-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ផ្តួចផ្តើម​​ធ្វើអង្គកឋិនទាន ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផល នៅក្នុងវត្តទួលសង្កែ

ចំនួនអ្នកទស្សនា: Views



 ភ្នំពេញ : ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់​ទំនង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង​លោកជំទាវ លោកជំទាវ អាន្នី សុខអាន លោកជំទាវឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ឧបាសក ឧបាសិកា និងអាចារ្យគណៈកម្មការវត្តទួលសង្កែ បានរៀបចំពិធីអង្គកឋិនទាននៅវត្តទួលសង្កែ ក្នុងខណ្ឌ​ឬស្សីកែវ រាជធានីភ្នំពេញ នាព្រឹក​ថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។

អង្គកឋិនទានសាមគ្គី បានវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានា ទុកជាគរុភណ្ឌក្នុងវត្តទួលសង្កែ ដែលស្ថិតនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សូមជម្រាបជូនថា ការរៀបចំផ្តួចផ្តើមអង្គកឋិនទាននេះ ក៏បាន​ឧទ្ទិសជូននូវបុណ្យ​កុសល​ទាំងឡាយ ដែលកើតពីសទ្ធាជ្រះថ្លាធ្វើបុណ្យកឋិនទានសាមគ្គីនេះ ជូនចំពោះជីដូន​ជីតា ញាតិកាទាំងប្រាំពីសណ្តានដែលបានចែកឋាន ទៅកាន់លោកខាងមុខ ព្រមទាំងបានជូន​នូវបុណ្យកុសលចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត ជាអ្នកផ្តើមបុណ្យ សូមបានសុខ ចំរ៉ុងចំរើនជារៀង​រហូតទៅ៕


សាខាពន្ធដារខេត្តប៉ៃលិន បើកសិក្ខាសាលាតាមប្រព័ន្ធអនឡាញស្តីពី កាតព្វ កិច្ចសារពើពន្ធ និងកាតព្វកិច្ចចុះបញ្ជីសកម្មភាពអាជីវកម្ម ដោយឡែក របស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល

ចំនួនអ្នកទស្សនា: Views

ប៉ៃលិន៖ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ សាខាពន្ធដារខេត្តប៉ៃលិន បានបើកសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Zoom Meeting) ស្តីពីកាតព្វកិច្ចសារពើពន្ធ និងកាតព្វកិច្ចចុះ បញ្ជីសកម្មភាពអាជីវកម្មដោយឡែក របស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលរៀបចំឡើងដោយនាយ កដ្ឋានអ្នកជាប់ពន្ធតូច និងមធ្យម នៃអគ្គនាយកដ្ឋានពន្ធដារ និងមានការអញ្ជើញចូលរួមពីសំណាក់លោក ផាវឌី ណូរិន ប្រធានសាខាពន្ធដារខេត្ត និងលោក លោកស្រី តំណាងអង្គការ សមាគមនៅក្នុងខេត្តប៉ៃលិនផងដែរ។

 លោក ផាវឌី ណូរិន ប្រធានសាខាពន្ធដារខេត្តប៉ៃលិន បានមានប្រសាសន៍លើក ឡើងថា ការបើកសិក្ខាសាលារបស់អគ្គនាយកដ្ឋានពន្ធដារ នៅពេលនេះ មានសារសំខាន់ណាស់ សម្រាប់អង្គការ ឬ សមាគម និងម្ចាស់អាជីវកម្មទាំងអស់ ក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធ បានត្រឹម ត្រូវតាមច្បាប់។ លោកប្រធានសាខា បានមានប្រសាសន៍បញ្ជាក់ថា៖

 គោលដៅរបស់អគ្គនាយកដ្ឋានពន្ធដារក៏ដូចជាសាខាពន្ធដារខេត្ត គឺខិតខំយកចិត្តទុកដាក់ពីលទ្ធភាពក្នុងការប្រមូលចំណូលធ្វើយ៉ាងណាឱ្យបានលើស ផែនការកំណត់ តាមរយៈការអនុវត្តធ្វើជាប្រចាំជារៀងរាល់ខែ ឆ្នាំ ដើម្បីពង្រឹង និងបង្កើនសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនឡើង ស្រប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ កែទម្រង់ហិរញ្ញវត្ថុសម្រាប់កសាងអភិវឌ្ឍន៍ប្រទេសជាតិ ដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ភ្លើងអគ្គិសនី ប្រឡាយទឹក វត្តអារាម និងកសាងសមិទ្ធផលនានាជា ច្រើនទៀត សម្រាប់បម្រើឱ្យជីវភាពរស់នៅរបស់ប្រជាពល រដ្ឋឱ្យកាន់តែប្រសើរឡើង។

 នៅក្នុងឱកាសនោះផងដែរ លោក ផាវឌី ណូរិន ក៏បានមានប្រសាសន៍សំណូមពរដល់តំណាងអង្គការ សមាគម និងម្ចាស់អាជីវកម្មនានាក្នុងខេត្តប៉ៃលិនទាំងអស់ ត្រូវខិត ខំយកចិត្តទុកដាក់ស្តាប់ការ ណែនាំរបស់នាយកដ្ឋានអ្នក ជាប់ពន្ធតូច និងមធ្យម នៃអគ្គនាយកដ្ឋានពន្ធដារ និងលើកឡើងជាសំណួរឱ្យបានផុលផុស ដើម្បីយកទៅអនុវត្តជាក់ស្តែងទទួលបានជោគ ជ័យ។ 

 សូមបញ្ជាក់ថា៖ សិក្ខាសាលាតាមប្រព័ន្ធអនឡាញ(Zoom Meeting) ស្តីពី កាតព្វកិច្ចសារពើពន្ធ និងកាតព្វកិច្ចចុះបញ្ជីសកម្មភាពអាជីវកម្ម ដោយឡែក របស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលរៀបចំឡើងដោយនាយកដ្ឋានអ្នកជាប់ពន្ធតូច និងមធ្យម នៃអគ្គនាយកដ្ឋានពន្ធដារនេះ គឺមានសាខាពន្ធដារខេត្ត ចំនួន ៧ បានចូលរួម ដូចជា៖ ប៉ៃលិន បន្ទាយមានជ័យ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កំពត និង កែប៕

 ប្រភព៖មន្ទីរព័ត៌មានខេត្តប៉ៃលិន  


អភិបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំង ត្រៀមសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់

ចំនួនអ្នកទស្សនា: Views


 ភ្នំពេញ: ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញដឹកនាំកម្លាំង និងអាជ្ញាធរ ដែលឈរជើងនៅទីបញ្ជាការស្រាល ដែលមានទីតាំងស្ថិតនៅមុខផ្សារព្រែកជ្រៃ ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ នាយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។



កម្ពុជានៅសល់ ៥៥៥ថ្ងៃគត់ នៃដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ : ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១

គិតត្រឹមថ្ងៃ ទី២៧ ខែតុលា ឆ្នាំ២០២១នេះ ព្រះរាជាណាចក្រកម្ពុជានៅសល់រយៈពេល ៥៥៥ថ្ងៃគត់ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ដែលគ្រោងនឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។

អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងកាលពីព្រឹកថ្ងៃ៥រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១ថា «នេះគឺជាពេលវេលាដ៏សំខាន់ ដែលក្រើនរម្លឹកដល់គ្រប់ភាគីពាក់ព័ន្ធ ដូចជាគណៈកម្មការជំនាញនានារបស់ខ្លួន ព្រមទាំងសហព័ន្ធកីឡាជាតិគោលដៅទាំងអស់ថា វាជាពេលពេលវេលា ដែលកាន់តែខើចទៅៗ ក្នុងការត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ របស់កម្ពុជា ដោយត្រូវចូលរួមរាប់ថយក្រោយទាំងអស់គ្នា ដើម្បីសម្រួចគោលដៅឱ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ ជាលើកដំបូងនេះ។

ឯកឧត្តមអគ្គលេខាធិការបន្ថែមថា សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC គឺតែងតែចង្អុលបង្ហាញ ក្រើនរម្លឹកជានិច្ច ដើម្បីជំរុញទៅដល់ដល់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសក្នុងរយៈពេលកាន់តែកៀក ការងារកាន់តែខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព គ្រប់គណៈកម្មការជំនាញ ជាមួយសហព័ន្ធកីឡាជាតិ។ «សូមអំពាវនាវដល់អ្នកជំនាញទាំងអស់ សហព័ន្ធកីឡាជាតិត្រូវរាប់ថយក្រោយរៀងរាល់ថ្ងៃ។ យើងសូមផ្ញើសារឱ្យរាប់ថយក្រោយជារៀងរាល់ថ្ងៃ កាត់ម្ដងមួយថ្ងៃៗ ថាតើយើងធ្វើបានអ្វីខ្លះ ទទួលបានផលអ្វីខ្លះហើយ? នៅខ្វះខាតអ្វីទៀត ដែលត្រូវបំពេញ? ដូច្នេះត្រូវរាប់ថយក្រោយខ្លួនឯង ដែលជាម្ចាស់រៀបចំព្រឹត្តិការណ៍ទាំងជំនាញ ទាំងអ្វីៗរៀងរាល់ថ្ងៃទៅ យើងនឹងដាស់ស្មារតីយើងឱ្យបំពេញការងារនេះ ទទួលបានជោគជ័យនៅឆ្នាំ២០២៣»។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានកំណត់យកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ជាថ្ងៃប្រារព្ធពិធីបើកការប្រកួតផ្លូវការ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (នៅសល់ ៥៥៥ថ្ងៃគត់)។ រីឯពិធីបិទគ្រោងនឹងធ្វើឡើងនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ហើយបន្ទាប់ពីបញ្ចប់ស៊ីហ្គេម កម្ពុជានឹងបន្តរៀបចំការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលគ្រោងនឹងចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣៕

