ភ្នំពេញ: ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បើតាមរបាយការណ៍របស់ក្រសួងការពារជាតិ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងការពារជាតិកម្ពុជា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៊ីណូហ្វាម (Sinopharm) របស់ចិន ជូនកងកម្លាំងប្រដាប់អាវុធសរុបបាន ១០.០៤៥នាក់ហើយ ក្នុងនោះនារី ៧០១នាក់។
របាយការណ៍បានឱ្យដឹងបន្ថែមទៀតថា ក្នុងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូននាយទាហាន នាយទាហានរង និងពលទាហាន ចំណុះឱ្យក្រសួងការពារជាតិ បានសរុបចំនួន ១.១៥២នាក់ នារី ២០០នាក់។
ក្រសួងការពារជាតិ បានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាមរបស់ចិន ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងមន្ទីរពេទ្យព្រះកេតុមាលា ហើយក៏នឹងបន្តចាក់នៅតាមអង្គភាពសំខាន់ៗរបស់ខ្លួនមួយចំនួនទៀត នៅពេលខាងមុខនេះ។ មេទ័ពកំពូលរបស់ជាតិ នាយទាហាន នាយទាហានរង និងពលទាហាន ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ បានចាក់វ៉ាក់សាំងនេះជាបន្តបន្ទាប់។
សូមបញ្ជាក់ថា ជំនួយវ៉ាក់សាំងរបស់មិត្តចិន ជំហានដំបូងចំនួន ៦០ម៉ឺនដូស ក្នុងចំណោម ១លានដូស ដែលផ្តល់ជូនតាមសំណើក្រសួងការពារជាតិកម្ពុជា ត្រូវបានដឹកមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ។ ចំណែក ៤០ម៉ឺនដូស ទៀត នឹងមកដល់កម្ពុជាជាបន្តបន្ទាប់។ សម្តេចតេជោ ហ៊ុន សែន ក៏បានសរសេរលិខិតទៅកាន់ ឯកឧត្តមនាយករដ្ឋមន្រ្តីចិន លី ខឺឈាង ដើម្បីស្នើសុំជំនួយវ៉ាក់សាំងបន្ថែមទៀត ក្នុងនាមរាជរដ្ឋាភិបាលផងដែរ។
បន្ទាប់ពីមកដល់កម្ពុជា វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម ត្រូវបានចាក់ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត ជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អ្នកសារព័ត៌មាន និងកងទ័ព នៅទីតាំងមួយចំនួន រួមមាន៖ មន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យព្រះអង្គឌួង, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យព្រះកេតុមាលា (សម្រាប់កងទ័ព)៕
0 Comments:
Post a Comment