BREAKING: សម្តេចតេជោ ហ៊ុន សែន ផ្តល់
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ចេញថវិកាសប្បុរសធម៌ ដោយផ្តល់ជូនដល់រាជធានី-ខេត្ត ដែលរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរចំនួន៦ ក្នុងមួយរាជធានី-ខេត្តចំនួន១០ម៉ឺនដុល្លារ តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ដើម្បីដោះស្រាយបញ្ហាចំពោះមុខ។ នេះបើតាមការបញ្ជាក់របស់លោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន នៅមុននេះបន្តិច។
បើតាមលោកទេសរដ្ឋមន្រ្តី គន់ គីម, រាជធានី-ខេត្តចំនួន៦ ដែលនឹងត្រូវទទួលបានថវិកាដើម្បីដោះស្រាយបញ្ហាចំពោះមុខនាពេលនេះ មានខេត្តបាត់ដំបង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ កំពង់ស្ពឺ និងរាជធានីភ្នំពេញជាដើម។
សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀង ដែលបង្កឡើងដោយព្យុះបន្តបន្ទាប់កន្លងមកនេះ បាននិងកំពុងវាយលុក នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា បង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិរដ្ឋ-ឯកជនមួយចំនួនផងដែរ។
ឆ្លើយតបនឹងស្ថានភាពនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ជំរុញឱ្យក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់សង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងជំរុញចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំងក្នុងការចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋ តាមភូមិសាស្ត្រ ដែលទទួលខុសត្រូវ ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវការលំបាក និងផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនានា។
ជាមួយនឹងការអំពាវនាវ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណផងដែរ ដល់សប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភជួយដល់ប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង តាមរយៈរាជរដ្ឋាភិបាលកម្ពុជា៕
0 Comments:
Post a Comment