លោក ឃួង ស្រេង ថ្លែងអំណរគុណក្រុមហ៊ុន OCIC ដែលបានឧបត្ថម្ភអង្ករ ១០០តោន ដល់រដ្ឋបាលរាជធានី ដើម្បីយកចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងជនងាយរងគ្រោះ
(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ អភិបាលរាជធានីភ្នំពេញ បានទទួលជំនួយអង្ករ ១០០តោន ពីក្រុមហ៊ុន OCIC ដើម្បីយកទៅបន្តចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់និងជនងាយរងគ្រោះ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណចំពោះសប្បុរសជននានា ដែលបានបន្តចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ ដើម្បីរដ្ឋបាលរាជធានីភ្នំពេញ បានយកទៅបន្តចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ពិសេសប្រជាពលរដ្ឋ ដែលកំពុងជម្លៀសមកកាន់ទីទួលសុវត្ថិភាព។
លោកអភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន OCIC និងសប្បុរសជនជិតឆ្ងាយ ដែលបានចូលរួមឧបត្ថម្ភ ជាសម្ភារៈប្រើប្រាស់ ជាគ្រឿងឧបភោគបរិភោគ សម្រាប់ជួយសង្រ្គោះដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់បានទាន់ពេលវេលា ។
ជាមួយគ្នានេះ លោកអភិបាលក៏បានសន្យាថា រាល់អំណោយរបស់សប្បុរសជនទាំងអស់ នឹងនាំយកទៅជួយដល់ដៃប្រជាពលរដ្ឋរងគ្រោះ ហើយបើនៅសេសសល់នឹងយកទៅជួយដល់ប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋានដោយមិនធ្វើអោយម្ចាស់អំណោយខកបំណងឡើយ៕
0 Comments:
Post a Comment