-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

លោក ស្តើង សុខុម ប្រាប់ក្រុមការងារចុះជួយស្រុកកំចាយមារ ពង្រីកការធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាជូនពលរដ្ឋ

ចំនួនអ្នកទស្សនា: Views


(ព្រៃវែង)៖ លោក ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកំចាយមារ បានកត់សម្គាល់ថា វេទិកាសាធារណៈជាមធ្យោបាយដ៏ល្អប្រសើរមួយ សម្រាប់ស្វែងរកការលំបាក និងបញ្ហារបស់ប្រជាពលរដ្ឋ ហើយឆ្លើយតបបានប្រកបដោយប្រសិទ្ធភាព។ ក្នុងន័យនេះលោកជំរុញឱ្យក្រុមការងារបន្តពង្រីកការធ្វើវេទិកាសាធារណៈនេះ ដើម្បីក្តាប់បាននូវបញ្ហា និងដាក់វិធានការដោះស្រាយជូនប្រជាពលរដ្ឋ។

លោក ស្តើង សុខុម បានណែនាំបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែឆ្នាំ២០២០ និងកំណត់ទិសដៅអនុវត្តបន្តសម្រាប់ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំចាយមារ នាព្រឹកថ្ងៃទី២៨ ខែតុលាឆ្នាំ២០២០ នៅសាលប្រជុំសាលាស្រុកកំចាយមារ។ ពិធីនេះត្រូវបានធ្វើឡើងដោយមានការចូលរួមពីប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ឃុំ និងភូមិ។

បន្ទាប់បីបានស្តាប់របាយការណ៍បូលសរុបការងាររយៈពេល៩ ខែដែលអានដោយលោក សឿង សុជាតិ អភិបាលស្រុកកំចាយមាររួចមកលោកបណ្ឌិត ស្តើង សុខុម ក៏បានអនុញ្ញាតឲ្យសមាជិកដែលចូលរួមក្នុងកិច្ចប្រជុំអាចលើកឡើងនូវមតិយោបល់ចំពោះការងារដែលបានអនុវត្តរយៈពេល៩ ខែកន្លងមក ដើម្បីជាធាតុចូលសម្រាប់ការកំណត់នៃទិស ដៅបន្តអនុវត្តន៍នាពេលខាងមុខបន្តទៀត។

លោកបណ្ឌិតប្រធានក្រុមការងាររាជរដ្ឋាភិបាល បានលើកឡើងអំពីសេណារីយ៉ូការងារដែលបានដាក់ចេញកន្លងមក ដោយលោកបានបញ្ជាក់ថាឆ្នាំ២០២០ គឺជាការចាប់ផ្តើមពិនិត្យសង្កេតការងារដែលបានអនុវត្ត និងលើកគម្រោងវិធានការសម្រាប់បន្តអនុវត្តការងារនៅឆ្នាំ២០២១ ដែលជាឆ្នាំដែលត្រូវខិតខំពុះពារដោះស្រាយបញ្ហាប្រឈមទាំងឡាយឲ្យខានតែបាន។

លោកបណ្ឌិត ក៏បានជម្រាបជូនដល់អង្គប្រជុំអពីបញ្ហាបច្ចុប្បន្នភាព និងវឌ្ឍនភាពរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធជំងឺកូវីដ១៩ និងគ្រោះទឹកជំនន់។ សម្រាប់បញ្ហានេះ លោក ស្តើង សុខុម បានជម្រាបអង្គប្រជុំថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ និងដោះស្រាយបានយ៉ាងល្អទាំងបញ្ហាជំងឺកូវីដ១៩ ដោយមិនមានអ្នកស្លាប់ និងឆ្លងចូលសហគមន៍។ សម្រាប់គ្រោះទឹកជំនន់វិញ សម្តេចតេជោ ហ៊ុន សែន បានចុះសួរសុខទុក្ខដោយផ្ទាល់ពលរដ្ឋរងគ្រោះនៅរាជធានីភ្នំពេញ និងខេត្តបន្ទាយមានជ័យ។ សម្តេចតេជោ បានដាក់បទបញ្ជានូវកិច្ចអន្តរាគមន៍បន្ទាន់ ដើម្បីស្តារជីវភាពពលរដ្ឋឡើងវិញក្រោយទឹកស្រកទៅវិញ។

ពាក់ព័ន្ធសកម្មភាពការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំចាយមារ លោកបណ្ឌិត ស្តើង សុខុម បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំរបស់ក្រុមការងារទាំងអស់ ដែលបានចូលរួមចំណែកជួយដល់សង្គមជាតិនាពេលក្លងមក ធ្វើឲ្យស្រុកមានសមិទ្ធផលថ្មីៗ និងជីវភាពរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើង។ វឌ្ឍនភាពនេះ ពិតជាមានការគោរពចំពោះកាយវិការ និងការដឹកនាំចង្អុរបង្ហាញរួមទាំងការបរិច្ចាគនូវថវិកាជាអំណោយ និងជាជំនួយសម្រាប់ការសាងសង់សមិទ្ធផលសង្គមជាច្រើននៅក្នុងស្រុកកំចាយមារពីសំណាក់សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួមហាផ្ទៃនិងលោកជំទាវដែលជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង។

នៅក្នុងកិច្ចប្រជុំដែលមានលក្ខណៈបែបប្រជាធិបតេយ្យដោយមានការចោទឆ្លើយគ្នារវាងប្រធានអង្គប្រជុំ និងសមាជិកចូលរួមមានបញ្ហាប្រឈមមួយចំនួនត្រូវបានលើកឡើងដែលក្នុងនោះរួមមានបញ្ហាមិនប្រក្រតីក្នុងការជ្រើសរើសគ្រួសារក្រីក្រដែលត្រូវទទួលជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល។

លោកប្រធានក្រុមការងាររាជរដ្ឋាភិបាលបានធ្វើការណែនាំឲ្យមន្រ្តីក្រុមការងារ និងរដ្ឋបាលស្រុក ត្រូវធ្វើការងារដោយមានការឯកភាពផ្ទៃក្នុងខ្ពស់ដោយត្រូវកំណត់គោលការណ៍ឲ្យបានច្បាស់ចំពោះមុខសញ្ញាដែលត្រូវទទួលជំនួយ និង មិនត្រូវប្រកាន់និន្នាការនយោបាយនោះទេ។

លោកបណ្ឌិត ស្តើង សុខុម បានលើកឡើងថា នៅក្នុងសង្គមមួយវាមិនខុសគ្នាពីគ្រួសារមួយនោះទេភាពច្រណែន ភាពលោភលន់ចង់បាននៅតែកើតមានទោះបីថា ខ្លួនមានហើយក្តីក៏នៅតែចង់បាន គឺជៀសមិនផុតទេ ក៏ប៉ុន្តែមិនបានសេចក្តីថា ទុកឲ្យនៅបែបនេះទេត្រូវតែមានវិធានការដោះស្រាយ។ ដើម្បីឲ្យមានយុត្តិធ៌មចំពោះជនក្រីក្រ ក្រុមការងារត្រូវប្រកាន់យកគោលការណ៍អភិបាលកិច្ចល្អ គោលការណ៍តម្លាភាព គោលការណ៍សមធ៌ម គោលការណ៍យុត្តិធម៍មកធ្វើជាចំណុចអាទិភាពក្នុងការជ្រើសរើស។

ពាក់ព័ន្ធនឹងបញ្ហាដីធ្លីលោកប្រធានក្រុមការងារសូមឲ្យរដ្ឋបាលស្រុកនិងជំនាញយកចិត្តទុកដាក់ដោះស្រាយបញ្ហាឲ្យបានល្អដោយផ្អែកទៅលើទិដ្ឋភាពច្បា់និងភាពជាក់ស្តែង។ លោកក៏បានស្នើឲ្យមេឃុំទាំងអស់ត្រូវតែដឹងអំពីប្រវត្តិដីធ្លីនិមួយៗ ឲ្យបានច្បាស់មុននិងធ្វើការចុះហត្ថលេខាបញ្ជាក់ឲ្យមានការលក់ដូរដីធ្លី នោះដើម្បីកុំឲ្យមានបញ្ហាស្មុគស្មាញកើតឡើង។ ពាក់ព័ន្ធការចូលទន្រ្ទានរំលោភយកដីសាកកលវិទ្យាល័យ ជា ស៊ីម កំចាយមារ នៅភូមិពពេល ឃុំក្របៅលោកប្រធានក្រុមការងារ បានស្នើឲ្យជំនាញត្រូវខិតខំដោះស្រាយឲ្យបានព្រោះវាជាដីសាធារណៈរបស់រដ្ឋមិនអាចមកបំពានបានទេទោះបីអ្នកទាំងនោះអះអាងថាខ្លួនបានអាស្រ័យផលលើដីនេះរយៈ ៥ឆ្នាំមកហើយក្តី ក៏ប៉ុន្តែនេះមានប្លង់រឹងត្រឹមត្រូវ មិនផ្អែកលើការអាស្រ័យផលនោះទេ។ ដូចនេះត្រូវតែដោះស្រាយទៅតាមគោលការណ៍ច្បាប់។

