្ទីរពិសោធន៍ថ្មី ដែលមានលទ្ធភាពអាចធ្វើតេស្តរកមេរោគកូវីដ-១៩ បានក្នុង១ថ្ងៃពី៩០០ទៅ ១ ០០០នាក់ ដែលកត្តាទាំងនេះ អាចធ្វើឱ្យយើងធ្វើការងារបានលឿន ក្នុងគោលដៅរួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ ក្នុងសហគន៍ផងដែរ។​ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា បច្ចុប្បន្នមន្ទីរពិសោធន៍ថ្មីនេះ ធ្វើតេស្តរកមេរោគកូវីដ-១៩បានតែមេរោគកូវីដធម្មតានៅឡើយទេ សម្រាប់មេរោគកូវីដប្រភេទដែលតា (Delta) មិនទាន់អាចធ្វើបានទេ។ ប៉ុន្តែក្រសួងសុខាភិបាល និងបំពាក់ម៉ាស៊ីនសម្រាប់ធ្វើតេស្តរកមេរោគកូវIដប្រភេទដែលតា នៅក្នុងមន្ទីរពិសោធន៍នេះនាពេលខាងមុខ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការធ្វើតេស្តរកមេរោគកូវីដ-១៩បំប្លែងថ្មីប្រភេទដែលតានេះ បានលឿន ដោយមិនពិបាកបញ្ជូនទៅឆ្ងាយ។​ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៧ ០២៤នាក់ ព្យាបាលជាសះស្បើយចំនួន ៥ ៥៥៩នាក់ ស្លាប់៧៥នាក់ និង ១ ៣៩០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក៕

 



ដោយ ឃុត សៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអបអរសាទរ ឯកឧត្ដម អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីទី៩ នៃប្រទេសម៉ាឡេស៊ី

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ: ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះឯកឧត្ដម ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប ក្នុងខណៈដែលឯកឧត្ដមត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីទី៩ នៃប្រទេសម៉ាឡេស៊ីនោះ។

ក្នុងលិខិតចុះថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា តាងនាមរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅចំពោះឯកឧត្តម ក្នុងឱកាសត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីទី៩ នៃប្រទេសម៉ាឡេស៊ី។

សម្ដេចតេជោបន្តថា «ឯកឧត្តមពិតជាទទួលបាននូវជំនឿទុកចិត្តយ៉ាងធំធេង ក្នុងការដឹកនាំប្រទេសជាតិ ខណៈដែលម៉ាឡេស៊ី ដូចជាពិភពលោកទាំងមូលដែរ កំពុងខិតខំប្រឹងប្រែងគ្រប់គ្រងការផ្ទុះឡើងវិញនូវជំងឺរាតត្បាតកូវីដ១៩ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើជីវភាពប្រជាជន និងសេដ្ឋកិច្ច»។

សម្ដេចតេជោថ្លែងទៀតថា« ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយសមត្ថភាពរបស់ឯកឧត្តម ប្រទេសម៉ាឡេស៊ីនឹងងើបឡើងវិញប្រកបដោយថាមពលកាន់តែខ្លាំងក្លាពីការលំបាក និងបញ្ហាប្រឈមក្នុងពេលបច្ចុប្បន្ននេះហើយនឹងសម្រេចបាននូវកំណើនកាន់តែខ្ពស់ និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គមលើគ្រប់ទិដ្ឋភាព»។

សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា កម្ពុជា និងម៉ាឡេស៊ីមានទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាលើវិស័យជាច្រើន។

ការផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ព្រមទាំងការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជននៃប្រទេសរបស់យើងមានកំណើនគួរឱ្យកត់សម្គាល់ ហើយក៏កំពុងបន្តកើនឡើងថែមទៀត។

សម្តេចតេជោបញ្ជាក់បន្ថែមថា “ខ្ញុំត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីពង្រឹង និងពង្រីកចំណងទាក់ ទង និងកិច្ចសហប្រតិបតិ្តការដ៏ល្អប្រពៃនេះ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនយើង ក៏ដូចជា ដើម្បីសន្តិភាព សិ្ថរភាព សន្តិសុខ និងការកសាងសហគមន៍អាស៊ានដ៏រឹងមាំ”។

ជាមួយគ្នានេះ សម្តេចតេជោបានបន្ថែមទៀតថា ខ្ញុំសូមឯកឧត្តមទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ និងសូមជូនពរឯកឧត្តម មានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីវិបុលភាពកាន់តែប្រសើររបស់ប្រជាជនម៉ាឡេស៊ី៕

ដោយ ជឹម ណារី

ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ចុះពិនិត្យទីតាំងទិញផ្លែមៀនប៉ៃលិន នៅខេត្តបាត់ដំបង

ចំនួនអ្នកទស្សនា: Views

 


បាត់ដំបង: ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នៅថ្ងៃ១១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១ ក្រុមការងាររបស់សម្ដេចតេជោ ហ៊ុន សែន ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជា ការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និង ជានាយករងខុទ្ទ កាល័យសម្ដេចតេជោ ហ៊ុន សែន និង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើ ញចុះពិនិត្យចម្ការមៀនផ្ទាល់ ដែលមាននៅក្នុងឃុំរស្មីសង្ហា ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ដើម្បីប្រមូលទិញមៀន ដែលកសិកររងផលប៉ះពាល់រាំងស្ទះក្នុងការនាំចេញ ។

ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនី យ៍ ហ៊ីង ប៊ុនហៀង និង ក្រុមករងារប្រមូលទិញនូវកសិផលមៀនប៉ៃលិន (តាង៉ែន) នៅតាមបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលកំពុងជួបប្រទះក្នុងការនាំចេញទៅក្រៅប្រទេស បណ្ដា លមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមព្រំដែនប្រទេសជិតខាង ។

ក្នុងនោះតំណាងប្រជាកសិករដាំដំណាំមៀនប៉ៃលិន (តាង៉ែន) បានបង្ហាញនូវភាពសប្បាយរីករាយ ខណៈទីផ្សារផ្លែមៀនរបស់គាត់លែងជាបញ្ហាចោទ ដោយសារតែមានការប្រមូលទិញពីក្រុមការងាររបស់សម្ដេចតេជោ ធ្វើឱ្យការខាតបង់ថ្លៃដើមផលិតត្រូវបានកាត់បន្ថយបានច្រើន។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត បានមានប្រសាសន៍ថា ដើម្បីឱ្យសម្រេចបានជោគ ជ័យក្នុងការប្រមូលទិញផ្លែតាង៉ែន តាមការណែនាំពីប្រមុខដឹកនាំរាជរដ្ឋាភិបាលនោះ រដ្ឋបាលខេត្តបាត់ដំបង បានចូលរួមសហការជាមួយក្រុមការងាររបស់សម្តេចតេជោ ដោយបានណែនាំដល់រដ្ឋបាលស្រុកទាំង៦របស់ខេត្តបាត់ដំបង ដែលមានដាំដំណាំផ្លែមៀនប៉ៃលិន ឬ ផ្លែតាង៉ែន គឺស្រុកសំពៅលូន ភ្នំព្រឹក កំរៀង សំឡូត រតនៈមណ្ឌល និងស្រុកបាណន់ ព្រមទាំងស្រុកមួយចំនួនទៀត ក្នុងការជូនដំណឹងដល់កសិករក្នុងមូលដ្ឋានរបស់ខ្លួនបានដឹង ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានមានប្រសាសន៍ថា សម្រាប់មៀនប៉ៃលិន (ផ្លែតាង៉ែន)នេះ គឺនឹងយកទៅចែកជូនដល់កងទ័ព នគរបាល កងរាជអាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ និងពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក និង ដើម្បីជួយរំលែកកុំឱ្យប្រជាកសិករខាតបង់ច្រើនពេក ហើយការចុះប្រមូលទិញនេះ មិនទាន់កំណត់ពេលវេលានោះទេ ពោលគឺបន្តប្រមូលទិញជាបន្តបន្ទាប់ទៀត ។

សូមបញ្ជាក់ថា តាមរយៈនៃការចុះទិញផ្លែតាង៉ែន របស់ក្រុមការងារបានកំណត់យកតម្លៃព្រមព្រៀងគ្នានៅនឹងចម្ការផ្ទាល់ គឺ ១ ៨០០៛ ក្នុងមួយគីឡូក្រាម ។

ដោយឡែកបើដឹកទៅដល់ទីតាំងនៅទីលានបាល់ទាត់វាលបែកចាន ក្រុងបាត់ដំបង មានតម្លៃ ២ ៥០០៛ ក្នុងមួយគីឡូក្រាម ។ តែក្នុងនោះផ្លែតាង៉ែនទាំងអស់ត្រូវបានកាត់តែងឱ្យបានស្អាតត្រឹមត្រូវ ដូចការវេចខ្ចប់សម្រាប់យកទៅលក់លើទីផ្សារ និង ការនាំចេញផងដែរ ៕

 (ប្រភព:រដ្ឋបាលខេត្តបាត់ដំបង)

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យបេក្ខជនជ័យលាភីអាហារូបករណ៍ JDS ចំនួន២៦រូប ជួបសម្ដែងការគួរសម

ចំនួនអ្នកទស្សនា: Views


នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យក្រុមនិសិ្សតទទួលជ័យលាភីអាហារូបករណ៍ ក្នុងកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់ជប៉ុន (JDS) ចំនួន២៦រូប ដែលមកពីក្រសួង-ស្ថាប័ន ចំនួន១៥ ជួបសម្ដែងការគួរសម និងគោរពស្នើសុំផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេច មុនការចាកចេញទៅសិក្សានៅប្រទេសជប៉ុន។ ក្នុងជំនួបជាមួយបេក្ខជនជ័យលាភីអាហារូបករណ៍ JDS នេះ ក៏មានការចូលរួមពី រដ្ឋលេខាធិការ, អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃមួយចំនួនទៀតផងដែរ។ តំណាងក្រុមនិស្សិតអាហារូបករណ៍ JDS បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចក្រឡាហោម ស ខេង ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ និងមមាញឹក អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយក្រុមនិស្សិត តាមរយៈប្រព័ន្ធវីដេអូ Zoom និងទទួលបានអនុសាសន៍ណែនាំដ៏មានតម្លៃ មុននឹងចេញដំណើរទៅសិក្សានៅជប៉ុន។ ឆ្លៀតក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានអបអរសាទរ និងកោតសសើរចំពោះក្រុមនិស្សិតអាហារូបករណ៍ JDS ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅជប៉ុន ហើយសម្ដេចក្រឡាហោម ក៏បានផ្ដល់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ក៏ដូចជាជូនពរដល់និស្សិតជ័យលាភីទាំងអស់ឱ្យទទួលបានជោគជ័យក្នុងការសិក្សាទាំងអស់គ្នា៕ ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

 

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes