កំពង់ឆ្នាំងៈ ដីចំណីផ្លូវលំ និងដីចំណីអូរ មួយកន្លែង ស្ថិតនៅក្នុងភូមិ ទឹកល្អក់ ឃុំទឹកហូត ស្រុករលាប្អៀរ ត្រូវបានក្រុមហ៊ុនឯកជនមួយ កកាយយកដី ទៅចាក់បំពេញដី ទីតាំងពុះដីឡូត៌ឯកជន១ ដែលធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់ចំណីផ្លូវ និងចំណីអូររបស់រដ្ឋ។ ប៉ុន្តែនៅពេលក្រុមអ្នកសារព័ត៌មាន សាកសួរទៅ លោកមេឃុំ លោកអភិបាលរងស្រុក និងលោកអភិបាល ស្រុករលាប្អៀរ សុទ្ធតែបានឆ្លើយបដិសេធថា មិនបានដឹង ដែលជាហេតុឲ្យ ក្រុមហ៊ុនមួយនេះ កកាយយកដី ប៉ះពាល់ដីចំណីផ្លូវ និងចំណីអូរ យ៉ាងអនាធិបតេយ្យ ដោយពុំមានសមត្ថកិច្ចណា ចុះទប់ស្កាត់នោះឡើយ។
ប្រជាពលរដ្ឋ ដែលរស់នៅភូមិទឹកល្អក់ បានរាយការណ៍ នៅល្ងាចថ្ងៃទី ២៨ មករា កន្លងទៅ ហើយ អ្នកសារព័ត៌មាន របស់យើង បានចុះទៅពិនិត្យ នៅចំណុចខាងលើនោះក៏បាន ប្រទះឃើញ នៅជាប់ដីចំណីផ្លូវលំ មួយកន្លែង នៅចំងាយប្រមាណ ពី ៦ ទៅ ៧ ម៉ែត្រ ពីចំណីផ្លូវ ត្រូវបានក្រុមហ៊ុន ង៉ែត សុម៉ាលី នៅផ្សារព្រៃខ្មែរកកាយយកដីស្រែ យ៉ាងជ្រៅ យកអាចម៍ដី ទៅលក់ចាក់បំពេញ លើទីតាំងដីឡូត៌របស់ខ្លួន នៅក្នុងភូមិទឹកល្អក់។
ដោយឡែក នៅល្ងាចថ្ងៃដដែលនេះ យើងក៏បានប្រទះឃើញ អាអិចមួយគ្រឿង និងរថយន្ត ដឹកដី ៣ ទៅ ៤ គ្រឿង កំពុងកកាយដី ចំណីអូរពាមសាក់ នៅក្នុងភូមិដដែលនេះដើម្បីយក អាចម៍ដី ទៅលក់ ដោយពុំឃើញមានអាជ្ញាធរ ឬមន្ត្រីជំនាញពាក់ព័ន្ធ ទប់ស្កាត់ឡើយ ។
ដើម្បីបានចង់ដឹងច្បាស់ នូវករណីនេះក្រុមអ្នក សារព័ត៌មានយើង បានទូរស័ព្ទរាយការណ៍ ជូនលោក សេង វិចិត្រ អភិបាលរង ស្រុករលាប្អៀរ ដើម្បីចុះមកស្រាវជ្រាវនិងចាត់ការ តាមផ្លូវច្បាប់ ប៉ុន្តែត្រូវបានលោក សេង វិចិត្រ ឆ្លើយតាមទូរស័ព្ទ ប្រាប់ថាលោកមិនបាន ដឹងករណីនេះទេ តែលោកនឹងឲ្យអាជ្ញាធរឃុំ ចុះទៅពិនិត្យ ដើម្បីរាយការណ៍ មកថ្នាក់ស្រុក ចាត់ការ។ ក្រោយពី ក្រុមអ្នកសារព័ត៌មានយើង បានរាយការណ៍ឲ្យអាជ្ញាធរស្រុក គឺគេ មិនឃើញមានស្ថាប័នណាមួយ ចុះទៅពិនិត្យមើល ទីតាំងបទល្មើសខាងលើនេះឡើយ ។
ដោយឡែក នៅព្រឹកថ្ងៃទី ៣០ ខែមករា ក្រុមអ្នកសារព័ត៌មានយើង បានទូរស័ព្ទទៅ លោក ជ័យ ម៉ូត ជំទប់ទី ១ ឃុំទឹកហូត រាយការណ៍ អំពីករណីខាងលើនេះ ដោយលោក ជ័យ ម៉ូត បានឆ្លើយតាមទូរស័ព្ទថា លោកក៏ទើបតែដឹងរឿងនេះ ពីលោក សេង វិចិត្រ អភិបាលរង ស្រុករលាប្អៀ នៅព្រឹកថ្ងៃ ៣០ នេះ ហើយលោក នឹងចុះទៅពិនិត្យ នៅទីនោះ ដើម្បីចាត់ ការតាមច្បាប់ ។
នៅព្រឹកថ្ងៃទី៣០ ខែមករា ដដែលនេះដែរ លោក យង់ សៅវុទ្ធី អភិបាលស្រុករលាប្អៀរ បានឆ្លើយតាមទូរស័ព្ទថា លោកពុំបានដឹង ករណីនេះទេ តែលោកនឹងឱ្យលោក អភិបាល រងស្រុក ទទួលកិច្ចការងារនេះ និងលោកមេឃុំទឹកហូត ចុះទៅទៀតមើល ដើម្បីចាត់វិធាន ការតាមផ្លូវច្បាប់។
ប៉ុន្តែនៅល្ងាចថ្ងៃដដែលនេះ ប្រជាពលរដ្ឋ នៅក្នុងភូមិទឹកល្អក់ បានរាយការណ៍ឲ្យដឹងថា ក្រុមហ៊ុន ង៉ែត សុម៉ាលី ដែលមានទីតាំងនៅផ្សារព្រៃខ្មែរ កំពុងតែជីកកកាយដី ចំណីអូរ ពាមសាក់ដដែល គឺគេមិនបានឃើញ វត្តមានសមត្ថកិច្ច ឬស្ថាប័នជំនាញ និងអាជ្ញាធរឃុំ ស្រុក ចុះទៅចាត់វិធានការ ទប់ស្កាត់នោះឡើយ។
ពាក់ព័ន្ធនឹងករណី ខាងលើនេះ ត្រូវបានគេដាក់ការសង្ស័យថា មានការសមគំនិតគ្នាហើយ បានជាបណ្ដែតបណ្ដោយ ឱ្យក្រុមហ៊ុនមួយនេះ លួចយកដីចំណីផ្លូវ និងចំណីអូរ របស់រដ្ឋ យ៉ាងអនាធិបតេយ្យ នៅពេលមន្ត្រីពាក់ព័ន្ធ ខាងក្រោម ឆ្លើយថាមិនដឹងហើយក៏គ្មាន ចំណាត់ការផងដែរ ៕/V-PC
0 Comments:
Post a Comment