រាជធានីភ្នំពេញ៖ លោក ម៉េត មាស ភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅល្ងាចថ្ងៃទី០២ ខែមេសានេះថា យប់ថ្ងៃទី២នេះ គណៈបញ្ជាការឯកភាពគ្រប់ខណ្ឌ ដោយមានកិច្ចសហប្រតិបត្តិការ ពីកងកម្លាំងនគរបាល និងកងរាជអាវុធហត្ថ នឹងចុះអនុវត្តបំរាមគោចរ ដែលហាមឃាត់ការធ្វើដំណើរ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល១៤ថ្ងៃ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
លោកបន្តថា ការអនុវត្តវិធានការនេះ សមត្ថកិច្ចនឹងមិនមានការលេីកលែងឡេីយ ទៅតាមអ្វីដែលសេចក្តីសម្រេចបានចេញរួចហេីយ ។
លោកថា ការអនុវត្តថ្ងៃទី១ឃើញថា បងប្អូនប្រជាពលរដ្ឋពិតជាមានការយល់ដឹង សហការ និងចូលរួម អនុវត្តមានរបៀបរៀបរយ និងសណ្តាប់ធ្នាប់ល្អរហូតដល់ប្រមាណ៩០% ។ លោកថា រដ្ឋបាលរាជធានីភ្នំពេញ មានសង្ឃឹមថា នៅថ្ងៃទី២នៃការចេញសេចក្តីសម្រេច ហេីយក៏ជាថ្ងៃទី១នៃការចាប់ផ្តេីម អនុវត្តវិធានការបម្រាមគោចរនេះ បងប្អូនប្រជាពលរដ្ឋនឹងបន្តសហការ និងចូលរួមគ្រប់ៗគ្នា។
សូមបញ្ជាក់ថា អ្នកធ្វេីដំណេីរល្មេីសបម្រាម ត្រូវដកហូតមធ្យោបាយ រួចត្រូវឱ្យម្ចាស់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅផ្ទះរៀងៗខ្លូន គ្រប់១៤ថ្ងៃទេីបឱ្យទទួលមធ្យោបាយទៅវិញ ។ ក្នុងករណីអ្នកល្មេីសបម្រាមក្នុងការធ្វេីចត្តាឡីសក័ទៀត នឹងត្រូវអនុវត្តការផាកពិន័យបន្តទៀត។
នៅយប់ថ្ងៃទី០២ខែមេសានេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះត្រួត
ពិនិត្យនៅតាមទីតាំងរបស់គណៈបញ្ជាការឯកភាពខណ្ឌនីមួយៗ នៅទូទាំងរាជធានី ។
ជាដំបូង ឯកឧត្ដម ឃួង ស្រេង ចុះត្រួតពិនិត្យគោលដៅនាគបាញ់ទឹកវិមានឯករាជ្យ និងបន្តទៅគោលដៅផ្សេងទៀត នៅក្នុងរាជធានីភ្នំពេញ ខណៈដែលបងប្អូនប្រជាពលរដ្ឋជាង៩០ភាគរយហើយ ដែលបានអនុវត្តតាមបំរាមគោចរនេះ៕
វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ
0 Comments:
Post a Comment