(កំពង់ស្ពឺ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា សន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនផ្នែកសេដ្ឋកិច្ច ក៏ជាការផ្តល់នូវឱកាសសម្រាប់ការកសាង និងអភិវឌ្ឍសមត្ថភាពរបស់កងយោធពលខេមរភូមិន្ទ។
ការថ្លែងបែបនេះរបស់ លោក ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សំណង់បចេ្ចកទេសលោតឆត្រយោង សម្ពោធសមិទ្ធផល បិទវគ្គហ្វឹកហ្វឺនជំនាញកុម្ម៉ង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣០ នៅខេត្តកំពង់ស្ពឺ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។
នាឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលនានាដែលត្រូវបានដាក់សម្ពោធថ្ងៃនេះ មានអគារស្នាក់នៅរបស់សិក្ខាកាម និងអគារអាហារដ្ឋាន រួមទាំងអគារសំណង់បច្ចេកទេសឆត្រយោង ដែលទើបត្រូបានបញ្ចុះបឋមសិលាសាងសង់នេះ គឺជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ដែលជាផ្នែកមួយនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា របស់សាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ សម្រាប់បម្រើឱ្យការងារហ្វឹកហ្វឺនជំនាញទ័ពពិសេស ដែលស្ថិតនៅក្នុងលំដាប់ការងារអាទិភាពមួយរបស់កងទ័ពជើងគោក។
លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងយោធិនទាំងអស់នៃបញ្ជាការដ្ឋានទ័ពពិសេស ក្នុងការខិតខំប្រឹងប្រែងប្រែក្លាយទីនេះឲ្យទៅជាកន្លែងហ្វឹកហ្វឺន ក្នុងការលោតឆត្រដែលជាមូលដ្ឋានរឹងមាំ ដើម្បីកសាងនូវទីតាំងយូរអង្វែង ហើយស្របពេលដែលអង្គភាព៩១១ បានប្រែក្លាយខ្លួនពីកងពលតូចទៅជាបញ្ជាការដ្ឋានទ័ពពិសេស ដោយបង្កើននូវវិសាលភាពតួនាទី និងភារកិច្ចកាន់តែធំជាងមុន។ ទីតាំងនេះ នឹងជាមូលដ្ឋានសម្រាប់ជួយពង្រឹងជំនាញទ័ពពិសេសសម្រាប់គ្រប់អង្គភាពចំណុះ ក៏ដូចជាគ្រប់បណ្តាកងកម្លាំងប្រដាប់អាវុធជាតិទាំងអស់។
ម្យ៉ាងវិញទៀត បញ្ជាការដ្ឋានទ័ពពិសេសមានវិសាលភាពធំធេង ក្នុងការចូលរួមចំណែកថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម ដោយហេតុថាជំនាញទ័ពពិសេសនេះ គឺជាតម្រូវការចំាបាច់សម្រាប់បរិបទថ្មីនៃសង្រ្គាមបែបមិនប្រពៃណីដូចជា គ្រោះមហន្តរាយធម្មជាតិ និងអំពើភេរវកម្មជាដើម។
លោក ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះបញ្ជាការដ្ឋានទ័ពពិសេស ក៏ដូចជាគ្រប់បណ្តាស្ថាប័ន-កងឯកភាពទាំងអស់ ដែលកន្លងមកបានចាត់វិធានការប្រុងប្រយ័ត្នរឹងមាំ និងបានអនុវត្តនូវរាល់វិធានការសុខាភិបាលបានយ៉ាងខ្ជាប់ខ្ជួន ដោយមិនទាន់មានយោធិនក្នុងប្រទេសណាម្នាក់រងគ្រោះដោយសារជំងឺកូវីដ-១៩ នៅឡើយ។ ស្ថានភាពទូទៅក្នុងពិភពលោកបច្ចុប្បន្ននៃជំងឺកូវីដ-១៩ នៅមិនទាន់បានធូរស្រាលនៅឡើយ ហើយក្នុងនោះប្រទេសមួយចំនួនកំពុងបន្តរងគ្រោះដោយសាររលកទី២ និងទី៣ ដូច្នេះកងទ័ពមិនអាចមើលស្រាល ឬធ្វេសប្រហែសនឹងបញ្ហានេះឡើយ។
លោកបានបន្តថា កងទ័ពត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដោយអនុវត្តតាមការណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីការពារទប់ស្កាត់ការឆ្លងរាលដាលនៅក្នុងអង្គភាព ក៏ដូចជាចូលរួមបង្ការការឆ្លងនៅក្នុងសហគមន៍គ្រួសារកងទ័ព និងគ្រួសារប្រជាពលរដ្ឋ ដោយរួមទាំងការត្រៀមលក្ខណៈចូលរួមឆ្លើយតប តាមផែនការទិសដៅការងាររបស់គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅពេលមានតម្រូវការ។
លោកឧត្តមសេនីយ៍ឯក ក៏បានអបអរសាទរ និងកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលបានហែលឆ្លងបញ្ចប់វគ្គហ្វឹកហ្វឺនដ៏លំបាកនេះ។ ជោគជ័យនេះ គឺកើតចេញពីការហាត់ពត់លត់ដំកាយសម្បទា ស្មារតី និងសតិអារម្មណ៍ក្នុងការជម្នះនូវការលំបាកគ្រប់បែបយ៉ាង ហើយគឺមោទនភាពសម្រាប់សិក្ខាកាមបញ្ចប់វគ្គគ្រប់រូប ជាមួយការសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបន្តរៀនសូត្រ និងប្រើប្រាស់ចំណេះដឹងទាំងផ្នែកទ្រឹស្តី និងការអនុវត្តទទួលបានពីវគ្គហ្វឹកហ្វឺនទាំងនេះ សម្រាប់យកទៅបំពេញរាល់ភារកិច្ចឱ្យទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
លោកអរគុណចំពោះថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ភាគីមិត្ត និងសប្បុរសជនទាំងអស់ ដែលបានជ្រោមជ្រែងក្នុងកិច្ចការកសាងសមត្ថភាពកងទ័ពលើគ្រប់ផ្នែក ទាំងការកសាងហេដ្ឋាចរនាសម្ព័ន្ធ ការហ្វឹកហ្វឺន និងការធានាផ្សេងៗ។ ទាំងអស់នេះបានស្តែងឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដោយឈរលើបុព្វហេតុរួម គឺការកសាងមូលដ្ឋាននៃកិច្ចការពារជាតិ ដើម្បីធានាបាននូវសន្តិភាពស្ថិតស្ថិរយូរអង្វែង និងការកសាងឱកាសសម្រាប់ការអភិវឌ្ឍជាតិ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា «សន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនផ្នែកសេដ្ឋកិច្ច ក៏ជាការផ្តល់នូវឱកាសសម្រាប់ការកសាង និងអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទផងដែរ ជាពិសេសក្នុងពេលដែលកម្ពុជាទទួលបាននូវសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ ជាសមិទ្ធផលនៃនយោបាយឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រី ជាស្ថាបនិក»៕
0 Comments:
Post a Comment