-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

កម្ពុជា-វៀតណាម បង្កើតក្រុមការងារ ដោះស្រាយបញ្ហាកកស្ទះទំនិញ នៅព្រំដែន

ចំនួនអ្នកទស្សនា: Views

 


វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៦-១១-២០២០


រាជរដ្ឋាភិបាលកម្ពុជា និងភាគីវៀតណាម បានឯកភាពគ្នាបង្កើតក្រុមការងារ ដើម្បីដោះស្រាយបញ្ហាកកស្ទះទំនិញនៅព្រំដែនឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត។
ការព្រមព្រៀងគ្នានេះ ធ្វើឡើងបន្ទាប់ពីបានប្រជុំពិភាក្សាគ្នារវាងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយភាគីវៀតណាម តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីទំនិញឆ្លងកាត់ព្រំដែនមួយចំនួន ត្រូវបានជាប់គាំង និងបញ្ជូនក្នុងចរន្តយឺតយ៉ាវ ដោយសារការបំពេញបែបបទរដ្ឋបាល។
តាមការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្រោយកិច្ចប្រជុំនេះ បានឱ្យដឹងថា ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍
ច្រកទ្វារព្រំដែនបាវិត-ម៉ុកបៃ គឺភាគីទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការ
ងារចំពោះកិច្ច និងអនុក្រុមការងារចំពោះកិច្ចទៅតាមវិស័យ ទាំងការដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក ជាដើម ដើម្បីសហការដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត ដោយក្រុមការងារចំពោះកិច្ចរបស់ប្រទេសទាំងពីរ ត្រូវជួបប្រជុំពិភាក្សាជាទៀងទាត់ និងធ្វើរបាយការណ៍ប្រចាំខែជូននាយករដ្ឋមន្ត្រីរបស់ខ្លួនរៀងៗខ្លួន។
ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា កម្ពុជា បាននិងកំពុងសាងសង់ ពង្រីក និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាប្រព័ន្ធទាំងផ្លូវគោក ផ្លូវទឹក និងកំពង់ផែ ដើម្បីតភ្ជាប់ប៉ូលពាណិជ្ជកម្មសំខាន់ៗទៅកាន់ច្រកទ្វារព្រំដែន តួយ៉ាងដូចជា៖ ផ្លូវជាតិលេខ១ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវជាតិលេខ៣៣ ផ្លូវក្នុងក្រុងព្រះសីហនុ និងផ្លូវក្នុងក្រុងសៀមរាបជាដើម ដើម្បីធានាខ្សែសង្វាក់ដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព។
ឯកឧត្ដម បានសង្កត់ធ្ងន់ថា ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងច្រកទ្វារព្រំដែន មិនត្រឹមតែបម្រើឱ្យពាណិជ្ជកម្មរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើឱ្យការធ្វើពាណិជ្ជកម្មដល់កម្ពុជា វៀតណាម និងថៃ ក៏ដូចជាអាស៊ានទាំងមូលផងដែរ៕

កិច្ចប្រជុំ​ដោះស្រាយ​រៀបចំ​ផ្លូវ​លេខ ២០០ ក្នុង​ក្រុងព្រះសីហនុ​

ចំនួនអ្នកទស្សនា: Views

AKP ព្រះសីហនុ ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០–​ឯកឧត្តម គួច ចំរើន អភិបាល​នៃ គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កិច្ចប្រជុំ​ដោះស្រាយ​ផ្លូវ​លេខ ២០០ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ដោយមាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត លោក​អភិបាលក្រុង​ព្រះសីហនុ ប្រធាន​មន្ទីរ អង្គភាព និង​នាយក​ទីចាត់ការ​សាលាខេត្ត​ព្រះសីហនុ នៅ​សាលាខេត្ត​ព្រះសីហនុ ព្រឹក​ថ្ងៃ​១០​កើត ខែ​មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ពុធ ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ។


​លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ បានឱ្យដឹងថា ផ្លូវ​លេខ ២០០ មាន​ទីតាំង​ស្ថិ​នៅ​ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ត្រូវបាន​ប្រជាពលរដ្ឋ​ធ្វើការ​សាង​សាង់​សំណង់​រំលោភ​លើដី​ចំណីផ្លូវ​មាន​ចំនួន ១២៨​ខ្នង​ផ្ទះ ស្នើ​នឹង ១៥៣​គ្រួសារ ក្នុងនោះ​ប្រជាពលរដ្ឋ​រស់នៅ​ជាក់ស្តែង​ចំនួន​២៥​គ្រួសារ ផ្ទះជួល​៣៥​គ្រួសារ ផ្ទះ​បិទទ្វារ​ចោល​៥៩​ខ្នង ផ្ទះ​លក់​ឱ្យ​ជនបរទេស​ចំនួន ០៣​ខ្នង ដី​ទំនេរ​ចំនួន ០២​ឡូត៍ សំណង់​គ្រោង​ដែក ០២ និង​សំណង់​បេតុង​០២​។​

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា តាម​របាយការណ៍​រប​ស់​អាជ្ញាធរ​ក្រុង មាន​ប្រជាពលរដ្ឋ​ចំនួន ១២៨​គ្រួសារ បាន​សាង​សង់ផ្ទះ​លើដី​ចំណីផ្លូវ​លេខ​២០០ ដែលជា​ដី​សាធារណ​:​របស់​រដ្ឋ យកមក​ធ្វើជា​កម្មសិទ្ធិ និង​យកទៅ​ជួល​បន្ត​ឱ្យ អ​តី​យុទ្ធជន​ក្នុងនោះ​មាន​ជនបរទេស​ជាដើម បើក​អាជីវកម្ម​ផ្សេងៗ ធ្វើឱ្យប៉ះពាល់​ផលប្រយោជន៍​សា​ធារ ណ​: ។ យោងតាម​មាត្រា​២៥៩ នៃ​ច្បាប់​ភូមិបាល ការប៉ះពាល់​កម្មសិទ្ធិ​នៃ​ទ្រព្យសម្បត្តិ​សាធារណៈ ត្រូវ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី ៥.០០០.០០០​រៀល​(​ប្រាំ​លាន​) ដល់​៥០.០០០.០០០​រៀល​(​ហាសិប​លាន​) ឬ​/​និង​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី​១(​មួយ​)​ឆ្នាំ ដល់​៥(​ប្រាំ​)​ឆ្នាំ ។ ក្នុង​គម្រោង​ផែនការ​របស់​រដ្ឋបាល​ខេត្ត​ផ្លូវ​លេខ ២០០​នេះ រដ្ឋបាលខេត្ត​នឹង​រៀបចំ​ធ្វើការ​ពង្រីក និង​កែលម្អ​សោភណភាព ទុកជា​ផលប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ នៅក្នុង​ក្រុងព្រះសីហនុ ។

​ឯកឧត្តម អភិបាលខេត្ត បាន​បញ្ជាក់ថា ផ្លូវ​លេខ​២០០ ជា​ចំណុចកណ្តាល​របស់​ក្រុងព្រះសីហនុ ត្រង់​រង្វង់​មូល​តោ​ពីរ មាន​ផ្លូវ ៦​ខ្សែ យើង​បានធ្វើ​ការអភិវឌ្ឍ​បាន​ចំនួន ៥​ខ្សែ​ហើយ ។ ចំពោះមុខ​យើង​នឹងធ្វើ​ការជួសជុល​ពង្រីក​កែលម្អ​សោភណភាព​ផ្លូវ​លេខ​២០០​នេះ ព្រោះ​ផ្លូវ​នេះ​ជាប់​នឹង​របង​មន្ទីរពេទ្យបង្អែក​ក្រុងព្រះសីហនុ អាចជួយ​សម្រួល​ចរាចរណ៍​ការកកស្ទះ និង​ការដឹកជញ្ជូន​អ្នកជំងឺ​បាន​លឿន ឆាប់រហ័ស ករណី​មានការ​សង្គ្រោះបន្ទាន់ ។

