(កណ្តាលស្ទឹង)៖ សមាគមសម្ពន្ធ័ចិន នៅកម្ពុជា ដឹកនាំដោយ លោកឧកញ៉ា ដួងតិច អនុប្រធានសមាគម និងជាប្រធានក្រុមយុវជន របស់សមាគមសម្ពន្ធ័ខ្មែរ-ចិននៅកម្ពុជា បាននាំអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៥០០គ្រួសារ មកពី១៨ឃុំ ក្នុងស្រុកកណ្ដាលស្ទឹង ដែលបានរៀបចំធ្វើឡើង នៅបរិវេណ អាហារដ្ឋានភូមិត្នោត ស្ថិតនៅឃុំជើងកើប ស្រុកកណ្ដាលស្ទឹង កាលពីព្រឹកថ្ងៃទី៣វិច្ឆិកានេះ ក្រោមវត្តមានឯកឧត្តម នៃចារី អភិបាលរង ខេត្តកណ្តាល។
លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានឱ្យដឹងថា៖ ជំនន់លិចនេះ ខេត្តកណ្តាល ទទួលឥទ្ធិពលជំនន់ទឹកភ្លៀងពីស្ថានីយ៍ពាមឃ្លៃ និងទំនប់រលាំងជ្រៃ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ហេតុនេះហើយ ទើបធ្វើអោយកំពស់ទឹកទំនប់៧មករា ក្នុងខេត្តកណ្ដាល ឡើងហួសពីកម្រិតប្រកាសអសន្ន ស្ថានភាពនេះបណ្ដាលអោយទំនប់សណ្ដរប៉ែកខាងត្បូងបណ្ដោយ ស្ទឹងព្រែកត្នោត ក្នុងសង្កាត់ស្ពានថ្ម នៃរដ្ឋបាលរាជធានីភ្នំពេញមិនអាចទ្រទ្រង់ក្នុង កម្រិតកំពស់នេះបាន ទើបបណ្ដាលអោយ ជន់លិចប៉ះពាល់ក្រុង ស្រុក ចំនួន០៣ រួមមានស្រុកកណ្ដាលស្ទឹង ស្រុកអង្កស្នួល និងក្រុងតាខ្មៅ ។ មានប្រសាសន៍នាកាសនោះ លោក ឧកញ៉ា ដួង តិចបានសំណូមពរអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលទឹកស្រក ត្រូវអនុវត្ត វិធាន របស់ក្រសួងសុខាភិបាល ដោយប្រកាន់ខ្ជាប់នូវការរស់នៅ ស្អាត ផឹកស្អាត ហូបស្អាតប្រកបដោយអនាម័យ ជាពិសេសការហូបទឹកស្អាត ឬផឹកទឹកដាំពុះដើម្បីគេចផុតពីជំងឺដង្កាត់ផ្សេងៗ។
អំណោយដែលផ្តល់ជូនគ្រួសាររងគ្រោះនាពេលនេះ មានចំនួន៥០០គ្រួសារ ដែលគ្រួសារនិមួយៗ ទទួលបាន អង្ករ២៥ គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ អំបិល២កញ្ចប់ ទឹកសុទ្ធ១កេស កន្ទេល១ ខ្នើយ២ មុង១ ភួយ២ ក្រម៉ា១និងថវិកា មួយចំនួន។ ដោយឡែកលោក ជុន វណ្ណនុត និងលោកស្រី វុធ សុជាតី ម្ចាស់អាហារដ្ឋានភូមិត្នោត បានផ្ដល់ទីតាំង និងចូលរួមឧបត្ថម្ភថវិកាចំនួន៥.០០០ ០០០៛ សម្រាប់ឧបត្ថម្ភជូនគ្រួសារងគ្រោះចំនួន ៥០០គ្រួសារ នេះផងដែរ៕ សម្រួលផ្សាយដោយ៖ ធូ កុសល
0 Comments:
Post a Comment