ចំពោះវ៉ាក់សាំង AstraZeneca ដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងមន្ត្រីជាន់ខ្ពស់កម្ពុជាបានចាក់នោះ ត្រូវបានដឹកមកដល់កម្ពុជាក្នុងជំហានទី១ មានចំនួន ៣២៤ ០០០ដូស គឺជាចំនួនដូសមកដល់ដំបូង ក្នុងចំណោមវ៉ាក់សាំងសរុប ១ ១០០ ០០០ដូស ដែលមជ្ឈមណ្ឌលវ៉ាក់សាំង (COVAX Facility) នឹងផ្ដល់ជូនប្រទេសកម្ពុជា នាដំណាក់កាលនៅត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២១។ ប្រទេសកម្ពុជាត្រូវបានរំពឹងទុកថា នឹងត្រូវបានទទួលវ៉ាក់សាំង២០ភាគរយ នៃប្រជាជនសរុប ប្រហែល៧លានដូស ដែលជាជំនួយឥតសំណងរបស់មជ្ឈមណ្ឌល COVAX នឹងត្រូវដឹកជញ្ជូនមកជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២១នេះ។ មជ្ឈមណ្ឌលCOVAX ដែលជាយន្តការសកល ដឹកនាំដោយអង្គការសុខភាពពិភពលោក សហការជាមួយអង្គការយូនីសេហ្វ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាតាំងពីដំបូង បានជំរុញឱ្យកម្ពុជាបានស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេ ក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលទទួលបានវ៉ាក់សាំងកូវីដ-១៩ ឈ្មោះ AstraZeneca ពីមជ្ឈមណ្ឌល COVAX។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់មានបំណងចាក់វ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយរបស់ចិនផងដែរ។ ប៉ុន្តែត្រូវបានអាក់ខានទៅវិញ ដោយសារតែវ៉ាក់សាំងនេះ បានកំណត់អាយុរបស់អ្នកចាក់ត្រឹម៥៩ឆ្នាំប៉ុណ្ណោះ។ ដោយឡែកវ៉ាក់សាំង អាស្ត្រាហ្សេនីកា មិនបានកំណត់អាយុអ្នកចាក់នោះឡើយ។ ហេតុដូច្នេះទើបសម្តេចតេជោនាយករដ្ឋមន្ត្រី សម្រេចចាក់វ៉ាក់សាំងនេះ។ ដំណើរការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ គឺជាយន្តការ និងវិធីសាស្ត្រថ្មីមួយទៀត ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ហើយការចាក់វ៉ាក់សាំង ក៏ជាក្តីសង្ឃឹមមួយសម្រាប់ប្រទេសនីមួយៗ ក្នុងការបើកដំណើរការប្រទេស និងស្តារសេដ្ឋកិច្ចក្នុងប្រទេសឡើងវិញផងដែរ។
គួរបញ្ជាក់ផងដែរថា ព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ លើកដំបូងកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដែលជាវ៉ាក់សាំងស៊ីណូហ្វាម ជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលគិតមកដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងដល់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ បានចំនួនប្រមាណ ១២៥ ៦៦៨នាក់ ខណៈអ្នកចាក់លើកទី២ មានចំនួន ៧ ៦៨៦ នាក់៕
ដោយ៖ ជឹម ណារី, សម្រួលផ្សាយ៖ កន ចំណាន
0 Comments:
Post a Comment