ដោយហេង ណាលីន, សម្រួលផ្សាយ៖ dara

រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំប្រចាំខែ និងប្រជុំគណៈបញ្ជាការឯកភាពខេត្ត

ចំនួនអ្នកទស្សនា: Views

   


ព្រះសីហនុ :ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១

នៅសាលាខេត្តព្រះសីហនុ រសៀលថ្ងៃ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិ បាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារប្រចាំខែ និងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និងលោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ។

បន្ទាប់ពីស្តាប់របាយការណ៍រួចមក ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការបូកសរុប និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់មន្ទីរ អង្គភាព និងបញ្ហាប្រឈមដែលត្រូវរួមគ្នាដោះស្រាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅក្នុងមូលដ្ឋាន ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា នៅក្នុងដែនសមត្ថកិច្ចរបស់យើង កន្លែងដែលប្រព្រឹត្តបទល្មើស ឯកឧត្តមនឹងដឹកនាំបញ្ជាបើកប្រតិបត្តិការដោយផ្ទាល់ ជាពិសេសបទល្មើសព្រហ្មទណ្ឌ ដោយមិនអនុញ្ញាតឱ្យជនល្មើសប្រព្រឹត្តបទល្មើស នៅលើទឹកដីនៃខេត្តព្រះសីហនុនោះឡើយ។ ដើម្បីគ្រប់គ្រងការពារ សន្តិសុខ សុវត្ថិភាពសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ អ្នកវិនិយោគ និងភ្ញៀវទេសចរ ដូច្នេះយើងត្រូវបង្កើនកិច្ចសហការគ្នារវាងមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រោះយើងមានបទពិសោធន៍ល្អៗជាច្រើន ដែលបានបំពេញការងារកន្លងមកជាមួយគ្នា ជាពិសេសក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងខេត្តរបស់យើងនាពេលកន្លងទៅទទួលបានលទ្ធផលល្អ។

ឯកឧត្តម អភិបាលខេត្តបានបន្តថា កិច្ចការដែលយើងត្រូវយកចិត្តទុកដាក់ពេលនេះ គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយនៅតាមភូមិ ឃុំ សង្កាត់ទាំង២៩ កំពុងបន្តចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត។ ដូច្នេះលោក លោកស្រីជាអភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវតាមដានកាងារជាប់ជាប្រចាំ ដើម្បីរក្សាសន្តិសុខ ផ្សាភ្ជាប់ទៅនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និង ឈានទៅការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំបន្ទាប់ ៕

ដោយ ងូ សុមុនី

លោកឡុង ឌីម៉ង់ ត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះសីហនុក្រោយបញ្ចប់បេសកកម្មការទូតនៅសាធារណរដ្ឋកូរ៉េរយ:ពេល៥ឆ្នាំ

ចំនួនអ្នកទស្សនា: Views



ព្រះសីហនុ ៖ លោកឡុង ឌីម៉ង់ ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុនារសៀលថ្ងៃទី២២តុលានេះ ក្រោយពីបានបញ្ចប់បេសកកម្មជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងរយ:ពេល៥ឆ្នាំ។

ពិធីប្រកាសតែងតាំងនេះត្រូវបានធ្វើឡើងដោយមានការអញ្ជើញជាអធិបតី ឯកឧត្តម​ គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងតំណាងក្រុមប្រឹក្សាខេត្តផងដែរ។

លោកឡុង ឌីម៉ង់ គឺជាមន្ត្រីដែលមានបទពិសោធន៍ទាំងថ្នាក់មូលដ្ឋាននិងការទូតពេញដោយសក្តានុពលដែលកន្លង មកធ្លាប់បានប្រឡូកការងារនៅក្នុងរដ្ឋបាលរាជធានីភ្នំ ពេញជិត១០ឆ្នាំ មុនពេលត្រូវបានតែងតាំងជាឯកអគ្គរាជ ទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ។

លោកឡុង ឌីម៉ង់ បានបង្ហាញមោទនភាពដែលរាជរដ្ឋាភិ បាលបានតែងតាំងលោកជាអភិបាលរងនៃគណៈអភិ បាលខេត្តព្រះសីហនុ ដែលជាតំបន់ប៉ូលសេដ្ឋកិច្ចដ៏ធំ១ ក្នុង ចំណោមប៉ូលសេដ្ឋកិច្ចធំ ទាំង៣ក្នុងយុទ្ធសាស្ត្រចតុ កោណដំណាក់កាលទី៤ នីតិកាលទី៦របស់រាជរដ្ឋាភិ បាលកម្ពុជា និងត្រូវបានកំណត់គោលដៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនៅក្នុងគោលនយោ បាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ២០១៥.២០២៥ សំដៅប្រែក្លាយខេត្តព្រះសីហនុដែលមានសក្តានុពលលើវិស័យទេសចរណ៍ ឧស្សាហកម្ម និងពាណិជ្ជកម្ម ក្លាយជាក្បាល ម៉ាស៊ីនថ្មីមួយសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិដ៏ធំដែលនឹងអាចជួយកម្ពុជាសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ ខាងមុខ។

ឯកឧត្តម​ គួច ចំរើន បានថ្លែងស្វាគមន៍និងអបអរសាទរចំពោះ លោកឡុង ឌីម៉ង់ ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តតែងតាំងជាអភិបាលរងនៃគណៈអភិ បាលខេត្តព្រះសីហនុដើម្បីបន្តនិរន្តរភាពការងារជាមួយក្រុម ប្រឹក្សាខេត្តព្រះសីហនុ គណ: អភិបាលខេត្តក្នុងការបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាពលរដ្ឋខេត្តព្រះសី ហនុជាពិសេសការអភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យកាន់តែរីក ចម្រើនដើម្បីសម្រេចតាមផែន ការមេរបស់រាជរដ្ឋាភិបាលគឺដើម្បីអភិវឌ្ឍន៍ ខេត្តព្រះសីហ នុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

ឯកឧត្តម​ គួច​ ចំរើន​ បញ្ជាក់ថា ឯកឧត្តម​ ជឿជាក់យ៉ាងមុតមាំថា ក្នុងតំណែងជាអភិ បាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ នឹងបន្តខិត ខំអនុវត្តតួនាទី ភារកិច្ចនិងយកបទពិសោធន៍ល្អៗ ជា ពិសេសទំនាក់ទំនងកិច្ចការបរទេស ការទូតនិងកិច្ចសហប្រតិបត្តិការអន្តរជាតិស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តប្រកបដោយមនសិកាវិជ្ជា ជីវ:មានការទទួលខុសត្រូវខ្ពស់ មានតម្លាភាព គណនេយ្យភាព ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវអភិក្រមរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងបាវចនា២ គឺកែ ទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅ ដោយស្មារតីឯករាជ្យ៕

 

ខេត្តកំពតរៀបចំពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើង

ចំនួនអ្នកទស្សនា: Views



កំពត៖ ថ្ងៃព្រហស្បតិ៍ត ១៥កើត ខែអស្សុជ ឆ្នាំ ឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ទី២១ ខែតុលា ឆ្នាំ ២០២១ នៅសាលាខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព និងមន្ត្រីរាជការចំណុះសាលាខេត្ត បានចូលរួមពិធីពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើង ក្រោមអធិបតីភាពលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

តាមរបាយការណ៍របស់ ឯកឧត្តម វេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងដូសទី១ សម្រេចបានដូចខាងក្រោម៖

-ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ចាក់វាក់សាំបានចំនួន ៣៤៤,៧៦៣នាក់ ស្មើ ៨៩.០៩ភាគរយ នៃ ផែនការសរុប៣៨៦,៩៤៨នាក់ ។ ក្នុងនោះពុំទាន់បានចាក់ចំនួន ៤២,១៨៥នាក់ ស្មើ ១០.៩១ភាគរយ ។

-កុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ចាក់បានចំនួន៦៦,១០៩នាក់ ស្មើ ៨៤.០០ភាគរយ នៃផែនការសរុប៧៨,៧០០នាក់ ។ ក្នុងនោះអ្នកមិនទាន់បានចាក់ ចំនួន១២,៥៩១នាក់ ស្មើ ១៦.០០ភាគរយ ។

-កុមារ អាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ចាក់បាន ចំនួន៧៧,២០៥នាក់ ស្មើ ១១០.៨២ភាគរយ នៃផែនការ សរុប៦៩៦៦៨នាក់ ។ លើសផែនការ ចំនួន ៧៥៣៧ នាក់ ស្មើ ១០.៨២ភាគរយ ។

-ជារួមប្រជាជនអាយុចាប់ពី១២ឆ្នាំឡើង បានចាក់វ៉ាក់សាំងដូសទី១រួច ចំនួន៤១០,៨៧២នាក់ ស្មើ៨៨.២៤ភាគ រយ នៃផែនការសរុប៤៦៥,៦៤៨ នាក់ ក្នុងនោះអ្នកពុំទាន់ បានចាក់ចំនួន៥៤,៧៧៦នាក់ ស្មើ១១.៧៦ភាគរយ (ស្ត្រីមានផ្ទៃពោះ ពលករចំណាកស្រុក ប្រជាពលរដ្ឋមានធុរៈផ្សេងៗ ក្នុងពេលយុទ្ធនាការ និងអ្នកជំងឺដែលមិនអាចចាក់បាន) ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រហូតក្លាយជាប្រទេសឈានមុខ លើការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើនជាងគេ។ ជាមួយលទ្ធផលចាក់វ៉ាក់សាំងគួរជាទីមោទននេះ យើងក៏មិនត្រូវភ្លេចអំពីការអនុវត្តតាមវិធានសុខាភិបាលនានា ព្រោះថាវ៉ាក់សាំងអាចជួយកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ ការចូលសំរាកមន្ទីរពេទ្យ និងអត្រាមរណៈភាព ប៉ុន្តែមេរោគកូវីដ ១៩ ដ៏កាចសាហាវនេះ នៅតែមានឱកាសឆ្លងចូលមកក្នុងខ្លួនយើង ហើយយើងក៏អាចជាភ្នាក់ងារចម្លងមេរោគនេះទៅអ្នកដទៃ និងមនុស្សជុំវិញខ្លួន ។

