(សៀមរាប)៖ នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុលប្រាសាទដំរីក្រាបនៅលើភ្នំគូលែន ដោយប្រាសាទនេះមានខឿនពុកផុយ និងស្រុតផ្នែកខាងលិច។ រីឯជញ្ជាំងមានប្រេះហែកជាច្រើនកន្លែង ស៊ុមទ្វារខាងកើតបម្រុងជ្រុះធ្លាក់ និងមានការពុកផុយផ្នែកខ្លះនៃដំបូល។
ការខូចខាតទាំងនេះបណ្តាលមកពីកត្តាមនុស្ស ធម្មជាតិ និងអាយុកាលដែលជាមូលហេតុចម្បង ដូចជាមានជនខិលខូចជីកកកាយគ្រឹះប្រាសាទ ឫសឈើដុះចាក់ហែកខឿន ជញ្ជាំង និងដំបូលប្រាសាទ ហើយដើមឈើខ្លះទៀតរលំសង្កត់លើតួប្រាសាទ។
ក្នុងការងារជួសជុល ក្រុមការងារបានពង្រឹងខឿនដែលពុកផុយនៅជ្រុងទាំង ៤ រៀបពង្រឹងខឿនផ្នែកខាងលិចដែលស្រុត ចាក់ថ្នាំសម្លាប់កូនរុក្ខជាតិ និងសម្អាតឫសដើមឈើដែលដុះលើជញ្ជាំង និងដំបូលប្រាសាទ ដើម្បីបញ្ឈប់ការលូតលាស់របស់ដើមឈើបន្តទៀត។
បន្ថែមពីនោះ ក៏ជួសជុលពង្រឹងដំបូល ស៊ុមទ្វារខាងកើត ជ្រុងប្រាសាទនៅរួតទី១ និងទី២ ដំឡើងសសរពេជ្រចូលទីតាំងដើមវិញ និងរើរៀបពង្រឹងកាំជណ្តើរខាងមុខ បិទផ្ជិតជញ្ជាំងប្រេះហែក ពុកផុយ រៀបបំពេញក្បាលសសរផ្អោបខាងកើត និងខាងលិចឡើងវិញ សម្អាតដីនៅរួតទី១ លុបថ្នក់ទឹក និងធ្វើចង្អូរដោះទឹកភ្លៀង៕
0 Comments:
Post a Comment