(ភ្នំពេញ)៖ សមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានរៀបចំកិច្ចប្រជុំមួយ ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់ ដើម្បីជំរុញការបង្កើនផលិតភាព និងគុណភាពស៊ីម៉ងតិ៍ខ្មែរ ខណៈដែលតម្រូវការនៅតែស្ថិតនៅក្នុងអត្រាខ្ពស់ ទោះបីជាស្ថិតនៅក្នុងស្ថានភាព កូវីដ១៩យ៉ាងណាក្តី។
លោក ពុត ចន្តារិទ្ឋ អគ្គលេខាធិការ សមាគមឧស្សាហកម្មស៊ីម៉ងតិ៍ បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា កិច្ចប្រជុំនេះ ដឹកនាំដោយ អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាលសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ដោយមានការចូលរួម ពីថ្នាក់ដឹកនាំក្រុមហ៊ុនស៉ីម៉ងតិ៍ចំនួន៥ រួមមាន៖ ១៖ ក្រុមហ៊ុនកំពត ស៊ីមេន (Kampot cement co.,Ltd), ២៖ ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee Cement Corporation), ៣៖ ក្រុមហ៊ុនស៊ីម៉ង់ត៍ ចក្រីទីង (Cambodia Cement Chakrey Ting Factory Co., Ltd) ៤៖ ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន (Battambang Conch Cement Company Limited) និង ៥៖ ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត (Thai Boom Roong Cement Co.,Ltd) ជាដើម។
ក្នុងនាមជាប្រធានសមាគម អ្នកឧកញ៉ា លាង ម៉េង បានថ្លែងអំណរគុណ និងកោតសរសើរដល់ ក្រុមហ៊ុនស៉ីម៉ងតិ៍ ដែលជាសមាជិកសមាគមទាំងអស់ ដែលបានខិតខំផលិត និងបង្កើតគុណភាពស៊ីម៉ងតិ៍របស់ខ្លួន ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួមលើកស្ទូយវិស័យសំណង់នៅកម្ពុជា។
ទន្ទឹមនឹងនេះ អ្នកឧកញ៉ា បានផ្តួមផ្តើមឱ្យសមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា ខិតខំស្វែងរកវត្ថុធាតុដើមបន្ថែម ដើម្បីបង្កើតជាផ្សំឱ្យស៊ីម៉ងតិ៍កម្ពុជា កាន់តែមានគុណភាពពិសេសថែមទៀត ដើម្បីពង្រីកទីផ្សារ និងចូលរួមចំណែកលើកកម្ពស់គុណភាពសំណង់នៅកម្ពុជា កាន់តែល្អប្រសើរឡើង។
ជាថ្មីម្ដងទៀត សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា (CCMA) បានកោតសរសើរ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ដល់វិស័យឧស្សាហកម្ម ក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេស បាន នឹង កំពុងសាងសង់ហេដ្ឋារចនាសម្ពន្ឋ ដូច ជាផ្លូវក្នុងខេត្តព្រះសីហនុ ខេត្តសៀមរាប ក៏ដូចជាខេត្តក្រុងទូទាំងព្រះរាជាណាចក្រកម្ពុជា ផងដែរ ។
ជាមួយគ្នានេះ សមាគមក៏បានគោរព និងកោតសរសើរ ជាមួយនឹងវិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព ក៏ដូចជាវិធានការនានា ដើម្បីទ្រទ្រង់ដល់សេដ្ឋកិច្ចកម្ពុជាផងដែរ៕
0 Comments:
Post a Comment