-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

អ្នកឧកញ៉ា គិត ម៉េង ស្នើឲ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន ប្រឹងប្រែងរួមគ្នាកាត់បន្ថយថ្លៃដើមនៃការធ្វើធុរកិច្ច និងជួយ SME លើបញ្ហាប្រឈម

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក្នុងឱកាសចូលរួមកិច្ចពិភាក្សា រវាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានជាមួយនឹងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន ដែលប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ បានស្នើដល់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន ខិតខំប្រឹងប្រែងរួមគ្នាកាត់បន្ថយថ្លៃដើមនៃការធ្វើធុរកិច្ច និងជួយ SME លើបញ្ហាប្រឈមនានា។

កិច្ចពិភាក្សារវាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានជាមួយនឹងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន ដែលប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន និងមានការចូលរួមពី រដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន ទេសាភិបាលធនាគាកណ្តាលអាស៊ាន អគ្គលេខាធិការអាស៊ាន មន្ត្រីជាន់ខ្ពស់នៃប្រទេសសមាជិកអាស៊ាន តំណាងពីសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងតំណាងពីស្ថាប័នពាក់ព័ន្ធ ធ្វើឡើងនៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២។

ថ្លែងក្នុងឱកាសនៃកិច្ចប្រជុំនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានជម្រាបជូន អំពីការគាំទ្ររបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ចំពោះមូលបទអាស៊ានដែលកម្ពុជា ជាប្រធាន អាស៊ានរួមគ្នាធ្វើ៖ «ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។

អ្នកឧកញ៉ាក៏បានរាយការណ៍ជូន អង្គប្រជុំអំពីអនុសាសន៍សំខាន់ៗ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ដែលផ្តោតលើចំនុចសំខាន់ៗបី គឺ៖

១៖ ការស្តារឡើងវិញនូវវិស័យធុរកិច្ច ដែលខូចខាតធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតសាកល និងការរាំងស្ទះចម្បងៗដែលកើតមានឡើងចំពោះធុរកិច្ច ជាពិសេស ចំពោះសហគ្រាសមីក្រូ សហគ្រាសធុនតូច និងមធ្យម

២៖ កិច្ចសហការឲ្យកាន់តែជិតស្និទ្ធ ក្នុងការរៀបចំជាមូលដ្ឋានគ្រឹះឆ្ពោះ ទៅកាន់អនាគតមួយប្រកបដោយចីរភាព និងកំណើនបៃតង

៣៖ កិច្ចសហការឲ្យកាន់តែរឹងមាំ រវាងរដ្ឋនិងវិស័យឯកជន ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនគារជាតិអាស៊ាន

អ្នកឧកញ៉ា គិត ម៉េង បានស្នើឲ្យមានកិច្ចប្រឹងប្រែងរួមគ្នាក្នុងការកាត់បន្ថយថ្លៃដើម នៃការធ្វើធុរកិច្ចទាំង នៅកម្រិតជាតិ និងកម្រិតតំបន់ ស្នើឲ្យមានការខិតខំរកមធ្យោបាយធ្វើឲ្យខ្សែច្រវាក់ផ្គត់ផ្គង់មានភាពធន់នឹងវិបត្តិ ក្នុងស្ថានភាពនៃបញ្ហាប្រឈមជាសាកល និងការជួយជ្រោមជ្រែងបណ្តុះបណ្តាល សហគ្រាសមីក្រូ សហគ្រាសធុនតូចនិងមធ្យមអំពីយន្តការឥណទាន ការគ្រប់គ្រងហានិភ័យ និង ការត្រៀមលក្ខណៈចំពោះគ្រោះមហន្តរាយ ដោយផ្អែកលើបទពិសោធន៍អនុវត្តន៍កន្លងមកជាសាកល។

អ្នកឧកញ៉ាបន្តថា សហគ្រាសមីក្រូ សហគ្រាសធុនតូច និងមធ្យម (SME) នៅតែប្រឈមនឹងការលំបាក និងព្យាយាមស្វែងរកមធ្យោបាយ ដែលងាយស្រួលជាងមុន ដើម្បីទទួលបាននូវសេវាកម្មធនាគារ និងធានារ៉ាប់រងតាមរយៈថ្នាលបច្ចេកវិទ្យា ដែលទាមទារចាំបាច់នូវការកសាងប្រព័ន្ធអេកូឡូស៊ីឥណទានឆ្លងដែន ដែលអាចប្រើការបាន និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

បន្ថែមពីលើនេះ អ្នកឧកញ៉ា គិត ម៉េង ស្នើឲ្យមានការត្រៀមលក្ខណៈហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ ក្នុងការទាញយកនូវផលប្រយោជន៍ និងកាលានុវត្តភាពពីទីផ្សារថ្មី ជាពិសេស ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលនឹងជួយឲ្យសេដ្ឋកិច្ចកាន់តែមានភាពធន់នឹងវិបត្តិ និងការពារពីការរាំងស្ទះដែលបណ្តាលមកពីភូមិសាស្ត្រនយោបាយ និងហានិភ័យផ្សេងៗ។

ក្នុងឱកាសនៃកិច្ចប្រជុំនេះ ក៏មានការចូលរួមធ្វើបទអន្តរគមន៍ ដោយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-ម៉ាឡេស៊ី អំពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច ដែលបង្កឡើងដោយភូមិសាស្ត្រនយោបាយ បទអន្តរាគមន៍របស់ក្រុមប្រឹក្សា

ធុរកិច្ចអឺរ៉ុប-អាស៊ាន អំពីហិរញ្ញវត្ថុបៃតងនិងចីរភាព និងបទអន្តរាគមន៍របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានអំពីអនាគតនៃឌីជីថល និងយថាទស្សន៍ទិន្នន័យ។

ក្រៅពីនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន ពីប្រទេសជាសមាជិកផ្សេងទៀត ក៏បានចូលរួមធ្វើបទអន្តរាគមន៍ឆ្លើយតបនឹងសំណើ របស់ក្រុមប្រឹក្សាធុរកិច្ច និងបានលើកឡើងអំពីបច្ចុប្បន្នភាព នៅបណ្តាប្រទេសរៀងៗខ្លួន។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន បានថ្លែងកោតសរសើរ ចំពោះការចូលលរួមដ៏សកម្មរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និង បានទទួលយកទៅពិចារណានូវរាល់អនុសាសន៍នានា ដែលក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានបានលើកឡើង។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ សមាគមន៍ធុរកិច្ច បន្តស្វែងរកនិងពង្រីកសកម្មភាព ធុរកិច្ចនិង និងវិនិយោគនៅអាស៊ាន ដើម្បីសម្រេចឲ្យបាននូវការស្តារសេដ្ឋកិច្ចប្រកបទៅដោយចរីភាព៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes