(វ៉ាស៉ីនតោន)៖ ក្រុមហ៊ុនបាញ់បង្ហោះគ្រាប់រ៉ុក្កែតអាមេរិក វើជីន អ័រប៊ីត (Virgin Orbit) ទើបតែទទួលបានជោគជ័យលើកដំបូង ក្នុងការបាញ់បង្ហោះគ្រាប់រ៉ុក្កែត តាមមធ្យោបាយថ្មីមួយឡើងទៅកាន់ទីអវកាស បន្ទាប់ពីបានបរាជ័យកាលពីឆ្នាំមុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១។
ក្រុមហ៊ុន Virgin Orbit កាលពីថ្ងៃអាទិត្យ ទី១៧ ខែមករា (ពេលវេលានៅអាមេរិក) បានប្រកាសថា រ៉ុក្កែត ឡញ់ឆឺ-១ (LauncherOne) របស់ខ្លួនបានឡើងទៅកាន់គន្លងតារាវិថីដោយជោគជ័យ។ រ៉ុក្កែតនេះមិនមែនបង្ហោះចេញពីលើមូលដ្ឋាននៅផ្ទៃដីឡើយ ផ្ទុយទៅវិញគឺវាត្រូវបានបាញ់ចេញពី ស្លាបរបស់យន្តហោះ Boeing 747 មួយគ្រឿង ដែលហោះហើរនៅលើផ្ទៃអាកាសស្រាប់។
អំឡុងភាពជោគជ័យខាងលើ គ្រាប់រ៉ុក្កែតរបស់ក្រុមហ៊ុន Virgin Orbit បាននាំយកក្រុមផ្កាយរណបតូចៗហៅថា ឃ្យូបសាត (CubeSat) ដែលត្រូវបានអភិវឌ្ឍ និងផលិតឡើងក្រោមផ្នែកនៃកម្មវិធីអប់រំរបស់ ទីភ្នាក់ងារអវកាសអាមេរិក NASA ដែលមានការចូលរួមពីសំណាក់សាកលវិទ្យាល័យនានា នៅក្នុងសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា វាជាលើកទីពីរហើយដែលក្រុមហ៊ុន Virgin Oribt បានព្យាយាមបាញ់បង្ហោះគ្រាប់រ៉ុក្កែត LauncherOne ខណៈការព្យាយាមលើកដំបូង គឺកាលពីខែឧសភា ឆ្នាំ២០២០ មិនទទួលបានជោគជ័យ។ ក្រុមហ៊ុន Virgin Orbit ជាក្រុមហ៊ុនដាច់ដោយឡែកពីក្រុមហ៊ុន វើជីន ហ្គាឡាទិច (Virgin Galatic) ដែលត្រូវបានបង្កើតឡើងដោយមហាសេដ្ឋីអង់គ្លេសលោក រីឆាដ ប្រ៊ែនសុន (Richard Branson) ដូចគ្នា។ ក្រុមហ៊ុន Virgin Galatic ផ្តោតទៅលើការផ្តល់សេវា ធ្វើទេសចរណ៍ឡើងទៅកាន់ទីអវកាស៕
0 Comments:
Post a Comment