​ឯកឧត្តម​បន្តថា ថ្មីៗ​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាតិ​ឱ្យ​រដ្ឋបាលខេត្ត​សាងសង់​មន្ទីរពិសោធន៍​វិ​ជ្ជ​សាស្ត្រ នៅក្នុង​មន្ទីរពេទ្យបង្អែក​ក្រុងព្រះសីហនុ ដើម្បី​ធ្វើការ​វិភាគ​រក​វីរុស​កូ​វីដ​-១៩ ឬ​វិភាគ​ជំងឺឆ្លង​ផ្សេងទៀត ហើយ​គ្រោង​នឹង​បើក​ឱ្យ​ដំណើរការ​នៅ​ចុងឆ្នាំ​២០២០ ឬ​ដើមឆ្នាំ​២០២១​ខាងមុខ​។ ទន្ទឹម​នោះ​យើង​ក៏ត្រូវ​ធ្វើការ​អភិវឌ្ឍ​មន្ទីរពេទ្យ​របស់​យើង​ឱ្យបាន​ធំ​ទូលាយ ទំនើប មាន​សោ​ភណ ភាព ដើម្បី​បម្រើសេវា​សាធារណៈ ជូន​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ ។ មន្ទីរពេទ្យ​មាន​អត្ថប្រយោជន៍ ក្នុង​បុព្វហេតុ​បម្រើសេវា​សុខាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង ខេត្ត​ព្រះសីហនុ​របស់​យើង ។

​ឯកឧត្តម បន្តថា ការរៀបចំ​ពង្រីក និង​កែលម្អ​សោភណភាព​ផ្លូវ​លេខ ២០០ គឺ​ក្នុង​គោលបំណង​ធំ​ចំនួន ០៤ ដូចខាងក្រោម​៖ ១.​លើកស្ទួយ​សោភណភាព​ទីក្រុង​។ ២.​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ប្រយោជន៍​សាធារណៈ​។ ៣.​លើកកម្ពស់​ការផ្តល់សេវា​សុខាភិបាល​។ ៤.​កាត់បន្ថយ​ការយក​ទីតាំង​សាធារណៈ មក​ប្រព្រឹត្ត​អំពើ​អាណា​ចារ និង​ដើម្បី​ការពារ​កិត្តិយស​សេចក្តីថ្លៃថ្នូរ​ស្ត្រី​ខ្មែរ ៕ ដោយ​៖ ងូ សុ​មុនី សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​ 


ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន»

ចំនួនអ្នកទស្សនា: Views

 

«មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសបង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងគោលដៅជួយការពារក្តីជូនស្ត្រីមានជីវភាពខ្វះខាត និងមិនមានលទ្ធភាពទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់។

«មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» មានលោក គី តិច ជាប្រធាន និងមានសមាជិកសរុប ១៣៨រូប នៅគ្រប់រាជធានី-ខេត្ត។

ចាប់តាំងពីបង្កើតឡើង «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» បានធ្វើសកម្មភាពជួយការពារក្តីជូនស្ត្រីមានជីវភាពខ្វះខាត និងមិនមានលទ្ធភាពទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់ជាច្រើនករណី។ ដើម្បីសម្រួលដល់ការទាក់ទងរបស់ស្ត្រីមានបញ្ហា «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» បានប្រកាសបង្ហាញលេខទូរស័ព្ទជាសាធារណៈផងដែរ។

លោក គី តិច បានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២០ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» បានផ្តល់ការពិគ្រោះ និងជូនយោបល់ដល់ប្រជាពលរដ្ឋទូទៅ គ្រប់ករណីក្នុងក្របខណ្ឌទូទាំងប្រទេសប្រមាណ ២,៥៥០ករណី។ ក្នុងនោះសំណុំរឿងដែលបានទទួលយកមកការពារជូនស្ត្រីទន់ខ្សោយងាយរងគ្រោះ មានជីវភាពខ្វះខាត និងខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់ចំនួន ៧៤ករណី។

ក្រៅពីជួយដោះស្រាយ និងការពារក្តី «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» ក៏បានធ្វើកិច្ចការសង្គម និងមនុស្សធម៌ផងដែរ។ ដូចជាបានសហការជាមួយរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរអប្សរា សាលាដំបូង និងអយ្យការសាលាដំបូងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដាំកូនឈើក្នុងបរិវេណប្រាសាទអង្គរតូចផ្នែកខាងត្បូង។

«មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» ក៏បានជួយផ្តល់សម្ភារបរិក្ខារ គ្រឿងឧបភោគបរិភោគ និងថវិកា ដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយអគ្គិភ័យ ដោយខ្យល់កន្ត្រាក់ រងគ្រោះដោយទឹកជំនន់ទឹកភ្លៀង និងស្ត្រីមេម៉ាយ ចាស់ជរា ដែលមានជីវភាពខ្វះខាត និងបានប្រមូលថវិកាពីសមាជិក ជូនរាជរដ្ឋាភិបាលក្នុងយុទ្ធនាការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ផងដែរ៕


រដ្ឋសភា បន្តសម័យប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៧

ចំនួនអ្នកទស្សនា: Views

សេចក្តីព្រាងច្បាប់ទាំង៧ ដែលរដ្ឋសភាកំពុងពិភាក្សា និងអនុម័តនេះ រួមមាន៖

១៖ សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។
២៖ សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។
៣៖ សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ។
៤៖ សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
៥៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការទទួលស្គាល់ទៅវិញទៅមកលើការផ្តល់អាជ្ញាបណ្ណក្រុមអាកាសយានិក។
៦៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖ ពិធីសារទី៣ ស្តីពីសិទ្ធិសហការលើជើងហោះហើរ ក្នុងស្រុកក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ានណាមួយ និងពិធីសារទី៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណលរវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន។
៧៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩ និងទី១០ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម៕


ឯកឧត្តម ខៀវ កាញារីទ្ធជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីពាក់ព័ន្ធបន្តអនុវត្តរាល់ផែនការសកម្មភាពការងារដោយភាពទទួលខុសត្រូវខ្ពស់

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន​បានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីពាក់ព័ន្ធបន្តអនុ​​វត្តនូវរាល់​​ផែន​ការសកម្មភាពការងារនានា និងធ្វើកិច្ចសហការល្អ ដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីពន្លឿនការងារឱ្យ​​បាន​កាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលល្អប្រសើរ។

ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានជំរុញ​និងលើកទឹក​ចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ផ្នែកពាក់ព័ន្ធត្រូវបន្តអនុវត្តឱ្យបានរាល់ផែនការ សកម្មភាពការងារ​នានារបស់​ក្រសួងព័ត៌មាន ដោយភាពទទួលខុសត្រូវខ្ពស់ ហើយត្រូវធ្វើកិច្ចសហការល្អ ជាមួយគ្រប់ផ្នែកពាក់ព័ទ្ធទាំងអស់ ដើម្បីពន្លឿនការងារឱ្យបានឆាប់ទៅមុខ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា អ្វីដែលសំខាន់បន្តទៅមុខទៀត គឺការ​រួមសហការ សាមគ្គីផ្ទៃក្នុងគ្នា បានកាន់តែជិតស្និទ្ធ ដើម្បីបំពេញបេសកកម្មការងារចំពោះមុខជាច្រើនទៀត ដែលក្រសួងព័ត៌មាន ត្រៀមបំពេញឱ្យបានល្អ។ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ ចំពោះ​​លទ្ធផល​ការងារ របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់ផ្នែក គ្រប់ជំនាញទាំងអស់នៃក្រសួងព័ត៌មាន ដែលបានប្រឹងប្រែង​រួម​សហការគ្នា សម្រេចបានលទ្ធផលការងារជាច្រើន ក្នុងរយៈពេលជាបន្តបន្ទាប់កន្លងមកនេះ ។

