(រតនគិរី)៖ ស្នងការនគរបាលខេត្តរតនគិរី លោកឧត្តមសេនីយ៍ទោ យិន ចំណាន នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបន្ដប្រជុំដាក់ផែនការបន្ទាន់ភ្លាមៗ ដល់កងកម្លាំងនគរបាលវរការពារព្រំដែន ដើម្បីទប់ស្កាត់ការនាំចូលជំងឺកូវីដ-១៩ ពីប្រទេសវៀតណាម។
ការប្រជុំដាក់ផែនការជាបន្ដបន្ទាប់នេះ គឺគោរពតាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ថង សាវុន អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដើម្បីទប់ស្កាត់ការលួចឆ្លងដែនពីប្រទេសវៀតណាម ខណៈប្រទេសវៀតណាមកំពុងផ្ទុះជំងឺកូវីដ-១៩ សារជាថ្មី។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ យិន ចំណាន បញ្ជាកម្លាំងនគរបាលវរការពារព្រំដែនទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់កុំ ឲ្យមានប្រជាពលរដ្ឋប្រទេសទាំងសងខាង លួចឆ្លងដែនចេញចូលសំដៅទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ហើយបើមានការចាំបាច់ត្រូវឆ្លងចូលមក ត្រូវតែបង្ខំឲ្យធ្វើចត្តាឡីស័កជាដាច់ខាត ដោយគ្មានការលើកលែងនោះឡើយ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បាននាំអំណោយអង្ករចំនួន៨០បេរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន, ថវិកា២លានរៀលរបស់លោក ថង សាវុន អភិបាលខេត្តរតនគិរី និងគ្រឿងបរិភោគមួយចំនួនទៀត មកពីការចូលរួមរបស់សាខាគយ និងរដ្ឋាករខេត្ត និងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវដូចជា មី, ស្ករស និងប៊ីចេង ជូនកម្លាំងវរការពារព្រំដែនលេខ៦២៣ និង២០៣ផងដែរ។
ក្រៅពីនេះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានក្រើនរំលឹក និងណែនាំកងកម្លាំងនគរបាលទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ឲ្យបានម៉ឺងម៉ាត់ដើម្បីការពារ ទប់ស្កាត់ជំងឺកូវីដ-១៩។
គួរជម្រាបថា កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវបទបញ្ជា ម៉ឺងម៉ាត់ថ្មីមួយទៀត ដោយណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងកងកម្លាំងប្រដាប់ អាវុធផងដែរ ឲ្យទប់ស្កាត់កុំឲ្យមានការឆ្លងជំងឺកូវីដ១៩ ពីប្រទេសវៀតណាម ចូលមកក្នុងប្រទេសកម្ពុជា។ ក្នុងសារសំឡេងនេះសម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យមានការធ្វើចត្តាឡីស័ករាល់ឆ្លងព្រំដែនប្រទេសទាំងពីរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំទៅដល់ក្រសួងសុខាភិបាល ត្រូវផ្គត់ផ្គង់ទៅបណ្តាខេត្តនៅជាប់ព្រំដែនវៀតណាម។ ជាមួយគ្នានេះខេត្តជាប់ព្រំដែនវៀតណាម ត្រូវពិនិត្យមើលមានអ្វីខ្វះខាត ហើយលើកសំណើមកក្រសួងសុខាភិបាល ដើម្បីជួយរៀបចំធ្វើចត្តាឡីស័ក៕
0 Comments:
Post a Comment