AKP កំពង់ធំ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០–
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឃឹង នុភាព តំណាងរាស្ត្រខេត្តកំពង់ធំ បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាលចំនួន ២៤៧គ្រួសារ ដែលកំពុងតែរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅភូមិត្រពាំងព្រីង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាព្រឹកថ្ងៃ៥កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត ថ្នាក់ដឹកនាំស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាព រួមទាំងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទផងដែរ។
ក្នុងពិធីនោះឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលបានប្រឹងប្រែងអស់ពីកម្លាំងចិត្តកម្លាំងកាយ ជួយជញ្ជូនសម្ភារ និងស្បៀងអាហារ ចម្លងទឹកស្ទឹង ទៅដល់គោលដៅចែកអំណោយដោយសុវត្ថិភាព ទោះត្រូវធ្វើដំណើរផ្លូវប្រកប ដោយសែនលំបាក ដោយសារទឹកជំនន់កាត់ផ្លូវថ្នាល់ ស្ពាន ចាំបាច់ត្រូវលីអំណោយឆ្លងកាត់ទឹកហូរខ្មួលខ្មាញ់ជាច្រើនកន្លែងក៏ដោយ ក៏យើងបានប្រើប្រាស់នូវមធ្យោបាយគោយន្ត កាណូត និងកម្លាំងថ្មើរជើង។ ទន្ទឹមនឹងនោះឯកឧត្តម សុខ លូ បានអំពាវនាវដល់បងប្អូនប្រជាពល រដ្ឋ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត ដេកក្នុងមុង ហូបស្អាត ផឹកទឹកដាំពុះ និងត្រូវប្រុងប្រយ័ត្នពីសត្វអាសិរពិសដែលវាបានទៅរស់នៅតាមដំបូលផ្ទះ ឬកន្លែងផ្សេងៗក្នុងផ្ទះរបស់យើង ដែលពួកវាអាចបង្កគ្រោះថ្នាក់ដល់ជីវិត ។
ឯកឧត្តមអភិបាលខេត្ត បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខជូនបងប្អូនប្រជាពរដ្ឋ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបានគិតគូរ ចំពោះចំពោះមុខ សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ខណៈពេលដែលទទួលរងគ្រោះដោយ សារទឹកជំនន់ រួមទាំងបានចាត់ក្រុមការងារថ្នាក់ខេត្ត ក្រសួង និងស្ថាប័នពាក់ព័ន្ធ រួមទាំងសាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលានៅតាមមូលដ្ឋានដោយមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណារងគ្រោះអត់អាហារដោយមិនបានដឹងឮពីអាជ្ញាធរនោះឡើយ៕ដោយ៖ ស៊ុម វណ្ណា សម្រួលផ្សាយដោយ៖ ធូ កុសល
0 Comments:
Post a Comment