(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អញ្ជើញជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន»។ ពិធីសំណេះសំណាលនេះ នឹងធ្វើឡើងនៅវិមានសន្តិភាព។
«មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសបង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងគោលដៅជួយការពារក្តីជូនស្ត្រីមានជីវភាពខ្វះខាត និងមិនមានលទ្ធភាពទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់។
«មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» មានលោក គី តិច ជាប្រធាន និងមានសមាជិកសរុប ១៣៨រូប នៅគ្រប់រាជធានី-ខេត្ត។
ចាប់តាំងពីបង្កើតឡើង «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» បានធ្វើសកម្មភាពជួយការពារក្តីជូនស្ត្រីមានជីវភាពខ្វះខាត និងមិនមានលទ្ធភាពទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់ជាច្រើនករណី។ ដើម្បីសម្រួលដល់ការទាក់ទងរបស់ស្ត្រីមានបញ្ហា «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» បានប្រកាសបង្ហាញលេខទូរស័ព្ទជាសាធារណៈផងដែរ។
លោក គី តិច បានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២០ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» បានផ្តល់ការពិគ្រោះ និងជូនយោបល់ដល់ប្រជាពលរដ្ឋទូទៅ គ្រប់ករណីក្នុងក្របខណ្ឌទូទាំងប្រទេសប្រមាណ ២,៥៥០ករណី។ ក្នុងនោះសំណុំរឿងដែលបានទទួលយកមកការពារជូនស្ត្រីទន់ខ្សោយងាយរងគ្រោះ មានជីវភាពខ្វះខាត និងខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់ចំនួន ៧៤ករណី។
ក្រៅពីជួយដោះស្រាយ និងការពារក្តី «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» ក៏បានធ្វើកិច្ចការសង្គម និងមនុស្សធម៌ផងដែរ។ ដូចជាបានសហការជាមួយរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរអប្សរា សាលាដំបូង និងអយ្យការសាលាដំបូងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដាំកូនឈើក្នុងបរិវេណប្រាសាទអង្គរតូចផ្នែកខាងត្បូង។
«មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» ក៏បានជួយផ្តល់សម្ភារបរិក្ខារ គ្រឿងឧបភោគបរិភោគ និងថវិកា ដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយអគ្គិភ័យ ដោយខ្យល់កន្ត្រាក់ រងគ្រោះដោយទឹកជំនន់ទឹកភ្លៀង និងស្ត្រីមេម៉ាយ ចាស់ជរា ដែលមានជីវភាពខ្វះខាត និងបានប្រមូលថវិកាពីសមាជិក ជូនរាជរដ្ឋាភិបាលក្នុងយុទ្ធនាការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ផងដែរ៕
0 Comments:
Post a Comment