កំពត ៖ថ្ងៃទី២៣ខែមេសា ឆ្នាំ២០២២ក្រុមសមាជិកាព្រឹទ្ធសភា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានរៀបចំពិធីជួបសំណេះ សំណាលជាមួយនឹងសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ មកពីខេត្តកំពត និងខេត្តកែប ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ដោយមានការចូលរួមពីឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តជាស្ត្រី នៃខេត្តទាំងពីរ តំណាងរាស្រ្តខេត្តកំពត មន្ទីរជំនាញពាក់ព័ន្ធនានាជុំវិញខេត្ត សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ និងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារសរុបចំនួន២១០នាក់ នៅសាលប្រជុំសាលាខេត្តកំពត។
សូមជម្រាបថា ពិធីសំណេះសំណាលនាពេលនេះរៀបចំឡើងក្នុងគោលបំណង៖ ទី១-ដើម្បីលើកទឹកចិត្ត និងបង្កើនទំនាក់ទំនងភាពជិតស្និទ្ធរវាងក្រុមសមាជិកាព្រឹទ្ធសភាជាមួយសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់។ ទី២-រួមគ្នាក្នុងការចូលរួមពង្រឹងពង្រីកការអភិវឌ្ឍនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង ឈ្វេងយល់អំពីសភាពការណ៍រួមក្នុងមូលដ្ឋាន ការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ។ ទី៣-ការផ្តល់ឱកាសដល់សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ និងបេក្ខជន ស្រ្តីឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បញ្ចេញមតិយោបល់ សំណួរ បញ្ហាប្រឈម និងសំណូមពរ ព្រមទាំងចែករំលែកបទពិសោធន៍ក្នុងការបំពេញការងារ។ ទី៤-ការពង្រឹង និងលើកកម្ពស់សមត្ថភាពភាពក្លាហាន ក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្តរបស់បេក្ខភាពស្ត្រីឱ្យកាន់តែប្រសើរឡើង និងចូលរួមជ្រើសរើសអ្នកដឹកនាំក្រុមប្រឹក្សាឃុំ សង្កាត់ ដែលមានសមត្ថភាពពិតប្រាកដ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរ និងទី៥-លើកកម្ពស់សមភាពយេនឌ័រ និងសុខភាពសាធារណៈ ការរស់នៅ និងការធ្វើការងារតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩។ ក្នុងនាមក្រុមសមាជិកាព្រឹទ្ធសភា លោកជំទាវ មាន សំអាន បានធ្វើការកត់សម្គាល់ថា ស្ត្រីកម្ពុជាតែងទទួលបានកាលានុវត្តភាព ដោយមានការចូលរួមគ្រប់កិច្ចការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ ទាំងផ្នែកវិស័យសាធារណៈ សន្តិសុខ នយោបាយ ការទូត ឯកជន អង្គការជាតិ អន្តរជាតិ និងត្រូវបានលើកទឹកចិត្តឱ្យចាប់យកតួនាទីសំខាន់ៗដោយស្មើភាព និងគ្មានការរើសអើង។ ដោយបច្ចុប្បន្នស្ត្រីក្នុងភាពជាអ្នកដឹកនាំកាន់តែមានចំនួនកើនឡើងជាលំដាប់ ស្របទៅនឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ហើយទោះបីចំនួនស្ត្រីក្នុងជួរថ្នាក់ដឹកនាំកើនឡើងក៏ដោយ ក៏នៅពុំទាន់សមស្របទៅតាមតម្រូវការចាំបាច់។
លោកជំទាវ មាន សំអាន បានលើកទឹកចិត្ត និងក្រើនរំលឹកដ៏សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ សូមយកចិត្តទុកដាក់បន្តអនុវត្តការងារតាមតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អ និងយកចិត្តទុកដាក់បន្ថែមលើការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់។ ជាមួយគ្នានេះ លោកជំទាវ បានក្រើនរំលឹកដល់សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់មិនត្រូវភ្លេចការពារខ្លួនពីជំងឺកូវីដ-១៩ និងសូមអំពាវនាវឱ្យបងប្អូនមេត្តាបន្តអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន និងហ្មត់ចត់ ដើម្បីទទួលបានសុខភាពល្អប្រសើរ បន្តប្រតិបត្តិការងារ និងប្រកបជីវភាពប្រចាំថ្ងៃ ទៅតាមគន្លងថ្មីជាមួយ នឹងជំងឺរាតត្បាតកូវីដ-១៩ ដែលមិនទាន់រលត់សាបសូន្យនៅឡើយ។
ពិធីសំណេះសំណាលនេះបានប្រព្រឹត្តទៅរយៈពេលមួយព្រឹក ដោយមានកម្មវិធីដូចជា៖ ទស្សនាខ្សែវីដេអូ ស្តីពីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងវឌ្ឍនភាពការងាររបស់ក្រុមសមាជិកាព្រឹទ្ធសភា ឆ្នាំ២០២១។ មតិស្វាគមន៍របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងការចូលរួមមតិយោបល់ សំណួរ បញ្ហាប្រឈម និងសំណូមពររបស់សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ និងមតិយោបល់ និងការចូលរួមផ្តល់អនុសាសន៍ល្អៗពីក្រុមសមាជិកាព្រឹទ្ធសភា ពាកព័ន្ធនឹងវឌ្ឍនភាព និងការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដោយឡែកនេះផងដែរ ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ ទី៥ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាមួយនឹង ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ជួបសំណេះសំណាល និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត បងប្អូនដែលមានមុខរបរមិនទៀងទាត់ និងបងប្អូនគ្រួសារម៉ូតូឌុប សរុបចំនួន៣៥០នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ១០គីឡូ ព្រមទាំងសម្ភារមួយចំនួន៕ ដោយ៖ គង់ សិរីរ័ត្ន, ប្រភព៖ ព្រឹទ្ធសភា សម្រួលផ្សាយដោយ៖ ដារ៉ា
0 Comments:
Post a Comment