ជាមួយគ្នានេះលោកប្រធានក្រុមការងារ ក៏បានជំរុញឲ្យក្រុមការងារទាំងអស់ ត្រូវតែបន្តយកចិត្តទុកដាក់លើការរៀបចំវេទិកាសាធារណៈ ដែលត្រូវធ្វើនៅតាមឃុំឲ្យបានទៀងទាត់ ដើម្បីអាចក្តាប់បាននូវអ្វីដែលជាកង្វល់របស់ប្រជាពលរដ្ឋ និងសំណូមពររបស់ពួកគាត់ហើយអាចឆ្លើយតប និងពន្យល់ពួកគាត់ឲ្យបានដឹងច្បាស់នូវអ្វីដែលជាកង្វល់របស់ពួកគាត់ ហើយក៏អាចដឹងបានពីចំណុចខ្វះខាត និងចូលរួមដោះស្រាយរឿងរ៉ាវដែលកើតឡើងនៅក្នុងមូលដ្ឋានបានទាន់ពេលវេលា។

លោក ស្តើង សុខុម ក៏បានស្នើឲ្យរដ្ឋបាលស្រុក ឃុំខិតខំលើការងារផ្តល់សេវ៉ាសធារណៈជូនប្រជាពលរដ្ឋឲ្យបានលឿន។ ពាក់ព័ន្ធការបើកសាលាឡើងវិញនៅពេលខាងមុខលោកប្រធានក្រុមការងារ ក៏បានណែនាំឲ្យការិយាល័យអប់រំស្រុកត្រូវអនុវត្តទៅតាមវិធានរបស់ក្រសួងសុខាភិបាលនិងការណែនាំរបស់ក្រសួងអប់រំដោយចុះពិនិត្យមើលនៅតាមសាលារៀនក្នុងមូលដ្ឋានជាប្រចាំ។ ជាមួយនេះក៏ត្រូវតែបន្តអនុវត្តវិធានការពារជំងឺកូវីដ១៩ បន្តទៀតព្រោះជំងឺនេះមិនទាន់ផុតរលត់ទៅនោះទេ។

លោកប្រធានក្រុមការងារស្រុកកំចាយមារ ក៏បានលើកទឹកចិត្តដល់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកំចាយមារឲ្យបន្តធ្វើសកម្មភាពបម្រើប្រជាពលរដ្ឋ បម្រើសង្គមបន្តទៀត ហើយត្រូវជៀសវាងឲ្យបាននូវការបញ្ជាទៅអាជ្ញាធរមូលដ្ឋានឲ្យធ្វើនេះធ្វើនោះ ព្រោះមិនមានសិទ្ធិទេ គ្រាន់តែជាអ្នកផ្តល់យោបល់ពាក់ព័ន្ធប្រសិទ្ធភាពការងារក្នុងការត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនិងជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋានតែប៉ុណ្ណោះ។

នៅថ្ងៃដដែលនោះ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំ លោកបណ្ឌិត ស្តើង សុខុម ក៏បានប្រគល់អំណោយជាអង្ករចំនួន ១០តោន ដែលជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង និងភរិយា ជូនទៅគណបក្សស្រុកកំចាយមារទុកសម្រាប់ជួយដល់ពលរដ្ឋក្រីក្រ និង គ្រួសារសពដែលត្រូវការជំនួយឧបត្ដម្ភ។

លោក ស្តើង សុខុម និងក្រុមការងារក៏បានអញ្ជើញទៅពិនិត្យ មើលការវាយអគារចាស់នៃសាលាមតេយ្យជោរ៍ក្នុងឃុំក្របៅ ស្រុកកំចាយមារ ដើម្បីសាងសង់អគារថ្មីមួយខ្នងមាន៦បន្ទប់ ដែលជាជំនួយឧបត្ថម្ភរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes