MC៖ គណៈកម្មការផ្សារអូឡាំពិក បានចុះបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារទាំងមូល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។
លោក ឡូយ ស៊ាងអាំង ប្រធានគណៈកម្មការផ្សារអូឡាំពិកបានឱ្យដឹងថា ការដឹកនាំកម្លាំងបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារ ទាំងមូលនេះ គឺដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ លោកបានបន្តថា ចំពោះអាជីវករនិងប្រជាពលរដ្ឋ ដែលចេញចូលនៅក្នុងផ្សារនេះ គឺតម្រូវឱ្យពួកគាត់ចូលទូបង្វិល ដើម្បីបាញ់អាល់កុលជាមុនសិន ព្រមទាំងវាស់កម្តៅ និង ពាក់ម៉ាស់ជាដាច់ខាត ទើបអនុញ្ញាតឱ្យចូលទៅក្នុងផ្សារបាន។ លោកបានបន្តទៀតថា នៅក្នុងផ្សារអូឡាំពិកនេះ ក៏មានការ យកចិត្តទុកដាក់ ពីអាជ្ញាធរខណ្ឌផងដែរ ដោយពួកគាត់មានការចុះចែកម៉ាស់ ដែលជាអំណោយរបស់សម្តេចតេជោ ជូនទៅ ដល់អាជីវករ និងប្រជាពលរដ្ឋដែលចូលមកក្នុងផ្សារទៀតផង។
ខ្ញុំគិតថាវាជាការងារមួយដែលយើងត្រូវតែគិតគូរ បងប្អូនប្រជាពលរដ្ឋជាពិសេសអាជីវករនៅផ្សារអូឡាំពិចយើង គាត់ព្រួយបារម្ភពីបញ្ហានៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍អាចចូលមកដល់ផ្សារ។ចឹងដោយគិតឃើញពីការងារ នេះ ខាងគណៈកម្មការផ្សារ បានសហការជាមួយក្រុមហ៊ុនមជ្ឈមណ្ឌលអូឡាំពិកដើម្បីធ្វើការបាញ់ថ្នាំ។
និយាយទៅការងារបាញ់ថ្នាំ យើងបានធ្វើកន្លងមករយះពេលជាង១ខែហើយ ដោយសារការផ្ទុះម្ដងទៀត ខាងអាជីវករគាត់ សំណូមពរឱ្យមានការបាញ់ថ្នាំសម្លាប់មេរោគនេះ ហើយខ្ញុំចង់រំលេចឱ្យឃើញដែរ ការងារពាក់ព័ន្ធជាមួយនឹងអនាម័យ របស់ក្រសួងសុខាភិបាលខាងផ្សារយើងខ្ញុំតែងតែបានយកចិត្តទុកដាក់ជាប្រចាំ ដោយនៅតាមច្រកនីមួយៗ គឺយើងមាន អាល់កុលសម្រាប់លាងដៃ ហើយនិងការវាស់កម្តៅជាដើម។ មួយរយះចុងក្រោយនេះ ដោយបានអំណោយជាម៉ាស់របស់សម្តេច តាមរយៈឯកឧត្តមអភិបាលរាជធានី យើងបានធ្វើការចែកជូនដល់បងប្អូនដែលគាត់មានការខ្វះខាត បើគាត់អត់មាន ម៉ាស់ពាក់គឺយើងឱ្យគាត់។
សូមបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល នៅតែបន្តអំពាវនាវជាប្រចាំដល់បងប្អូន ប្រជាពលរដ្ឋ ឱ្យចូលរួមទាំងអស់គ្នាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីការពារខ្លួននិងការពារអ្នកដទៃ កុំឱ្យឆ្លងជំងឺដ៏កាចសាហាវនេះ៕
វិទ្យុជាតិកម្ពុជា៖ ស្រីផល
0 Comments:
Post a Comment