ភ្នំពេញ: ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបកស្រាយបកស្រាយពីល្បិចដ៏អាក្រក់របស់ពូជក្បត់ជាតិ ក្នុងការជំរុញឱ្យប្រជាជនមកដណ្ដើមចាក់វ៉ាក់សាំងក្នុងពេលតែមួយ ក្នុងខណៈរាជរដ្ឋាភិបាលកំពុងដំណើរការចាក់តាមផែនការមេនោះ។ ក្នុងសារជាសំឡេងនាយប់ថ្ងៃទី១១ ឈានចូលថ្ងៃទី១២ខែមេសាឆ្នាំ២០២១ ជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សម្ដេចតេជោមានប្រសាសន៍ថា កាលពីថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២១ ពេលដែលទៅទទួលចាក់វ៉ាក់សាំង ពេលនោះ សម្តេចបានគិតថា ពេលវេលានេះគឺពួកវា នឹងរារាំងការចាក់វ៉ាក់សាំង ប៉ុន្តែនៅពេលដល់វេលាមួយ ពួកវានឹងជំរុញឱ្យប្រជាជនទៅដណ្ដើមវ៉ាក់សាំង។ សម្ដេចតេជោថ្លែងថា«ថ្ងៃនេះពិតប្រាកដណាស់ ពីការបំផុសបំផុលមិនឱ្យប្រជាជនទទួលវ៉ាក់សាំង ហើយឃោសនាថាវ៉ាក់សាំងចិនជាវ៉ាក់សាំងដើម្បីសម្លាប់ប្រជាជន ថ្ងៃនេះវាបែរជាសរសើរវ៉ាក់សាំងរបស់ចិន។ នេះជាវិធីរុញទូកបណ្ដោយទឹក មិនមែនដើម្បីសេចក្ដីសុខរបស់ប្រជាជនទេ ក៏ប៉ុន្តែជាគោលបំណងធំបំផុតរបស់ពួកវា គឺជំរុញឱ្យប្រជាជនមកដណ្ដើមវ៉ាក់សាំង ក្នុងពេលដែលយើងមានវ៉ាក់សាំងមិនគ្រប់»។
សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ចំណុចនេះជាចំណុច ដែលសម្តេចបានវិភាគតាំងពីជាងមួយខែមុនថា អាចោរចង្រៃនេះ ច្បាស់ជាចេញមកតាមទិសដៅហ្នឹងហើយ ឥឡូវនេះគឺពិតប្រាកដណាស់ គឺចេញមកតាមទិសដៅហ្នឹងមែន។ដូច្នេះទាមទារឱ្យយើង អនុវត្តន៍នូវផែនការមេរបស់យើងជាក់លាក់។ សម្ដេចតេជោលើកឡើងថា «គោលបំណងរបស់វាឱ្យចាក់វ៉ាក់សាំងចិន មិនមែនជាគោលបំណងដែលវាមានពិតប្រាកដក្នុងចិត្តនោះទេ ក៏ប៉ុន្តែជាគោលបំណងជំរុញឱ្យប្រជាជនមកដណ្ដើមវ៉ាក់សាំង ក្នុងពេលដែលវ៉ាក់សាំងរបស់យើងមានមិនគ្រប់»។ យើងដឹងហើយថា យើងត្រូវការចាក់វ៉ាក់សាំងជូនប្រជាជនចំនួន១០លាននាក់យ៉ាងតិច ដែលត្រូវការ២០លានដូស។
សម្ដេចតេជោលើកឡើងទៀតថា គ្រាន់តែការចាក់ កុំថាឡើយការផ្គត់ផ្គង់វ៉ាក់សាំង សូម្បីតែសមត្ថភាពនៃការចាក់វ៉ាក់សាំងក្នុងមួយខែ យើងអាចចាក់វ៉ាក់សាំងបានត្រឹមតែ១លានដូសតែប៉ុណ្ណោះ។ ដូច្នេះយើងត្រូវការជិត២០ខែ ទើបចាក់អស់ចំនួនវ៉ាក់សាំង បើសិនជាយើងមានវ៉ាក់សាំងគ្រប់២០លានដូស។ ប៉ុន្តែពួកវាបែរជាជំរុញប្រជាជន ដែលមិនមែនជាបំណងល្អរបស់ពួកវាទេ តែទិសដៅរបស់ពួកវាគឺមានចំណុចផ្សេង គឺត្រង់ថា «ជំរុញឱ្យប្រជាជនមកទទួលវ៉ាក់សាំងក្នុងពេលតែមួយ» ដែលជាចំណុចអាក្រក់នៃពូជក្បត់ជាតិមួយនេះ។
សម្ដេចតេជោគូសបញ្ជាក់ថា ចេតនាមុននេះ បំផុសឱ្យមនុស្ស ដោយខ្លួនវាផ្ទាល់និងមនុស្សរបស់វា បែរជាចាត់ទុកថាវ៉ាក់សាំងចិនគឺសម្រាប់យកមកសម្លាប់ប្រជាជន ថ្ងៃនេះវាសរសើរវ៉ាក់សាំងចិន មិនមែនជាបំណងល្អរបស់វាទេ គោលដៅគឺនៅម្ខាងទៀត គឺការដណ្ដើមវ៉ាក់សាំងរបស់ប្រជាជន ក្នុងពេលដែលយើងមិនមានវ៉ាក់សាំងគ្រប់គ្រាន់។
សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា «ដូច្នេះថ្ងៃនេះល្បិចបានចេញមកហើយ អ្វីដែលខ្ញុំបានព្យាករណ៍កាលពីជាងមួយខែមុន គឺបានច្បាស់លាស់ថា ចាប់ផ្ដើមពីការារាំង នឹងរុញឱ្យប្រជាជនមកទទួលវ៉ាក់សាំងតែម្ដង ដែល យុទ្ធសាស្ត្រនេះវាមិនអាចរំលងទៅលើភ្នែករបស់ហ៊ុន សែន ដែលបានវាយតម្លៃគ្រប់ជំហ៊ានដ៏អាក្រក់របស់ពួកអ្នកឯង។
សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានស្នើឱ្យប្រជាជនយើងនឹងនរចិត្ត រាជរដ្ឋាភិបាលនឹងចាក់ជូនទៅតាមលំដាប់អាទិភាព នៅពេលដែលវ៉ាក់សាំងមកដល់ យើងនឹងពិនិត្យក្រុមណាដែលត្រូវចាក់មុន ក្រុមណាដែលត្រូចាក់ក្រោយ ហើយយើងក៏មានការបែងចែកប្រភេទ អាយុ៥៩ឆ្នាំចុះទទួលវ៉ាក់សាំងស៊ីណូហ្វាម អាយុពី១៨ឆ្នាំឡើងលើទទួលស៊ីណូវ៉ាក់ អាយុ៦០ឆ្នាំឡើងលើទទួលវ៉ាក់សាំងប្រភេទអាស្ត្រាហ្សេនីកា។ នេះជាផែនការមេ ដែលប្រជាជនមិនត្រូវជ្រួលច្របល់មកទទួលយកវ៉ាក់សាំងនោះទេ។ ដូច្នេះយើងនូវតែដំណើរការចាក់វ៉ាក់សាំងទៅតាមការគ្រោងទុក និងលទ្ធភាពនៃការផ្គត់ផ្គង់ ដែលយើងនឹងទទួលវ៉ាក់សាំងនៅក្នុងឆ្នាំនេះ នឹងជាបន្តបន្ទាប់ទៅទៀត រហូតដល់ទទួលគ្រប់តាមផែនការរបស់យើង។ ជាងនេះទៀត ប្រជាជនក៏មិនត្រូវសម្រុកមកទីកន្លែងដែលគ្មានការរៀបរយនោះដែរ។ ដូច្នេះស្នើមន្ត្រីការងារចាក់វ៉ាក់សាំង បន្តដំណើរការទៅតាមការគ្រោងទុកនៃផែនការមេ៕
0 Comments:
Post a Comment