(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាង កិច្ចព្រមព្រៀងក្របខ័ណ្ឌ Framework Agreement ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PP-LC) នៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ជាន់ខ្ពស់ មន្ត្រីបច្ចេកទេសក្រសួង និងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យនិងពិភាក្សា លើសេចក្តីព្រាងកិច្ចព្រមព្រៀងក្របខ័ណ្ឌ ក៏ដូចជាប្រមូលធាតុចូលបន្ថែមទៀតពីគ្រប់ស្ថាប័នពាក់ព័ន្ធសំដៅឱ្យកិច្ចព្រមព្រៀង នេះមានខ្លឹមសារជាគតិយុត្តិគ្រប់ជ្រុងជ្រោយអាចទទួលយកបានពីគ្រប់ភាគី ជាពិសេសបម្រើឱ្យប្រយោជន៍ជាតិជារួមស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ គឺជាមជ្ឈមណ្ឌលដ៏មានសក្ដានុពលក្នុងការលើកស្ទួយវិស័យដឹកជញ្ជូនឱ្យកាន់តែ មានប្រសិទ្ធភាព និងមានលក្ខណៈប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់ និងសកលលោកទាំងថ្លៃ និងសេវាកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន និងសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្ដល់ធាតុចូលដ៏មានតម្លៃបំផុតរបស់អង្គប្រជុំ ក្នុងបុព្វហេតុ ឱ្យការរៀបចំកិច្ចព្រមព្រៀងនេះមានសង្គតភាពទៅនឹងបរិបទច្បាប់សង្គម និងសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងអនាគតវែងឆ្ងាយ ព្រមទាំងបានណែនាំ ក្រុមការងារចំពោះកិច្ច ធ្វើការងារនេះឱ្យបានស្អិតរមួតជាមួយភាគីពាក់ព័ន្ធ និងក្រុមហ៊ុនវិនិយោគ សំដៅឱ្យគម្រោងនេះមានដំណើរការរលូនស្របតាមកាលវិភាគ ដែលបានគ្រោងទុក៕
0 Comments:
Post a Comment