(ភ្នំពេញ)៖ បើតាមទិន្នន័យរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានឲ្យដឹងថា នៅឆ្នាំ២០២០ ដែលទើបកន្លងផុតទៅនេះ កម្ពុជាទទួលបានចំណូលជាង១២០០លានដុល្លារ អាមេរិកពីការនាំចេញស្រូវជិត៣លានតោន និងអង្ករជិត៧០ម៉ឺនតោន។
លោក វេង សាខុន បានបញ្ជាក់ថា នៅឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករសរុបចំនួន ៦៩០ ៨២៩ តោន មានកំណើនប្រមាណ ១១.៤០% ធៀបទៅនឹងឆ្នាំ២០១៩ បើគិតតម្លៃសរុបនៃការនាំចេញអង្ករ ចំនួន ៥៣៨ ៨៤៦ ៦២០ដុល្លារអាមេរិក។ ដោយឡែកបរិមាណ នៃការនាំចេញស្រូវសរុប ចំនួន ២ ៨៩៣ ៩៥១ តោន គិតតម្លៃសរុបនៃការនាំស្រូវចេញ ចំនួន ៧២៣ ៤៨៧ ៧៥០ លានដុល្លារអាមេរិក។
អង្កររបស់កម្ពុជា ត្រូវបាននាំចេញទៅគោលដៅចំនួន ៦០ ប្រទេស ក្នុងនោះប្រទេសចិនចំនួន ២៨៩ ៤៣៩ តោន ស្មើនឹង ៤១.៩០% នៃការនាំចេញអង្ករសរុប, សហភាពអ៊ឺរ៉ុប (២៤ប្រទេស) ចំនួន ២០៣ ៧៩១ តោន ស្មើនឹង ២៩.៥០% នៃការនាំចេញអង្ករសរុប, បណ្តាប្រទេសអាស៊ាន (៦ប្រទេស) ចំនួន ៨៦ ៨៩៩ តោន ស្មើនឹង ១២.៥៨% នៃការនាំចេញអង្ករសរុប និងគោលដៅផ្សេងទៀត (២៩ប្រទេស) ចំនួន ១១០ ៧០០ តោន ស្មើនឹង១៦.០២% នៃការនាំចេញអង្ករសរុប។ ចំណែកក្រុមហ៊ុននាំចេញអង្ករ ក្រុមហ៊ុននាំចេញមានចំនួន ៧៦ ក្រុមហ៊ុន។
សូមជម្រាបថា នៅឆ្នាំ២០២០ កម្ពុជាមានផ្ទៃដីដាំដុះចំនួន ៣ ៤០៤ ១៣១ ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល ចំនួន ៣ ២៦៨ ៩៦៨ ហិកតា ដែលទួលបានទិន្នផលមធ្យមចំនួន ៣,៣៤៥ តោន/ហិកតា។ បរិមាណនៃការប្រមូលផលស្រូវសរុបចំនួន ១០ ៩៣៥ ៦១៨ តោន អតិរេកស្បៀងសរុប (គិតជាស្រូវ) ចំនួន ៥ ៩២២ ១៣៨ តោន (ស្រូវលើសតម្រូវការ) បើគិតជាអង្ករ ចំនួន ៣ ៧៩០ ១៦៨ តោន៕
0 Comments:
Post a Comment