ខេត្តកំពង់ធំ: ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ខលេខាធិការក្រសួងសុខាភិបាល បានចុះសួរសុខទុក្ខ និងនាំយកថវិកាសម្តេចតេជោ ហ៊ុនសែន ចំនួន ៦,០០០,០០០៛ ០០ ដែល ៣,០០០,០០០៛ ០០ បានប្រគល់ជូនដល់លោកតា អ៊ុក ស៊ីម ដែលមានអាយុ១០១ឆ្នាំ រស់នៅភូមិ អន្លង់ក្រាញ់ ឃុំពពក និង ៣,០០០,០០០៛ ០០ប្រគល់ជូនលោកយាយ ជុំ លីវ ដែលមានអាយុ១០៤ឆ្នាំ រស់នៅភូមិ ស្ពានគ្រង ឃុំចំណាក្រោម ស្រុក ស្ទោង ខេត្តកំពង់ធំ។
លោកជំទាវក៏បានពាំនាំផ្តាំផ្ញើការសួរសុខទុក្ខរបស់សម្តេចតេជោហ៊ុន សែន និងសម្តេចតិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលសម្តេចទាំងទ្វេតែងតែនឹករលឹកនិងយកចិត្តទុកដាល់បំផុតដល់សុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេសនិងគ្រប់ស្ថានភាពទាំងអស់ ។
ថ្លែងក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកជំទាវបានមានប្រសាសន៍ថា មានតែវ៉ាក់សាំង វិធានការបីការពារ បីកុំ និងការទទួលខុសត្រូវបុគ្គលទេទើបអាចយកឈ្នះលើកូវីដ.១៩បាន ។
លើសពីនេះលោកជំទាវបានបន្ថែមថា ថ្វីដ្បិតមកទល់នឹងពេលនេះកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារមេរោគកូវីដ.១៩បានជាង៩លានអ្នកហើយក្តី ប៉ុន្តែយើងនៅតែមានករណីឆ្លងថ្មីៗ ពីសេស ដែលជា ហេតុនេះហើយ យើងត្រូវតែមានការប្រុងប្រយ័ត្នជានិច្ច ហើយរៀនរស់ក្នុងបរិបទថ្មីទើបអាចទប់ស្កាត់ការឆ្លងមេរោគកូវីដ.១៩បានជោគជ័យបំផុត។
សូមបញ្ជាក់ថា ក្រៅពីថវិកាបីលានរៀល ដែលបានជូនដល់លោកតានិងលោកយាយខាងលើក៏នូវមានគ្រឿងឧបភោគបរិភោគមួយចំនួនទៀតផងដែរ៕
ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ
0 Comments:
Post a Comment