ក្នុងឱកាសនោះលោកជំទាវបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺអនុវត្តវិធាន៣ការពារ និង៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។ ជាកិច្ចបញ្ចប់លោកជំទាវបានប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង និងប្រកាសបិទការផ្តល់ថវិកាជូនដល់ប្រជាពលរដ្ឋដែលមានអាយុពី១០០ឆ្នាំឡើងទៅក្នុងខេត្តកំពតចាប់ពីថ្ងៃនេះតទៅដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពត សម្រួលផ្សាយដោយ៖ dara


អភិបាលខេត្ត​កែប​ អញ្ជើញជួប​ពិភាក្សាការងារជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​​

ចំនួនអ្នកទស្សនា: Views

កែប៖ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ឯកឧត្ដម ប៉ា​ទ្រី​ក ម័​រ​ហ្វី (W. PATRICK MURPHY) នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១ នេះ បាន​អញ្ជើញធ្វើទស្សនកិច្ចមកកាន់ខេត្តកែប និងចូលជួប​សម្តែងការគួរ សម និងពិភាក្សាការងារជាមួយ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្តកែប។ ក្នុងជំនួបពិភាក្សាការងារនោះ ឯកឧត្តម សោម ពិសិដ្ឋ ក៏បាន​ជម្រាបជូនគណ:​ប្រតិភូដោយ​សង្ខេបទាក់ទង​ទៅនឹង​សក្តានុពល និង ស្ថានភាព​ទូទៅ នៃ​ខេត្តកែប ក៏ដូចជាភាពរីកចម្រើនគ្រប់វិស័យពិសេសលើការងារគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការធានាសិទ្ធិសេរីភាព និងពង្រឹងលទ្ធិប្រជាធិបតេយ្យ នៅក្នុងខេត្តកែប។ ក្នុងនោះដែរ​ ឯកឧត្តម បានអរគុណចំពោះស្ថានទូត និងរដ្ឋការសហរដ្ឋអាមេរិក ដែលតែងផ្តល់ជំនួយ លើវិស័យអប់រំ កសិកម្ម ជំនួយក្នុងវិស័យដោះមីន ពិសេសជំនួយក្នុងយុទ្ធការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។

ឯកឧត្ដម ប៉ា​ទ្រី​ក ម័​រ​ហ្វី ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​បញ្ជាក់ថា ឯកឧត្ដម មកទស្សនកិច្ចខេត្តកែប​ និងជួបពិភាក្សា​ជាមួយ ឯកឧត្ដម អភិបាលខេត្ត​ នាពេលនេះ ដើម្បីស្វែងយល់​អំពី​ការងារ​គ្រប់គ្រង និង​ការទប់ស្កាត់​ការឆ្លង​រីក​រាល នៃ​ជំងឺ​​កូ​វីដ-១៩ ក៏ដូចជា ស្វែងយល់​អំពី​សក្តានុពល និង​ការងារ​អភិវឌ្ឍន៍ នៅក្នុង​ខេត្តកែប ។ ឯកឧត្ដម​ បន្តថា​ បន្ទាប់ពី​ការជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្ដម​ អភិបាលខេត្តកែប ដោយ​ផ្ទាល់ រួម​ជាមួយនិង​ការស្វែងយល់ អំពី​ស្ថានភាព​ជាក់ស្ដែង ឯកឧត្ដម​បាន​យល់ដឹង​កាន់តែច្បាស់ អំពី​ប្រវត្តិសាស្ត្រ និង​ប្រពៃណី ក៏ដូចជា បញ្ហា​ប្រឈម​នានា នៅក្នុង​ខេត្តផងដែរ និជំរុញកិច្ចសហប្រតិបត្តិការ រវាង​ស្ថានទូត​អាមេរិក និង​ខេត្តកែប​ ឱ្យកាន់តែ​ប្រសើរឡើង​ថែមទៀត ។​

ឯកឧត្តមឯកអគ្គរដ្ឋទូត បាន​បញ្ជាក់បន្ថែមថា​ សហរដ្ឋអាមេរិក បានផ្តល់​ថវិកា​មួយផ្នែក ដល់​យន្តការ​កូ​វ៉ា​ក់ ។ ជាក់ស្ដែងនាពេល​ថ្មីៗ​នេះ ប្រធានាធិបតី​សហរដ្ឋអាមេរិក បានប្រកាស​ផ្ដល់ជំនួយ​វ៉ាក់សាំងបង្ការជំងឺកូ​វីដ-១៩ ដោយផ្ទាល់ ទៅកាន់​ពិភពលោក ដែល​ក្នុងនោះ​ប្រទេស​កម្ពុជា គឺជា​គោលដៅ​មួយ​ផងដែរ ក្រៅពីនោះ ក៏មាន​យន្តការជំនួយ​ទាក់ទង​ជាមួយ​វិស័យសុខាភិបាល វិស័យអប់រំ និងកសិកម្មជាដើម៕

​ប្រភព៖(មន្ទីរព័ត៌មានខេត្តកែប)សម្រួលដោយ:ដារ៉ា


ថ្ងៃនេះជាថ្ងៃទី៩នៃដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត! សូមពលរដ្ឋខ្មែរគ្រប់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោត

ចំនួនអ្នកទស្សនា: Views


ប្រសិនបើមិនបានចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទេនោះ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមិនមានសិទ្ធិចូលរួមបោះឆ្នោតនោះឡើយ។

សម្រាប់ការឆ្នាំ២០២១នេះ គ.ជ.ប ចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ គ.ជ.ប បានប្រកាសថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនេះ ធ្វើឡើងរៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យផងដែរ។ ពេលព្រឹកធ្វើការចាប់ពីម៉ោង ៧៖០០នាទី ដល់ម៉ោង១១៖៣០នាទី និងពេលរសៀលចាប់ពីម៉ោង ២៖០០នាទី ដល់ម៉ោង ៥៖៣០នាទី នៅតាមសាលាឃុំ-សង្កាត់ និងទីតាំងមួយចំនួនក្នុងឃុំ-សង្កាត់។

ដើម្បីចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋមានសញ្ជាតិកម្ពុជាទាំងពីរភេទ ត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖

+ ក៖ ប្រជាពលរដ្ឋខ្មែររស់នៅក្នុងឃុំ សង្កាត់ ដែលមានអាយុយ៉ាងតិច១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ (ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២) គឺកើតមុន ឬត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤ ហើយដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃឃុំ សង្កាត់ ដែលខ្លួនកំពុងរស់នៅទាំងអស់ អាចសុំចុះឈ្មោះបោះឆ្នោតបាន។

+ ខ៖ ដើម្បីចុះឈ្មោះបោះឆ្នោត ប្រជាពលរដ្ឋខ្មែរត្រូវទៅជួបដោយផ្ទាល់ជាមួយក្រុមចុះឈ្មោះបោះឆ្នោត ដោយយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅបង្ហាញដល់ប្រធានក្រុមចុះឈ្មោះបោះឆ្នោត៖

*បើអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ស្ថិតនៅក្នុងឃុំ-សង្កាត់ ដែលប្រជាពលរដ្ឋកំពុងរស់នៅ និងសុំចុះឈ្មាះត្រូវគ្នា នោះក្រុមចុះឈ្មោះបោះឆ្នោតនឹងរៀបចំចុះឈ្មោះជូនតាមនីតិវិធីរបស់ គ.ជ.ប

*បើអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរខុសពីឃុំ-សង្កាត់ ដែលប្រជាពលរដ្ឋសុំចុះឈ្មោះ នោះប្រជាពលរដ្ឋត្រូវយកបន្ថែមនូវសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅក្នុងឃុំ-សង្កាត់ ដែលស្នើសុំចុះឈ្មោះ។

*ការធ្វើលិខិតបញ្ជាក់ទីលំនៅត្រូវធ្វើនៅឃុំ-សង្កាត់ ទៅតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលតម្រូវឱ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតអនុញ្ញាតឱ្យស្នាក់នៅបណ្តោះអាសន្ន (ក៩) និងសាក្សីម្នាក់ ដែលជាប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ជាមួយគ្នា។

*ក្នុងករណីប្រជាពលរដ្ឋគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នោះប្រជាពលរដ្ឋត្រូវទៅជួបមេឃុំ ឬចៅសង្កាត់ ដើម្បីស្នើសុំឯកសារបញ្ជាក់អត្ត-សញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ដោយត្រូវនាំទៅជាមួយនូវសំបុត្របញ្ជាក់កំណើត ឬឯកសារបញ្ជាក់ពីសញ្ជាតិ រូបថត ៣x៤ ចំនួន ០២សន្លឹក និងសាក្សី០២រូប ដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ-សង្កាត់ជាមួយគ្នា (សាក្សីត្រូវតែមិនមែនជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ឬស្មៀនឃុំ-សង្កាត់)។

+ គ៖ បើប្រជាពលរដ្ឋមិនបានបំពេញតាមលក្ខខណ្ឌដូចបានជម្រាបជូនខាងលើទេ នោះប្រធានក្រុមចុះឈ្មោះបោះឆ្នោតនឹងសម្រេចបដិសេធការស្នើសុំចុះឈ្មោះ ដោយចេញទម្រង់បដិសេធ ១០០៩ ហើយប្រជាពលរដ្ឋដែលត្រូវបានបដិសេធអាចប្តឹងទៅក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈពេលយ៉ាងយូរ ៣ថ្ងៃ បន្ទាប់ពីថ្ងៃបានទទួលទម្រង់បដិសេធ ១០០៩ ហើយនីតិវិធីត្រូវធ្វើបន្តបន្ទាប់តាមច្បាប់បោះឆ្នោតរហូតដល់ក្រុមប្រឹក្សាធម្មនុញ្ញ។

សម្រាប់ប្រជាពលរដ្ឋដែលធ្លាប់ចុះឈ្មោះរួចហើយ មិនតម្រូវឱ្យចុះទៀតនោះឡើយ តែត្រូវទៅពិនិត្យមើលតើឈ្មោះរបស់ខ្លួននៅមានក្នុងបញ្ជីដែរឬទេ? ការពិនិត្យឈ្មោះនេះ ប្រជាពលរដ្ឋអាចធ្វើដំណើរទៅកាន់ឃុំ សង្កាត់ ឬអាចចូលទៅរកឈ្មោះតាមគេហទំព័ររបស់ គ.ជ.ប (https://voterlist.nec.gov.kh)។

សូមបញ្ជាក់ថា គ.ជ.ប តែងបានរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ឱកាសឱ្យពលរដ្ឋមានអាយុគ្រប់ ១៨ឆ្នាំ អាចចូលរួមបោះឆ្នោតបាន។ សម្រាប់ឆ្នាំ២០២១នេះ គ.ជ.ប មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មី ចំនួន ១,៦៣៥,៩៩០នាក់ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតចំនួន ៨៣,០៤៣នាក់៕




គ្រឹះស្ថានសិក្សារដ្ឋ កម្រិតមធ្យមជាង ៤០សាលានៅខេត្តសៀមរាប បានបើកដំណើរការសាកល្បងហើយនៅថ្ងៃទី១៨ ខែតុលានេះ !

ចំនួនអ្នកទស្សនា: Views



សៀមរាប៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ គ្រឹះស្ថានសិក្សារដ្ឋ កម្រិតមធ្យមសិក្សាចំនួន៤៤សាលា នៅក្នុងស្រុកចំនួន៨ នៃខេត្តសៀមរាប ដែលបានដាក់ពាក្យស្នើសុំកន្លងមក រួមមាន ៖ ១. ស្រុកបន្ទាយស្រី , ២. ស្រុកស្វាយលើ , ៣. ស្រុកសូទ្រនិគម , ៤. ស្រុកប្រាសាទបាគង , ៥. ស្រុកស្រីស្នំ , ៦. ស្រុកវ៉ារិន , ៧. ស្រុកអង្គរធំ និង ៨. ស្រុកក្រឡាញ់ បានបើកដំណើរការឲ្យបង្រៀន និងរៀនសាកល្បងជាផ្លូវការហើយ ខណ:សាលាកម្រិតបឋមសិក្សាចំនួន ១២៩សាលា គ្រោងនឹងបើកដំណើរការសាកល្បងនៅថ្ងៃទី២០ ខែតុលាខាងមុខនេះដែរ។

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និង ជាអនុប្រធានប្រចាំការ នៃគណ:កម្មការត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណ: និងឯកជនខេត្ត បានមានប្រសាសន៍ថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងតាមលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានជម្រាបដល់រដ្ឋបាលរាជធានី និងខេត្តទាំងអស់ ឲ្យធ្វើការពិចារណា និងគិតគូរឲ្យបានហ្មត់ចត់ ក្នុងការបើកដំណើរការ។ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបង្កើតគណ:កម្មការត្រួតពិនិត្យ និង វាយតម្លែការបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាសាធារណ: និងឯកជន ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលមានឯកឧត្ដម ទៀ សីហា អភិបាលខេត្ត ជាប្រធាន និង មានឯកឧត្ដម លោក លោកស្រី ជាអភិបាលរងខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ថា្នក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត និង អភិបាលក្រុង ស្រុកក្នុងទូទាំងខេត្ត ជាអនុប្រធាន និងសមាជិក នៃគណ:កម្មការនេះ ។

លោក ពៅ ពិសិដ្ឋ មានប្រសាសន៍ទៀតថា មុននឹងយើងបើកសាលារៀនវិញនៅថ្ងៃនេះ យើងបានឆ្លងកាត់នូវដំណាក់កាល នៃការត្រួតពិនិត្យ និងវាយតម្លៃច្រើនករណីណាស់ គឺ ៖ ១. បើកនៅតាមសាលា នៃបណ្ដាស្រុក ដែលមានហានិភ័យទាប ដោយអនុវត្តការរៀនតាមបណ្ដុំ មិនលើសពី១៥នាក់ តាមស្តង់ដាប្រតិបត្តិការក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងសុខាភិបាល និងផ្ដល់អាទិភាពដល់សិស្សថ្នាក់ទី៩ និងទី១២ សម្រាប់តំបន់មានហានិភ័យមធ្យម , ២.ពិនិត្យលទ្ធភាពលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ត្រូវតែបានចាក់វ៉ាក់សាំងទាំងពីរដូសគ្រប់ៗគ្នា និង ៣.ការចុះត្រួតពិនិត្យនៅតាមទីតាំងសាលារៀន នៃស្រុកមួយចំនួន ដែលបានដាក់ពាក្យស្នើសុំ ស្របទៅតាមគោលការណ៍ SOP របស់ក្រសួងអប់រំ យុវជន និងកីឡា ដូចជាសាលាត្រូវមានទីកន្លែងសម្រាប់លាងដៃនឹងសាប៊ូ លាងដៃ និងអាល់កុល ការត្រួតពិនិត្យកម្ដៅ និងសិស្សានុសិស្សត្រូវពាក់ម៉ាស់គ្រប់ៗគ្នា និងគ្រប់ពេលវេលា។

លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានមានប្រសាសន៍ថា ខេត្តសៀមរាបកន្លងមកនេះ បើទោះជាការបង្រៀន និងរៀនតាមបណ្តុំមិនទាន់បានដំណើរការក្តី ក៏ប៉ុន្តែការបង្រៀន និងរៀនពីចម្ងាយ ត្រូវបានអនុវត្តតាមការណែនាំរបស់ក្រសួងទាំងនៅទីក្រុង ទីប្រជុំជន និងនៅទីជនបទ ដោយបានរៀបចំឲ្យមានក្នុងរូបភាពចម្រុះ ជាបណ្តុំតាមសហគមន៍ ដែលធ្វើឲ្យកិច្ចការទាំងនេះ បានបង្កើតឲ្យមានបទជាពិសោធន៍ផងដែរ ដូច្នេះការបើកសាលារៀនឡើងវិញនៅថ្ងៃនេះ មានវិទ្យាល័យចំនួន ១៤កន្លែង និងអនុវិទ្យាល័យចំនួន ៣០កន្លែង ដែលក្នុងថ្នាក់រៀននីមួយៗ មានសិស្សមិនលើសពីចំនួន១៥នាក់ ហើយលក្ខខ័ណ្ឌឬវិធានការសម្រាប់ដំណើរការបើកសាលារៀនឡើងវិញនោះគឺ គណ:កម្មការ ឬអាជ្ញាធរមូលដ្ឋាន ដែលមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធនោះគឺត្រូវតែពិនិត្យស្ថានភាពតំបន់ ។

លោក លី ប៊ុនណា មានប្រសាសន៍បន្ថែមថា ការបើកសាលាបង្រៀនសិស្សឡើងវិញនេះ វាមិនមែនជាព្រឹត្តិការណ៍ ឬជាការងារថ្មីនោះទេ ខណ:ការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីដើមខែកញ្ញា ឆ្នាំ២០២០ នៅជាធរមាននៅឡើយ ព្រមជាមួយនឹងការណែនាំបន្ថែមស្តីពីស្តង់ដាអនាម័យ ការអនុវត្តវិធានការ ៣ការពារ ៣កុំ ការចាក់វ៉ាក់សាំងបង្ការសម្រាប់សិស្ស និងបុគ្គលិកអប់រំ និងគ្រូ ត្រូវធ្វើតេស្តសំណាក មុនបើកសាលាបង្រៀនសិស្ស ជាដើម ហើយដើម្បីឲ្យដំណើរការសិក្សានេះ ប្រកបដោយភាពរលូននោះ ការចូលរួមរបស់មាតាបិតា ឬអាណាព្យាបាលរបស់សិស្ស ក្នុងការត្រួតពិនិត្យសុខភាព និងសកម្មភាពរបស់កូនខ្លួនឯង គឺជាផ្នែកមួយដែលមានសារ:សំខាន់ជាទីបំផុត ។

សូមបញ្ជាក់ថា ក្នុងទូទាំងខេត្តសៀមរាប មានសាលាមត្តេយ្យសិក្សាចំនួន ២០កន្លែង និងមានថ្នាក់មត្តេយ្យសិក្សាផ្សេងទៀតដែលស្ថិតក្នុងសាលាបឋមសិក្សាចំនួនជាង ៤០០ កន្លែង , សាលាបឋមសិក្សាចំនួនជាង ៥១៤ កន្លែង , មានអនុវិទ្យាល័យ ចំនួន ៨២កន្លែង និងមានវិទ្យាល័យ ចំនួន ៤១កន្លែង ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ dara


 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes