(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះពិនិត្យមើលការសាងសង់ស្ពានប្រអប់ចំនួន២កន្លែង និងផ្លូវលំមួយខ្សែតភ្ជាប់ទៅកាន់តំបន់ប្រវត្តិសាស្ត្រ ផ្ទះប៉ុលពត ស្ថិតនៅចំណុចក្បាលទន្សោង ក្នុងស្រុកអន្លង់វែង ជាប់ព្រំដែនកម្ពុជា-ថៃ។
លោក ប៉ែន កុសល្យ បានថ្លែងថា ស្ពានប្រអប់ចំនួន២កន្លែង និងផ្លូវលំមួយខ្សែតភ្ជាប់ទៅកាន់តំបន់ប្រវត្តិសាស្ត្រផ្ទះប៉ុលពត ដែលកំពុងសាងសង់នេះ ជាអំណោយដ៏ថ្លែថ្លារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
លោកអភិបាលខេត្ត បានថ្លែងបញ្ជាក់ទៀតថា ចំពោះផ្ទះតាម៉ុកដែលមានទីតាំងនៅលើភ្នំដងរែក ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បច្ចុប្បន្ននេះយើងកំពុងរៀបចំកែសម្រួលផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដើម្បីឲ្យតំបន់ប្រវត្តិសាស្ត្រមួយនេះ ក្លាយជាតំបន់រម្មណីយដ្ឋានទេសចរប្រវត្តិសាស្ត្រ សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលមានបំណងចង់មកលេងកំសាន្តឱយមានភាពងាយស្រួល។
ជាមួយគ្នានេះ លោកអភិបាលខេត្តឧត្តរមានជ័យ ក៏បានផ្តាំផ្ញើ និងណែនាំបន្ថែមដល់កងកម្លាំងប្រដាប់អាវុធទាំង៣ ដែលកំពុងឈរជើងតាមព្រំដែនកម្ពុជា-ថៃ ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យមើលសកម្មភាពនានាតាមព្រំដែន ពិសេសគឺត្រួតពិនិត្យមើលការឆ្លងដែនដាច់ខាតមិនឲ្យមានការលួចឆ្លងដែនដោយខុសច្បាប់ ហើយចំពោះមេខ្យល់ដែលនាំពលរដ្ឋឆ្លងដែនដោយខុសច្បាប់ ពេលដែលចាប់បានត្រូវផ្តន្ទាទោសទៅតាមច្បាប់ ដោយមិនអត់ឱនអោយជាដាច់ខាត៕
0 Comments:
Post a Comment