(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបញ្ជាឲ្យកម្លាំងជំនាញបង្ក្រាបបទល្មើសគ្រឿនញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយជំនាញនៃស្នងការដ្ឋានគរបាលរាជធានីខេត្ត តាមចាប់ខ្លួន មេក្លោងជួញដូរថ្នាំញៀនជនជាតិចិនម្នាក់ ដែលបានរត់គេចខ្លួនបាត់ ពេលមន្ទីរពន្ធនាគារដឹកទៅព្យាបាល នៅមន្ទីរពេទ្យរុស្ស៊ី នៅយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។
មេក្លោងជួញដូរគ្រឿងញៀននេះ មានឈ្មោះ HE YI RI ភេទប្រុស កើតនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៦៤ ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួន បានថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០កន្លងទៅជាមួយនឹងបក្ខពួករបស់គេជនជាតិចិន ៣នាក់ផ្សេងទៀត។
សូមជម្រាបថា កាលពីយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ដោយកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងឈានទៅបង្រ្កាបករណីគ្រឿងញៀន ២គោលដៅផ្សេងគ្នា។
គោលដៅទាំង២រួមមាន៖
* ទី១៖ នៅចំណុចក្បែស្ថានទូតអូស្រ្តាលី ផ្លូវចូលទៅកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
* ទី២៖ នៅចំណុច អាផាតធឺម៉ិន សុភា ផ្ទះលេខ១៥ ផ្លូវ ៣៥២ ស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។
លទ្ធផលនៃការប្រតិបត្តិការនេះរួមមាន៖
* ឃាត់ខ្លួនជនសង្ស័យ៤នាក់៖
១៖ ឈ្មោះ LEE SHAOFENG ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិ ចិន(តៃវ៉ាន់)។
២៖ ឈ្មោះ HE YI RI ភេទប្រុស កើតថ្ងៃទី ១៦ ខែមិថុនា ១៩៦៤ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ G45794394 ។
៣៖ ឈ្មោះ ZHANG JUN ភេទ ប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន។
៤៖ ឈ្មោះ CAI TAO ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិ ចិន។
* ចាប់យកវត្ថតាងសរុបរួមមាន៖
១៖ សារធាតុញៀនសរុបទម្ងន់ជាង៧គីឡូក្រាម គឺ៖
- កេតាមីន(Ketamine) ជាង៥គីឡូក្រាម
- ម៉េតំហ្វេតាមីន(ICE) ជាង២គីឡូក្រាម
- ហេរ៉ូអ៊ីន(Heroin) ០.៣១ក្រាម
- អ៊ិចស្តាស៊ី(MDMA) ២៥.៧៥ក្រាម
២៖ សារធាតុគីមីផ្សំ សរុបទម្ងន់ជាង១០៩គីឡូក្រាម គឺ៖
- សារធាតុគីមីផ្សំ ៤ ប្រភេទ (ស្ថិតក្នុងតារាង៤) ជាង១៦ គីឡូក្រាម
- សារធាតុគីមីផ្សំ ៩ ប្រភេទ (គ្មានក្នុងតារាង) ជាង៩៣ គីឡូក្រាម៕
0 Comments:
Post a Comment