(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងនាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ អមដំណើរដោយថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនអង្គភាពទៀតនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ បានចុះពិនិត្យស្ថានភាពច្រកព្រំដែនអន្តរជាតិអូស្មាច់ និងជួបសំណេះសំណាល សួរសុខទុក្ខពលករ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ។
លោក ប៉ែន កុសល្យ និងលោកនាយឧត្តមសេនីយ៍ ហ៊ូ សាគុណ បានថ្លែងថា ការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ចំពោះពលករនាពេលនេះ ធ្វើឡើងតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងបង្កើន ការយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ហើយចំពោះការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃនេះដែរ រដ្ឋបាលខេត្តក៏បានយកចិត្តទុក្ខដាក់ចំពោះការផ្គត់ផ្គង់ចំពោះការស្នាក់នៅ ចំណីអាហារ និងសម្ភារប្រើប្រាស់មួយចំនួនជូនពលករផងដែរ។
ការធ្វើចត្តាឡីស័កនេះ មិនមែនជាការឃុំខ្លួនពលករនោះទេ ដូច្នេះសូមកុំយល់ច្រឡំ ផ្ទុយទៅវិញត្រូវអនុវត្តន៍ឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងទិសដៅរួមគ្នាការពារជំងឺកូវីដ១៩ កុំឱ្យមានការចម្លងដល់បងប្អូនក្រុមគ្រួសារក៏ដូចជាសហគមន៍។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានដឹកនាំមន្ត្រីពាក់ព័ន្ធ និងកងកម្លាំងបន្តចុះពិនិត្យតំបន់ភូមិសាស្រ្តអូរខ្លាឃ្មុំ ដែលមានទីតាំងស្ថិតនៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងបានបញ្ជាឲ្យលោកស្នងការ នគរបាលខេត្ត ដាក់កម្លាំងបន្ថែមតាមខ្សែក្រវ៉ាត់ព្រំដែន ដើម្បីបញ្ជៀសការលួចឆ្លងកាត់ខុសច្បាប់។
ដោយឡែកលោក ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងដែរថា ពលករខ្មែរដែលចាកចេញពីប្រទេសថៃតាមច្រកអន្តរជាតិអូរស្មាច់មាន ចំនួន៩៤នាក់ និងបានដឹកជញ្ជូនតាមរថយន្តយកទៅធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ហើយក្នុងចំណោមពលករទាំង៩៤នាក់ មានចំនួន៤២នាក់ ដែលមកពីតំបន់ ប្រឈមនានា និងជំងឺកូវីដ១៩ ក្នុងប្រទេសថៃ ត្រូវបានដាក់ដោយឡែកដើម្បីពិនិត្យយកសំណាករកមេរោគកូវីដ១៩៕
0 Comments:
Post a Comment