(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន១៦នាក់ ស្រី៨នាក់ រស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និងបានធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃពេញ ហើយធ្វើតេស្តអវិជ្ជមានវីរុសកូវីដ-១៩ បានទទួលថវិកាឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈលោក ថេង សុថុល អភិបាលខណ្ឌចំការមន នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ដោយមានការចូលរួមពីអភិបាលរងខណ្ឌ, នាយក-នាយករងរដ្ឋបាលខណ្ឌ, ប្រធាន-អនុប្រធានការិយាល័យ-អង្គភាពទាំង១១, រដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ និងមន្ត្រីពាក់ព័ន្ធ។
ផ្តើមចេញពីឆន្ទៈ និងបេះដូងមនុស្សធម៌ចំពោះប្រជាជាតិ និងមនុស្សជាតិ សម្ដេចតេជោ ហ៊ុន សែន តែងតែបានផ្ដល់នូវក្តីអាណិតស្រលាញ់ ចំពោះអ្នកដែលរង នូវផលប៉ះពាល់មិនថា ជាស្មារតី សម្ភារ ថវិកា និងកម្លាំងចិត្តនោះ គឺប្រមុខរាជរដ្ឋាភិបាលតែងតែបានផ្ដល់ ជូនតាមរយៈអំណោយមនុស្សធម៌ ទៅដល់អ្នកទាំងនោះ ដោយមិនគិតពីជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយនោះទេ ពោលគឺមិនទុកឲ្យនរណាម្នាក់ នៅឯកោនោះឡើយ។
ជាក់ស្ដែងដូចជាបងប្អូនពលរដ្ឋដែលប៉ះពាល់ ជាមួយនឹងព្រឹត្តិការណ៍ ២៨ វិច្ឆិកា ដោយផ្ទាល់និងដោយប្រយោលនាពេលកន្លងទៅនេះ បានទទួលការយកចិត្តទុកដាក់ មើលថែទាំយ៉ាងល្អប្រសើរ ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ត្រូវបានយកចិត្តទុកដាក់គាំពារ លើកទឹកចិត្ត ផ្ដល់ជាអំណោយមនុស្សធម៌ តាមរយៈក្រុមការងាររបស់សម្ដេចផ្ទាល់ ក៏ដូចជាអាជ្ញាធរក្នុងមូលដ្ឋានផងដែរ។
លោក ថេង សុថុល បានថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ បានទទួលថវិកាពីសម្តេចតេជោ ហ៊ុន សែន និងបានប្រគល់មកដល់រដ្ឋបាលខណ្ឌចំការមន សម្រាប់ឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ ប្រជាពលរដ្ឋមានជីវភាព ខ្វះខាត ដែលបានរងផលប៉ះពាល់នឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ដោយពលរដ្ឋខ្លះ បានធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃពេញ និងបានធ្វើតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ផងដែរ។
លោកអភិបាលខណ្ឌ បានបញ្ជាក់ជូនបងប្អូនពលរដ្ឋថា ដើម្បីសម្រួលដល់ការលំបាក របស់បងប្អូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះ ប្រមុខរាជរដ្ឋាភិបាល បានគិតគូរដល់បងប្អូនប្រជាពលរដ្ឋ ដែលបានរងផលប៉ះពាល់ក្នុង ព្រឹត្តិការណ៍សហគមន៍នេះ ដោយបានឧបត្ថម្ភថវិកាដល់ពលរដ្ឋដែលធ្វើចត្តាឡីស័កនេះ ក្នុងម្នាក់ៗចំនួន ៣០ម៉ឺនរៀល ក្នុងរយៈពេល១៥ថ្ងៃ ដោយផ្តោតសំខាន់លើគ្រួសារជួបការលំបាក។
ជាមួយគ្នានេះ លោក ថេង សុថុល ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចេះរស់នៅក្នុងបរិបទថ្មី ដោយអនុវត្តឲ្យ បានតឹងរឹងបំផុតចំពោះវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវផ្សព្វផ្សាយបន្តជូនដល់ គ្រួសារប្រជាពលរដ្ឋផ្សេងទៀត ដែលបានត្រឡប់មកពីក្រៅស្រុក ត្រូវតែអនុវត្តនូវវិធានការ ចត្តាឡីស័ក ដើម្បីសុខភាពខ្លួនឯង គ្រួសារ និងសង្គមទាំងមូល ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ កុំឲ្យកើតមានក្នុងសហគមន៍ ហើយ ប្រសិនបើនៅក្នុងមូលដ្ឋាន មានការសង្ស័យថា មានអាការៈខុសប្រក្រតីត្រូវរាយការណ៍មកមន្ត្រីសុខាភិបាល ឬអាជ្ញាធរ ដែលនៅជិតបំផុត និងធ្វើការផ្តល់ព័ត៌មានឲ្យបានឆាប់រហ័ស ដើម្បីជួយគ្នាទប់ស្កាត់ និងព្យាបាលបានទាន់ពេលវេលា។
ក្នុងឱកាសនេះដែរ ក្រៅពីថវិកាឧបត្តម្ភរបស់សម្ដេចតេជោ ហ៊ុន សែន, លោកអភិបាលខណ្ឌចំការមន ក៏បាននាំយកអង្ករ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋទាំង ១៦នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ១បាវ ទម្ងន់២០គីឡូក្រាម និងម៉ាសចំនួន១០ម៉ាសផងដែរ៕
0 Comments:
Post a Comment