(សៀមរាប)៖ នៅថ្ងៃ ២៧ មករា ២០២១ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន-អង្គភាពស៊ីវិល ទិសយោធភូមិភាគទី៤ ឆ្នាំ២០១៩-២០២០ នៅខេត្តសៀមរាប។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានប្រសាសន៍ថា សិក្ខាសាលានេះ ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពជាដៃគូ, ពង្រីកកិច្ចសន្ទនា និងពង្រឹងនូវទំនុកចិត្ត និងការផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងបណ្តាស្ថាប័នកងឯកភាពកងទ័ពជាមួយនឹងស្ថាប័នអង្គភាពស៊ីវិល ក៏ដូចជាសប្បុរសជននានា លើមូលដ្ឋាននៃ “ខឿនការពារជាតិរបស់ប្រជាជន” ដើម្បីជាគុណប្រយោជន៍យុទ្ធសាស្ត្រយូរអង្វែងនៃការកសាង និងពង្រឹងប្រៀបការពារជាតិ តាមរយៈការបំផុសចលនាឱ្យប្រជាជនគ្រប់រូបមានឆន្ទៈស្រលាញ់ប្រទេសជាតិ និងមានកាតព្វកិច្ចចំពោះជាតិមាតុភូមិ ដោយស្មារតីមោទនភាពជាតិ។
ទន្ទឹងនឹងនេះ មេបញ្ជាការកងទ័ពជើងគោករូបនេះ បានលើកឡើងថា ការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងទ័ពជាមួយស្ថាប័ន-អង្គភាពស៊ីវិល គឺជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយយន្តការមួយនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងពង្រឹងខឿនការពារជាតិ តាមរយៈការចូលរួមឧបត្ថម្ភគាំទ្រពីស្ថាប័នសហគ្រាសរដ្ឋ ឯកជន និងសប្បុរសជននានា ដល់កងយោធពលខេមរភូមិន្ទ ក្រោមការសម្របសម្រួលរបស់រាជរដ្ឋាភិបាល។ ក្រៅពីនេះ កងយោធពលខេមរភូមិន្ទ ក៏តែងទទួលបានការជួយឧបត្ថម្ភគាំទ្ររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ដែលតែងបាន និងបន្តផ្តល់ជំនួយឧបត្ថម្ភជួយបណ្តាកងឯកភាព, យោធិន និងគ្រួសារយោធិនដោយផ្ទាល់ និងជាប្រចាំ៕


0 Comments:
Post a Comment