(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ១៨១នាក់ ដែលភាគច្រើនបំផុត ជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៤០នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន ទទួលបានបញ្ជាក់ថា អ្នកឆ្លងទាំង១៨១នាក់ មាន៣នាក់ មកពីក្រៅប្រទេស ក្នុងនោះមកពីអាមេរិកម្នាក់ មកពីប្រទេសឥណ្ឌាម្នាក់ និងពលករមកពីប្រទេសថៃម្នាក់។ ចំណែក ១៧៨នាក់ផ្សេងទៀត ជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ ១៤០នាក់, ខេត្តកណ្តាល ៣នាក់, ខេត្តក្រចេះ ១នាក់, ខេត្តព្រះវិហារ ១នាក់, ខេត្តសៀមរាប ៤នាក់, ខេត្តតាកែវ ១នាក់, ព្រះសីហនុ ៨នាក់, ខេត្តព្រៃវែង ៦នាក់ និងខេត្តស្វាយរៀង ១៤នាក់។
សម្រាប់អ្នកជាសះស្បើយទាំង៤០នាក់វិញ ជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។
សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៤ ៦៩៦នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៤ ១៦០នាក់, អ្នកជាសះស្បើយចំនួន ២ ២៥២នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ២៤០៦នាក់, អ្នកស្លាប់ចំនួន ៣៣នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕
0 Comments:
Post a Comment