ការថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ឃ្លាំងស្តុកទំនិញត្រជាក់របស់ក្រុមហ៊ុន ខ្មែរ ខូល ឆេន ឯ.ក នៅកំពង់ផែស្វយ័តភ្នំពេញ (ចំណតផែកុងតឺន័រ LM១៧) កាលពីថ្ងៃ៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២។
នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃប្រព័ន្ធភ័ស្តុភារកម្ម និងឃ្លាំងស្តុកទំនិញត្រជាក់ ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ដោយបានគូសបញ្ជាក់បន្ថែមថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងធនាគារពិភពលោក(WB) បង្កើតផែនការមេតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភ័ស្តុភារកម្ម ដើម្បីធ្វើឱ្យហេ ដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធភ័ស្តុភារកម្មកម្ពុជាមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយការចំណាយលើការដឹកជញ្ជូន និងអនុញ្ញាតឱ្យកម្ពុជាអាចទាក់ទាញវិនិយោគិន បង្កើតការងារធ្វើបន្ថែមទៀត ។
ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមទៀតថា ផែនការមេភ័ស្តុភារកម្មនេះ ត្រូវការទឹកប្រាក់វិនិយោគប្រមាណ ៥០ពាន់លានដុល្លារអាម៉េរិកសម្រាប់ រយៈពេល១០ឆ្នាំ លើគម្រោងវិនិយោគប្រមាណ៣០០គម្រោង នៅក្នុងប្រទេសកម្ពុជា។ ដើម្បីធ្វើឱ្យប្រសើរឡើងដល់ហេដ្ឋារចនាសម្ព័ន្ធកម្ពុជា កាន់តែមានប្រសិទ្ធភាព និងផលិតភាពនៅកម្ពុជា ហើយរាជរដ្ឋាភិបាលបានវិនិយោគយ៉ាងច្រើន លើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន កំពង់ផែ បណ្ដាញផ្លូវថ្នល់ ជាមួយនឹងការរីកចម្រើនគួរឱ្យកត់សម្គាល់ ចាប់តាំងពីកម្ពុជាបានទទួលសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ នៅទូទាំងប្រទេសនៅឆ្នាំ១៩៩៨ ។ ក្នុងនោះរាជរដ្ឋាភិបាល បានបញ្ចប់ការកសាងប្រព័ន្ធផ្លូវថ្នល់ប្រមាណ ១៨ ០០០គីឡូម៉ែត្រ និងបានធ្វើឱ្យប្រសើរឡើងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ និងបានតភ្ជាប់ផ្លូវដែកឡើងវិញ រវាងប្រទេសកម្ពុជា និងប្រទេសថៃ និងបានពង្រីកសមត្ថភាពកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាដើម។
សូមបញ្ជាក់ថា ក្រុមហ៊ុន ខ្មែរ ខូល ឆេន ឯ.ក សហការជាមួយកំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ) សាងសង់ឃ្លាំងស្តុកទុកទំនិញត្រជាក់នេះ នៅក្នុងបរិវេណចំណតផែកុងតឺន័រ LM៧ របស់កំពង់ផែស្វយ័តភ្នំពេញ ដែលស្ថិតនៅភូមិកណ្ដាលលើ ឃុំបន្ទាយដែក ស្រុកកៀន ស្វាយ ខេត្តកណ្ដាល អាចជួយជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការចូលរួមចំណែកលើកកម្ពស់ខ្សែសង្វាក់ វិស័យភ័ស្តុភារកម្មក្នុងប្រទេសកម្ពុជា។ កំណើនចរាចរណ៍ទំនិញឆ្លងកាត់នឹងមានសន្ទុះតាមរយៈការផ្ដល់សេវាកម្មស្តុក រក្សាទុកទំនិញត្រជាក់ ទាំងសម្រាប់នាំចេញ និងនាំចូលដែលមានដូចជា ត្រី សាច់ កសិផល ឱសថ គ្រឿងសម្អាង និងទំនិញច្រើនប្រភេទទៀត។ គម្រោងខាងលើនេះនឹងជួយបង្កើតការងារធ្វើបន្ថែម និងលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងតំបន់នេះ និងផ្ដល់អត្ថប្រយោជន៍ជាច្រើនទៀតដល់វិនិយោគិន ពាណិជ្ជករ អាជីវករ ធុរជន និង សាធារណជនទូទៅ ដែលមានបំណងមកប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន ដើម្បីសម្រួលដល់ដំណើរការនាំចេញ នាំចូលទំនិញ រវាងកម្ពុជា និងសកលលោក៕ ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន) សម្រួលផ្សាយដោយ៖ dara
0 Comments:
Post a Comment