ភ្នំពេញ : ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញទៅដល់រដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព នាវេលាម៉ោង១៩ និង៣៥នាទី ល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោនេះ ត្រូវនឹងម៉ោង៦និង៣៥នាទី ព្រឹកថ្ងៃទី១១ ខែឧសភា ម៉ោងនៅរាជធានីភ្នំពេញ ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងប្រារព្វធ្វើឡើងនៅថ្ងៃទី១២-១៣ ខែឧសភា ខាងមុខនេះ។
នៅអាកាសយានដ្ឋានអន្តរជាតិ Joint Base Andrews រដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលបំផុត ពីឥស្សរជនជាន់ខ្ពស់ ពិធីការក្រសួងការបរទេសសហរដ្ឋអាមេរិក ឯកឧត្តម កែវ ជា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់សហរដ្ឋអាមេរិក និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ជាច្រើនរូប។
គួរបញ្ជាក់ដែរថា តាមកម្មវិធីដែលបានគ្រោងទុក ក្រៅពីការអញ្ជើញអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅថ្ងៃទី១២-១៣ឧសភា សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងនាមជាប្រធានអាស៊ាន និងជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក មានគម្រោងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្រ្តីវៀតណាម និងបណ្តាមេដឹកនាំអាស៊ាន សហរដ្ឋអាមេរិក ជាច្រើនរូប ពិសេសជួបសន្ទនាដោយផ្ទាល់ជាមួយ សហគមន៍ខ្មែរប្រមាណ ១ពាន់នាក់ រស់នៅសហរដ្ឋអាមេរិកផងដែរ៕ ដោយ ជឹម ណារី សម្រួលផ្សាយដោយ៖ dara
0 Comments:
Post a Comment