សូមបញ្ជាក់ថា កិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ថ្នាក់ដឹកនាំគ្រប់បណ្តាអគ្គនាយកដ្ឋានទាំង៥ ក៏ដូចជាផ្នែកពាក់ព័ន្ធការងារថ្នាក់ជាតិ និងជាមួយអន្តរជាតិ ដែលក្រសួងព័ត៌មានបានធ្វើកិច្ចសហការ ក៏បានលើកជាទិសដៅផែនការសកម្មភាពការងារ ដែលត្រូវបន្តបំពេញនៅសប្តាហ៍ខាងមុខទៀត៕វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា

ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម ចែក​ស្រូវពូជ​ដល់​ប្រជាពលរដ្ឋ​មកពី​ស្រុក​បារាយណ៍ និង​ស្រុក​សន្ទុក​

ចំនួនអ្នកទស្សនា: Views


AKP កំពង់ធំ ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០–

​ព្រឹក​ថ្ងៃ​៨​កើត ខែ​មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិតក្នុង​វត្ត​សង់​ឃ្លាំង ភូមិ​សង់​ឃ្លាំង ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្តកំពង់ធំ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អមដំណើរ​ដោយ​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ចែក​ស្រូវពូជ​ជូន​ប្រជាពលរដ្ឋ​ដែលមាន​លទ្ធភាព​ស្តារឡើងវិញ បន្ទាប់ពី​ទទួលរង​គ្រោះ​ដោយ​ទឹកជំនន់​ទឹកភ្លៀង​នាពេល​កន្លងទៅ​ចំនួន​៨៣០​គ្រួសារ មកពី​ស្រុក​ចំនួន​ពីរ គឺ​ស្រុក​សន្ទុក និង​ស្រុក​បារាយណ៍​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម បាន​លើកឡើងថា ដើម្បី​ធានា​ដល់​ការ​ស្តារឡើងវិញ​នូវ​ជីវភាព និង​ការដាំដុះ​របស់​ប្រជាពលរដ្ឋ សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល​បានដាក់​បទបញ្ជា​ដល់​ក្រសួង​មុខព្រួញ​សំខាន់ៗ​ចំនួន​៣ រួមមាន​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ក្រសួង​អភិវឌ្ឍន៍ជនបទ ត្រូវធ្វើ​សកម្មភាព​ព្រមៗ​គ្នា​ក្នុង​ការចែក​ពូជស្រូវ ចែក​ពូជ​ដំណាំ ជួសជុល​ប្រព័ន្ធធារាសាស្ត្រ ប្រឡាយទឹក និង​ផ្លូវ​នៅតាម​ទីជនបទ​ជាដើម​។​

ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​បន្ដថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​យកចិត្តទុកដាក់​ខ្ពស់​ណាស់ លើ​ការ​ស្តារឡើងវិញ​នូវ​ជីវភាព និង​ការដាំដុះ​របស់​ប្រជាពលរដ្ឋ​ក្រោយពេល​ទឹកជំនន់​បាន​ស្រក​ទៅវិញ​។ ព្រោះ​ការ​បង្កបង្កើនផល​ក្រោយ​ទឹកជំនន់ ជា​កិច្ចការ​ចាំបាច់​ណាស់​ដើម្បី​ដោះស្រាយ​បញ្ហា​ស្បៀងអាហារ ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ឱ្យមាន​ភាពប្រសើរ​ឡើងវិញ​។ ជាមួយគ្នានេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម ក៏បាន​អំពាវនាវ​បន្ថែម​ទៅដល់​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​នៅក្នុង​ខេត្ត​រង​ការ​ជន់​លិច ឱ្យ​បង្កើន​ការយកចិត្តទុកដាក់​និង​ជួយ​អន្តរាគមន៍​ដល់​ការដាំដុះ​របស់​ប្រជាកសិករ​។ ជាពិសេស​សំណូមពរ​ដល់​ប្រជាកសិករ​ទាំងអស់​ត្រូវ​ខិតខំ​ធ្វើ​ការងារ​បង្ក​បង្កើន​ផល​ឡើងវិញ​ឱ្យបាន​ទាន់​រដូវ ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ​ឱ្យបាន​ប្រសើរឡើង​។

​ឯកឧត្តម សុខ លូ បានធ្វើ​របាយការណ៍​ពី​ស្ថានភាព​ទឹកជំនន់​ថា គិត​មក​ត្រឹម​ពេលនេះ​ទឹកជំនន់​បានធ្វើឱ្យ​ខេត្តកំពង់ធំ​រង​នូវ​ការប៉ះពាល់​ដល់​ដំណាំ​ស្រូវ​លើ​ផ្ទៃដី​ស្រូវ​ចំនួន ១៨.៨៥០​ហិកតា និង​ខូចខាត​ទាំងស្រុង​ចំនួន ១០.៣៣៥​ហិកតា ស្មើនឹង​១២.៣៦៥​គ្រួសារ និង​ដំណាំ​បន្លែ​រួមផ្សំ​លើ​ផ្ទៃដី​ចំនួន ៣៤២​ហិកតា​។ ប៉ុន្តែ​គ្រួសារ​ដាំ​ដំណាំ​ស្រូវ ដែល​អាច​ស្តារឡើងវិញ ដោយមាន​ប្រភពទឹក​ស្រោចស្រព​ចំនួន ៨.២៥១​ហិកតា ស្មើនឹង​ចំនួន ៧.៤៨០​គ្រួសារ​។ ចំពោះ​ស្រុក​សន្ទុក ផ្ទៃដី​ដំណាំ​ស្រូវ​មាន​ចំនួន ៦៦៧​ហិកតា ស្មើនឹង ៨០៩​គ្រួសារ និង​ស្រុក​បារាយណ៍ ផ្ទៃដី​ដំណាំង​ស្រូវ​ចំនួន ២៦​ហិកតា ស្មើនឹង ២១​គ្រួសារ ដែល​ត្រូវការ​ស្រូវពូជ​ចំនួន ៨៣​តោន​។
​ឯកឧត្តម អភិបាលខេត្ត​បានបញ្ជាក់​បន្ថែមថា មកដល់ពេលនេះ​រដ្ឋបាល​ខេត្ត បានធ្វើ​ការចែក​ពូជស្រូវ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​ដែលមាន​លទ្ធភាព​ក្នុង​ស្តារឡើងវិញ​សរុប មាន​ចំនួន ៨.២៥១​ហិកតា ស្មើនឹង ៧.៤៨០​គ្រួសារ ។ ជាមួយគ្នា​នោះដែរ សម្រាប់​ប្រជាកសិករ​រងគ្រោះ​ដែល​កំពុង​ស្តារ​ការដាំដុះ​ស្រូវ​ឡើងវិញ​បាន​សម្តែង​ការរីករាយ​ជាខ្លាំង ចំពោះ​ការយកចិត្តទុកដាក់​ពីស​ម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បានផ្តល់​ពូជស្រូវ​ដែលមាន​ដំណុះ​ល្អ ជូន​ពួកគាត់​បាន​ទាន់ពេលវេលា​។ ចំណែក​ពូជស្រូវ​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​រង​ការខូចខាត​ដោយ​ទឹកជំនន់​នៅពេលនេះ ដោយ​ក្នុង​១​គ្រួសារៗ​ទទួលបាន ពូជស្រូវ​ចំនួន​១០០​គីឡូក្រាម និង​ថវិកា​មួយចំនួន​ផងដែរ ៕​ដោយ​៖ ស៊ុម វណ្ណា សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​


ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យចំនួន ៣៨២នាក់

ចំនួនអ្នកទស្សនា: Views



(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាពពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋាន្តរស័ក្កិជូនដល់មន្ត្រីនគរបាលខេត្តបន្ទាយមានជ័យចំនួន៣៨២នាក់ ក្នុងនោះមានថ្នាក់ប្រកាសមានចំនួន ២៧នាក់ ថ្នាក់សេចក្តីសម្រេចតួនាទីចំនួន ១៥១នាក់ និងបំពាក់ឋានន្តរស័ក្តិមានចំនួន ២០៥នាក់។

ក្នុងឱកាសនោះដែរ លោកស្នងការខេត្ត បានឱ្យដឹងថា ការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ស័ក្តិនេះ មិនមែនមុខតំណែងធ្លាក់ពីលើមេឃនោះទេ គឺទាំងអស់នេះ បានមកដោយការខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្តរបស់នគរបាលជាតិការពារជាតិមាតុភូមិ ជាពិសេសការពារប្រជាពលរដ្ឋឱ្យរស់នៅបានសេចក្តីសុខ នៅតាមមូលដ្ឋានរបស់មន្ត្រីនគរាបាលជាតិកន្លងមក។

លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បានក្រើនរំឮកដល់មន្ត្រីនគរបាលដែលទើបបំពាក់ស័ក្កិថ្មីចំនួន៣៨២នាក់នោះ ត្រូវខិតខំការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តខេត្តនិងតាមមូលដ្ឋាន ក្រុង ស្រុក និងត្រៀមកម្លាំងមធ្យោបាយ សម្ភារគ្រឿងបំពាក់អាវុធគ្រាប់ សម្រាប់បម្រើការងារប្រតិបត្តិការ និងចុះជួយប្រជាពលរដ្ឋរងគ្រោះដោយជាយថាហេតុ។

លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បានបញ្ជាក់ថា កម្លាំងនគរបាលទាំងត្រូវធ្វើការបង្ក្រាបករណីលក់ និងករណីសេពគ្រឿងញៀនឱ្យបានខ្លាំងនៅក្នុងសហគមន៍ក្តី ក្នុងមូលដ្ឋានក្តី ព្រោះបញ្ហាគ្រឿងញៀន ជាថ្នាំម៉្យាងបើជនណា ឬសិស្សណាដែលបានសេពគ្រឿងញៀនហើយ ត្រូវជួបនឹងវិបត្តិយ៉ាងធ្ងន់ធ្ងរ ដូចជាការបាត់បង់ថវិកា ខូចសុខភាព ព្រាត់ប្រាស់មិត្តភក្តិ ម្តាយ ឪពុក ខូចសុខភាព និងរាងកាយ ខូចសរសៃប្រាសាទ បាត់ការបងចាំ គេចសាលា ប្រើអំពើហិង្សាក្នុងគ្រួសារ និងមិតភក្តិ នៅទីបញ្ចប់ គឺឆ្លងជំងឺគ្រប់មុខស្លាប់ដោយមិនអាចគេចបានឡើយ។

ក្នុងនោះដែរលោកស្នង បានឱ្យមន្ត្រីនគរបាលទាំងអស់ត្រូវចេញល្បាត និងការពារតាមគោលដៅសំខាន់ៗ នៅតាមទីប្រជុំជនចាត់តាំងកម្លាំងជំនាញ ចុះស្រាវជ្រាវរុករកមុខសញ្ញាជនល្មើសផ្សេងៗ និងត្រូវអនុវត្តន៍ បង្ការ បង្រ្កាប និងធ្វើការត្រួតពិនិត្យចរាចរអាវុធជាតិផ្ទុះ បង្រ្កាបការប្រើប្រាស់អាវុធខុសច្បាប់នៅក្នុងភូមិសាស្រ្តខេត្ត និងតាមមូលដ្ឋានក្រុង ស្រុក រៀងៗខ្លួនឱ្យជាប្រចាំ។ នគរបាលតករូវពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នសមត្ថកិច្ចជំនាញ និងកងកម្លាំងប្រដាប់អាវុធ ក្នុងកិច្ចប្រតិបត្តិការឱ្យបានល្អប្រសើរផងដែរ៕


ការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលនៅតែបន្តនៅទីក្រុងបាងកក ក្នុងការបោះឆ្នោតគាំទ្រការកែទម្រង់រដ្ឋធម្មនុញ្ញ

ចំនួនអ្នកទស្សនា: Views



AKP ភ្នំពេញថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០​ – ប្រទេសថៃបានប្រឈមមុខនឹងការធ្វើបាតុកម្មតវ៉ារីករាលដាលចាប់តាំងពីការបោះឆ្នោតជាសកលឆ្នាំ ២០១៩ មក ដែលមានការប្រជែងគ្នាដោយក្រុមបាតុករបានអំពាវនាវឱ្យអតីតមេដឹកនាំយោធា លោកនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា ឱ្យធ្វើការលាលែងពីតំណែង។ ក្នុងចំណោមការទាមទារផ្សេងៗទៀត ពួកគេសង្ឃឹមថានឹងឃើញមានការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ហើយរាជាធិបតេយ្យនឹងត្រូវបានធ្វើកំណែទម្រង់។

យោងតាមសារព័ត៌មាន Sputnik ដែលបានរាយការណ៍ពីទីក្រុងបាងកកបានឱ្យដឹងថា បាតុកម្មប្រឆាំងរដ្ឋាភិបាលនៅតែបន្តកើតមាននៅទីក្រុងបាងកកក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីសមាជិកសភាថៃបានបោះឆ្នោតលើជម្រើសសម្រាប់ការផ្លាស់ប្តូររដ្ឋធម្មនុញ្ញដែលភាគច្រើននៃពួកគេប្រឆាំងនឹងសំណើដែលទាមទារដោយក្រុមបាតុករ ដែលរួមមានការផ្លាស់ប្តូរតួនាទីរបស់រាជាធិបតេយ្យ។

ការបោះឆ្នោតកាលពីថ្ងៃពុធបានកើតឡើងចំពេលមានការតវ៉ារាប់ខែមកហើយ។ ក្រុមបាតុករកំពុងទាមទារឱ្យសរសេររដ្ឋធម្មនុញ្ញរបស់ប្រទេសនេះឡើងវិញ និងឱ្យលោកនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា លាលែងពីតំណែង ក៏ដូចជាការកែទម្រង់រាជាធិបតេយ្យរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ។ ការធ្វើបាតុកម្មបែបនេះត្រូវបានឆ្លើយតបជាមួយនឹងការប្រឆាំងតវ៉ាក្នុងការគាំទ្រដល់រាជាធិបតេយ្យ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)

ចំនួនអ្នកឆ្លងកូវីដ-១៩ ទូទាំងពិភពលោក កើនដល់ ៥៨.៤លាននាក់, ពោលគឺត្រឹម២៤ម៉ោង ពិភពលោករកឃើញអ្នកឆ្លងជាង ៥០ម៉ឺននាក់

ចំនួនអ្នកទស្សនា: Views



APP ភ្នំពេញ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០–

(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់៥៨,៤៦៦,១៨៣ករណី ហើយក្នុងនោះមនុស្សសរុប ១,៣៨៥,៧០៨នាក់ស្លាប់ និងជាង ៤០លាននាក់ បានជាសះស្បើយឡើងវិញ។

តួលេខខាងលើបានបញ្ជាក់ថា ត្រឹមតែរយៈពេល២៤ម៉ោង ពិភពលោកទាំងមូល រកឃើញអ្នកឆ្លងសរុប ៥៦៧,១៨៨ករណី និងមានមនុស្សជាង ៨ពាន់នាក់ស្លាប់។

គួរបញ្ជាក់ផងដែរថា ក្នុងចំណោមករណីឆ្លងទាំងជាង ៥៨លាននាក់ខាងលើ សហរដ្ឋអាម៉េរិក ឈរនៅកំពូលតារាង ដែលគិតត្រឹមព្រឹកនេះផងដែរ អាម៉េរិកមានអ្នកឆ្លងសរុប ១២,៤៣៧,៨៦៩នាក់ និងជាង ២៦ម៉ឺននាក់ស្លាប់។ ចំណែកឯព្រឹកថ្ងៃនេះ សហរដ្ឋអាម៉េរិក បានរកឃើញករណីឆ្លងថ្មីសរុប ១៦០,០៤២នាក់ និងអ្នកជំងឺសរុប ១,៤២១នាក់ បានស្លាប់។

សូមបញ្ជាក់ផងែរថា តាមតួរលេខចេញពី worldometer ខាងលើនោះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កូវីដ១៩ បានឆ្លងរាតត្បាតចូលដល់ប្រទេស និងឧបទ្វីបចំនួន ២១៥ហើយ៕

ដោយ៖ កន ចំណាន

អាជ្ញាធរខេត្តកំពង់ចាម ចុះពិនិត្យដំណាំស្រូវនៅស្រុកព្រៃឈរ និងស្រុកបាធាយ ដែលជាគ្រាប់ស្រូវពូជ អំណោយរបស់សម្ដេចតេជោហ៊ុន សែន

ចំនួនអ្នកទស្សនា: Views


(កំពង់ចាម)៖ ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ នៃអង្គភាពមន្ទីរជុំវិញខេត្ត ចុះត្រួតពិនិត្យដំណាំស្រូវរបស់ប្រជាពលរដ្ឋ នៅក្នុងស្រុកព្រៃឈរ និងស្រុកបាធាយ ដែលពួកគាត់បានទទួលអំណោយស្រូវពូជ ពីសម្ដេចតេជោ ហ៊ុន សែន ចែកជូនតាមរយៈឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ។

បើតាមអភិបាលស្រុកព្រៃឈរ លោក ឡោ ចាន់លី បានឱ្យដឹងថា
មានឃុំ២ នៅក្នុងស្រុកព្រៃឈរ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងគឺឃុំតុងរ៉ុង និងឃុំល្វា ។
លោកអភិបាលស្រុកបន្តថា នៅក្នុងឃុំល្វា មានប្រជាពលរដ្ឋ ១៦៧ គ្រួសារ ដែលប៉ះពាល់នៅលើផ្ទៃដី ៨៦ ហិកតា ចំណែកឯឃុំតុងរ៉ុង ប៉ះពាល់ប្រជាពលរដ្ឋ ១៣២ គ្រួសារ លើផ្ទៃដី ៦៨ ហិកតា ។ ដូច្នេះប្រជាពលរដ្ឋដែលរងគ្រោះទាំងពីរឃុំស្មើនឹង ២៩៩ គ្រួសារនោះ បានទទួលស្រូវពូជ ដែលជាអំណោយរបស់សម្ដេចតេជោហ៊ុន សែន ផ្ដល់ជូនតាមរយៈឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាពេលកន្លងទៅនេះ ។

លោកអភិបាលស្រុកបានបញ្ជាក់ថា ស្រូវពូជ ដែលបានចែកជូនទាំងនោះបងប្អូនប្រជាពលរដ្ឋ បានធ្វើការ
សាបព្រួស ដាំដុះហើយ រហូតមកដល់បច្ចុប្បន្ននេះ ឃើញថាគ្រាប់
ពូជស្រូវនោះ ដុះបានល្អរហូតដល់ទៅ៩៥ ភាគរយ ។ ប្រជាពលរដ្ឋ ដែលជាម្ចាស់ដំណាំ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេច តេជោហ៊ុន សែន និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ព្រមទាំងអាជ្ញាធរខេត្តកំពង់ចាម ដែលបានផ្ដល់ពូជស្រូវដ៏ល្អនេះដល់ពួកគាត់ ។

ដោយឡែកនៅឯស្រុកបាធាយវិញ
លោក ផេន សុផល អភិបាលស្រុក
បាធាយ ក៍បានឱ្យដឹងដែរថា ប្រជាពលរដ្ឋដែលបានទទួលស្រូវពូជ បានធ្វើការ
ពង្រួសដាំដុះ ស្រូវពូជទាំងនោះជាបន្តបន្ទាប់ រហូតមកដល់បច្ចុប្បន្ន លើផ្ទៃដីប្រមាណជាជាង ១០០ ហិកតា ៕វិទ្យុជាតិកម្ពុជា

បទ​យកការណ៍​! ​បញ្ញា​វ័​ន្ត​កម្ពុជា​បញ្ចេញ​ទស្សនៈ​ជុំវិញ​រដ្ឋបាល​ថ្មី​របស់​ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត ចូ បាយ​ដេ​ន​

ចំនួនអ្នកទស្សនា: Views


AKP ភ្នំពេញ ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ​២០២០–

​រដ្ឋបាល​ថ្មី​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក លោក ចូ បាយ​ដេ​ន មិនទាន់​ចូលកាន់​សេត​វិមាន​នៅឡើយ​ទេ ប៉ុន្តែ​នៅមុន​ពេលដែល​រដ្ឋបាល​ថ្មី​កើតចេញពី​ការបោះឆ្នោត​កាលពី​ថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ​២០២០ ចូលកាន់​ការងារ​នៅក្នុង​ក្នុង​រង្វង់​ខែមករា ឆ្នាំក្រោយ បញ្ញា​វ័​ន្ត​ល្បីៗ​ដែល​ជំនាញ​ខាង​កិច្ចការ​អន្តរជាតិ​កម្ពុជា​បាន បញ្ចេញ​ទស្សនៈ​និង​យោបល់​ផ្សេងៗ​គ្នា​អំពី​នយោបាយ​របស់​រដ្ឋបាល​អាមេរិក​ថ្មី​មកកាន់​កម្ពុជា អាស៊ាន ក៏ដូចជា ចិន ។

​ឯកឧត្តម​បណ្ឌិត គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​មានប្រសាសន៍ថា ” បើតាម​ខ្ញុំ​ពិនិត្យ​មើលទៅ​ខ្ញុំ​យល់ឃើញថា សម្រាប់​សហរដ្ឋអាមេរិក​ទោះបីជា​ប្រ​ធានា ធិបតី​ណាក៏ដោយ​នៅពេលដែល​ឡើងកាន់​អំណាច នយោបាយ​ក៏ដូចជា​ការ​សម្លឹងមើល​របស់​រដ្ឋាភិបាល​អាមេរិក​ចំពោះ​កម្ពុជា​គឺ​មិនមាន​អ្វី​ខុសគ្នា​ឆ្ងាយ​ពី​រដ្ឋបាល​មុន​ឡើយ ។ សហរដ្ឋអាមេរិក​ហាក់ដូចជា​មិនបាន​រៀបចំ​នយោបាយ​ការបរទេស​ពិសេស​ណាមួយ​ឲ្យ​ចំ​ចំពោះ​ប្រទេស​កម្ពុជា​នៅឡើយ​ពីព្រោះ​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​តូច​មួយ​ហើយ​បើ​គិត​អំពី​សារៈសំខាន់ និង​សារៈប្រយោជន៍​សម្រាប់​សហ​រដ្ឋ​អាមេរិក​គឺ​វា​មិនមាន​អ្វី​ធំដុំ “​។​
​ឯកឧត្តម​បណ្ឌិត​បាន​ចែករំលែក​បន្តថា សហរដ្ឋអាមេរិក​ចាប់អារម្មណ៍​នឹង​កម្ពុជា​នៅក្រោយ​ពេលដែល​ប្រទេស​ចិន​ចាប់ផ្ដើម​ពង្រីក​ឥទ្ធិពល​ខ្លាំង​នៅក្នុង​តំបន់​ក៏ដូចជា​នៅលើ​ពិភពលោក ហើយ​បញ្ហាសំខាន់​មួយទៀត​គឺ​សមាជិក​ប​ច្ចុ​ប្ប​ភាព​របស់​កម្ពុជា​នៅក្នុង​អាស៊ាន​តែម្ដង ដែលនាំអោយ​សហរដ្ឋអាមេរិក​មានការ​ចាប់អារម្មណ៍​ខ្លះ​ចំពោះ​កម្ពុជា​ដោយ​សម្លឹង​ឃើញ​នូវ​ទិដ្ឋភាព​យុទ្ធសាស្ត្រ​និង​ភូមិសាស្ត្រ​នយោបាយ​មួយចំនួន​ជាពិសេស​នៅក្រោម​រដ្ឋបាល​របស់ លោក បា​រ៉ា​ក់ អូ​បា​ម៉ា កាលពី​ឆ្នាំ ២០០៨ ដោយ​គាត់​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ឆ្ពោះ​មករក​អាស៊ី ជាពិសេស​គឺ​អាស៊ាន ។​

ឯកឧត្តម​បណ្ឌិត​បាន​បន្តទៀតថា សហរដ្ឋអាមេរិក​មើលឃើញ​កម្ពុជា​នៅក្នុងនាម​ជា​ប្រទេស​ដែលមាន​លក្ខណៈ​ស្មើមុខ​មុខស្មើ​មាត់​ជាមួយនឹង​បណ្ដា​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ផ្សេងទៀត​នៅក្នុង​អាស៊ាន​។ ដូច្នេះហើយ​បានជា​យើង​មើលឃើញថា​នៅក្នុង​រដ្ឋបាល​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា នេះ​ប្រទេស​អាស៊ាន​ជាច្រើន​ហាក់​មាន​អារម្មណ៍​មួយ​សប្បាយចិត្ត​ចំពោះ​ការយកចិត្តទុកដាក់រ​បស់​សហរដ្ឋអាមេរិក​មកកាន់​តំបន់​នេះ​។ ក៏ប៉ុន្តែ​ទំនាក់ទំនង​អាមេរិក​និង​អាស៊ាន ត្រូវបាន​រអាក់រអួល​នៅក្រោម​រដ្ឋបាល​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។​
​ឯកឧត្តម​បណ្ឌិត​បាន​បន្តថា នៅក្រោម​រដ្ឋបាល​របស់​លោក ដូ​ណា​ល់ ត្រាំ ទំនាក់ទំនង​រវាង​អាស៊ាន​និង​អាមេរិក​គឺមាន​បញ្ហា​ល្អក់កករ​មួយចំនួន​ដោយសារ​ទស្សនៈ​នយោបាយ​របស់លោក មិនសូវ​យកចិត្តទុកដាក់​និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយនិង​សម្ព័ន្ធមិត្ត​របស់ខ្លួន​។ លោក ដូ​ណា​ល់ ត្រាំ មិនបាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ម្ដង​ជា​ពីរដង​ហើយ​ការសន្យា​អញ្ជើញ​មេដឹកនាំ​អាស៊ាន​ទៅ​ជួប​ពិភាក្សាគ្នា​នៅ​អាមេរិក​ក៏ត្រូវ​បាន​ខកខាន​ដោយសារតែ​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩ កាលពីដើមឆ្នាំ កន្លងទៅនេះ​។
​ឯកឧត្តម​បណ្ឌិត​បាន​បញ្ជាក់ថា “​ដូច្នេះ​ត្រឡប់មកវិញ​ខ្ញុំ​យល់ថា​សម្រាប់​លោក ចូ បាយ​ដេ​ន ដែលជា ប្រធានាធិបតី​ជាប់ឆ្នោត​នឹង​បន្ត​នូវ កេរ្តិ៍តំណែល​នយោបាយរ​បស់​រដ្ឋបាល​លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ដែលមាន​ទំនាក់ទំនង​ជាមួយនឹង​អាស៊ាន​ក៏ដូចជា​ជាមួយនឹង​កម្ពុជា​យើង​ផងដែរ​” ។​​

តាម​ទស្សនៈវិស័យ​របស់ ឯកឧត្តម​បណ្ឌិត គិ​ន ភា នៅក្រោម​រដ្ឋបាល​ថ្មី​របស់លោក ចូ បាយ​ដេ​ន អាច​នឹងមាន​សំពាធ​នយោបាយ​ខ្លះ​មកកាន់​កម្ពុជា ជាពិសេស​គឺ​បញ្ហា​មិន​យល់​គ្នា​លើ​ផ្នែក​សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ​ពីព្រោះ លោក ជា​តំណាង​គណបក្ស​ប្រជាធិបតេយ្យ ដែលមាន​សសរស្តម្ភ​បី​សំខាន់​ដោយមាន​ទីមួយ​គឺ​បញ្ហា​សេដ្ឋកិច្ច ទី​ពីរ គឺ​បញ្ហា​សន្តិសុខ ហើយ​ទី​បី ដែលជា​គោលការណ៍​គ្រឹះ​របស់​គណបក្ស​ប្រជាធិបតេយ្យ​គឺ​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​នេះ ។​

ឯកឧត្តម​បណ្ឌិត គិ​ន ភា បាន​បន្តថា នៅក្រោម​គោលនយោបាយ​ការបរទេស​របស់ខ្លួន​ដែល ផ្ដោត​តម្លៃ​ស្នូល​ទៅលើ​បញ្ហា​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ ពេលខ្លះ​ក៏​អាច​កើតមាន​ជា​រឿង​យល់ច្រឡំ​គ្នា​មួយចំនួន​កើតមានឡើង​ផងដែរ​។ ពេលខ្លះ​ការយកចិត្តទុកដាក់​នោះ​វា​ហួស​ពី​បន្ទាប់​ក្រហម​ដោយ​ប្រែក្លាយ​ពី​គោល​គំនិត​នៃ​ការយកចិត្តទុកដាក់​ទៅលើ​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ទៅជា​បញ្ហា​ក៏​កូ​កាយ​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ​។ ហើយ​យើង​នៅចាំ​បាន​ថា ប្រទេស​យើង​កាល​ស្ថិតនៅក្រោម​ការដឹកនាំរ​ប​ស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏ដូចជា​មានការ​ជជែក​គ្នា​និង​បញ្ហា​មិនសូវ​យល់​គ្នា​មួយចំនួន​ទាក់ទិន​នឹង បញ្ហា​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​នេះ​ឡើង​ផងដែរ​។​

ឯកឧត្តម​បណ្ឌិត គិ​ន ភា បាន​បញ្ជាក់ថា “​ប៉ុន្តែ​ការពិតទៅ​វា​ក៏​អាស្រ័យ​ទៅនឹង​ប្រទេស​កម្ពុជា​យើង​ខ្លួនឯង​ផងដែរ​បើ​យើង​អាច​រក្សាបាន​នូវ​តម្លៃ​អធិបតេយ្យភាព​របស់​យើង​ហើយ​យើង​មាន​ឯកភាព​ជាតិ​រឹងមាំ​នៅ​កម្រិត​ផ្ទៃក្នុង​របស់​យើង​នោះ​យើង​គិតថា​ការ​លូកដៃ​នឹង​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ពី​សំណាក់​ប្រទេស​ដទៃ​មិនសូវ​ជាមាន​ប្រសិទ្ធភាព​នោះទេ​ហើយ​កន្លងមក​យើង​ពិនិត្យឃើញថា​រាជរដ្ឋាភិបាល​បាន​ឆ្លងកាត់​នូវ​នឹង​អាច​ជំនះបាន​នូវ​ឧបសគ្គ​ជាច្រើន ជា​បន្តបន្ទាប់​” ។​​សម្រាប់​គោលនយោបាយ​តំបន់​និង​សាកល​វិញ​នោះ ឯកឧត្តម​បណ្ឌិត គិ​ន ភា បាន​ថ្លែងថា តាម​ទស្សនៈ​របស់​ឯកឧត្តម គឺ សង្ឃឹមថា​អ្វីដែល​រដ្ឋបាល លោក ចូ បាយ​ដេ​ន នឹងធ្វើ​គឺ​លោក​នឹង​ដឹកនាំ​សហរដ្ឋអាមេរិក​ឆ្ពោះ​មករក​គោលនយោបាយ​ពហុភាគី​និយម និង​ប្រព័ន្ធ​អន្តរជាតិ​និយម​ហើយ​នាំ​សហរដ្ឋអាមេរិក ស្ដារ​មុខមាត់​និង​តម្លៃ នៅលើ​ឆាក​អន្តរជាតិ​ឡើងវិញ ។​

​ឯកឧត្តម​បណ្ឌិត គិ​ន ភា បាន​បញ្ជាក់ថា “​អ្វីដែល​ខ្ញុំ​សង្ឃឹម​គឺ​ខ្ញុំ​សង្ឃឹមថា​លោក ចូ បាយ​ដេ​ន នឹង​ដឹកនាំ​សហរដ្ឋអាមេរិក​ប៉ះប៉ូវ ក៏ដូចជា​ជួសជុល​នូវ​ទំនាក់ទំនង​ដែល​ប្រេះឆា​រវាង​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​។ ទី​ពីរ​ខ្ញុំ​ជឿថា​កិច្ចព្រមព្រៀង​មួយចំនួន​ដែល​សហរដ្ឋអាមេរិក​បាន​ចាកចេញ​នឹង​វិលត្រឡប់​មកវិញ​ដូចជា កិច្ចព្រមព្រៀង​ស្ដីអំពី​បម្រែបម្រួល​អាកាសធាតុ​នៅ​ទីក្រុង​ប៉ារីស និង​ចូលរួម​នៅក្នុង​អង្គការ​សុខភាព​ពិភពលោក​ឡើងវិញ​ជាដើម ។ រីឯ​ជាមួយ​ចិន​ខ្ញុំ​ក៏​សង្ឃឹមថា រដ្ឋបាល​ថ្មី​នឹងមិន​បន្ត​នយោបាយ​ក្តៅ ដោយ​រដ្ឋបាល​របស់លោក ដូ​ណា​ល់ ត្រាំ ។ ខ្ញុំ​សង្ឃឹមថា លោក ចូ បាយ​ដេ​ន នឹងមាន​គោលនយោបាយ​មួយ​ដែល​នឹង​ផ្ដល់​ផលប្រយោជន៍​ឈ្នះ​ទៅវិញទៅមក​មក “​។​

​ឯកឧត្តម​បណ្ឌិត ពូ សុធា​រៈ អតីត​អ្នកនយោបាយ​និង​ជា​អតីត​ឯកអគ្គរដ្ឋទូត បច្ចុប្បន្ន​ជា នាយក​ប្រតិបត្តិ វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិ​ការ​និង​សន្តិភាព បាន​មានប្រសាសន៍ថា “​ខ្ញុំ​យល់ឃើញថា​នេះ​គឺជា​ឱកាស​ថ្មី​មួយ​រវាង​កម្ពុជា​និង​សហរដ្ឋអាមេរិក ឈានទៅរក​ការ​ចាប់ដៃគ្នា​ឲ្យ​រិត​តែមាន​ទំនាក់ទំនង​ប្រសើរ​ជាង​មុន​ថែមទៀត ។ នេះ​គឺជា​ឱកាសល្អ​មួយ​ថ្មី​ដែល​កន្លងមក​នៅក្រោមរ​ដ្ឋ​បាល​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ គាត់​មាន​ទស្សនៈ​នយោបាយ​មួយ​ដែលមាន​លក្ខណៈ​ចង្អៀត ដោយ​ជាទូទៅ​គាត់​ផ្តោត​សំខាន់​តែ​ទៅលើ​ផលប្រយោជន៍​របស់​ប្រទេស​និង​ប្រជាជន​ផ្ទាល់​របស់គាត់ “​។​ ឯកឧត្តម​បណ្ឌិត ពូ សុធា​រៈ បាន​មានប្រសាសន៍​បន្តថា សម្រាប់​លោក ចូ បាយ​ដេ​ន គាត់​មិន​ដូចជា​លោក ប្រធានាធិបតី​ត្រាំ​ទេ លោក ចូ បាយ​ដេ​ន គឺជា​អ្នកដឹកនាំ​មួយរូប​ដែលមាន​លក្ខណៈ​ទូលាយ​ជាពិសេស​គឺ​ទំនាក់ទំនង​ជាមួយនឹង​អាស៊ាន​។ ដោយឡែក​សម្រាប់​ទំនាក់​ទំនង​ជាមួយនឹង​ប្រទេស​កម្ពុជា ឯកឧត្តម​បណ្ឌិត សង្ឃឹមថា​ក្រោយ​ពេលដែល​លោក ចូ បាយ​ដេ​ន ចូលកាន់​តំណែង​ទៅ​លោក​និង​ស្វែងរក​នូវ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា​និង​អាមេរិក ល្អប្រសើរ​ឡើង​ជាង​ពេល​បច្ចុប្បន្ននេះ ។

​ចំពោះ​ទស្សនៈវិស័យ​មួយចំនួន​ដែល​រំពឹងថា​នឹងមាន​ការ​រឹតបន្តឹង​ទៅលើ​បញ្ហា​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​នៅក្រោម​រដ្ឋបាល​លោក ចូ បាយ​ដេ​ន នោះ ឯកឧត្តម​បណ្ឌិត ពូ សុធា​រៈ បាន​ថ្លែងថា “​ខ្ញុំ​មិន​យល់​ពី​ឃើញ​ដូចជា​គេ​ថា​នឹង​មានការ​រឹតបន្តឹង​នោះទេ ជាទូទៅ​សហរដ្ឋអាមេរិក​មិន​ថា​ស្ថិតនៅក្រោម​រដ្ឋបាល​រប​ស់លោក​ប្រធានាធិបតី​ណា​នោះទេ​បញ្ហា​ដែល​ទាក់ទង​ជាមួយនឹង​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​តម្លៃ​សកល​ផ្សេងៗ​ទៀត​ដូចជា​នីតិរដ្ឋ តម្លាភាព ការទទួលខុសត្រូវ គណនេយ្យភាព​ជាដើម​គឺជា​រឿង​ធម្មតា ដែល​អាមេរិក​បាន​យកចិត្តទុកដាក់​ជា​យូរណាស់​មកហើយ​នេះ​មិនមែនជា​រឿង​ថ្មី​នោះឡើយ​។​ដូច្នេះ​វា​គ្មាន​អ្វីដែល​ត្រូវ​រឹតបន្តឹង ទៀត​នោះទេ​” ។​
​ឯកឧត្តម​បណ្ឌិត ពូ សុធា​រៈ​បាន​បញ្ជាក់ទៀតថា ការជួយ​លើកកម្ពស់​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​វា​គឺជា​តម្លៃ​រួមមួយ​របស់​សហរដ្ឋអាមេរិក​នោះទេ ដូច្នេះ​វា​មិនគួរ​មានការ​វែកញែក​ណាមួយ​ចំពោះ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​សហរដ្ឋអាមេរិក​នៅលើ​ផ្នែក​នេះឡើយ​។

លោក​បណ្ឌិត ឈាង វណ្ណា​រិ​ទ្ធ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) បាន​ចែករំលែក​ទស្សនៈ​របស់​លោក​តាម បណ្តាញ​សង្គម​តេ​ឡេ​ក្រាម នូវ​ចំណុច​សំខាន់ៗ​ចំនួន ៤ ទាក់ទង​នឹង​គោលនយោបាយ​របស់ លោក​ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត ចូ បាយ​ដេ​ន ។​ លោក​បណ្ឌិត​បាន​ថ្លែងថា ១. លោក ចូ បាយ​ដេ​ន នឹង​យកចិត្តទុកដាក់​បន្ថែម​ទៀត​ចំពោះ​ពហុភាគី​និយម​ពង្រឹង​ប្រព័ន្ធ​សម្ព័ន្ធភាព​និង​ស្តារ​តម្លៃ​របស់​អាមេរិក​។ ២. លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នឹង​វិលត្រឡប់​ទៅជា​គោលដៅ​នយោបាយ​ការបរទេស​ដ៏​សំខាន់​មួយ​របស់​សហរដ្ឋអាមេរិក​។ ៣. ទំនាក់ទំនង​កម្ពុជា – អាមេរិក​នឹងមាន​ស្ថេរភាព​ហើយ​គោលនយោបាយ​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​ចិន​នឹង​នៅ​ដដែល​។ ទី​៤ ការប្រកួតប្រជែង​ជា​យុទ្ធសាស្ត្រ​ជាមួយ​ចិន​នឹង​បន្ត​មាន​ភាពស្វិតស្វាញ​ប៉ុន្តែ​វា​អាច​ព្យាករណ៍​បាន​កាន់តែច្រើន​ក្រោម​ការដឹកនាំ​របស់លោក ចូ បាយ​ដេ​ន ” ៕​ ​ដោយ​៖ ហេង បញ្ញា សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​


