សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ តាមរយៈ សារសំឡេងនៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះថា ក្នុងពេលអនុវត្តវិធានការទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩នេះ មិនមានប្រជាជនណាទៅធ្វើបុណ្យ ហើយព្រះសង្ឃក៏មិនអាចចេញនិមន្តទៅបិណ្ឌបាត្របាននោះឡើយ ដែលនេះអាចនាំ ឱ្យព្រះសង្ឃដាច់ចង្ហាន់។
សម្តេចតេជោបានស្នើសុំឯកឧត្តម អភិបាលរាជធានីភ្នំពេញ ខេត្តកណ្តាល និងអភិបាលខេត្តទាំងអស់ សូមយកចិត្តទុកដាក់ ចំពោះព្រះសង្ឃ សាមណៈសិស្សនិងនិស្សិត ដែលស្នាក់នៅតាមទីអារាមនានាសម្រាប់ការរៀនសូត្រ ក្នុងពេលបិទខ្ទប់ ដោយត្រូវផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃផងដែរ ។
សំឡេង«ខ្ញុំក៏សូមយកឱកាសនេះ សូមឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តកណ្តាល និងអភិបាលនៅខេត្ត គ្រប់ទីកន្លែងទាំងអស់ សូមយកចិត្តទុកដាក់ចំពោះព្រះសង្ឃ នៅក្នុងពេលនៃការបិទខ្ទប់ គ្មានប្រជាជនទៅធ្វើបុណ្យទេ ដូច្នេះព្រះសង្ឃក៏នឹងត្រូវដាច់ចង្ហាន់ ដូច្នេះសូមឱ្យរាជធានីនិងខេត្តយកចិត្តទុកដាក់ទៅលើព្រះសង្ឃ ទៅលើការលំបាកដែល មិនអាចចេញបិណ្ឌបាត្របាននៅកន្លែងបិទខ្ទប់ ជាពិសេសនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលប្រជាជនមិនអាចចេញ ពីផ្ទះទៅធ្វើបុណ្យ ហើយព្រះសង្ឃក៏មិនអាចបិណ្ឌបាត្របាន នេះជាកិច្ចការដែលយើងត្រូវគិត ។ ក្រៅពីរាជធានីភ្នំពេញនិងខេត្តកណ្តាល ក៏មានខេត្តដទៃទៀតដែលត្រូវយកចិត្តទុកដាក់ទីអារាមនានា ដែលមានព្រះសង្ឃ មានសាមណសិស្សនិងនិស្សិត ដែលស្នាក់នៅសម្រាប់ការរៀនសូត្រ» ៕
0 Comments:
Post a Comment