ឯកឧត្តម ឧត្តមសេនីយឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដាក់បទបញ្ជាឱ្យបណ្តាអង្គភាពចំណុះកងទ័ពជើងគោក ត្រៀមលក្ខណៈកម្លាំង មធ្យោបាយ និងសម្ភារៈ ដើម្បីចូលប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួនឲ្យបានទាន់ពេលវេលា។
ជាក់ស្ដែងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បណ្ដាអង្គភាពនៅក្នុងភូមិសាស្ត្រខេត្ត ដែលទទួលរងនូវជំនន់ទឹកភ្លៀងរួមមាន៖ បញ្ជាការដ្ឋានយោធភូមិភាគទី ៥ កងពលតូចថ្មើរជើងលេខ ៥១, ៥២, ៥៣ កងពលតូចអន្តរាគមន៍លេខ ១៤ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង, ពោធិ៍សាត់, ប៉ៃលិន, កងការពារព្រំដែនលេខ ៥០២ និងលេខ ៥០៣ បានចុះជួយប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ, ប៉ៃលិន, បាត់ដំបង និងពោធិ៍សាត់ ដោយប្រើកម្លាំង មធ្យោបាយសម្ភារៈ និងរថយន្តយោធាថ្មី ដែលសម្តេចតេជោ បានផ្តល់ជូនតាមបណ្តាអង្គភាពទ័ព ដើម្បីចេញប្រតិបត្តិការជួយសង្គ្រោះ ដឹកជញ្ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនេះ បានទៅកាន់ទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា។
នៅក្នុងនោះផងដែរ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក បានដាក់ចេញនូវបទបញ្ជាឱ្យកម្លាំងអន្តរាគមន៍របស់បញ្ជាការដ្ឋានទ័ពពិសេស ៩១១ បញ្ជូនអូប័រ កាណូត ចំនួន ២០គ្រឿង និងកងពលតូចដឹកជញ្ជូនលេខ ៩០ រថយន្តជាង ៣០ គ្រឿង ដើម្បីចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមគោលដៅដែលទទួលរងនូវជំនន់ទឹកភ្លៀងនេះ ដើម្បីធានាសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។
ឯកឧត្តម ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះនាយទាហាន នាយទាហានរង ពលទាហាននៅតាមបណ្តាអង្គភាពចំណុះយោធភូមិភាគទី ៥ ដែលរួមមានតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កងពលតូចថ្មើរជើងលេខ ៥១ ៥២ ៥៣ និងកងពលតូចអន្តរាគមន៍លេខ ១៤ ដែលបានចាត់កម្លាំងមធ្យោបាយ និងសម្ភារៈចុះជួយប្រជាពលរដ្ឋបានទាន់ពេលវេលា នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ឯកឧត្តម ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាកូនចៅកុមារតូចៗ និងថែរក្សាការពារសុខភាពពីជំងឺផ្សេងៗ។
0 Comments:
Post a Comment