របបសន្តិសុខសង្គមផ្នែកប្រាក់សោធនគ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលដ៏ខ្លីខាងមុខនេះ

ចំនួនអ្នកទស្សនា: Views

 

ថ្លែងក្នុងវគ្គបណ្ដុះបណ្ដាល  របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន របស់បេឡាជាតិ សន្ដិសុខសង្គម ជូនដល់មន្រ្តី បុគ្គលិកជំនាញ គ្រប់ការិយាល័យនៃស្នាក់ការកណ្តាលបេឡាជាតិ សន្ដិសុខសង្គម នាព្រឹកថ្ងៃទី ២០ ខែ វិច្ឆិកា នេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម បានមានប្រសាសន៍ថា ចំពោះរបបសន្ដិសុខសង្គម នៃព្រះរាជាណាចក្រកម្ពុជា បង្កើតឡើងក្នុងគោលដៅ ធានាឱ្យមានសមធម៌ និងសាមគ្គីធម៌សង្គម ដើម្បីលើកកម្ពស់ សុខុមាលភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដែលទាក់ទងទៅនឹង តាវកាលិក ផ្នែកប្រាក់សោធន រួមមានសោធនជរាភាព សោធនទុព្វលភាព និងសោធនឧត្តរជីវី ។

ឯកឧត្តម បន្តថា របបសន្ដិសុខសង្គម ផ្នែកប្រាក់សោធននេះ ជាសមិទ្ធផលថ្មី ក្នុងសម័យសន្ដិភាព ដូច្នេះ មន្រ្តី បុគ្គលិកជំនាញ គ្រប់ការិយាល័យទាំងអស់ នៃ ប.ស.ស. ត្រូវយកចិត្តទុកដាក់ ខិតខំរៀនសូត្រ និងយល់ដឹង ឱ្យបានច្បាស់ ក្នុងការអនុវត្ត តួនាទីរបស់ខ្លួន និងដើម្បីជាមធ្យោបាយ ក្នុងការផ្សព្វផ្សាយ ទៅកាន់សមាជិក ក៏ដូចជាសហគ្រាស គ្រឹះស្ថាន និងអង្គភាពពាក់ព័ន្ធទាំងអស់ ឱ្យយល់ដឹងពីអត្ថប្រយោជន៍ ដែលពួកគាត់ត្រូវទទួលបាន។

ឯកឧត្តមអគ្គនាយក បានបន្ដថា ដោយមានការយកចិត្តទុកដាក់ គិតគូរពីសុខុមាលភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំ ប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា របបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន នឹងដាក់ដំណើរការ នាពេលឆាប់ៗខាងមុខនេះ ហើយបុគ្គលដែលត្រូវគាំពារ ផ្នែកប្រាក់សោធនមានដូចជា បុគ្គលដែលស្ថិតនៅក្នុង វិស័យសាធារណៈ បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិក ធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ និងបុគ្គលស្វ័យនិយោជន៍ផងដែរ ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពី របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន នេះ មានរយៈពេញមួយថ្ងៃ ប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការចូលរួម ពីមន្រ្ដី បុគ្គលិក ប្រមាណជាង ១៦០នាក់ នៅសាលប្រជុំធំ នៃរបបសន្តិសុខសង្គម ស្នាក់ការរាជធានីភ្នំពេញ៕វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា


សិស្សានុសិស្ស ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ចៀសវាងការប្រើឧបករណ៍បាញ់អាកុល ដែលអាចបង្កជាហានិភ័យទៅលើសុខភាព

ចំនួនអ្នកទស្សនា: Views

 


MC៖ រដ្ឋមន្រ្តីក្រសួងអប់រំ បានជំរុញគ្រឹះស្ថានសិក្សាទាំងរដ្ឋនិងឯកជន ត្រូវណែនាំសិស្សានុសិស្ស ត្រូវលាងដៃឱ្យបាន ញឹកញាប់ជាមួយសាប៊ូ ចៀសវាងការប្រើឧបករណ៍បាញ់អាកុល ដែលអាចមានហានិភ័យទៅលើសុខភាព។

ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា បានណែនាំដល់គ្រឹះស្ថានសិក្សា ត្រូវអនុវត្តតាមការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO) ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ នូវការបង្ការ ការចម្លងនៃជំងឺកូវីដ-១៩ ខណៈដែលគ្រឹះស្ថានសិក្សានៅរាជធានីភ្នំពេញនិងទីរួមខេត្តកណ្តាល នឹងបើកដំណើរការឡើងវិញ នៅថ្ងៃទី២៣វិច្ឆិកាខាងមុខនេះ ក្រោយពីផ្អាកដំណើរការសិក្សា២សប្តាហ៍កន្លងមក។
ឯកឧត្តម រដ្ឋមន្រ្តីបានឱ្យដឹងថា អង្គការសុខភាពពិភពលោកបានលើកឡើងថា ការប្រើប្រាស់អាកុលដោយគ្រាន់តែបាញ់វា មិនអាចសម្លាប់មេរោគបាននោះទេ ប៉ុន្តែវាអាចធ្វើឱ្យមានហានិភ័យ ចំពោះសុខភាពសិស្ស នឹងអាចធ្វើឱ្យប៉ះពាល់ទៅដល់ ស្បែករបស់សិស្ស។ ដូច្នេះការលាងដៃជាមួយសាប៊ូគឺមានប្រសិទ្ធភាពខ្ពស់ ជាងការប្រើប្រាស់នូវឧបករណ៍បាញ់អាកុល ។

ឯកឧត្តម​បញ្ជាក់​ថា​ « សូមអនុវត្តទៅតាមសេចក្តីណែនាំរបស់អង្គការសុខភាពពិភពលោក ប្រសិនជាយើងប្រើឧបករណ៍ដូចជា បាញ់អាកុល ព្រោះការបាញ់អាកុលប៉ុណ្ណឹងវាមិនអាចងាប់មេរោគនោះទេ ហើយវានឹងបង្កើតជាបញ្ហាទៅដល់សុខភាព របស់សិស្សទៅវិញទេ ដូច្នេះសូមអនុវត្តទៅតាមអង្គការសុខភាពពិភពលោក ដោយលាងដៃជាមួយសាប៊ូឱ្យបានញឹកញាប់ ព្រោះវិធានការលាងដៃជាមួយសាប៊ូនេះ ជាវិធានការមានប្រសិទ្ធភាពជាងគេ គឺមេរោគវានឹងហូរទៅតាមទឹកតែម្ដង នេះគឺជាវិធានការដែលគេបានលើកឡើង ។ ទន្ទឹមនឹងការលាងដៃ ក៏ត្រូវថែរក្សាគម្លាត ក៏ដូចជាលើកកម្ពស់អនាម័យ នៅតាមគ្រឹះស្ថានសិក្សាដោយគិតទាំងសុខសុវត្ថិភាពចំណីអាហារផងដែរ។ ចឹងសំខាន់យើងត្រូវអនុវត្តនូវវិធានការណាដែលមានស្ដង់ដារ ហើយកុំប្រើនូវអ្វីដែលប៉ះពាល់សុខភាពរបស់កុមារ»។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ចំពោះកុមារតូច ការធ្វើអនាម័យនៅជាបញ្ហាប្រឈមនៅឡើយ ដែលទាមទារឱ្យ លោកគ្រូអ្នកគ្រូ ធ្វើការបង្ហាញ ណែនាំដល់ពួកគាត់ ឱ្យបានញឹកញាប់ ដើម្បីជាទម្លាប់ធ្វើឱ្យពួកគាត់យកតម្រាប់តាម។

សូមបញ្ជាក់ថា នៅពេលខាងមុខនេះ ក្រសួងអប់រំ យុវជន និង កីឡា នឹងត្រៀមសាងសង់កន្លែងលាងដៃ នៅតាមគ្រឹះស្ថាន សិក្សាក្នុងទូទាំងប្រទេស ដើម្បីធានាសុវត្ថិភាពដល់សិស្សានុសិស្សពីជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩នេះ៕

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes