-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

សួស្តីឆ្នាំថ្មី! ប៉ុន្តែសូមយើងទាំងអស់គ្នាកុំភ្លេចជំងឺកូវីដ-១៩

ចំនួនអ្នកទស្សនា: Views

 


 ភ្នំពេញ: ថ្ងៃទី១៤ ខែមេសា ឆ្នាំ​២០២១ រីករាយឆ្នាំថ្មី​ ប្រពៃណីជាតិខ្មែរ​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ឈានចូលព.ស ២៥៦៥ ដែលចូលមកដល់នាវេលាព្រឹកព្រលឹមថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១នេះ ប៉ុន្តែយើងទាំងអស់គ្នាដាច់ខាចត្រូវតែបន្តចូលរួមអនុវត្តវិធានការពារខ្លួនយើង និងក្រុមគ្រួសារ ដោយប្រកាន់ខ្ជាប់ខ្ជួននូវគោលការណ៍នៃការបង្ការ និងការពារ «៣ការពារ ៣កុំ និង២ចូលរួម (ចាក់វ៉ាក់សាំងការពារកូវីដ-១៩ និងចូលឆ្នាំនៅផ្ទះ)» ឱ្យបានខ្ជាប់ខ្ជួន។​

ជំងឺកូវីដ-​១៩ មិនមែនជារឿងលេងសើច ហើយមិនអាចមើលស្រាលបានទេ ដូច្នេះសូមចូលរួមបង្ការ និងការពារទាំងអស់គ្នា។ គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១​ ក្រសួងសុខាភិបាលបានរកឃើញករណីជំងឺកូវីដ-១៩ សរុប​រហូតដល់ទៅ ៤ ៦៩៦ នាក់ ក្នុងនោះករណីជាសះស្បើយមានចំនួន ២ ២៥២ នាក់ កំពុងសម្រាកព្យាបាល ២.៤០៦ នាក់ និងករណីស្លាប់ មាន ៣៣ នាក់ហើយ។ មកដល់ពេលនេះ ជំងឺកូវីដ-១៩​ នៅតែបន្តគំរាមកំហែងយើង​ ដូច្នេះសូមយើងទាំងអស់គ្នា បន្តប្រុងប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តវិធានអនាម័យ​ ការរក្សាគម្លាតសុវត្ថិភាព​ កុំចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសយើងកំពុងប្រឈមនឹងការរីករាលដាលក្នុងសហគមន៍​ ខណៈដែលប្រទេសជិតខាង និងលើពិភពលោកក៏កំពុងបន្តទទួលរងនូវការរាតត្បាតនៃជំងឺនេះខ្លាំងក្លានៅឡើយ​ដែរ ។

ឆ្នាំនេះគឺជាឆ្នាំទីពីរហើយដែលយើងប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីនៅតាមផ្ទះរៀងៗខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ ប៉ុន្តែឆ្នាំនេះ សូមបង្កើនការប្រុងប្រយ័ត្នរបស់យើងឱ្យបានទ្វេដង ពីព្រោះព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គឺពិតជាការហែលឆ្លងនៃទំព័រប្រវត្តិសាស្រ្តដ៏ខ្មៅងងឹតនៅក្នុងដំណាក់កាលប្រយុទ្ធនឹងជម្ងឺឆ្លងនៅកម្ពុជា ។

​ លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “យើងឈរនៅមាត់ជ្រោះនៃសោកនាដកម្មមួយក្នុងប្រទេស ដែលបង្កឡើងដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ។ ទោះជាយើងបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពយ៉ាងណាក៏ដោយ ក៏យើងនៅតែប្រឈមនឹងការលំបាកក្នុងការគ្រប់​គ្រងវីរុសនេះ។ ករណីវិជ្ជមានបន្តកើនឡើងរាល់ថ្ងៃ ហើយយើងកំពុងធ្វើការការប្រដេញគ្នាជាមួយមេរោគ។ បើយើងមិនបញ្ឈប់ការផ្ទុះរាតត្បាតឥឡូវនេះទេ ប្រព័ន្ធសុខាភិបាលក្នុងប្រទេសយើងប្រឈមនឹងបន្ទុកយ៉ាងធ្ងន់ធ្ងរ ដែលអាចនឹងមានផលវិបាកជាមហន្តរាយដ៏ធំ"។

រយៈពេលពីរសប្តាហ៍កន្លងមកនេះ វីរុសកូវីដ-១៩ បានឆ្លងរាតត្បាតនៅតាមភោជនីយដ្ឋាន ផ្សារនានា អាជីវកម្មតូចៗ និងតាមការជួបជុំ ក៏ដូចជាពិធីជប់លៀងឯកជននានា។ កន្លែងប្រឈមខ្ពស់នឹងការឆ្លងជំងឺគឺជាទីកន្លែងណាដែលមានមនុស្សច្រើនកកកុញនៅជិតៗគ្នា មិនមានខ្យល់ចេញចូលគ្រប់គ្រាន់។ កន្លែងទាំងនោះ រួមបញ្ចូលទាំងកន្លែងស្នាក់នៅឯកជន ដែលមិត្តភក្តិក្រុមគ្រួសារបងប្អូន តែងតែរៀបចំពិធីជួបជុំក្នុងពេលឈប់សម្រាក។

លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន មានប្រសាសន៍ថា “ប្រសិនបើយើង ជួបប្រាស្រ័យជាមួយបុគ្គលណាម្នាក់ទៀតហើយពុំបានអនុវត្តវិធានការការពារ នោះវីរុសនៅតែអាចចម្លង ទោះបីជាលោកអ្នកគិតថាលោកអ្នកមិនឆ្លងក៏ដោយ។ នៅក្នុងឆ្នាំថ្មីនេះ សូមកុំធ្វើដំណើរទៅទីណាផ្សេងទៀត ហើយប្រារព្ធពិធីចូលឆ្នាំតែជាមួយសមាជិកគ្រួសារនៅក្នុងផ្ទះរៀងៗខ្លួនរបស់យើងបានហើយ។ កាអនុវត្តរបៀបនេះ នឹងជួយឱ្យគ្រប់គ្នាមានសុវត្ថិភាព។ ការលះបង់ដ៏សំខាន់មួយដែលយើងធ្វើឥឡូវនេះ នឹងជួយឱ្យយើងចៀសផុតនូវគ្រោះមហន្តរាយក្នុងប្រទេសទាំងមូលនៅពេលក្រោយ។ សូមប្រារព្ធពិធីចូលឆ្នាំថ្មីនៅផ្ទះ! សូមនៅផ្ទះ ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា" ។​

បើតាមប្រសាសន៍លោកស្រីវេជ្ជបណ្ឌិត សូម្បីតែលោកអ្នកដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ហើយក៏ដោយ ក៏ត្រូវចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវក្នុងការការពារកុំវីរុសនេះ រីករាលដាលបន្តទៀត។

លោកស្រីវេជ្ជបណ្ឌិត បានពន្យល់ថា “វ៉ាក់សាំងការពារយើង មិនឱ្យឈឺធ្ងន់ធ្ងរ និងមិនចាំបាច់ចូលសម្រាកនៅមន្ទីរពេទ្យ ប៉ុន្តែលោកអ្នកនៅតែអាចឆ្លង និងចម្លងជំងឺទៅអ្នកផ្សេងទៀត ។ បើទោះជាលោកអ្នកបានចាក់វ៉ាក់សាំងហើយក៏ដោយ ក៏លោកអ្នកគួរតែបន្តនៅផ្ទះ ព្រោះផ្ទះជាកន្លែងដែលមានសុវត្ថិភាពបំផុត”។ មេរោគបំប្លែងថ្មីឈ្មោះ B.1.1.7 ជាមេរោគឆ្លងលឿនដែលរហូតមកទល់នឹងពេលនេះ មានឆ្លងនៅក្នុងប្រទេសជាង ១២០នៅទូទាំងពិភពលោក ហើយក៏ត្រូវបានរកឃើញនៅប្រទេសកម្ពុជាផងដែរ។លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន មានប្រសាសន៍ថា “ការផ្ទុះរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាពេលបច្ចុប្បន្ននេះ គឺខុសពីការរាតត្បាតនៃជំងឺនេះក្នុងពេលកន្លងមក។ មេរោគបំប្លែងថ្មីឈ្មោះ B.1.1.7 គឺងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតជាងមុន ហើយបណ្តាលឱ្យឈឺជំងឺធ្ងន់ធ្ងរ។ ប្រទេសជាច្រើនដែលមានប្រព័ន្ធសុខាភិបាលរឹងមាំ ក៏ត្រូវទទួលបន្ទុកយ៉ាងធ្ងន់ធ្ងរដោយសារមេរោគបំប្លែងថ្មីមួយនេះ។ យើងត្រូវតែធានាឱ្យបានថារឿងដូច្នោះនឹងមិនកើតឡើងនៅប្រទេសកម្ពុជា។

