(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង និង លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពិភាក្សាគ្នាអំពីការបើកយុទ្ធនាការ១៥ថ្ងៃ ដើម្បីចាក់វ៉ាក់សាំង Astra Zeneca ដល់មនុស្សចាស់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង នៅក្នុងបណ្តាខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យមន្ទីរពេទ្យទាំងអស់ផ្អាកការចាក់វ៉ាក់សាំង Astra Zeneca នេះដល់អ្នកដែលមានអាយុក្រោម៦០ឆ្នាំជាបណ្តោះអាសន្នសិន ដើម្បីទុកលទ្ធភាពក្នុងការចាក់វ៉ាក់សាំងដល់មនុស្សចាស់ ចាប់ពីអាយុចាប់ពី៦០ឆ្នាំឡើង។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ប្រសិនបើអ្នកទាំងនោះទទួលវ៉ាក់សាំងដូសទី១ហើយ ត្រូវបន្តអនុញ្ញាតឱ្យគាត់ទទួលបានដូសទី២ បន្តទៀតផងដែរ ដោយសារវ៉ាក់សាំងមិនអាចចាក់តែ១លើកទេ។
តាមរយៈសារសំឡេងមួយ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំសូមឱ្យគ្រប់មន្ទីរពេទ្យដែលកំពុងដំណើរការចាក់វ៉ាក់សាំង គឺមិនបន្តចាក់វ៉ាក់សាំង Astra Zeneca ជូនអ្នកដែលមិនដល់អាយុ៦០ឆ្នាំ វៀលែងតែមានការអនុញ្ញាតរួចហើយ»។
សម្តេចបានបន្តថា កន្លងទៅឱ្យតែមានមនុស្សចូលទៅ ក្រុមគ្រូពេទ្យបានផ្តល់ដោយមិនបានគិតដល់គោលនយោបាយវ៉ាក់សាំងរបស់កម្ពុជា ដែលបានបែងចែកឱ្យ ស៊ីណូហ្វាមចាក់សម្រាប់អ្នកមានអាយុពី១៨ ដល់៥៩ឆ្នាំ និង Astra Zeneca ចាក់ពី៦០ឆ្នាំឡើងលើ។
សម្តេចក៏បានបញ្ជាក់ដែរថា យុទ្ធនាការចាក់វ៉ាក់សាំង Astra Zeneca រយៈពេល១៥ថ្ងៃនេះ មិនមែនចាប់ផ្តើមនៅថ្ងៃនេះទេ តែត្រូវចាប់ផ្តើមនៅពេលដែល លោកស្រី ឱ វណ្ណឌីន និងលោក ឃួង ស្រេង ប្រកាសរៀបចំរួចរាល់ ដោយសារតែការខចាក់វ៉ាក់សាំងនេះ ត្រូវធ្វើនៅនៅក្នុងខណ្ឌនីមួយៗក្នុងរាជធានីភ្នំពេញតែម្តង។
«យើងអត់មានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់នោះទេ ប៉ុន្តែយើងត្រូវបន្តខិតខំដើម្បីរកវ៉ាក់សាំងចាក់ដល់ពលរដ្ឋរបស់យើង យ៉ាងហោចណាស់ឱ្យបាន១០លាននាក់ ដែលពេលខាងមុខនេះវ៉ាក់សាំងដែលនឹងបានមកជាបន្តបន្ទាប់»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ។
សម្តេចតេជោ ហ៊ុន សែន បានហាមឃាត់មិនឱ្យមានការមកដណ្តើមចាក់វ៉ាក់សាំងពីមនុស្សចាស់ ដោយជនអាយុក្រោម៦០ឆ្នាំ នៅក្នុងយុទ្ធនាការនេះផងដែរ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ដែរថា ការចាក់វ៉ាក់សាំងមិនគិតថ្លៃដល់ពលរដ្ឋ មិនមានការរើសអស់ផ្នែកនយោបាយនោះទេ។
សូមបញ្ជាក់ថា វ៉ាក់សាំង Astra Zeneca ដែលជាជំនួយរបស់អង្គការសុខភាពពិភពលោកផ្តល់មកកម្ពុជាតាមរយៈយន្តការកូវ៉ាក់ជាង ៣២ម៉ឺនដូស គឺនៅសល់ចំនួន១១១៤០០ដូស ដែលអាចចាក់បានសម្រាប់ប្រជាជនចំនួន ៥៥៧០០នាក់៕
0 Comments:
Post a Comment