ភ្នំពេញ: ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានគូសបញ្ជាក់ថា ក្រុមវេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យរបស់កងទ័ពចំនួន៣៥០នាក់ សុទ្ធតែមានជំនាញបានត្រៀម ខ្លួនរួចជាស្រេច ដើម្បីទទួលនូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការចូលរួមព្យាបាលអ្នកជំងឺកូវីដ-១៩។ ការលើកឡើងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ក្នុងឱកាសសម្តេចអមដំណើរសម្តេចតជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលម្អស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ និងបន្តចុះទៅពិនិត្យមន្ទីរពេទ្យនគរទេព ដែលជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។
សម្តេចពិជ័យសេនា ទៀ បាញ់ បានអះអាងថា “តាមបទបញ្ជា និងការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន មុននេះគឺយើងខ្ញុំទាំងអស់គ្នាបានរៀបចំទទួលភារកិច្ចដ៏មានសារៈសំខាន់របស់ប្រទេសជាតិយើង ឥឡូវនេះគឺជាជំហានដំបូង ក្រុមការងារក៏ដូចជាក្រុមសម្របសម្រួល គណៈគ្រប់គ្រងចំនួនក្រុមវេជ្ជបណ្ឌិត បុគ្គលិកពេទ្យ គឺបានរៀបចំរួចរាល់អស់ហើយ”។ សម្ដេចពិជ័យសេនាបានបន្ដថា សមត្ថភាពរបស់ក្រុមវេជ្ជបណ្ឌិតកងទ័ព ដែលបណ្តុះបណ្តាលកន្លងមកអាចធានារ៉ាប់រងតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នឹងអាចបំពេញបានយ៉ាងល្អនាពេលខាងមុខនេះ។ សម្តេចពិជ័យសេនាបានបញ្ជាក់ថា ក្រុមវេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ របស់កងទ័ពដែលបានរៀបចំរួចរាល់ ដើម្បីត្រៀមទទួលនូវបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន មានចំនួន៣៥០ នាក់ ត្រូវបានរៀបចំចំនួន ៣០ ក្រុមជាជំហានដំបូង ប៉ុន្តែសម្រាប់ក្រុមដំបូង គឺមកតាមតម្រូវការ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ក្រុមវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យកងទ័ព គឺសុទ្ធ តែទទួលបានការបណ្តុះបណ្តាលជំនាញយ៉ាងច្បាស់លាស់ ដោយមានការជួយជ្រោមជ្រែងពីសំណាក់ក្រុមវេជ្ជបណ្ឌិតរបស់ក្រសួងសុខាភិបាល ដែលសុទ្ធតែមានបទពិសោធន៍ព្យាបាលជំងឺកូវីដ-១៩ កន្លង មកនេះ។ សម្តេចពិជ័យសេនាបានបន្ថែមថា សម្រាប់បណ្តុះបណ្តាលដល់ក្រុមវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យកងទ័ពលើមុខជំនាញព្យាបាលជំងឺកូវីដ-១៩ មកដល់ពេល នេះមិនទាន់បានបញ្ចប់នៅឡើយទេ ខណៈនៅប៉ុន្មានថ្ងៃខាងនេះនឹងមានបើកវគ្គបណ្តុះ បណ្តាលបន្ថែមទៀត ព្រោះកន្លងមកក្រុមវេជ្ជបណ្ឌិតរបស់ កងទ័ពមិនទាន់មានបទ ពិសោធន៍ខ្លាំងនៅឡើយទេចំពោះការគ្រប់គ្រង និងព្យាបាលជំងឺកូវីដ-១៩នោះទេ។
សូមរម្លឹកថា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យយកសណ្ឋាគារចំនួនពីរ នៅរាជធានីភ្នំពេញ ដើម្បីធ្វើជាមន្ទីរពេទ្យដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩។ ការគ្រប់គ្រងមន្ទីរពេទ្យនេះ ត្រូវប្រគល់ឱ្យកងទ័ពរៀបចំ និងគ្រប់គ្រង ដោយប្រើប្រាស់គ្រូពេទ្យ និងវេជ្ជបណ្ឌិតកងទ័ព ហើយកម្លាំងសល់ពីនោះ ក៏ត្រូវរៀបចំ ដើម្បីត្រៀមអន្តរាគមន៍ ទៅកាន់គោលដៅ ដែលមានហានិភ័យខ្ពស់។កម្លាំងគ្រូពេទ្យកងទ័ព ក៏ត្រូវប្រគល់ជូនមេបញ្ជាការកងទ័ពជើងគោកគ្រប់គ្រង និងដឹកនាំ ចាត់ចែង និងប្រើប្រាស់។ ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំទៅ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំផ្គត់ផ្គង់របបឧបត្ថម្ភដល់ក្រុមប្រតិបត្តិការនេះផងដែរ៕ដោយ រិទ្ធី ប្រភព៖ ក្រសួងការពារជាតិ
0 Comments:
Post a Comment