”តាមរបាយការណ៍ដែលទទួលបានកន្លងមក ពាក់កណ្តាលនៃអ្នកដែលត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ-១៩ នៅក្នុងការរាតត្បាតនៃជំងឺពេលបច្ចុប្បន្ននេះ មិនមានចេញរោគសញ្ញាឡើយ។ ដូច្នេះ សូម្បីតែអ្នកដែលមិនគិតថាខ្លួនឈឺ ក៏ត្រូវតែថែរក្សាខ្លួនហើយអនុវត្តវិធានការការពារ ដោយសារពួកគាត់អាចមានផ្ទុកមេរោគ និងចម្លងជំងឺទៅអ្នកដទៃទៀតដោយមិនដឹងខ្លួន។បើតាមសំដីរបស់អ្នកជំនាញបរទេសរូបនោះ កម្ពុជាកំពុងឈរនៅផ្លូវបំបែក។

អី្វដែលយើងទាំងអស់គ្នាធ្វើនៅប៉ុន្មានថ្ងៃ និងសបា្តហ៍ខាងមុខនេះ នឹងកំណត់អនាគតរបស់យើង។ ប្រជាពលរដ្ឋក្នុងប្រទេសទាំងមូលត្រូវរួមគ្នាជាធ្លុងមួយ ដើម្បីសម្រេចគោលដៅរួមរបស់យើង ប្រសិនបើយើងចូលរួមទាំងអស់គ្នា នោះយើងអាចគ្រប់គ្រងការរាតត្បាតនៃជំងឺនេះបាន។ បើយើងមិនធ្វើដូច្នេះទេ ផលវិបាកចុងក្រោយគឺជាគ្រោះមន្តរាយដ៏ធំ។ យើងត្រូវចូលរួមអនុវត្តវិធានការការពារឱ្យបានលឿនជាងមេរោគ។ដោយសារតែបញ្ហានេះហើយបានជារាជរដ្ឋាភិបាលកម្ពុជា ថ្មីៗនេះបានខិតខំរៀបចំក្រមខណ្ឌច្បាប់ និងឯកសារគតិយុទ្ធជាច្រើន ដើម្បីបង្ការ និងការពារនូវការរីករាលដាលនៃមេរោគដ៏កាចសាហាវនេះ ដោយរួមទាំងការសម្រេចដាក់បម្រាមគោរចរ ការចេញបម្រាមលក់គ្រឿងស្រវឹង​ ការបិទខ្ទប់តំបន់ដែលឆ្លងខ្លាំងមួយចំនួននៅរាជធានី និងនៅខេត្តព្រះសីហនុ ការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ លើកលែងខេត្តកណ្តាល និងរាជធានី ។ល។តាមរយៈសារដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី​១០ ខែ មេសា ថ្មីៗកន្លងទៅនេះ សម្តេចបានអំពាវនាវគ្រប់ពលរដ្ឋទាំងអស់កុំឱ្យចាកចេញពីផ្ទះដោយ ប្រារព្ធពិធីចូលឆ្នាំថ្មីទទួលទេវតា​តែនៅក្នុងរង្វង់គ្រួសារដែលយើងរស់នៅ និងចៀសឱ្យបាននូវ​​ ការធ្វើដំណើរចេញក្រៅផ្ទះ។

ឆ្លៀតឱកាសនេះដែរ អគ្គនាយកដ្ឋាននៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) សូមជូនពរជ័យ សិរីសួស្តី ដោយស្មោះស្ម័គ្រ ជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ ប៉ុន្តែសូមចូលឆ្នាំនៅផ្ទះ ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នាហើយ ត្រូវបន្តអនុវត្តវិធានសុវត្ថិភាពសុខាភិបាលទាំងឡាយដែលបានដាក់ចេញ​។​ផ្ទះគឺជាជម្រកនៃបេះដូង ​និងក្តីស្រលាញ់ ជាពិសេសក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩។ នៅផ្ទះមានសុវត្ថិភាពជាជាងកន្លែងនានាទាំងអស់នៅក្នុងពេលនេះ។ សូមទាំងអស់គ្នាបើកចិត្ត បើកគំនិតថ្មី ហើយបន្តបន្សាំនឹងជីវភាពនៅក្នុងបិរបទថ្មី នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ។ សូមបើកទ្វារ បង្អួចឱ្យមានខ្យល់ចេញចូល ទទួលទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ព្រះនាម មណ្ឌាទេវី ទាំងអស់គ្នា ប៉ុន្តែមិនគួរបើកទ្វារទទួលភ្ញៀវមកពីក្រៅនោះទេ៕ដោយ ហេង បញ្ញា, សម្រួលផ្សាយ៖ mcn

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes