(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ បានបន្តសម័យប្រជុំលើកទី៥ នីតិកាលទី៦ របស់ខ្លួន ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗមួយចំនួន ដែលបម្រើដល់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅក្នុងប្រទេស។
កិច្ចប្រជុំពេញអង្គនេះ គ្រាដំបូងដឹកនាំដោយ លោកបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា ដោយសារតែសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាប់រវល់យាងអមព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន បន្ទាប់មកទើបសម្តេចបានអញ្ជើញមកដឹកនាំកិច្ចប្រជុំនេះវិញ។
សម្រាប់សេចក្តីព្រាងច្បាប់ ដែលរដ្ឋសភា លើកយកមកបន្តពិភាក្សានិងអនុម័តក្នុងសម័យប្រជុំថ្ងៃនេះ មានដូចជា៖
១៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ។
២៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖
* កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃម៉ាឡេស៊ី ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការ ការគេចវេះពន្ធ និងការចៀសវាងពន្ធ។
* កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និង ការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។
៣៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។
៤៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបត្យាប័នរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង។
៥៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្សី។
៦៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាមីណាម៉ាតា ស្តីពីបារត។
៧៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើវិសោធនកម្ម ពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន។
៨៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។
សេចក្តីព្រាងច្បាប់ខាងលើសុទ្ធសឹងមានសារៈសំខាន់នៅក្នុងសង្គមជាតិ ដូចជាការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហប្រតិបត្តិការអន្តរជាតិ។ ដូចជាសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ មានគោលដៅពង្រឹងក្របខ័ណ្ឌច្បាប់ រចនាសម្ព័ន្ធស្ថាប័ន និងលើកកម្ពស់សមត្ថភាព ស្ថាប័នក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។
សូមបញ្ជាក់ថា នៅក្នុងសម័យប្រជុំលើកទី៥ នីតិកាលទី៦ របស់ខ្លួនកាលពីម្សិលមិញ រដ្ឋសភា បានអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលច្បាប់នេះ នឹងរួមចំណែកស្រូបយកចំណូលពីវិស័យល្បែង តាមរយៈការអនុញ្ញាតឱ្យមានការវិនិយោគលើវិស័យល្បែងពាណិជ្ជកម្ម និងល្បែងមួយចំនួនទៀត ដែលស្ថិតនៅក្រោមច្បាប់គ្រប់គ្រង។
សេចក្ដីព្រាងច្បាប់នេះមាន ១២ជំពូក និង ៩៧មាត្រា ដែលមានវិសាលភាពអនុវត្តចំពោះមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សេចក្តីព្រាងច្បាប់នេះ មានគោលបំណងធានាការគ្រប់គ្រងមណ្ដលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ បង្កើតការងារ ប្រមូលចំណូល រក្សាសុវត្ថិភាព និងសន្តិសុខសង្គម។ សេចក្តីព្រាងច្បាប់នេះ នឹងកំណត់សមត្ថកិច្ច វិធាន និងនីតិវិធីសម្រាប់គ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពានិជ្ជកម្ម សិទ្ធិ និងកាតព្វកិច្ចរបស់រូបវន្តបុគ្គល និងនីតិបុគ្គល ក្នុងការធ្វើប្រតិបត្តិការដោយផ្ទាល់ ឬចូលរួមនៅក្នុងល្បែងពាណិជ្ជកម្ម និងកំណត់សិទ្ធិជាម្ចាស់លើមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណកម្ម និងលើគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ព្រមទាំងបង្កើតស្ដង់ដារមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណកម្ម និងល្បែងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា៕
0 Comments:
Post a Comment