-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

ក្រសួងបរិស្ថាននិងរដ្ឋបាលក្រុងសួង សហការដាំដើមឈើប្រភេទឈើប្រណិតដើម្បីបង្កើនភាពបៃតងនិងបណ្តុះស្មារតីប្រជាពលរដ្ឋឱ្យស្រឡាញ់និងចូលរួមការពារបរិស្ថាននិងអភិរក្សធនធានធម្មជាតិ

ចំនួនអ្នកទស្សនា: Views



AKP ត្បូងឃ្មុំ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០–កូនឈើប្រណិតជិត ១០០០ ដើមក្នុងនោះមានកូនឈើគ្រញូងចំនួន ៦០០ ដើម ធ្នុង ១០០ ដើម និងដើមផ្កាក្ងោកពូជផ្កាពណ៌ លឿងចំនួន ១៥០ដើមត្រូវបានដាំនៅតាមបណ្តោយផ្លូវជាតិលេខ ៧ តាមវត្តអារាម សាលារៀន និងផ្លូវសាធារណៈនានាក្នុង ភូមិសាស្ត្រក្រុងសួង ខេត្តត្បូងឃ្មុំនៅព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតី ភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានដោយ មានការចូលរួមពីមន្ត្រីរាជការ ព្រះសង្ឃ សិស្សានុសិស្ស ប្រជាពលរដ្ឋជាង ២០០ នាក់។ នេះគឺជាសកម្មភាពមួយដែលត្រូវបានឱ្យតម្លៃថាជាការលើកកម្ពស់ការយល់ដឹងពីបរិស្ថាននិងធនធានធម្មជាតិ និងបណ្តុះស្មារតីប្រជាពលរដ្ឋឱ្យស្រឡាញ់ និងគោរពបរិស្ថាន ហើយរួមគ្នាដាំដើមឈើបន្ថែម និងចូលរួមការពារនិងអភិរក្សធនធានធម្មជាតិព្រៃឈើ សត្វព្រៃ។ 

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថាជារៀងរាល់ឆ្នាំ កូនឈើប្រណិតរួមមានប្រភេទឈើគ្រញូង បេង នាងនួន ធ្នុងជាច្រើនសែនដើម ត្រូវបានអាជ្ញាធរ ប្រជាពលរដ្ឋ ដាំនៅតាមតំបន់នានានៅក្នុងប្រទេសកម្ពុជាទាំងតាមផ្លូវសាធារណៈ តាមសាលារៀន វត្តអារាម និងនៅតាមតំបន់ព្រៃរិចរិលនានា។ ឯកឧត្តម នេត្រ ភក្ត្រា បានហៅសកម្មភាពយ៉ាងផុសផុលនៃការដាំដើមឈើនៅទូទាំងប្រទេសនេះថាជា

ចលនាបំផុសស្មារតីស្រឡាញ់បរិស្ថាននិងធនធានធម្មជាតិនិងការដាំស្តារព្រៃឈើឡើងវិញ និងចូលរួមការពារនិងអភិរក្សឱ្យ បានគង់វង្សសម្រាប់ជាផលប្រយោជន៍មនុស្សរាប់ជំនាន់តទៅមុខទៀត។ 

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា ដើមឈើមួយដើមដែលយើងម្នាក់ៗបានដាំនៅថ្ងៃនេះគឺមានន័យថាកម្ពុជានឹងមានដើមឈើមួយដើមថ្មីបន្ថែមទៀតលើធនធានព្រៃឈើដែលយើងមានស្រាប់នៅក្នុងតំបន់ការពារធម្មជាតិដែលយើងទាំងអស់ គ្នាត្រូវចូលរួមការពារនិងអភិរក្ស។ រដ្ឋលេខាធិការក្រសួងបរិស្ថានបានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសថា៖ «សូមបងប្អូនប្រជាពលរដ្ឋខ្មែរចូលរួមដាំដើមឈើទាំងអស់គ្នា ដើម្បីស្តារឡើងវិញនូវគម្របព្រៃឈើដែលបានបាត់បង់ និងការពារធនធានធម្មជាតិ ព្រៃឈើរបស់កម្ពុជាយើងដែលនៅសល់»។ 

យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ តាមការស្រាវជ្រាវកន្លងមកបានបញ្ជាក់ឱ្យដឹងថា នៅអំឡុងឆ្នាំ ១៩៦២ កម្ពុជាមាន ប្រជាជន៥.៧៤លាននាក់ រី៝ឯគម្របព្រៃឈើតាមការវាយតម្លៃនៅឆ្នាំ ១៩៦៤ គឺមានទំហំ ១៣២ ២២១គីឡូម៉ែត្រការ៉េ ស្មើនឹង ៧៣ភាគរយនៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល។ នៅឆ្នាំ ២០១៨ របាយការណ៍សិក្សាក្រសួងបរិស្ថានបានបង្ហាញថាគម្របព្រៃឈើនៅកម្ពុជាមានចំនួន ៨.៥១០.៨០៧ ហិកតា ស្មើនឹង ៤៦, ៨៦ភាគរយនៃផ្ទៃប្រទេស ខណៈចំនួនប្រជាជនកម្ពុជាបានកើនឡើងរហូតដល់ ១៦ លាននាក់។ នេះបញ្ជាក់ឱ្យឃើញថា កត្តាមនុស្សជាហេតុផលចម្បងដែលធ្វើឱ្យគម្របព្រៃឈើមានការធ្លាក់ចុះ ហើយគេឃើញកំណើនផ្ទៃដីកសិកម្ម និងផ្ទៃដីលំនៅដ្ឋានត្រូវបានជំនួសវិញ។ អាត្រាបាត់បង់គម្របព្រៃឈើជាមធ្យមប្រចាំឆ្នាំនៅអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ក្នុងរង្វង់ ០,៦៤ភាគរយបើធៀបនឹងផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា។ 

 បើតាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ដាន ប្រទេសកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងការពារធនធនធម្មជាតិ ដែលខ្លួនមានដោយបង្កើតតំបន់ការពារធម្មជាតិ និងតំបន់អភិរក្សជាច្រើនកន្លែង ដែលរហូតមកទល់ពេលនេះតំបន់ការពារពារធម្មជាតិចំនួន ៦៦ កន្លែង និងមានផ្ទៃដីជាង ៧,៣ លានហិកតាស្មើប្រមាណជាង ៤១ភាគរយនៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា និងស្ថិតក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន។ ឯកឧត្តមបានថ្លែងថាផ្ទៃដីតំបន់ធម្មជាតិដែលកម្ពុជាដាក់ជាតំបន់អភិរក្សនេះច្រើនជាង ២ ដងនៃគោលការណ៍ជីវៈចម្រុះអាឈី (Archi) ដែលកំណត់ថាប្រទេសនីមួយៗត្រូវរក្សាដីអភិរក្ស ១៧ភាគរយនៃផ្ទៃដីប្រទេស។

រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការដាំដុះព្រៃឈើបន្ថែមថ្មីនេះគឺបានដើរតួនាទី សំខាន់ដើម្បីបង្កើតបរិស្ថានបៃតងសម្រាប់ភូមិឃុំ និងដើម្បីជាដំណោះស្រាយចំពោះ បញ្ហាបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។ ការប្រែប្រួលអាកាសធាតុ ដែលបាននិងកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ពិភពលោក ហើយកម្ពុជាមិនមែនជាប្រទេសដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុឡើយ តែបាននិងកំពុងរងនូវផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុជាក់ស្តែងដូចជារដូវវស្សាចាប់ផ្តើមយឺត ភ្លៀងមិនទៀងទាត់ ភាពរាំងស្ងួត ឬទឹកជំនន់ ធ្វើឱ្យមានការប្រែប្រួលនៃរបបទឹកនៃទន្លេមេគង្គ និងទន្លេសាប និងធ្វើឱ្យខូចផលដំណាំប្រជា ពលរដ្ឋជាដើម៕


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes