-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

បទ​យកការណ៍​! ​បញ្ញា​វ័​ន្ត​កម្ពុជា​បញ្ចេញ​ទស្សនៈ​ជុំវិញ​រដ្ឋបាល​ថ្មី​របស់​ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត ចូ បាយ​ដេ​ន​

ចំនួនអ្នកទស្សនា: Views


AKP ភ្នំពេញ ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ​២០២០–

​រដ្ឋបាល​ថ្មី​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក លោក ចូ បាយ​ដេ​ន មិនទាន់​ចូលកាន់​សេត​វិមាន​នៅឡើយ​ទេ ប៉ុន្តែ​នៅមុន​ពេលដែល​រដ្ឋបាល​ថ្មី​កើតចេញពី​ការបោះឆ្នោត​កាលពី​ថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ​២០២០ ចូលកាន់​ការងារ​នៅក្នុង​ក្នុង​រង្វង់​ខែមករា ឆ្នាំក្រោយ បញ្ញា​វ័​ន្ត​ល្បីៗ​ដែល​ជំនាញ​ខាង​កិច្ចការ​អន្តរជាតិ​កម្ពុជា​បាន បញ្ចេញ​ទស្សនៈ​និង​យោបល់​ផ្សេងៗ​គ្នា​អំពី​នយោបាយ​របស់​រដ្ឋបាល​អាមេរិក​ថ្មី​មកកាន់​កម្ពុជា អាស៊ាន ក៏ដូចជា ចិន ។

​ឯកឧត្តម​បណ្ឌិត គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​មានប្រសាសន៍ថា ” បើតាម​ខ្ញុំ​ពិនិត្យ​មើលទៅ​ខ្ញុំ​យល់ឃើញថា សម្រាប់​សហរដ្ឋអាមេរិក​ទោះបីជា​ប្រ​ធានា ធិបតី​ណាក៏ដោយ​នៅពេលដែល​ឡើងកាន់​អំណាច នយោបាយ​ក៏ដូចជា​ការ​សម្លឹងមើល​របស់​រដ្ឋាភិបាល​អាមេរិក​ចំពោះ​កម្ពុជា​គឺ​មិនមាន​អ្វី​ខុសគ្នា​ឆ្ងាយ​ពី​រដ្ឋបាល​មុន​ឡើយ ។ សហរដ្ឋអាមេរិក​ហាក់ដូចជា​មិនបាន​រៀបចំ​នយោបាយ​ការបរទេស​ពិសេស​ណាមួយ​ឲ្យ​ចំ​ចំពោះ​ប្រទេស​កម្ពុជា​នៅឡើយ​ពីព្រោះ​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​តូច​មួយ​ហើយ​បើ​គិត​អំពី​សារៈសំខាន់ និង​សារៈប្រយោជន៍​សម្រាប់​សហ​រដ្ឋ​អាមេរិក​គឺ​វា​មិនមាន​អ្វី​ធំដុំ “​។​
​ឯកឧត្តម​បណ្ឌិត​បាន​ចែករំលែក​បន្តថា សហរដ្ឋអាមេរិក​ចាប់អារម្មណ៍​នឹង​កម្ពុជា​នៅក្រោយ​ពេលដែល​ប្រទេស​ចិន​ចាប់ផ្ដើម​ពង្រីក​ឥទ្ធិពល​ខ្លាំង​នៅក្នុង​តំបន់​ក៏ដូចជា​នៅលើ​ពិភពលោក ហើយ​បញ្ហាសំខាន់​មួយទៀត​គឺ​សមាជិក​ប​ច្ចុ​ប្ប​ភាព​របស់​កម្ពុជា​នៅក្នុង​អាស៊ាន​តែម្ដង ដែលនាំអោយ​សហរដ្ឋអាមេរិក​មានការ​ចាប់អារម្មណ៍​ខ្លះ​ចំពោះ​កម្ពុជា​ដោយ​សម្លឹង​ឃើញ​នូវ​ទិដ្ឋភាព​យុទ្ធសាស្ត្រ​និង​ភូមិសាស្ត្រ​នយោបាយ​មួយចំនួន​ជាពិសេស​នៅក្រោម​រដ្ឋបាល​របស់ លោក បា​រ៉ា​ក់ អូ​បា​ម៉ា កាលពី​ឆ្នាំ ២០០៨ ដោយ​គាត់​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ឆ្ពោះ​មករក​អាស៊ី ជាពិសេស​គឺ​អាស៊ាន ។​

ឯកឧត្តម​បណ្ឌិត​បាន​បន្តទៀតថា សហរដ្ឋអាមេរិក​មើលឃើញ​កម្ពុជា​នៅក្នុងនាម​ជា​ប្រទេស​ដែលមាន​លក្ខណៈ​ស្មើមុខ​មុខស្មើ​មាត់​ជាមួយនឹង​បណ្ដា​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ផ្សេងទៀត​នៅក្នុង​អាស៊ាន​។ ដូច្នេះហើយ​បានជា​យើង​មើលឃើញថា​នៅក្នុង​រដ្ឋបាល​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា នេះ​ប្រទេស​អាស៊ាន​ជាច្រើន​ហាក់​មាន​អារម្មណ៍​មួយ​សប្បាយចិត្ត​ចំពោះ​ការយកចិត្តទុកដាក់រ​បស់​សហរដ្ឋអាមេរិក​មកកាន់​តំបន់​នេះ​។ ក៏ប៉ុន្តែ​ទំនាក់ទំនង​អាមេរិក​និង​អាស៊ាន ត្រូវបាន​រអាក់រអួល​នៅក្រោម​រដ្ឋបាល​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។​
​ឯកឧត្តម​បណ្ឌិត​បាន​បន្តថា នៅក្រោម​រដ្ឋបាល​របស់​លោក ដូ​ណា​ល់ ត្រាំ ទំនាក់ទំនង​រវាង​អាស៊ាន​និង​អាមេរិក​គឺមាន​បញ្ហា​ល្អក់កករ​មួយចំនួន​ដោយសារ​ទស្សនៈ​នយោបាយ​របស់លោក មិនសូវ​យកចិត្តទុកដាក់​និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយនិង​សម្ព័ន្ធមិត្ត​របស់ខ្លួន​។ លោក ដូ​ណា​ល់ ត្រាំ មិនបាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ម្ដង​ជា​ពីរដង​ហើយ​ការសន្យា​អញ្ជើញ​មេដឹកនាំ​អាស៊ាន​ទៅ​ជួប​ពិភាក្សាគ្នា​នៅ​អាមេរិក​ក៏ត្រូវ​បាន​ខកខាន​ដោយសារតែ​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩ កាលពីដើមឆ្នាំ កន្លងទៅនេះ​។
​ឯកឧត្តម​បណ្ឌិត​បាន​បញ្ជាក់ថា “​ដូច្នេះ​ត្រឡប់មកវិញ​ខ្ញុំ​យល់ថា​សម្រាប់​លោក ចូ បាយ​ដេ​ន ដែលជា ប្រធានាធិបតី​ជាប់ឆ្នោត​នឹង​បន្ត​នូវ កេរ្តិ៍តំណែល​នយោបាយរ​បស់​រដ្ឋបាល​លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ដែលមាន​ទំនាក់ទំនង​ជាមួយនឹង​អាស៊ាន​ក៏ដូចជា​ជាមួយនឹង​កម្ពុជា​យើង​ផងដែរ​” ។​​

តាម​ទស្សនៈវិស័យ​របស់ ឯកឧត្តម​បណ្ឌិត គិ​ន ភា នៅក្រោម​រដ្ឋបាល​ថ្មី​របស់លោក ចូ បាយ​ដេ​ន អាច​នឹងមាន​សំពាធ​នយោបាយ​ខ្លះ​មកកាន់​កម្ពុជា ជាពិសេស​គឺ​បញ្ហា​មិន​យល់​គ្នា​លើ​ផ្នែក​សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ​ពីព្រោះ លោក ជា​តំណាង​គណបក្ស​ប្រជាធិបតេយ្យ ដែលមាន​សសរស្តម្ភ​បី​សំខាន់​ដោយមាន​ទីមួយ​គឺ​បញ្ហា​សេដ្ឋកិច្ច ទី​ពីរ គឺ​បញ្ហា​សន្តិសុខ ហើយ​ទី​បី ដែលជា​គោលការណ៍​គ្រឹះ​របស់​គណបក្ស​ប្រជាធិបតេយ្យ​គឺ​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​នេះ ។​

ឯកឧត្តម​បណ្ឌិត គិ​ន ភា បាន​បន្តថា នៅក្រោម​គោលនយោបាយ​ការបរទេស​របស់ខ្លួន​ដែល ផ្ដោត​តម្លៃ​ស្នូល​ទៅលើ​បញ្ហា​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ ពេលខ្លះ​ក៏​អាច​កើតមាន​ជា​រឿង​យល់ច្រឡំ​គ្នា​មួយចំនួន​កើតមានឡើង​ផងដែរ​។ ពេលខ្លះ​ការយកចិត្តទុកដាក់​នោះ​វា​ហួស​ពី​បន្ទាប់​ក្រហម​ដោយ​ប្រែក្លាយ​ពី​គោល​គំនិត​នៃ​ការយកចិត្តទុកដាក់​ទៅលើ​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ទៅជា​បញ្ហា​ក៏​កូ​កាយ​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ​។ ហើយ​យើង​នៅចាំ​បាន​ថា ប្រទេស​យើង​កាល​ស្ថិតនៅក្រោម​ការដឹកនាំរ​ប​ស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏ដូចជា​មានការ​ជជែក​គ្នា​និង​បញ្ហា​មិនសូវ​យល់​គ្នា​មួយចំនួន​ទាក់ទិន​នឹង បញ្ហា​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​នេះ​ឡើង​ផងដែរ​។​

ឯកឧត្តម​បណ្ឌិត គិ​ន ភា បាន​បញ្ជាក់ថា “​ប៉ុន្តែ​ការពិតទៅ​វា​ក៏​អាស្រ័យ​ទៅនឹង​ប្រទេស​កម្ពុជា​យើង​ខ្លួនឯង​ផងដែរ​បើ​យើង​អាច​រក្សាបាន​នូវ​តម្លៃ​អធិបតេយ្យភាព​របស់​យើង​ហើយ​យើង​មាន​ឯកភាព​ជាតិ​រឹងមាំ​នៅ​កម្រិត​ផ្ទៃក្នុង​របស់​យើង​នោះ​យើង​គិតថា​ការ​លូកដៃ​នឹង​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ពី​សំណាក់​ប្រទេស​ដទៃ​មិនសូវ​ជាមាន​ប្រសិទ្ធភាព​នោះទេ​ហើយ​កន្លងមក​យើង​ពិនិត្យឃើញថា​រាជរដ្ឋាភិបាល​បាន​ឆ្លងកាត់​នូវ​នឹង​អាច​ជំនះបាន​នូវ​ឧបសគ្គ​ជាច្រើន ជា​បន្តបន្ទាប់​” ។​​សម្រាប់​គោលនយោបាយ​តំបន់​និង​សាកល​វិញ​នោះ ឯកឧត្តម​បណ្ឌិត គិ​ន ភា បាន​ថ្លែងថា តាម​ទស្សនៈ​របស់​ឯកឧត្តម គឺ សង្ឃឹមថា​អ្វីដែល​រដ្ឋបាល លោក ចូ បាយ​ដេ​ន នឹងធ្វើ​គឺ​លោក​នឹង​ដឹកនាំ​សហរដ្ឋអាមេរិក​ឆ្ពោះ​មករក​គោលនយោបាយ​ពហុភាគី​និយម និង​ប្រព័ន្ធ​អន្តរជាតិ​និយម​ហើយ​នាំ​សហរដ្ឋអាមេរិក ស្ដារ​មុខមាត់​និង​តម្លៃ នៅលើ​ឆាក​អន្តរជាតិ​ឡើងវិញ ។​

​ឯកឧត្តម​បណ្ឌិត គិ​ន ភា បាន​បញ្ជាក់ថា “​អ្វីដែល​ខ្ញុំ​សង្ឃឹម​គឺ​ខ្ញុំ​សង្ឃឹមថា​លោក ចូ បាយ​ដេ​ន នឹង​ដឹកនាំ​សហរដ្ឋអាមេរិក​ប៉ះប៉ូវ ក៏ដូចជា​ជួសជុល​នូវ​ទំនាក់ទំនង​ដែល​ប្រេះឆា​រវាង​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​។ ទី​ពីរ​ខ្ញុំ​ជឿថា​កិច្ចព្រមព្រៀង​មួយចំនួន​ដែល​សហរដ្ឋអាមេរិក​បាន​ចាកចេញ​នឹង​វិលត្រឡប់​មកវិញ​ដូចជា កិច្ចព្រមព្រៀង​ស្ដីអំពី​បម្រែបម្រួល​អាកាសធាតុ​នៅ​ទីក្រុង​ប៉ារីស និង​ចូលរួម​នៅក្នុង​អង្គការ​សុខភាព​ពិភពលោក​ឡើងវិញ​ជាដើម ។ រីឯ​ជាមួយ​ចិន​ខ្ញុំ​ក៏​សង្ឃឹមថា រដ្ឋបាល​ថ្មី​នឹងមិន​បន្ត​នយោបាយ​ក្តៅ ដោយ​រដ្ឋបាល​របស់លោក ដូ​ណា​ល់ ត្រាំ ។ ខ្ញុំ​សង្ឃឹមថា លោក ចូ បាយ​ដេ​ន នឹងមាន​គោលនយោបាយ​មួយ​ដែល​នឹង​ផ្ដល់​ផលប្រយោជន៍​ឈ្នះ​ទៅវិញទៅមក​មក “​។​

​ឯកឧត្តម​បណ្ឌិត ពូ សុធា​រៈ អតីត​អ្នកនយោបាយ​និង​ជា​អតីត​ឯកអគ្គរដ្ឋទូត បច្ចុប្បន្ន​ជា នាយក​ប្រតិបត្តិ វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិ​ការ​និង​សន្តិភាព បាន​មានប្រសាសន៍ថា “​ខ្ញុំ​យល់ឃើញថា​នេះ​គឺជា​ឱកាស​ថ្មី​មួយ​រវាង​កម្ពុជា​និង​សហរដ្ឋអាមេរិក ឈានទៅរក​ការ​ចាប់ដៃគ្នា​ឲ្យ​រិត​តែមាន​ទំនាក់ទំនង​ប្រសើរ​ជាង​មុន​ថែមទៀត ។ នេះ​គឺជា​ឱកាសល្អ​មួយ​ថ្មី​ដែល​កន្លងមក​នៅក្រោមរ​ដ្ឋ​បាល​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ គាត់​មាន​ទស្សនៈ​នយោបាយ​មួយ​ដែលមាន​លក្ខណៈ​ចង្អៀត ដោយ​ជាទូទៅ​គាត់​ផ្តោត​សំខាន់​តែ​ទៅលើ​ផលប្រយោជន៍​របស់​ប្រទេស​និង​ប្រជាជន​ផ្ទាល់​របស់គាត់ “​។​ ឯកឧត្តម​បណ្ឌិត ពូ សុធា​រៈ បាន​មានប្រសាសន៍​បន្តថា សម្រាប់​លោក ចូ បាយ​ដេ​ន គាត់​មិន​ដូចជា​លោក ប្រធានាធិបតី​ត្រាំ​ទេ លោក ចូ បាយ​ដេ​ន គឺជា​អ្នកដឹកនាំ​មួយរូប​ដែលមាន​លក្ខណៈ​ទូលាយ​ជាពិសេស​គឺ​ទំនាក់ទំនង​ជាមួយនឹង​អាស៊ាន​។ ដោយឡែក​សម្រាប់​ទំនាក់​ទំនង​ជាមួយនឹង​ប្រទេស​កម្ពុជា ឯកឧត្តម​បណ្ឌិត សង្ឃឹមថា​ក្រោយ​ពេលដែល​លោក ចូ បាយ​ដេ​ន ចូលកាន់​តំណែង​ទៅ​លោក​និង​ស្វែងរក​នូវ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា​និង​អាមេរិក ល្អប្រសើរ​ឡើង​ជាង​ពេល​បច្ចុប្បន្ននេះ ។

​ចំពោះ​ទស្សនៈវិស័យ​មួយចំនួន​ដែល​រំពឹងថា​នឹងមាន​ការ​រឹតបន្តឹង​ទៅលើ​បញ្ហា​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​នៅក្រោម​រដ្ឋបាល​លោក ចូ បាយ​ដេ​ន នោះ ឯកឧត្តម​បណ្ឌិត ពូ សុធា​រៈ បាន​ថ្លែងថា “​ខ្ញុំ​មិន​យល់​ពី​ឃើញ​ដូចជា​គេ​ថា​នឹង​មានការ​រឹតបន្តឹង​នោះទេ ជាទូទៅ​សហរដ្ឋអាមេរិក​មិន​ថា​ស្ថិតនៅក្រោម​រដ្ឋបាល​រប​ស់លោក​ប្រធានាធិបតី​ណា​នោះទេ​បញ្ហា​ដែល​ទាក់ទង​ជាមួយនឹង​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​តម្លៃ​សកល​ផ្សេងៗ​ទៀត​ដូចជា​នីតិរដ្ឋ តម្លាភាព ការទទួលខុសត្រូវ គណនេយ្យភាព​ជាដើម​គឺជា​រឿង​ធម្មតា ដែល​អាមេរិក​បាន​យកចិត្តទុកដាក់​ជា​យូរណាស់​មកហើយ​នេះ​មិនមែនជា​រឿង​ថ្មី​នោះឡើយ​។​ដូច្នេះ​វា​គ្មាន​អ្វីដែល​ត្រូវ​រឹតបន្តឹង ទៀត​នោះទេ​” ។​
​ឯកឧត្តម​បណ្ឌិត ពូ សុធា​រៈ​បាន​បញ្ជាក់ទៀតថា ការជួយ​លើកកម្ពស់​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​វា​គឺជា​តម្លៃ​រួមមួយ​របស់​សហរដ្ឋអាមេរិក​នោះទេ ដូច្នេះ​វា​មិនគួរ​មានការ​វែកញែក​ណាមួយ​ចំពោះ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​សហរដ្ឋអាមេរិក​នៅលើ​ផ្នែក​នេះឡើយ​។

លោក​បណ្ឌិត ឈាង វណ្ណា​រិ​ទ្ធ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) បាន​ចែករំលែក​ទស្សនៈ​របស់​លោក​តាម បណ្តាញ​សង្គម​តេ​ឡេ​ក្រាម នូវ​ចំណុច​សំខាន់ៗ​ចំនួន ៤ ទាក់ទង​នឹង​គោលនយោបាយ​របស់ លោក​ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត ចូ បាយ​ដេ​ន ។​ លោក​បណ្ឌិត​បាន​ថ្លែងថា ១. លោក ចូ បាយ​ដេ​ន នឹង​យកចិត្តទុកដាក់​បន្ថែម​ទៀត​ចំពោះ​ពហុភាគី​និយម​ពង្រឹង​ប្រព័ន្ធ​សម្ព័ន្ធភាព​និង​ស្តារ​តម្លៃ​របស់​អាមេរិក​។ ២. លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នឹង​វិលត្រឡប់​ទៅជា​គោលដៅ​នយោបាយ​ការបរទេស​ដ៏​សំខាន់​មួយ​របស់​សហរដ្ឋអាមេរិក​។ ៣. ទំនាក់ទំនង​កម្ពុជា – អាមេរិក​នឹងមាន​ស្ថេរភាព​ហើយ​គោលនយោបាយ​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​ចិន​នឹង​នៅ​ដដែល​។ ទី​៤ ការប្រកួតប្រជែង​ជា​យុទ្ធសាស្ត្រ​ជាមួយ​ចិន​នឹង​បន្ត​មាន​ភាពស្វិតស្វាញ​ប៉ុន្តែ​វា​អាច​ព្យាករណ៍​បាន​កាន់តែច្រើន​ក្រោម​ការដឹកនាំ​របស់លោក ចូ បាយ​ដេ​ន ” ៕​ ​ដោយ​៖ ហេង បញ្ញា សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes